ទំនុកតម្កើង 5:1-12
ទំនុកតម្កើង 5:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ សូមពិចារណាសម្រែកឈឺចាប់ របស់ទូលបង្គំផង។ ឱព្រះមហាក្សត្រ ជាព្រះនៃទូលបង្គំអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែករបស់ទូលបង្គំ ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំទូលរៀបរាប់ថ្វាយព្រះអង្គ ព្រមទាំងរក្សាពេលចាំយាមផង។ ដ្បិតព្រះអង្គមិនមែនជាព្រះ ដែលសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ អំពើអាក្រក់មិនអាចនៅជាមួយ ព្រះអង្គបានឡើយ។ មនុស្សព្រហើនមិនអាចឈរ នៅចំពោះព្រះនេត្រព្រះអង្គបានទេ ព្រះអង្គស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ ព្រះអង្គបំផ្លាញអស់អ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ាស្អប់ខ្ពើមមនុស្សកម្ចាយឈាម និងមនុស្សបោកប្រាស់។ ឯទូលបង្គំវិញ ទូលបង្គំនឹងចូល ទៅក្នុងដំណាក់ព្រះអង្គ ដោយសារព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំ ឆ្ពោះទៅព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ ដោយកោតខ្លាចដល់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គ ដោយព្រោះពួកខ្មាំងសត្រូវរបស់ទូលបង្គំ សូមធ្វើឲ្យផ្លូវរបស់ព្រះអង្គ ត្រង់នៅមុខទូលបង្គំផង។ ដ្បិតនៅក្នុងមាត់របស់គេ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីវិនាស បំពង់ករបស់គេជាផ្នូរខ្មោចនៅចំហ អណ្ដាតរបស់គេមានតែពាក្យបញ្ចើចបញ្ចើ។ ឱព្រះអង្គអើយ សូមកាត់ទោសគេ សូមឲ្យគេដួលចុះ ដោយសារឧបាយរបស់ខ្លួនគេ សូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេ ដែលច្រើនឥតគណនា ដ្បិតគេបានបះបោរនឹងព្រះអង្គហើយ។ តែសូមឲ្យអស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ បានរីករាយឡើង សូមឲ្យគេច្រៀងដោយអំណរ សូមព្រះអង្គរក្សាការពារគេ ហើយសូមឲ្យអស់អ្នក ដែលស្រឡាញ់ដល់ព្រះនាមព្រះអង្គ បានត្រេកអរក្នុងព្រះអង្គ។ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គប្រទានពរមនុស្សសុចរិត ព្រះអង្គគ្របបាំងអ្នកទាំងនោះជុំវិញ ដោយព្រះគុណ ទុកដូចជាខែល។
ទំនុកតម្កើង 5:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ! សូមទ្រង់ព្រះសណ្ដាប់សម្រែកឈឺចាប់ របស់ទូលបង្គំផង។ ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែក របស់ទូលបង្គំផង ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។ ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេង របស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គ តាំងពីព្រលឹម។ ព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហឫទ័យ នឹងអំពើទុច្ចរិតនោះទេ អំពើអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ។ ព្រះអង្គមិនចង់ឃើញមនុស្សព្រហើន ចូលមកជិតព្រះអង្គទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ ព្រះអង្គនឹងធ្វើឲ្យពួកកុហកវិនាសសាបសូន្យ។ ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។ រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរស យ៉ាងខ្លាំងចំពោះទូលបង្គំ ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គទាំងគោរពកោតខ្លាច។ ឱព្រះអម្ចាស់អើយ! មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ! សូមដឹកនាំទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យ របស់ព្រះអង្គ សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។ អ្នកទាំងនោះមានពាក្យសម្ដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ តែមានបង្កប់ទៅដោយពិសពុល សម្រាប់ប្រហារជីវិត។ ឱព្រះជាម្ចាស់អើយ សូមដាក់ទោសគេទៅ! សូមឲ្យគេវិនាសអន្តរាយ ដោយសារគម្រោងការរបស់ខ្លួន គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គ ដូច្នេះ សូមកាត់កាល់គេចោលទៅ។ រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះអង្គ គេនឹងមានអំណរ គេនឹងសប្បាយរីករាយរហូតតទៅ ហើយព្រះអង្គនឹងរក្សាការពារគេ អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ នឹងសប្បាយរីករាយរួមជាមួយព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គប្រទានពរឲ្យមនុស្សសុចរិត ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រៀបបាននឹងខែលការពារគេ។
ទំនុកតម្កើង 5:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ សូមពិចារណាការរំពឹងគិតរបស់ទូលបង្គំ ឱបរមក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ សូមប្រុងស្តាប់សំឡេងនៃពាក្យ ដែលទូលបង្គំអំពាវនាវ ដ្បិតទូលបង្គំអធិស្ឋានដល់ទ្រង់ ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង ដ្បិតទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្ដីល្មើសទេ ឯសេចក្ដីអាក្រក់ នឹងនៅជាមួយនឹងទ្រង់មិនបាន ពួកឆ្មើងឆ្មៃនឹងឈរនៅចំពោះព្រះនេត្រទ្រង់មិនបានទេ ទ្រង់ក៏ស្អប់បណ្តាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ទ្រង់នឹងបំផ្លាញពួកអ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ា ទ្រង់ខ្ពើមឆ្អើម ចំពោះមនុស្សដែលតែងតែ កំចាយឈាម ហើយបោកប្រាសគេ ឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់នៃទ្រង់ ដោយសារសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់ ទូលបង្គំនឹងថ្វាយបង្គំនៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ ដោយចិត្តកោតខ្លាចដល់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមណែនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ទ្រង់ ដោយព្រោះពួកខ្មាំងសត្រូវនៃទូលបង្គំ សូមធ្វើឲ្យផ្លូវទ្រង់ត្រង់នៅមុខទូលបង្គំ ដ្បិតនៅក្នុងមាត់ពួកនោះ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីកាចអាក្រក់ បំពង់កគេជាផ្នូរខ្មោចនៅចំហ គេពោលបញ្ចើចដោយសារអណ្តាត ឱព្រះអង្គអើយ សូមទ្រង់កាត់ទោសដល់គេ សូមឲ្យគេដួលចុះ ដោយឧបាយរបស់ខ្លួនគេ សូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេ ដែលច្រើនឥតគណនា ដ្បិតគេបានបះបោរនឹងទ្រង់ហើយ នោះអស់អ្នកដែលពឹងដល់ទ្រង់ គេនឹងរីករាយឡើង គេនឹងច្រៀងដោយអំណរជានិច្ច ពីព្រោះទ្រង់តែង ការពារគេ ហើយអស់អ្នកដែលស្រឡាញ់ដល់ព្រះនាមទ្រង់ នឹងបានត្រេកអរ ដោយសារទ្រង់ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងប្រទានពរដល់មនុស្សសុចរិត ទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញ ដោយព្រះគុណ ទុកដូចជាខែល។