ទំនុកតម្កើង 1:1-6

ទំនុកតម្កើង 1:1-6 គខប

មានសុភមង្គលហើយ អ្នក​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​ពាល មិន​ឈរ​ក្នុង​មាគ៌ា​របស់​មនុស្ស​បាប ហើយ​ក៏​មិន​អង្គុយ​រួម​ជា​មួយ ពួក​អ្នក​ចំអក​ឡកឡឺយ ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់ ព្រះ‌អម្ចាស់ ព្រម​ទាំង​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ* របស់​ព្រះអង្គ ទាំង​យប់ ទាំង​ថ្ងៃ។ អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចម្រុង‌ចម្រើន​ទាំង​អស់។ រីឯ​មនុស្ស​ពាល​វិញ មិន​ដូច្នោះ​ទេ គឺ​ពួក​គេ​ប្រៀប​បាន​នឹង​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។ នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស មនុស្ស​ពាល​ពុំ​អាច​ក្រោក​ឈរ​បាន​ឡើយ ហើយ​មនុស្ស​បាប​ក៏​ពុំ​អាច​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​សុចរិត*​បាន​ដែរ។ ដ្បិត​ព្រះ‌អម្ចាស់​ស្គាល់​មាគ៌ា​របស់​មនុស្ស​សុចរិត រីឯ​មាគ៌ា​របស់​មនុស្ស​ពាល​វិញ នាំ​ឲ្យ​ខ្លួន​វិនាស​អន្តរាយ។