ជនគណនា 20:2-11

ជនគណនា 20:2-11 គខប

ពេល​នោះ គ្មាន​ទឹក​សម្រាប់​សហគមន៍​ទេ។ ដូច្នេះ ពួក​គេ​ក៏​លើក​គ្នា​ទៅ​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។ ប្រជា‌ជន​រក​រឿង​លោក​ម៉ូសេ​ថា៖ «ប្រសិន​បើ​យើង​ខ្ញុំ​ផុត​ដង្ហើម​ជា​មួយ​បងប្អូន​របស់​យើង​ខ្ញុំ ដែល​បាន​ផុត​ដង្ហើម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង! ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ឲ្យ​មក​ស្លាប់ នៅ​វាល​រហោ‌ស្ថាន​នេះ ជា​មួយ​ហ្វូង​សត្វ​របស់​ពួក​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ពួក​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប មក​នៅ​កន្លែង​ដ៏​អាក្រក់​នេះ? ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​យើង​អាច​សាប​ព្រោះ​បាន​ទេ ហើយ​ក៏​គ្មាន​ដើម​ឧទុម្ពរ ដើម​ទំពាំង‌បាយជូរ និង​ដើម​ទទឹម​ដែរ។ រីឯ​ទឹក​សម្រាប់​ផឹក​ក៏​គ្មាន»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុម‌ជំនុំ ឆ្ពោះ​ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ទាំង​ពីរ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​លោក​ទាំង​ពីរ​ឃើញ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​ដំបង រួច​អ្នក និង​អើរ៉ុន ជា​បង​របស់​អ្នក ប្រមូល​សហគមន៍​ឲ្យ​ជួប‌ជុំ​គ្នា។ ត្រូវ​បង្គាប់​ថ្ម‌ដា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​នឹង​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នោះ សម្រាប់​សហគមន៍ និង​ហ្វូង​សត្វ​ផឹក»។ លោក​ម៉ូសេ​យក​ដំបង​ដែល​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​ព្រះអង្គ​បាន​បង្គាប់​លោក។ លោក​ម៉ូសេ និង​លោក​អើរ៉ុន កោះ​ហៅ​សហគមន៍​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​មុខ​ថ្ម‌ដា។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​បះ‌បោរ​អើយ ចូរ​ស្ដាប់! តើ​ពួក​យើង​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នេះ​សម្រាប់​អ្នក​រាល់​គ្នា បាន​ឬ​មិន​បាន?»។ លោក​ម៉ូសេ​លើក​ដៃ​ឡើង ហើយ​យក​ដំបង​របស់​លោក​វាយ​ថ្ម‌ដា​ពីរ​ដង ស្រាប់​តែ​មាន​ទឹក​ហូរ​ចេញ​មក​យ៉ាង​បរិបូណ៌។ សហគមន៍​ក៏​នាំ​គ្នា​ផឹក​ទឹក ហើយ​ហ្វូង​សត្វ​ក៏​ផឹក​ដែរ។