ជនគណនា 20:2-11

ជនគណនា 20:2-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កន្លែង​នោះ​គ្មាន​ទឹក​សម្រាប់​ក្រុម​ជំនុំ​ទេ ដូច្នេះ គេ​ក៏​លើក​គ្នា​មក​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន។ ប្រជាជន​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ​ថា៖ «ស៊ូ​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​កាល​ដែល​បង​ប្អូន​របស់​យើង​បាន​ស្លាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​ទៅ​ចុះ! ហេតុ​អ្វី​បាន​ជា​លោក​នាំ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​មក​ក្នុង​ទី​រហោ‌ស្ថាន ឲ្យ​យើង​ត្រូវ​ស្លាប់​នៅ​ទី​នេះ ជាមួយ​ហ្វូង​សត្វ​របស់​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​បង្ខំ​ពួក​យើង​ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​នាំ​យើង​មក​កន្លែង​ហិន‌ហោច​ដូច្នេះ? ទី​នេះ​គ្មាន​កន្លែង​សាប‌ព្រោះ គ្មាន​ដើម​ល្វា គ្មាន​ដើម​ទំពាំង‌បាយ‌ជូរ ឬ​ដើម​ទទឹម​ទេ ហើយ​សូម្បី​តែ​ទឹក​ផឹក​ក៏​គ្មាន​ផង»។ ពេល​នោះ លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចេញ​ពី​ក្រុម​ជំនុំ​ទៅ​កាន់​ទ្វារ​ចូល​ត្រសាល​ជំនុំ។ ពួក​លោក​ក្រាប​ចុះ​មុខ​ដល់​ដី ហើយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ពួក​លោក​ឃើញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​ដំបង ហើយ​ប្រមូល​ក្រុម​ជំនុំ​ឲ្យ​ជួប​ជុំ​គ្នា គឺ​អ្នក និង​អើរ៉ុន​ជា​បង​របស់​អ្នក រួច​បង្គាប់​ថ្មដា​នៅ​ចំពោះ​មុខ​គេ ឲ្យ​ទឹក​ហូរ​ចេញ​មក។ ដូច្នេះ អ្នក​ត្រូវ​នាំ​ទឹក​ចេញ​ពី​ថ្ម​សម្រាប់​ពួកគេ។ អ្នក​ត្រូវ​ឲ្យ​ទឹក​ដល់​ក្រុម​ជំនុំ ព្រម​ទាំង​ហ្វូង​សត្វ​របស់​គេ​ផឹក តាម​របៀប​នេះ​ឯង»។ ដូច្នេះ លោក​ម៉ូសេ​ក៏​យក​ដំបង​ដែល​ស្ថិត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ព្រះ‌អង្គ​បាន​បង្គាប់​លោក។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ប្រមូល​ក្រុម​ជំនុំ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​ថ្ម​ដា ហើយ​មាន​ប្រ‌សាសន៍​ទៅ​គេ​ថា៖ «ចូរ​ស្តាប់​ចុះ ពួក​បះ‌បោរ​អើយ តើ​យើង​ត្រូវ​យក​ទឹក​ចេញ​ពី​ថ្ម​ដា​នេះ​សម្រាប់​អ្នក​រាល់​គ្នា​ឬ?»។ ពេល​នោះ លោក​ម៉ូសេ​លើក​ដៃ​ឡើង ហើយ​យក​ដំបង​វាយ​ថ្ម​នោះ​ពីរ​ដង។ ទឹក​ក៏​ហូរ​ចេញ​មក​យ៉ាង​បរិបូរ ហើយ​ក្រុម​ជំនុំ និង​ហ្វូង​សត្វ​របស់​គេ​ក៏​នាំ​គ្នា​ផឹក។

ចែក​រំលែក
អាន ជនគណនា 20

ជនគណនា 20:2-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ គ្មាន​ទឹក​សម្រាប់​សហគមន៍​ទេ។ ដូច្នេះ ពួក​គេ​ក៏​លើក​គ្នា​ទៅ​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។ ប្រជា‌ជន​រក​រឿង​លោក​ម៉ូសេ​ថា៖ «ប្រសិន​បើ​យើង​ខ្ញុំ​ផុត​ដង្ហើម​ជា​មួយ​បងប្អូន​របស់​យើង​ខ្ញុំ ដែល​បាន​ផុត​ដង្ហើម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង! ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ឲ្យ​មក​ស្លាប់ នៅ​វាល​រហោ‌ស្ថាន​នេះ ជា​មួយ​ហ្វូង​សត្វ​របស់​ពួក​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ពួក​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប មក​នៅ​កន្លែង​ដ៏​អាក្រក់​នេះ? ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​យើង​អាច​សាប​ព្រោះ​បាន​ទេ ហើយ​ក៏​គ្មាន​ដើម​ឧទុម្ពរ ដើម​ទំពាំង‌បាយជូរ និង​ដើម​ទទឹម​ដែរ។ រីឯ​ទឹក​សម្រាប់​ផឹក​ក៏​គ្មាន»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុម‌ជំនុំ ឆ្ពោះ​ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ទាំង​ពីរ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​លោក​ទាំង​ពីរ​ឃើញ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​ដំបង រួច​អ្នក និង​អើរ៉ុន ជា​បង​របស់​អ្នក ប្រមូល​សហគមន៍​ឲ្យ​ជួប‌ជុំ​គ្នា។ ត្រូវ​បង្គាប់​ថ្ម‌ដា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​នឹង​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នោះ សម្រាប់​សហគមន៍ និង​ហ្វូង​សត្វ​ផឹក»។ លោក​ម៉ូសេ​យក​ដំបង​ដែល​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​ព្រះអង្គ​បាន​បង្គាប់​លោក។ លោក​ម៉ូសេ និង​លោក​អើរ៉ុន កោះ​ហៅ​សហគមន៍​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​មុខ​ថ្ម‌ដា។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​បះ‌បោរ​អើយ ចូរ​ស្ដាប់! តើ​ពួក​យើង​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នេះ​សម្រាប់​អ្នក​រាល់​គ្នា បាន​ឬ​មិន​បាន?»។ លោក​ម៉ូសេ​លើក​ដៃ​ឡើង ហើយ​យក​ដំបង​របស់​លោក​វាយ​ថ្ម‌ដា​ពីរ​ដង ស្រាប់​តែ​មាន​ទឹក​ហូរ​ចេញ​មក​យ៉ាង​បរិបូណ៌។ សហគមន៍​ក៏​នាំ​គ្នា​ផឹក​ទឹក ហើយ​ហ្វូង​សត្វ​ក៏​ផឹក​ដែរ។

ចែក​រំលែក
អាន ជនគណនា 20

ជនគណនា 20:2-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កន្លែង​នោះ​គ្មាន​ទឹក​ឲ្យ​ពួក​ជំនុំ​ផឹក​សោះ ដូច្នេះ​គេ​ក៏​មូល​គ្នា​មក​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ​ថា ស៊ូ​ឲ្យ​យើង​រាល់​គ្នា​បាន​ស្លាប់ ក្នុង​កាល​ដែល​បង​ប្អូន​យើង​ស្លាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​ចុះ ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​មក​ក្នុង​ទី​រហោ‌ស្ថាន ឲ្យ​យើង​ត្រូវ​ស្លាប់​នៅ​ទី​នេះ ព្រម​ទាំង​ហ្វូង​សត្វ​របស់​យើង​ផង​ដូច្នេះ ម្តេច​ក៏​លោក​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ក្នុង​ទី​ហិន‌ហោច​នេះ​ធ្វើ​អី ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​នឹង​សាប‌ព្រោះ​ទៅ​បាន ឬ​ដែល​មាន​ល្វា មាន​ទំពាំង‌បាយ‌ជូរ ឬ​ទទឹម​ទេ សូម្បី​តែ​ទឹក​ផឹក​ក៏​គ្មាន​ផង ឯ​ម៉ូសេ នឹង​អើរ៉ុន ក៏​ចេញ​ពី​ពួក​ជំនុំ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​ឃើញ ហើយ​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​យក​ដំបង​របស់​ឯង ហើយ​ប្រជុំ​ពួក​ជំនុំ​ទៅ គឺ​ឯង នឹង​អើរ៉ុន​ជា​បង​ឯង​ផង រួច​បង្គាប់​ដល់​ថ្មដា​នៅ​មុខ​គេ ឲ្យ​មាន​ទឹក​ចេញ​មក​ចុះ នោះ​ឯង​នឹង​បាន​នាំ​ទឹក​ឲ្យ​ចេញ​ពី​ថ្ម​មក​ឲ្យ​គេ​ហើយ ដូច្នេះ ឯង​នឹង​ឲ្យ​ពួក​ជំនុំ ព្រម​ទាំង​ហ្វូង​សត្វ​គេ​ផឹក​បាន ម៉ូសេ​ក៏​យក​ដំបង​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក រួច​លោក នឹង​អើរ៉ុន ក៏​ប្រមូល​ពួក​ជំនុំ​មក​នៅ​មុខ​ថ្មដា ដោយ​ពាក្យ​ថា ចូរ​ស្តាប់​ចុះ ពួក​បះ‌បោរ​អើយ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្មដា​នេះ សំរាប់​អ្នក​រាល់​គ្នា​ឬ​អី រួច​ម៉ូសេ​លើក​ដៃ​ឡើង វាយ​ថ្ម​នោះ​ដោយ​ដំបង​អស់​២​ដង នោះ​ក៏​មាន​ទឹក​ហូរ​ចេញ​មក​ជា​បរិបូរ ឯ​ពួក​ជំនុំ នឹង​ហ្វូង​សត្វ​គេ​ក៏​នាំ​គ្នា​ផឹក​ទៅ។

ចែក​រំលែក
អាន ជនគណនា 20