នៅពេលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹល នៅពាសពេញវាលរហោស្ថាន។ ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ ព្រះអម្ចាស់បានបង្គាប់ថា: ចូរនាំគ្នារើសអាហារនេះ ល្មមដែលអ្នករាល់គ្នាអាចបរិភោគឆ្អែត។ ត្រូវរើសតាមចំនួនមនុស្សដែលស្ថិតនៅក្នុងគ្រួសាររបស់ខ្លួន គឺមួយកូនល្អីសម្រាប់ម្នាក់»។ ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម ពួកគេរើសអាហារ អ្នកខ្លះរើសបានច្រើន ហើយអ្នកខ្លះទៀតបានតិច។ បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អស់អ្នកដែលរើសបានច្រើន ក៏មិនបានលើសគេ ហើយអស់អ្នកដែលរើសបានតិច ក៏មិនខ្វះដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។ លោកម៉ូសេប្រាប់ពួកគេថា៖ «មិនត្រូវឲ្យនរណាម្នាក់ទុកអាហារនេះ រហូតដល់ព្រឹកស្អែកឡើយ»។ ប៉ុន្តែ មានអ្នកខ្លះមិនព្រមស្ដាប់តាមលោកម៉ូសេទេ គឺគេទុកអាហាររហូតដល់ព្រឹកស្អែក។ ដង្កូវក៏មកចោះអាហារទាំងនោះ ដែលបណ្ដាលឲ្យទៅជាស្អុយរលួយ។ លោកម៉ូសេខឹងនឹងពួកគេ។ ចាប់ពីពេលនោះមក រៀងរាល់ព្រឹក ពួកគេរើសអាហារល្មមដែលខ្លួនអាចបរិភោគឆ្អែត។ ពេលថ្ងៃរះពេញកម្ដៅ អាហារដែលនៅសល់ក៏រលាយបាត់អស់។ នៅថ្ងៃទីប្រាំមួយ ពួកគេរើសអាហារពីរដងច្រើនជាង គឺពីរកូនល្អីក្នុងម្នាក់ៗ។ មេដឹកនាំទាំងអស់របស់សហគមន៍មករាយការណ៍ជម្រាបលោកម៉ូសេ។ លោកប្រាប់ពួកគេវិញថា៖ «ព្រះអម្ចាស់បានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃសប្ប័ទ* ជាថ្ងៃដ៏វិសុទ្ធ*ដែលត្រូវញែកថ្វាយព្រះអម្ចាស់ ចូរចម្អិនអ្វីដែលអ្នករាល់គ្នាត្រូវចម្អិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។ ដូច្នេះ ពួកគេទុកអាហាររហូតដល់ព្រឹកស្អែក តាមបង្គាប់របស់លោកម៉ូសេ។ អាហារទាំងនោះពុំមានស្អុយរលួយ ឬមានដង្កូវចោះឡើយ។ លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ ចូរបរិភោគអាហារទាំងនេះចុះ ដ្បិតថ្ងៃនេះជាថ្ងៃសប្ប័ទ សម្រាប់គោរពព្រះអម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នានឹងពុំឃើញមានអ្វីនៅខាងក្រៅទេ។ អ្នករាល់គ្នាអាចរើសអាហារនេះក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទនឹងគ្មានអ្វីរើសទេ»។
អាន និក្ខមនំ 16
ស្ដាប់នូវ និក្ខមនំ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 16:14-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ