និក្ខមនំ 16
16
នំម៉ាណា និងសត្វក្រួច
1សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីអេលីម ទៅដល់វាលរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ 2នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុន។ 3ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើព្រះអម្ចាស់ប្រហារពួកយើងនៅទីនោះ ប្រសើរជាងឲ្យលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ឃ្លាន ក្នុងវាលរហោស្ថាននេះ!»។
4 #
យហ. ៦.៣១
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្ដល់អាហារពីលើមេឃមកឲ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារ សម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះ យើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីឲ្យដឹងថា គេគោរពក្រឹត្យវិន័យរបស់យើងឬទេ? 5នៅថ្ងៃទីប្រាំមួយ ពេលគេរៀបចំម្ហូបអាហារដែលគេរើសមកនោះ គេនឹងឃើញមានអាហារលើសថ្ងៃធម្មតា មួយជាពីរ»។
6លោកម៉ូសេ និងលោកអើរ៉ុន ប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងទទួលស្គាល់ថា គឺព្រះអម្ចាស់ទេតើដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ 7ព្រឹកស្អែក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរនាក់នេះជាអ្វី បានជាអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»។ 8លោកម៉ូសេមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ ព្រះអម្ចាស់នឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយព្រឹកស្អែក ព្រះអង្គនឹងប្រទាននំប៉័ងឲ្យអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់ព្រះអម្ចាស់វិញ»។
9លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «សូមបង្គាប់សហគមន៍អ៊ីស្រាអែលទាំងមូល ឲ្យចូលមកគាល់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យរអ៊ូរទាំរបស់ពួកគេហើយ»។ 10នៅពេលលោកអើរ៉ុនកំពុងតែមានប្រសាសន៍ទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថាន ឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅក្នុងពពក។ 11ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 12«យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រាអែលហើយ ចូរប្រាប់ពួកគេដូចតទៅ: នៅពេលព្រលប់ អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងមាននំប៉័ងបរិភោគយ៉ាងបរិបូណ៌។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
13ពេលល្ងាច មានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើង មានសន្សើមធ្លាក់ជុំវិញជំរំផង។ 14នៅពេលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹល នៅពាសពេញវាលរហោស្ថាន។ 15#១ករ. ១០.៣ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ 16ព្រះអម្ចាស់បានបង្គាប់ថា: ចូរនាំគ្នារើសអាហារនេះ ល្មមដែលអ្នករាល់គ្នាអាចបរិភោគឆ្អែត។ ត្រូវរើសតាមចំនួនមនុស្សដែលស្ថិតនៅក្នុងគ្រួសាររបស់ខ្លួន គឺមួយកូនល្អីសម្រាប់ម្នាក់»។ 17ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម ពួកគេរើសអាហារ អ្នកខ្លះរើសបានច្រើន ហើយអ្នកខ្លះទៀតបានតិច។ 18#២ករ. ៨.១៥បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អស់អ្នកដែលរើសបានច្រើន ក៏មិនបានលើសគេ ហើយអស់អ្នកដែលរើសបានតិច ក៏មិនខ្វះដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។
19លោកម៉ូសេប្រាប់ពួកគេថា៖ «មិនត្រូវឲ្យនរណាម្នាក់ទុកអាហារនេះ រហូតដល់ព្រឹកស្អែកឡើយ»។ 20ប៉ុន្តែ មានអ្នកខ្លះមិនព្រមស្ដាប់តាមលោកម៉ូសេទេ គឺគេទុកអាហាររហូតដល់ព្រឹកស្អែក។ ដង្កូវក៏មកចោះអាហារទាំងនោះ ដែលបណ្ដាលឲ្យទៅជាស្អុយរលួយ។ លោកម៉ូសេខឹងនឹងពួកគេ។ 21ចាប់ពីពេលនោះមក រៀងរាល់ព្រឹក ពួកគេរើសអាហារល្មមដែលខ្លួនអាចបរិភោគឆ្អែត។ ពេលថ្ងៃរះពេញកម្ដៅ អាហារដែលនៅសល់ក៏រលាយបាត់អស់។ 22នៅថ្ងៃទីប្រាំមួយ ពួកគេរើសអាហារពីរដងច្រើនជាង គឺពីរកូនល្អីក្នុងម្នាក់ៗ។ មេដឹកនាំទាំងអស់របស់សហគមន៍មករាយការណ៍ជម្រាបលោកម៉ូសេ។ 23#នក. ២០.៨-១១លោកប្រាប់ពួកគេវិញថា៖ «ព្រះអម្ចាស់បានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃសប្ប័ទ* ជាថ្ងៃដ៏វិសុទ្ធ*ដែលត្រូវញែកថ្វាយព្រះអម្ចាស់ ចូរចម្អិនអ្វីដែលអ្នករាល់គ្នាត្រូវចម្អិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។ 24ដូច្នេះ ពួកគេទុកអាហាររហូតដល់ព្រឹកស្អែក តាមបង្គាប់របស់លោកម៉ូសេ។ អាហារទាំងនោះពុំមានស្អុយរលួយ ឬមានដង្កូវចោះឡើយ។ 25លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ ចូរបរិភោគអាហារទាំងនេះចុះ ដ្បិតថ្ងៃនេះជាថ្ងៃសប្ប័ទ សម្រាប់គោរពព្រះអម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នានឹងពុំឃើញមានអ្វីនៅខាងក្រៅទេ។ 26អ្នករាល់គ្នាអាចរើសអាហារនេះក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទនឹងគ្មានអ្វីរើសទេ»។
27ទោះជាយ៉ាងនេះក្ដី នៅថ្ងៃទីប្រាំពីរ ក៏មានប្រជាជនខ្លះចេញពីជំរំ ដើម្បីទៅរើសអាហារ តែពួកគេរកពុំបានសោះ។ 28ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់បទបញ្ជា និងវិន័យ*របស់យើងដល់កាលណាទៀត? 29ត្រូវចងចាំថា យើងជាព្រះអម្ចាស់ បានប្រគល់ថ្ងៃសប្ប័ទឲ្យអ្នករាល់គ្នា ហេតុនេះហើយបានជានៅថ្ងៃទីប្រាំមួយ យើងឲ្យអ្នករាល់គ្នាមានអាហារមួយជាពីរ។ នៅថ្ងៃទីប្រាំពីរម្នាក់ៗនៅក្នុងជំរំរបស់ខ្លួន គឺមិនត្រូវចេញទៅក្រៅឡើយ»។ 30ហេតុនេះ ប្រជាជននាំគ្នាឈប់សម្រាក នៅថ្ងៃទីប្រាំពីរ។
31 #
ជគ. ១១.៧-៨
កូនចៅអ៊ីស្រាអែលហៅអាហារនោះថា “នំម៉ាណា”#១៦.៣១ ពាក្យហេប្រឺ «ម៉ាណា» មានសំនៀងដូចពាក្យ «នេះជាអ្វី»នៅខ ១៥។។ នំម៉ាណាមានរាងដូចជាគ្រាប់ល្ង មានពណ៌ស ព្រមទាំងមានរសជាតិដូចនំធ្វើពីទឹកឃ្មុំ។ 32លោកម៉ូសេមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បង្គាប់ដូចតទៅ: ចូរដាក់នំម៉ាណាក្នុងភាជន៍មួយឲ្យពេញ ហើយរក្សាទុក សម្រាប់ឲ្យកូនចៅអ៊ីស្រាអែលនៅជំនាន់ក្រោយ ឃើញអាហារដែលយើងឲ្យអ្នករាល់គ្នាបរិភោគ ក្នុងវាលរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ 33#ហប. ៩.៤លោកម៉ូសេប្រាប់លោកអើរ៉ុនថា៖ «ចូរយកថូមួយមក ហើយដាក់នំម៉ាណាឲ្យពេញ រួចយកថូទៅតម្កល់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយ»។ 34លោកអើរ៉ុនក៏តម្កល់ថូនៅមុខហិបនៃសម្ពន្ធមេត្រី ដើម្បីរក្សាទុក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់លោកម៉ូសេ។
35 #
យស. ៥.១២
ជនជាតិអ៊ីស្រាអែលបរិភោគនំម៉ាណា អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេបានទៅដល់ស្រុកដែលមានមនុស្សរស់នៅ គឺរហូតទៅដល់ព្រំដែនស្រុកកាណាន។
36រីឯរង្វាល់សម្រាប់វាល់នំម៉ាណានោះ គឺអូម៊ែរ* ស្មើមួយភាគដប់នៃអេផា*។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 16: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.