និក្ខមនំ 16:14-26
និក្ខមនំ 16:14-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលទឹកសន្សើមស្ងួតហើយ នោះឃើញមានគ្រាប់ល្អិតៗពាញពេញទីរហោស្ថាន ដែលមើលទៅបែបដូចទឹកសន្សើមកក ឡើងសស្គុសនៅលើដី។ កាលកូនចៅអ៊ីស្រាអែលបានឃើញ គេសួរគ្នាថា៖ «តើនេះជាអ្វី ?» ដ្បិតគេមិនស្គាល់ជាអ្វីទេ។ លោកម៉ូសេប្រាប់គេថា៖ «នេះជានំបុ័ងដែលព្រះយេហូវ៉ាប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឲ្យម្នាក់ៗរើសយកល្មមតែបរិភោគឆ្អែតចុះ គឺមួយខ្ញឹងម្នាក់ តាមចំនួនមនុស្ស គ្រប់គ្នាត្រូវយកឲ្យល្មមសម្រាប់តែអ្នកដែលនៅក្នុងត្រសាលរបស់ខ្លួន»។ កូនចៅអ៊ីស្រាអែលក៏ធ្វើដូច្នោះ អ្នកខ្លះរើសបានច្រើន អ្នកខ្លះបានតិច។ ប៉ុន្ដែ កាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានអ្វីនៅសល់ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គឺម្នាក់ៗប្រមូលបានល្មមតែខ្លួនបរិភោគប៉ុណ្ណោះ។ លោកម៉ូសេប្រាប់គេថា៖ «មិនត្រូវឲ្យអ្នកណាម្នាក់ទុករហូតដល់ព្រឹកឡើយ»។ ប៉ុន្ដែ គេមិនស្តាប់លោកម៉ូសេទេ គឺមានអ្នកខ្លះបានទុកនំនោះរហូតដល់ព្រឹក ហើយក៏កើតមានដង្កូវ មានក្លិនស្អុយ លោកម៉ូសេក៏ខឹងនឹងគេ។ គេតែងតែរើសរៀងរាល់ព្រឹក ឲ្យល្មមតែបរិភោគប៉ុណ្ណោះ តែនៅពេលថ្ងៃក្តៅឡើង នំនោះក៏រលាយអស់។ នៅថ្ងៃទីប្រាំមួយ គេក៏រើសនំប៉័ងចំនួនពីរភាគ គឺម្នាក់ៗពីរខ្ញឹង ហើយកាលពួកមេដឹកនាំទាំងអស់របស់ក្រុមជំនុំមកប្តឹងលោកម៉ូសេ លោកប្រាប់គេថា៖ «នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់ ដ្បិតថ្ងៃស្អែកជាថ្ងៃសប្ប័ទ ជាថ្ងៃឈប់សម្រាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អ្វីដែលត្រូវដុត នោះដុតទៅ ហើយអ្វីដែលត្រូវស្ងោរ នោះស្ងោរទៅ ឯអាហារដែលនៅសល់ ត្រូវទុកមួយឡែកសម្រាប់ព្រឹកស្អែក»។ គេក៏ទុករហូតដល់ព្រឹកស្អែក តាមបង្គាប់លោកម៉ូសេ តែនំនោះមិនមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានចោះដែរ។ លោកម៉ូសេមានប្រសាសន៍ថា៖ «ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃសប្ប័ទថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងមិនឃើញមាននៅឯវាលទេ។ អ្នករាល់គ្នាត្រូវរើសនំនេះបានតែក្នុងរវាងប្រាំមួយថ្ងៃ តែនៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទ នោះនឹងគ្មានទេ»។
និក្ខមនំ 16:14-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹល នៅពាសពេញវាលរហោស្ថាន។ ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នាបរិភោគ។ ព្រះអម្ចាស់បានបង្គាប់ថា: ចូរនាំគ្នារើសអាហារនេះ ល្មមដែលអ្នករាល់គ្នាអាចបរិភោគឆ្អែត។ ត្រូវរើសតាមចំនួនមនុស្សដែលស្ថិតនៅក្នុងគ្រួសាររបស់ខ្លួន គឺមួយកូនល្អីសម្រាប់ម្នាក់»។ ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម ពួកគេរើសអាហារ អ្នកខ្លះរើសបានច្រើន ហើយអ្នកខ្លះទៀតបានតិច។ បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អស់អ្នកដែលរើសបានច្រើន ក៏មិនបានលើសគេ ហើយអស់អ្នកដែលរើសបានតិច ក៏មិនខ្វះដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។ លោកម៉ូសេប្រាប់ពួកគេថា៖ «មិនត្រូវឲ្យនរណាម្នាក់ទុកអាហារនេះ រហូតដល់ព្រឹកស្អែកឡើយ»។ ប៉ុន្តែ មានអ្នកខ្លះមិនព្រមស្ដាប់តាមលោកម៉ូសេទេ គឺគេទុកអាហាររហូតដល់ព្រឹកស្អែក។ ដង្កូវក៏មកចោះអាហារទាំងនោះ ដែលបណ្ដាលឲ្យទៅជាស្អុយរលួយ។ លោកម៉ូសេខឹងនឹងពួកគេ។ ចាប់ពីពេលនោះមក រៀងរាល់ព្រឹក ពួកគេរើសអាហារល្មមដែលខ្លួនអាចបរិភោគឆ្អែត។ ពេលថ្ងៃរះពេញកម្ដៅ អាហារដែលនៅសល់ក៏រលាយបាត់អស់។ នៅថ្ងៃទីប្រាំមួយ ពួកគេរើសអាហារពីរដងច្រើនជាង គឺពីរកូនល្អីក្នុងម្នាក់ៗ។ មេដឹកនាំទាំងអស់របស់សហគមន៍មករាយការណ៍ជម្រាបលោកម៉ូសេ។ លោកប្រាប់ពួកគេវិញថា៖ «ព្រះអម្ចាស់បានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃសប្ប័ទ* ជាថ្ងៃដ៏វិសុទ្ធ*ដែលត្រូវញែកថ្វាយព្រះអម្ចាស់ ចូរចម្អិនអ្វីដែលអ្នករាល់គ្នាត្រូវចម្អិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។ ដូច្នេះ ពួកគេទុកអាហាររហូតដល់ព្រឹកស្អែក តាមបង្គាប់របស់លោកម៉ូសេ។ អាហារទាំងនោះពុំមានស្អុយរលួយ ឬមានដង្កូវចោះឡើយ។ លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ ចូរបរិភោគអាហារទាំងនេះចុះ ដ្បិតថ្ងៃនេះជាថ្ងៃសប្ប័ទ សម្រាប់គោរពព្រះអម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នានឹងពុំឃើញមានអ្វីនៅខាងក្រៅទេ។ អ្នករាល់គ្នាអាចរើសអាហារនេះក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទនឹងគ្មានអ្វីរើសទេ»។
និក្ខមនំ 16:14-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទឹកសន្សើមស្ងួតទៅហើយ នោះឃើញនៅពេញទាំងទីរហោស្ថាន សឹងដ៏មានគ្រាប់ល្អិតៗ ដែលមើលទៅបែបដូចទឹកសន្សើមកក ឡើងសស្គុសនៅលើដី កាលពួកកូនចៅអ៊ីស្រាអែលបានឃើញ នោះគេនិយាយគ្នាថា នេះជាអ្វីហ្ន ដ្បិតគេមិនស្គាល់ជាអ្វីទេ រួចម៉ូសេប្រាប់ថា នេះគឺជានំបុ័ងដែលព្រះយេហូវ៉ា ទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ នេះហើយ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឲ្យអ្នករាល់គ្នារើសយកល្មមតែនឹងបរិភោគឆ្អែតគ្រប់គ្នាចុះ គឺជា១ខ្ញឹងម្នាក់ តាមចំនួនពួកអ្នករាល់គ្នា គ្រប់គ្នាត្រូវយកឲ្យល្មមដល់ពួកអ្នកដែលនៅត្រសាលរបស់ខ្លួន ពួកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ខ្លះរើសបានច្រើនខ្លះបានតិច តែកាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានលើសទេ ហើយអ្នកណាដែលរើសបានតិចក៏មិនខ្វះដែរ គ្រប់គ្នាមានល្មមតែបរិភោគឆ្អែតប៉ុណ្ណោះ រួចម៉ូសេប្រាប់ថា កុំឲ្យអ្នកណាទុកឲ្យសល់ដល់ព្រឹកឡើយ តែគេមិនបានស្តាប់តាមទេ ក៏មានអ្នកខ្លះបានទុកនំនោះដល់ព្រឹក នោះក៏កើតមានដង្កូវមានក្លិនស្អុយ ម៉ូសេក៏ខឹងនឹងគេ គេក៏តែងតែរើសរាល់តែព្រឹកឲ្យល្មមបរិភោគឆ្អែតគ្រប់ៗគ្នា លុះដល់ថ្ងៃក្តៅ នំនោះក៏រលាយទៅ។ លុះដល់ថ្ងៃទី៦ គេក៏រើសនំនោះបានចំនួន២ភាគ គឺ២ខ្ញឹងគ្រប់គ្នា រួចអស់ទាំងមេលើពួកជំនុំក៏មកប្តឹងដល់ម៉ូសេ តែលោកឆ្លើយថា នោះគឺជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកទេ ដ្បិតថ្ងៃស្អែកជាថ្ងៃសំរាក គឺជាថ្ងៃឈប់សំរាកបរិសុទ្ធថ្វាយព្រះយេហូវ៉ា អាហារណាដែលត្រូវដុត នោះឲ្យដុតចុះ ហើយអាហារណាដែលត្រូវស្ងោរ ក៏ឲ្យស្ងោរទៅ ឯអាហារដែលសល់ នោះត្រូវទុកដល់ព្រឹកឡើងសំរាប់អ្នករាល់គ្នា គេក៏ទុកដល់ព្រឹកតាមបង្គាប់ម៉ូសេ តែនំនោះឥតមានធុំក្លិនស្អុយអ្វីទេ ដង្កូវក៏មិនបានកើតដែរ រួចម៉ូសេប្រាប់ថា ត្រូវបរិភោគសំណល់នោះនៅថ្ងៃនេះ ដ្បិតជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ា ថ្ងៃនេះអ្នករាល់គ្នានឹងរកនៅឯវាលទៀតគ្មានទេ អ្នករាល់គ្នានឹងរើសនំនេះបានតែក្នុងរវាង៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះគ្មានទេ ព្រោះជាថ្ងៃឈប់សំរាក។