លោកសាំយូអែលបានកោះហៅប្រជាជនមកប្រជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា។ លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “អ៊ីស្រាអែលអើយ យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងពីកណ្ដាប់ដៃរបស់នគរទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា”។ ថ្ងៃនេះ អ្នករាល់គ្នាបែរជាបោះបង់ចោលព្រះរបស់អ្នករាល់គ្នា គឺព្រះដែលតែងតែសង្គ្រោះអ្នករាល់គ្នាពីទុក្ខវេទនា និងការលំបាកគ្រប់យ៉ាង។ អ្នករាល់គ្នាទូលព្រះអង្គថា “សូមតែងតាំងស្ដេចមួយអង្គឲ្យសោយរាជ្យលើយើងខ្ញុំ”។ ដូច្នេះ ចូរនាំគ្នាមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធ តាមអំបូរឥឡូវនេះចុះ»។ លោកសាំយូអែលប្រាប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ឲ្យចូលមក ហើយចាប់ឆ្នោតប៉ះចំកុលសម្ព័ន្ធបេនយ៉ាមីន។ បន្ទាប់មក លោកឲ្យកុលសម្ព័ន្ធបេនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី រួចប៉ះចំឈ្មោះលោកសូល ជាកូនរបស់លោកគីស។ គេនាំគ្នារកលោក តែរកពុំឃើញទេ។ គេក៏ចូលទៅទូលសួរព្រះអម្ចាស់ទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នុ៎ះន៎! គេកំពុងពួននៅក្បែរអីវ៉ាន់»។ គេរត់ទៅរកលោក នាំលោកចេញពីទីនោះមក លោកក៏ឈរនៅកណ្ដាលចំណោមប្រជាជន។ លោកមានកម្ពស់ខ្ពស់ជាងគេ គឺប្រជាជនទាំងអស់បានត្រឹមតែស្មារបស់លោកប៉ុណ្ណោះ។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាឃើញបុរសដែលព្រះអម្ចាស់ជ្រើសរើសនេះឬទេ! ក្នុងចំណោមប្រជាជនទាំងមូល គ្មាននរណាម្នាក់ដូចលោកទេ»។ ប្រជាជនទាំងអស់ក៏នាំគ្នាស្រែកជយឃោសឡើងថា៖ «ជយោ! ព្រះមហាក្សត្រ!»។ លោកសាំយូអែលប្រកាសប្រាប់ឲ្យប្រជាជនដឹងអំពីសិទ្ធិរបស់ស្ដេច រួចលោកកត់ត្រាក្នុងក្រាំង ហើយតម្កល់ទុកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ បន្ទាប់មក លោកសាំយូអែលប្រាប់ឲ្យប្រជាជនទាំងអស់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។ ព្រះបាទសូលយាងត្រឡប់ទៅភូមិដ្ឋាននៅគីបៀរវិញ ដោយមានមនុស្សដ៏អង់អាចមួយក្រុម ដែលព្រះជាម្ចាស់បានបណ្ដាលចិត្ត ហែរហមទៅជាមួយផង។ ប៉ុន្តែ មានមនុស្សពាលខ្លះពោលថា «តើជននេះឬដែលសង្គ្រោះយើង!»។ ពួកគេប្រមាថមើលងាយព្រះបាទសូល ហើយមិនបាននាំយកតង្វាយអ្វីមកថ្វាយស្ដេចទេ តែស្ដេចមិនរវីរវល់នឹងគេឡើយ។
អាន ១ សាំយូអែល 10
ស្ដាប់នូវ ១ សាំយូអែល 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 10:17-27
១៧ ថ្ងៃ។
សាំយូអែលដំបូងចាប់ផ្ដើមពីព្រះជាស្ដេចរបស់អ៊ីស្រាអែល ហើយបន្តដំណើររឿងអំពីរបៀបដែលសូលពេលនោះដាវីឌឡើងសោយរាជ្យ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ First Samuel នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ