១ សាំយូអែល 10:17-27
១ សាំយូអែល 10:17-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ លោកសាំយូអែលប្រមូលពួកកូនចៅអ៊ីស្រាអែលមកប្រជុំគ្នានៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលយ៉ាងដូច្នេះថា "យើងបាននាំពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក ក៏បានជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃនៃសាសន៍អេស៊ីព្ទ ហើយពីកណ្ដាប់ដៃពួកនគរទាំងប៉ុន្មាន ដែលសង្កត់សង្កិនអ្នករាល់គ្នា"។ ប៉ុន្តេ នៅថ្ងៃនេះ អ្នករាល់គ្នាបានបោះបង់ចោលព្រះរបស់អ្នក ដែលព្រះអង្គបានសង្គ្រោះអ្នក ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ និងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ អ្នករាល់គ្នាបានទូលព្រះអង្គថា "សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ" ដូច្នេះ ចូរអ្នករាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ»។ លោកសាំយូអែលក៏ឲ្យកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែលទាំងអស់ចូលមក ហើយព្រះរើសយកកុលសម្ព័ន្ធបេនយ៉ាមីន លោកឲ្យកុលសម្ព័ន្ធនោះចូលមកតាមអំបូររបស់គេ ហើយចាប់ឆ្នោតចំលើអំបូរម៉ាទ្រី បន្ទាប់មក ចំលើលោកសូល ជាកូនលោកគីស តែកាលគេរកគាត់ នោះរកមិនឃើញទេ។ ដូច្នេះ គេទូលសួរដល់ព្រះយេហូវ៉ាទៀតថា៖ «តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាមានព្រះបន្ទូលថា មើល៍ វាកំពុងតែពួននៅក្នុងអីវ៉ាន់»។ គេក៏រត់ទៅនាំគាត់ចេញពីទីនោះមក កាលគាត់ឈរឡើងនៅកណ្ដាលពួកជន នោះគាត់មានកម្ពស់ខ្ពស់ជាងគេទាំងអស់ ឯប្រជាជនបានត្រឹមតែស្មាររបស់គាត់ទេ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «អ្នករាល់គ្នាឃើញមនុស្សដែលព្រះយេហូវ៉ាបានជ្រើសរើសនេះឬទេ? ក្នុងចំណោមប្រជាជនទាំងអស់ គ្មានអ្នកណាម្នាក់ដូចលោកទេ»។ ប្រជាជនទាំងអស់ក៏នាំគ្នាស្រែកឡើងថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។ គ្រានោះ លោកសាំយូអែលក៏ពន្យល់ប្រាប់ដល់ពួកប្រជាជនពីរបៀបនគរ ហើយលោកកត់ក្នុងសៀវភៅយកទៅដាក់នៅចំពោះព្រះយេហូវ៉ា ស្រេចហើយ លោកឲ្យពួកប្រជាជនត្រឡប់ទៅផ្ទះគេរៀងខ្លួនវិញទៅ។ ស្ដេចសូលក៏ទៅឯលំនៅរបស់លោកនៅគីបៀរដែរ មានទាំងពួកអ្នកដែលព្រះបានបណ្ដាលចិត្តគេទៅជាមួយផង។ តែមានពួកពាលអនាថាខ្លះនិយាយថា៖ «ធ្វើដូចម្តេចឲ្យអ្នកនោះសង្គ្រោះយើងបាន?» គេក៏មើលងាយដល់លោក ហើយមិនបានយកភ័ស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។ [គ្រានោះ ណាហាសជាស្ដេចសាសន៍អាំម៉ូនបានសង្កត់សង្កិនពួកកាដ និងពួករូបេន ដែលរស់នៅខាងកើតទន្លេយ័រដាន់យ៉ាងជូរចត់។ ស្ដេចរកខ្វេះភ្នែកស្ដាំរបស់ពួកអ៊ីស្រាអែលគ្រប់គ្នាដែលរស់នៅទីនោះ ហើយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកសង្គ្រោះពួកគេឡើយ តែក្នុងចំណោមពួកអ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅខាងកើតទន្លេយ័រដាន់ គ្មានអ្នកណាម្នាក់ត្រូវបានណាហាស ជាស្ដេចសាសន៍អាំម៉ូនខ្វេះភ្នែកស្ដាំឡើយ។ មានមនុស្សប្រាំពីរពាន់នាក់ ដែលបានរត់ចេញពីពួកសាសន៍អាំម៉ូន ហើយចូលទៅតាំងទីលំនៅនៅក្រុងយ៉ាបេស-កាឡាត] ។
១ សាំយូអែល 10:17-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាំយូអែលបានកោះហៅប្រជាជនមកប្រជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា។ លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “អ៊ីស្រាអែលអើយ យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងពីកណ្ដាប់ដៃរបស់នគរទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា”។ ថ្ងៃនេះ អ្នករាល់គ្នាបែរជាបោះបង់ចោលព្រះរបស់អ្នករាល់គ្នា គឺព្រះដែលតែងតែសង្គ្រោះអ្នករាល់គ្នាពីទុក្ខវេទនា និងការលំបាកគ្រប់យ៉ាង។ អ្នករាល់គ្នាទូលព្រះអង្គថា “សូមតែងតាំងស្ដេចមួយអង្គឲ្យសោយរាជ្យលើយើងខ្ញុំ”។ ដូច្នេះ ចូរនាំគ្នាមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធ តាមអំបូរឥឡូវនេះចុះ»។ លោកសាំយូអែលប្រាប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ឲ្យចូលមក ហើយចាប់ឆ្នោតប៉ះចំកុលសម្ព័ន្ធបេនយ៉ាមីន។ បន្ទាប់មក លោកឲ្យកុលសម្ព័ន្ធបេនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី រួចប៉ះចំឈ្មោះលោកសូល ជាកូនរបស់លោកគីស។ គេនាំគ្នារកលោក តែរកពុំឃើញទេ។ គេក៏ចូលទៅទូលសួរព្រះអម្ចាស់ទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នុ៎ះន៎! គេកំពុងពួននៅក្បែរអីវ៉ាន់»។ គេរត់ទៅរកលោក នាំលោកចេញពីទីនោះមក លោកក៏ឈរនៅកណ្ដាលចំណោមប្រជាជន។ លោកមានកម្ពស់ខ្ពស់ជាងគេ គឺប្រជាជនទាំងអស់បានត្រឹមតែស្មារបស់លោកប៉ុណ្ណោះ។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាឃើញបុរសដែលព្រះអម្ចាស់ជ្រើសរើសនេះឬទេ! ក្នុងចំណោមប្រជាជនទាំងមូល គ្មាននរណាម្នាក់ដូចលោកទេ»។ ប្រជាជនទាំងអស់ក៏នាំគ្នាស្រែកជយឃោសឡើងថា៖ «ជយោ! ព្រះមហាក្សត្រ!»។ លោកសាំយូអែលប្រកាសប្រាប់ឲ្យប្រជាជនដឹងអំពីសិទ្ធិរបស់ស្ដេច រួចលោកកត់ត្រាក្នុងក្រាំង ហើយតម្កល់ទុកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ បន្ទាប់មក លោកសាំយូអែលប្រាប់ឲ្យប្រជាជនទាំងអស់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។ ព្រះបាទសូលយាងត្រឡប់ទៅភូមិដ្ឋាននៅគីបៀរវិញ ដោយមានមនុស្សដ៏អង់អាចមួយក្រុម ដែលព្រះជាម្ចាស់បានបណ្ដាលចិត្ត ហែរហមទៅជាមួយផង។ ប៉ុន្តែ មានមនុស្សពាលខ្លះពោលថា «តើជននេះឬដែលសង្គ្រោះយើង!»។ ពួកគេប្រមាថមើលងាយព្រះបាទសូល ហើយមិនបាននាំយកតង្វាយអ្វីមកថ្វាយស្ដេចទេ តែស្ដេចមិនរវីរវល់នឹងគេឡើយ។
១ សាំយូអែល 10:17-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ សាំយូអែលប្រមូលពួកកូនចៅអ៊ីស្រាអែលមកប្រជុំគ្នានៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា រួចប្រាប់ដល់ពួកបណ្តាជនទាំងឡាយថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា អញបាននាំពួកអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទមក ក៏បានជួយឯងរាល់គ្នាឲ្យរួចពីកណ្តាប់ដៃនៃសាសន៍អេស៊ីព្ទ ហើយពីកណ្តាប់ដៃនៃពួកនគរទាំងប៉ុន្មាន ដែលសង្កត់សង្កិនឯង តែនៅថ្ងៃនេះ ឯងរាល់គ្នាបានបោះបង់ចោលព្រះនៃឯង ដែលទ្រង់បានជួយសង្គ្រោះឯង ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ នឹងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ ឯងរាល់គ្នាបានទូលទ្រង់ថា សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ ដូច្នេះ ចូរឯងរាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ សាំយូអែល ក៏ឲ្យពូជអំបូរ នៃសាសន៍អ៊ីស្រាអែលទាំងអស់ចូលមក ហើយព្រះទ្រង់រើសយកពូជអំបូរបេនយ៉ាមីន រួចលោកឲ្យពូជអំបូរនោះចូលមកតាមគ្រួគេ ហើយរើសយកបានគ្រួម៉ាទ្រី ត្រូវលើរូបសូលជាកូនគីស តែកាលគេរកគាត់ នោះមិនឃើញសោះ ដូច្នេះគេទូលសួរដល់ព្រះយេហូវ៉ាទៀតថា តើឈ្មោះនោះដែលត្រូវមកមែនឬ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល វាកំពុងតែពួននៅក្នុងអីវ៉ាន់ គេក៏រត់ទៅនាំគាត់ចេញពីទីនោះមក កាលគាត់ឈរឡើងនៅកណ្តាលពួកជន នោះគាត់មានកំពស់ជាងគេទាំងអស់ ឯបណ្តាជនទាំងឡាយបានត្រឹមតែស្មារបស់គាត់ទេ នោះសាំយូអែលប្រាប់ដល់បណ្តាជនថា ចូរមើល អ្នកនេះដែលព្រះយេហូវ៉ាទ្រង់បានតាំងឡើង ថាគ្មានអ្នកណា ក្នុងពួកបណ្តាជន ឲ្យដូចជាគាត់ទេ បណ្តាជនទាំងឡាយក៏បន្លឺវាចាឡើងថា ជយោព្រះករុណា។ គ្រានោះ សាំយូអែលក៏ប្រាប់ពន្យល់ ដល់ពួកបណ្តាជនពីរបៀបនគរ ហើយលោកកត់ក្នុងសៀវភៅយកទៅដាក់នៅចំពោះព្រះយេហូវ៉ា ស្រេចហើយ លោកឲ្យពួកបណ្តាជនត្រឡប់ទៅឯផ្ទះគេរៀងខ្លួនវិញទៅ ឯសូលលោកក៏ទៅឯលំនៅរបស់លោកនៅគីបៀរដែរ មានទាំងពួកអ្នកដែលព្រះបានបណ្តាលចិត្តគេ ទៅជាមួយផង តែមានពួកពាលអនាថាខ្លះនិយាយថា ធ្វើដូចម្តេចឲ្យអ្នកនោះជួយសង្គ្រោះយើងបាន គេក៏មើលងាយដល់លោក ហើយមិនបានយកភស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។