១ សាំយូអែល 10
10
1លោកសាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចលោកឱបលោកសូល ទាំងមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បានចាក់ប្រេង*អភិសេកលោក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ព្រះអង្គ#១០.១ ពាក្យដើម: «កេរមត៌ករបស់ព្រះអង្គ» ពោលគឺប្រជារាស្ត្រអ៊ីស្រាអែល។។ 2នៅថ្ងៃនេះ ពេលលោកចាកចេញពីខ្ញុំទៅ លោកនឹងជួបបុរសពីរនាក់ក្បែរផ្នូររបស់លោកស្រីរ៉ាជែល នៅព្រំប្រទល់ទឹកដីបេនយ៉ាមីន គឺនៅភូមិសេលសា។ អ្នកទាំងពីរនឹងជម្រាបលោកថា “លាញីដែលលោកដើររកនោះ គេបានរកឃើញវិញហើយ។ ឥឡូវនេះ ឪពុករបស់លោកឈប់គិតពីរឿងលា តែព្រួយបារម្ភពីលោកវិញ ដោយពោលថា: កូនខ្ញុំមិនដឹងជាយ៉ាងណាទេ តើឲ្យខ្ញុំធ្វើដូចម្ដេច?”។ 3ពេលលោកបន្តដំណើរទៅមុខបន្តិច លោកនឹងទៅដល់ដើមជ្រៃតាបោរ។ នៅទីនោះ លោកនឹងជួបបុរសបីនាក់ ដែលឡើងទៅទីសក្ការៈរបស់ព្រះជាម្ចាស់នៅបេតអែល។ អ្នកទីមួយដឹកកូនពពែបីក្បាល អ្នកទីពីរកាន់នំប៉័ងបីដុំ អ្នកទីបីកាន់ថង់ស្រា។ 4ពួកគេនឹងនាំគ្នាមកជម្រាបសួរលោក ហើយជូននំប៉័ងពីរដុំមកលោក។ លោកនឹងទទួលយកនំប៉័ងនោះពីដៃរបស់ពួកគេ។ 5បន្ទាប់មក លោកទៅដល់គីបា-អេឡូអ៊ីម#១០.៥ មានន័យថា «ភ្នំរបស់ព្រះជាម្ចាស់»។ ដែលមានទីតាំងទ័ពរបស់ពួកភីលីស្ទីន។ ពេលលោកចូលទៅក្នុងភូមិ លោកនឹងជួបពួកព្យាការីមួយក្រុម ដែលចុះពីកន្លែងសក្ការៈមក ទាំងមានអ្នកភ្លេងលេងចាប៉ី ស្គរ ខ្លុយ និងពិណ ដើរពីមុខផង ព្យាការីទាំងនោះស្លុងស្មារតី ស្រែកច្រៀង និងរាំថ្វាយព្រះជាម្ចាស់#១០.៥ ពាក្យដើមទាយ ឬថ្លែងព្រះបន្ទូល។។ 6ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងមកសណ្ឋិតលើលោក លោកក៏ស្លុងស្មារតីស្រែកច្រៀង និងរាំជាមួយអ្នកទាំងនោះដែរ ហើយលោកនឹងប្រែក្លាយទៅជាបុគ្គលមួយរូបខុសពីមុន។ 7កាលណាលោកឃើញទីសម្គាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលលោកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយលោកហើយ។ 8បន្ទាប់មក លោកត្រូវចុះទៅគីលកាល់មុនខ្ញុំ ចំណែកឯខ្ញុំវិញ ខ្ញុំនឹងចុះទៅជួបលោកនៅទីនោះដែរ ដើម្បីថ្វាយតង្វាយដុតទាំងមូល* និងថ្វាយយញ្ញបូជាមេត្រីភាព*។ លោកត្រូវរង់ចាំខ្ញុំប្រាំពីរថ្ងៃ លុះត្រាតែខ្ញុំទៅដល់។ ពេលនោះ ខ្ញុំនឹងជម្រាបលោក អំពីកិច្ចការដែលលោកត្រូវធ្វើ»។
9ពេលលោកសូលចាកចេញពីលោកសាំយូអែលទៅ ព្រះជាម្ចាស់ផ្លាស់ប្ដូរចិត្តគំនិតលោក ហើយទីសម្គាល់ទាំងប៉ុន្មានក៏កើតមាននៅថ្ងៃនោះដែរ។ 10កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ព្យាការីមួយក្រុមមកជួបលោក។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោក ហើយលោកស្លុងស្មារតីស្រែកច្រៀង និងរាំក្នុងចំណោមពួកព្យាការី។ 11អស់អ្នកដែលធ្លាប់ស្គាល់លោកសូល ឃើញលោកស្លុងស្មារតី ស្រែកច្រៀង និងរាំជាមួយពួកព្យាការី គេក៏សាកសួរគ្នាទៅវិញទៅមកថា «តើមានកើតអ្វីចំពោះកូនប្រុសលោកគីស? សូលចូលក្រុមព្យាការីដែរតើ!»។ 12#១សយ. ១៩.២៣-២៤មានអ្នកស្រុកម្នាក់ពោលឡើងថា៖ «តើគ្រូបាធ្យាយ#១០.១២ ពាក្យដើម «នរណាជាឪពុករបស់ពួកនេះ?» គេប្រើឃ្លានេះ ដើម្បីមាក់ងាយ។ របស់ពួកនេះនៅឯណា?»។ ហេតុនេះបានជាមានពាក្យស្លោកថា «សូលចូលក្រុមព្យាការីដែរតើ!»។ 13កាលលោកសូលដឹងស្មារតីឡើងវិញ លោកអញ្ជើញទៅកន្លែងសក្ការៈនៅទួលខ្ពស់។
14ឪពុកមារបស់លោកសូលសួរលោក និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបលោកសាំយូអែល»។ 15ឪពុកមារបស់លោកសូលពោលទៀតថា៖ «រៀបរាប់ប្រាប់មាមើល៍ លោកសាំយូអែលមានប្រសាសន៍ប្រាប់ពួកឯងអំពីអ្វីខ្លះ»។ 16លោកសូលតបទៅឪពុកមាវិញថា៖ «លោកបញ្ជាក់ប្រាប់ពួកខ្ញុំថា លាទាំងនោះ គេរកឃើញហើយ»។ លោកសូលមិនបានរៀបរាប់ប្រាប់ឪពុកមាអំពីរាជសម្បត្តិ ដែលលោកសាំយូអែលមានប្រសាសន៍នោះឡើយ។
ប្រជាជនអ៊ីស្រាអែលតែងតាំងលោកសូលជាស្ដេច
17លោកសាំយូអែលបានកោះហៅប្រជាជនមកប្រជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា។ 18លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “អ៊ីស្រាអែលអើយ យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងពីកណ្ដាប់ដៃរបស់នគរទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា”។ 19ថ្ងៃនេះ អ្នករាល់គ្នាបែរជាបោះបង់ចោលព្រះរបស់អ្នករាល់គ្នា គឺព្រះដែលតែងតែសង្គ្រោះអ្នករាល់គ្នាពីទុក្ខវេទនា និងការលំបាកគ្រប់យ៉ាង។ អ្នករាល់គ្នាទូលព្រះអង្គថា “សូមតែងតាំងស្ដេចមួយអង្គឲ្យសោយរាជ្យលើយើងខ្ញុំ”។ ដូច្នេះ ចូរនាំគ្នាមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធ តាមអំបូរឥឡូវនេះចុះ»។
20លោកសាំយូអែលប្រាប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ឲ្យចូលមក ហើយចាប់ឆ្នោតប៉ះចំកុលសម្ព័ន្ធបេនយ៉ាមីន។ 21បន្ទាប់មក លោកឲ្យកុលសម្ព័ន្ធបេនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី#១០.២១ គម្ពីរក្រិកមានឃ្លាបន្ថែមថា «លោកបានឲ្យកុលសម្ព័ន្ធម៉ាទ្រីចូលមក ម្នាក់ម្ដងៗ»។ រួចប៉ះចំឈ្មោះលោកសូល ជាកូនរបស់លោកគីស។ គេនាំគ្នារកលោក តែរកពុំឃើញទេ។ 22គេក៏ចូលទៅទូលសួរព្រះអម្ចាស់ទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នុ៎ះន៎! គេកំពុងពួននៅក្បែរអីវ៉ាន់»។ 23គេរត់ទៅរកលោក នាំលោកចេញពីទីនោះមក លោកក៏ឈរនៅកណ្ដាលចំណោមប្រជាជន។ លោកមានកម្ពស់ខ្ពស់ជាងគេ គឺប្រជាជនទាំងអស់បានត្រឹមតែស្មារបស់លោកប៉ុណ្ណោះ។ 24លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាឃើញបុរសដែលព្រះអម្ចាស់ជ្រើសរើសនេះឬទេ! ក្នុងចំណោមប្រជាជនទាំងមូល គ្មាននរណាម្នាក់ដូចលោកទេ»។ ប្រជាជនទាំងអស់ក៏នាំគ្នាស្រែកជយឃោសឡើងថា៖ «ជយោ! ព្រះមហាក្សត្រ!»។
25លោកសាំយូអែលប្រកាសប្រាប់ឲ្យប្រជាជនដឹងអំពីសិទ្ធិរបស់ស្ដេច#១០.២៥ សូមអាន ទក ១៧.១៤-២០។ រួចលោកកត់ត្រាក្នុងក្រាំង ហើយតម្កល់ទុកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ បន្ទាប់មក លោកសាំយូអែលប្រាប់ឲ្យប្រជាជនទាំងអស់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។
26ព្រះបាទសូលយាងត្រឡប់ទៅភូមិដ្ឋាននៅគីបៀរវិញ ដោយមានមនុស្សដ៏អង់អាចមួយក្រុម ដែលព្រះជាម្ចាស់បានបណ្ដាលចិត្ត ហែរហមទៅជាមួយផង។ 27ប៉ុន្តែ មានមនុស្សពាលខ្លះពោលថា «តើជននេះឬដែលសង្គ្រោះយើង!»។ ពួកគេប្រមាថមើលងាយព្រះបាទសូល ហើយមិនបាននាំយកតង្វាយអ្វីមកថ្វាយស្ដេចទេ តែស្ដេចមិនរវីរវល់នឹងគេឡើយ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 10: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.