រ៉ូម 9

9
អ៊ីស្រាអែលបដិសេធព្រះគ្រីស្ទ
1ខ្ញុំ​និយាយ​សេចក្ដីពិត​ក្នុង​ព្រះ​គ្រីស្ទ ខ្ញុំ​មិន​ភូតភរ​ទេ សតិសម្បជញ្ញៈ​របស់ខ្ញុំ​ក៏​ធ្វើបន្ទាល់ជាមួយ​ខ្ញុំ​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែរ 2ថា ខ្ញុំ​មាន​ទុក្ខព្រួយ​យ៉ាងខ្លាំង និង​ការឈឺចុកចាប់​ឥតឈប់ឈរ​នៅក្នុង​ចិត្ត​របស់ខ្ញុំ​។ 3ខ្ញុំ​សុខចិត្ត​ឲ្យ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា​ដាច់ចេញពី​ព្រះ​គ្រីស្ទ ជំនួស​បងប្អូនរួមជាតិ​របស់ខ្ញុំ ដែល​ជា​សាច់ញាតិ​របស់ខ្ញុំ​ខាងសាច់ឈាម 4គឺ​ជនជាតិអ៊ីស្រាអែល​។ ឋានៈជាកូន សិរីរុងរឿង សម្ពន្ធមេត្រី ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និង​សេចក្ដីសន្យា សុទ្ធតែជា​របស់​ពួកគេ​; 5ពួក​បុព្វបុរស​ជា​របស់​ពួកគេ ហើយ​ព្រះ​គ្រីស្ទ​ក៏​កើតពី​ពួកគេ​ខាងសាច់ឈាម​ដែរ​។ ព្រះអង្គ​ជា​ព្រះ​លើ​របស់​សព្វសារពើ ដែល​សមនឹងទទួលការលើកតម្កើង​អស់កល្បជានិច្ច​។ អាម៉ែន​!
ព្រះជ្រើសតាំងអ៊ីស្រាអែល
6យ៉ាងណាមិញ មិនមែន​ថា​ព្រះបន្ទូល​របស់​ព្រះ​ទៅជាឥតប្រយោជន៍​ឡើយ ដ្បិត​មិនមែន​អស់អ្នក​ដែល​កើតពី​អ៊ីស្រាអែល ជា​ជនជាតិអ៊ីស្រាអែល​នោះ​ទេ 7ហើយ​ពួកគេ​ក៏មិនមែន​សុទ្ធតែ​ជា​កូន ដោយសារ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​ដែរ ផ្ទុយទៅវិញ“អ្នកដែល​កើតពី​អ៊ីសាក នឹង​ត្រូវបាន​ហៅថា​ពូជពង្ស​របស់អ្នក”។#9:7 《លោកុប្បត្តិ》 21:12។ 8នេះមានន័យថា មិនមែន​កូន​ៗ​ខាងសាច់ឈាម​ទេ ដែល​ជា​កូន​របស់​ព្រះ ផ្ទុយទៅវិញ គឺ​កូន​នៃ​សេចក្ដីសន្យា​ទេ ដែល​ត្រូវ​រាប់​ជា​ពូជពង្ស​។ 9ដ្បិត​ព្រះបន្ទូល​នៃ​សេចក្ដីសន្យា គឺ​ដូចតទៅ​:“ឆ្នាំក្រោយ#9:9 ឆ្នាំក្រោយ―ជាពាក្យជំនួយ។យើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​សារ៉ា​នឹង​មាន​កូនប្រុស​ម្នាក់”។#9:9 《លោកុប្បត្តិ》 18:10,14។ 10មិនគ្រាន់តែប៉ុណ្ណោះទេ រេបិកា​ក៏​មានផ្ទៃពោះ​ជាមួយ​បុរស​ម្នាក់​ដូច្នោះដែរ គឺ​អ៊ីសាក​ដូនតា​របស់យើង​។ 11ជាការពិត កាល​កូនទាំងពីរ#9:11 កូនទាំងពីរ​―ជាពាក្យជំនួយ។​មិនទាន់​កើត​នៅឡើយ ហើយក៏មិនទាន់​ធ្វើ​អ្វី​ល្អ ឬ​អាក្រក់ (​ដើម្បីឲ្យ​គោលបំណង​របស់​ព្រះ​ដែល​ស្របតាម​ការជ្រើសតាំង បាន​នៅស្ថិតស្ថេរ 12មិនមែន​ដោយសារតែ​ការប្រព្រឹត្ត គឺ​ដោយសារតែ​ព្រះអង្គ​ដែល​ត្រាស់ហៅ​វិញ​) ព្រះ#9:12 ព្រះ―ជាពាក្យជំនួយ។​មានបន្ទូល​នឹង​រេបិកា​ថា​៖“កូនច្បង​នឹង​បម្រើ​កូនប្អូន”#9:12 《លោកុប្បត្តិ》 25:23។ 13ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“យើង​បាន​ស្រឡាញ់​យ៉ាកុប ប៉ុន្តែ​ស្អប់​អេសាវ”។#9:13 《ម៉ាឡាគី》 1:2-3។
ការជ្រើសតាំងដ៏សុចរិតយុត្តិធម៌របស់ព្រះ
14បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? តើ​ព្រះ​អយុត្តិធម៌​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! 15ដ្បិត​ព្រះ​មានបន្ទូល​នឹង​ម៉ូសេ​ថា​៖
“យើង​នឹង​មេត្តាករុណា​ដល់​អ្នកណាដែល​យើង​មេត្តាករុណា​;
យើង​នឹង​អាណិតអាសូរ​ដល់​អ្នកណាដែល​យើង​អាណិតអាសូរ”។ # 9:15 《និក្ខមនំ》 33:19។
16ដូច្នេះ មិនមែន​ស្រេចលើ​បំណង ឬ​ការប្រឹងប្រែង#9:16 ការប្រឹងប្រែង―ន័យត្រង់គឺ “រត់”។​របស់​មនុស្ស​ទេ គឺ​ស្រេចលើ​ព្រះ​ដែល​មេត្តាករុណា​វិញ​។ 17ជាការពិត ព្រះគម្ពីរ​បាន​ថ្លែង​ទៅ​ផារ៉ោន​ថា​:
“យើង​បាន​តាំង​អ្នក​ឡើង​ដើម្បី​ការនេះ
គឺ​ដើម្បីឲ្យ​យើង​បាន​សម្ដែង​ចេស្ដា​របស់យើង​តាមរយៈ​អ្នក
និង​ដើម្បីឲ្យ​នាម​របស់យើង​បាន​ប្រកាស​ទៅ​ទូទាំង​ពិភពលោក”។ # 9:17 《និក្ខមនំ》 9:16។
18ពោលគឺ ព្រះ​ចង់​មេត្តាករុណា​ដល់​អ្នកណា ក៏​មេត្តាករុណា​ដល់​អ្នកនោះ ហើយ​ព្រះអង្គ​ចង់​ធ្វើឲ្យ​អ្នកណា​មានចិត្តរឹងរូស ក៏​ធ្វើឲ្យ​អ្នកនោះ​មានចិត្តរឹងរូស​ដែរ​។
19ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា​៖ “ចុះ​ហេតុអ្វីបានជា​ព្រះ​នៅតែ​ចាប់កំហុស​ទៀត​? ព្រោះថា តើ​នរណា​អាច​ប្រឆាំង​នឹង​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​?”។ 20ឱ មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​តមាត់​នឹង​ព្រះ​? អ្វី​ដែល​ត្រូវបាន​សូន មិន​អាច​និយាយ​នឹង​អ្នក​ដែល​សូន​ថា​៖ “ហេតុអ្វីបានជា​ធ្វើ​ខ្ញុំ​យ៉ាងនេះ​?” ទេ មែនទេ​? 21ឬមួយក៏​ជាងស្មូន​គ្មាន​សិទ្ធិ​លើ​ដីឥដ្ឋ ដើម្បី​ធ្វើ​ភាជនៈ​ពី​ដុំ​ដីឥដ្ឋ​ដដែល គឺ​មួយ​សម្រាប់​ការថ្លៃថ្នូរ មួយ​សម្រាប់​ការមិនថ្លៃថ្នូរ​នោះ​ទេ​ឬ​? 22ចុះ​បើ​ព្រះ​បាន​ទ្រាំទ្រ​ដោយ​ការអត់ធ្មត់​យ៉ាងខ្លាំង ចំពោះ​ភាជនៈ​នៃ​ព្រះពិរោធ​ដែល​ត្រូវបាន​រៀបចំ​ទុក​សម្រាប់​ការបំផ្លាញ ទោះបីជា​ព្រះអង្គ​មានព្រះហឫទ័យ​ចង់​សម្ដែង​ព្រះពិរោធ ហើយ​បើកឲ្យស្គាល់​ព្រះចេស្ដា​របស់​ព្រះអង្គ​ក៏ដោយ តើយ៉ាងណាទៅ​! 23មួយវិញទៀត ចុះបើ​ការនេះ​គឺ​ដើម្បី​បើកឲ្យស្គាល់​នូវ​ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ ចំពោះ​ភាជនៈ​នៃ​សេចក្ដីមេត្តា​នោះ​ដែល​ព្រះអង្គ​បាន​រៀបចំទុកមុន​សម្រាប់​សិរីរុងរឿង​ទៅហើយ តើយ៉ាងណាទៅ​! 24ភាជនៈទាំងនោះ​រួមមានទាំង​យើង​ដែរ ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ មិនគ្រាន់តែ​ពី​ជនជាតិយូដា​ប៉ុណ្ណោះទេ គឺថែមទាំង​ពី​សាសន៍ដទៃ​ទៀតផង​។ 25ដូចដែល​ព្រះអង្គ​មានបន្ទូល​នៅក្នុង​គម្ពីរ​ហូសេ​ថា​:
“យើង​នឹង​ហៅ​អ្នក​ដែល​មិនមែន​ជា​ប្រជារាស្ត្រ​របស់យើង​ថា ‘ប្រជារាស្ត្រ​របស់យើង’
ហើយ​ហៅ​អ្នក​ដែល​មិន​ត្រូវបាន​ស្រឡាញ់​ថា ‘ជាទីស្រឡាញ់’។ # 9:25 《ហូសេ》 2:23។
26 ត្រង់​កន្លែង​ដែល​បាន​ប្រាប់​ទៅ​ពួកគេ​ថា​:
‘អ្នករាល់គ្នា​មិនមែន​ជា​ប្រជារាស្ត្រ​របស់យើង​ទេ’
នៅ​កន្លែងនោះ​ឯង ពួកគេ​នឹង​ត្រូវបាន​ហៅថា
‘កូន​ៗ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់’ # 9:26 《ហូសេ》 1:10។ ”។
27រីឯ​អេសាយ​ក៏​ស្រែក​អំពី​អ៊ីស្រាអែល​ថា​:
“ទោះបីជា​កូនចៅ​អ៊ីស្រាអែល មាន​ចំនួន​ច្រើន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក៏ដោយ
ក៏​មាន​សំណល់តែបន្តិច​ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ​។
28 ព្រះអម្ចាស់​នឹង​ធ្វើឲ្យ​ព្រះបន្ទូល​សម្រេច​នៅលើ​ផែនដី​នេះ
យ៉ាង​ហ្មត់ចត់ និង​ឆាប់រហ័ស”។ # 9:27-28 《អេសាយ》 10:22-23; 28:22; 《ហូសេ》 1:10។
29មួយវិញទៀត ដូចដែល​អេសាយ​បាន​ថ្លែងទុកមុនថា​:
“ប្រសិនបើ​ព្រះអម្ចាស់​នៃ​ពលបរិវារ​មិន​បាន​បន្សល់​ពូជ​ឲ្យ​យើង​ទេ
ម្ល៉េះសម​យើង​បាន​ដូចជា​សូដុម និង​បាន​ដូចជា​កូម៉ូរ៉ា​ទៅហើយ”។ # 9:29 《អេសាយ》 1:9។
ភាពគ្មានជំនឿរបស់អ៊ីស្រាអែល
30បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? សាសន៍ដទៃ​ដែល​មិន​បាន​ស្វែងរក​សេចក្ដីសុចរិត ទទួលបាន​សេចក្ដីសុចរិត គឺ​សេចក្ដីសុចរិត​ដែល​មកពី​ជំនឿ 31រីឯ​អ៊ីស្រាអែល​វិញ គេ​ដេញតាម​ក្រឹត្យវិន័យ​នៃ​សេចក្ដីសុចរិត ប៉ុន្តែ​មិន​បាន​ដល់​ក្រឹត្យវិន័យ#9:31 ក្រឹត្យវិន័យ―ឯកសារបុរាណខ្លះថា “ក្រឹត្យវិន័យ​នៃសេចក្ដីសុចរិត”។​នោះ​ឡើយ​។ 32ហេតុអ្វីបានជា​ដូច្នេះ​? ពីព្រោះ​ពួកគេ​មិន​បានដេញតាម​ដោយ​ជំនឿ​ទេ គឺ​ដេញតាម ហាក់ដូចជា​ដោយ​ការប្រព្រឹត្ត#9:32 ឯកសារបុរាណខ្លះបន្ថែម “របស់ក្រឹត្យវិន័យ”។​ទៅវិញ​។ ពួកគេ​បាន​ជំពប់ដួល​នឹង “ថ្ម​នៃ​ការជំពប់” 33ដូចដែល​មាន​សរសេរ​ទុកមក​ថា​:
“មើល៍! នៅ​ស៊ីយ៉ូន​យើង​ដាក់​ថ្ម​នៃ​ការជំពប់
និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​;
ប៉ុន្តែ​អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​ឡើយ” # 9:33 《អេសាយ》 8:14; 28:16។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 9: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល