រ៉ូម 8
8
វិញ្ញាណដែលផ្ដល់ជីវិត
1ដូច្នេះឥឡូវនេះ គ្មានការផ្ដន្ទាទោសដល់អ្នកដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវឡើយ#8:1 ឯកសារបុរាណខ្លះបន្ថែម “ជាអ្នកដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ”។។ 2ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិត បានរំដោះអ្នក#8:2 អ្នក―ឯកសារបុរាណខ្លះថា “ខ្ញុំ”។ពីគោលការណ៍របស់បាប និងសេចក្ដីស្លាប់ តាមរយៈព្រះគ្រីស្ទយេស៊ូវហើយ។ 3ព្រះទ្រង់ធ្វើ#8:3 ព្រះទ្រង់ធ្វើ―ជាពាក្យជំនួយ។អ្វីដែលក្រឹត្យវិន័យធ្វើមិនកើតដោយសារវាចុះខ្សោយព្រោះសាច់ឈាម គឺព្រះបានកាត់ទោសបាបនៅក្នុងរូបសាច់ ដោយចាត់ព្រះបុត្រារបស់អង្គទ្រង់ឲ្យមកក្នុងសណ្ឋានដូចជារូបសាច់នៃបាប ដើម្បីបូជាសម្រាប់បាប 4ដើម្បីឲ្យសេចក្ដីតម្រូវដ៏សុចរិតនៃក្រឹត្យវិន័យ ត្រូវបានបំពេញនៅក្នុងយើងដែលមិនដើរតាមសាច់ឈាម គឺដើរតាមព្រះវិញ្ញាណវិញ។ 5ជាការពិត អ្នកដែលដើរតាមសាច់ឈាម គិតអ្វីៗខាងសាច់ឈាម រីឯអ្នកដែលដើរតាមព្រះវិញ្ញាណ គិតអ្វីៗខាងវិញ្ញាណ។ 6គំនិតខាងសាច់ឈាមជាសេចក្ដីស្លាប់ រីឯគំនិតខាងព្រះវិញ្ញាណជាជីវិត និងសេចក្ដីសុខសាន្ត។ 7ដ្បិតគំនិតខាងសាច់ឈាមជាខ្មាំងសត្រូវនឹងព្រះ ពីព្រោះវាមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ហើយតាមពិតវាក៏មិនអាចចុះចូលបានផង។ 8ដូច្នេះ អ្នកដែលនៅខាងសាច់ឈាម មិនអាចបំពេញព្រះហឫទ័យព្រះបានឡើយ។ 9យ៉ាងណាមិញ អ្នករាល់គ្នាមិននៅខាងសាច់ឈាមទេ គឺនៅខាងព្រះវិញ្ញាណវិញ ពីព្រោះព្រះវិញ្ញាណរបស់ព្រះស្ថិតនៅក្នុងអ្នករាល់គ្នា។ ប្រសិនបើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទទេ អ្នកនោះមិនមែនជារបស់ព្រះអង្គឡើយ។ 10ផ្ទុយទៅវិញ ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះបីជារូបកាយស្លាប់ដោយសារតែបាបក៏ដោយ ក៏វិញ្ញាណមានជីវិតដោយសារតែសេចក្ដីសុចរិត។ 11មិនត្រឹមតែប៉ុណ្ណោះទេ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គដែលលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ស្ថិតនៅក្នុងអ្នករាល់គ្នា ព្រះអង្គដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់នោះ ក៏នឹងផ្ដល់ជីវិតដល់រូបកាយរបស់អ្នករាល់គ្នាដែលរមែងតែងតែស្លាប់ តាមរយៈ#8:11 តាមរយៈ―ឯកសារបុរាណខ្លះថា “ដោយ”។ព្រះវិញ្ញាណរបស់ព្រះអង្គដែលស្ថិតនៅក្នុងអ្នករាល់គ្នាដែរ។
កិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ
12បងប្អូនអើយ ដោយហេតុនេះ យើងជាកូនបំណុល ប៉ុន្តែមិនមែនជាកូនបំណុលរបស់សាច់ឈាម ដើម្បីរស់តាមសាច់ឈាមនោះទេ 13ដ្បិតប្រសិនបើអ្នករាល់គ្នារស់នៅតាមសាច់ឈាម អ្នករាល់គ្នាមុខជាស្លាប់មិនខាន ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងរស់។ 14ជាការពិត អស់អ្នកណាដែលត្រូវព្រះវិញ្ញាណរបស់ព្រះដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ។ 15ពោលគឺ អ្នករាល់គ្នាមិនបានទទួលវិញ្ញាណនៃភាពជាទាសករ ដែលធ្វើឲ្យត្រឡប់ទៅក្នុងសេចក្ដីភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនៃភាពជាកូនវិញ។ យើងស្រែកដោយព្រះវិញ្ញាណនេះថា: “អ័ប្បា! ព្រះបិតាអើយ!”។ 16ព្រះវិញ្ញាណផ្ទាល់ក៏ធ្វើបន្ទាល់ជាមួយវិញ្ញាណរបស់យើងដែរថា យើងជាកូនរបស់ព្រះ។ 17ប្រសិនបើយើងជាកូន នោះយើងជាអ្នកទទួលមរតកដែរ; ប្រសិនបើយើងពិតជារងទុក្ខជាមួយព្រះអង្គ ដើម្បីទទួលសិរីរុងរឿងជាមួយព្រះអង្គ នោះយើងជាអ្នកទទួលមរតកពីព្រះ និងជាអ្នករួមទទួលមរតកជាមួយព្រះគ្រីស្ទដែរ។
សិរីរុងរឿងនៅអនាគត
18ជាការពិត ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅបច្ចុប្បន្ននេះមិនអាចប្រៀបផ្ទឹមនឹងសិរីរុងរឿងដែលរៀបនឹងបើកសម្ដែងដល់យើងបានឡើយ។ 19របស់សព្វសារពើដែលត្រូវបានបង្កើតកំពុងទន្ទឹងរង់ចាំដោយសង្ឃឹមទុក ចំពោះការដែលកូនៗរបស់ព្រះត្រូវបានសម្ដែងឲ្យឃើញ 20ដ្បិតរបស់សព្វសារពើដែលត្រូវបានបង្កើត បានចុះចូលនឹងភាពឥតខ្លឹមសារ មិនមែនដោយស្ម័គ្រចិត្តទេ គឺដោយសារតែព្រះអង្គដែលធ្វើឲ្យវាចុះចូលវិញ ដោយសង្ឃឹម 21ថារបស់សព្វសារពើដែលត្រូវបានបង្កើតនោះឯង ក៏នឹងបានរំដោះចេញពីភាពជាទាសករនៃការសាបសូន្យ ចូលទៅក្នុងសេរីភាពនៃសិរីរុងរឿងរបស់កូនៗព្រះដែរ។ 22យើងដឹងហើយថា រហូតមកដល់ឥឡូវនេះ របស់សព្វសារពើទាំងអស់ដែលត្រូវបានបង្កើត ស្រែកថ្ងូរជាមួយគ្នា និងឈឺពោះឆ្លងទន្លេជាមួយគ្នា។ 23មិនគ្រាន់តែប៉ុណ្ណោះទេ សូម្បីតែខ្លួនយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ថ្ងូរនៅក្នុងខ្លួនដែរ ដោយទន្ទឹងរង់ចាំភាពជាកូន#8:23 ឯកសារបុរាណខ្លះគ្មាន “ភាពជាកូន”។ គឺការប្រោសលោះនៃរូបកាយរបស់យើង។ 24ដ្បិតយើងបានសង្គ្រោះដោយសេចក្ដីសង្ឃឹមនេះឯង។ យ៉ាងណាមិញ សេចក្ដីសង្ឃឹមដែលមើលឃើញ មិនមែនជាសេចក្ដីសង្ឃឹមទេ។ តើមាននរណាសង្ឃឹមលើអ្វីដែលមើលឃើញ? 25ប៉ុន្តែប្រសិនបើយើងសង្ឃឹមលើអ្វីដែលយើងមើលមិនឃើញ នោះយើងទន្ទឹងរង់ចាំដោយការអត់ធ្មត់។
26មួយវិញទៀត ព្រះវិញ្ញាណក៏ជួយភាពខ្សោយរបស់យើងដូចគ្នាដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្ដេចទេ ប៉ុន្តែព្រះវិញ្ញាណផ្ទាល់ទូលអង្វរជំនួសយើង#8:26 ឯកសារបុរាណខ្លះគ្មាន “ជំនួសយើង”។ ដោយសំឡេងថ្ងូរដែលរកពាក្យថ្លែងពុំបាន។ 27រីឯព្រះអង្គដែលស្ទង់មើលចិត្ត ព្រះអង្គទ្រង់ជ្រាបគំនិតរបស់ព្រះវិញ្ញាណស្រាប់ហើយ ពីព្រោះព្រះវិញ្ញាណទូលអង្វរជំនួសវិសុទ្ធជនស្របតាមព្រះហឫទ័យរបស់ព្រះ។
28យើងក៏ដឹងដែរថា ព្រះទ្រង់ធ្វើឲ្យអ្វីៗទាំងអស់ធ្វើការរួមគ្នាដើម្បីជាការល្អដល់អ្នកដែលស្រឡាញ់ព្រះ គឺអ្នកដែលត្រូវបានត្រាស់ហៅ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ 29ដ្បិតចំពោះពួកអ្នកដែលព្រះអង្គស្គាល់ជាមុន ព្រះអង្គបានកំណត់ទុកមុនឲ្យមានលក្ខណៈដូចព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះបុត្រាទៅជាកូនច្បងក្នុងចំណោមបងប្អូនជាច្រើន; 30ហើយចំពោះពួកអ្នកដែលព្រះអង្គកំណត់ទុកមុន ព្រះអង្គក៏បានត្រាស់ហៅអ្នកទាំងនោះ; ចំពោះពួកអ្នកដែលព្រះអង្គត្រាស់ហៅ ព្រះអង្គក៏បានរាប់អ្នកទាំងនោះជាសុចរិត; ចំពោះពួកអ្នកដែលព្រះអង្គរាប់ជាសុចរិត ព្រះអង្គក៏បានប្រទានសិរីរុងរឿងដល់អ្នកទាំងនោះដែរ។
ជ័យជម្នះរបស់អ្នកជឿ
31បើដូច្នេះ តើយើងនឹងនិយាយដូចម្ដេចចំពោះសេចក្ដីទាំងនេះ?
ប្រសិនបើព្រះនៅខាងយើង តើនរណាអាចប្រឆាំងនឹងយើងបាន?
32ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះបុត្រារបស់អង្គទ្រង់
គឺប្រគល់ព្រះបុត្រាសម្រាប់យើងទាំងអស់គ្នាវិញ
តើព្រះអង្គនឹងមិនប្រទានអ្វីៗទាំងអស់ដល់យើង ជាមួយព្រះបុត្រាទេឬ?
33តើនរណាអាចចោទប្រកាន់ទាស់នឹងអ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះបាន?
ដ្បិតគឺព្រះទេតើ ដែលរាប់ពួកគេជាសុចរិត!
34តើនរណាអាចផ្ដន្ទាទោសបាន?
ដ្បិតគឺព្រះគ្រីស្ទយេស៊ូវទេតើ ដែលសុគត
ហើយលើសពីនេះទៅទៀត ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ
ព្រមទាំងគង់នៅខាងស្ដាំព្រះ ទូលអង្វរជំនួសយើងផង!
35តើនរណាអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ#8:35 ព្រះគ្រីស្ទ―ឯកសារបុរាណខ្លះថា “ព្រះ”។បាន?
តើជាទុក្ខវេទនា ឬការលំបាក ឬការបៀតបៀន
ឬការអត់ឃ្លាន ឬភាពអាក្រាត ឬគ្រោះថ្នាក់ ឬដាវ?
36ដូចដែលមានសរសេរទុកមកថា:
“ដោយសារតែព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច;
យើងត្រូវបានចាត់ទុកដូចជាចៀមដែលនឹងត្រូវសម្លាប់”។ # 8:36 《ទំនុកតម្កើង》 44:22។
37ប៉ុន្តែក្នុងការទាំងអស់នេះ យើងលើសជាងអ្នកមានជ័យជម្នះទៅទៀត
ដោយនូវព្រះអង្គដែលស្រឡាញ់យើង។
38ជាការពិត ខ្ញុំជឿជាក់ថា
ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ទូតសួគ៌ក្ដី មេគ្រប់គ្រងក្ដី
អ្វីៗនាបច្ចុប្បន្នកាលក្ដី អ្វីៗនាអនាគតកាលក្ដី អំណាចនានាក្ដី
39កម្ពស់ក្ដី ជម្រៅក្ដី ឬរបស់ណាមួយផ្សេងទៀតដែលត្រូវបានបង្កើតក្ដី
ក៏មិនអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ
ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើងបានឡើយ៕
ទើបបានជ្រើសរើសហើយ៖
រ៉ូម 8: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative