រ៉ូម 3
3
ភាពស្មោះត្រង់របស់ព្រះ
1បើដូច្នេះ តើជនជាតិយូដាមានអ្វីពិសេសជាង? ឬការកាត់ស្បែកមានប្រយោជន៍អ្វី? 2មានច្រើនទេតើ ក្នុងគ្រប់ជំពូក។ ដ្បិតមុនដំបូង ព្រះបន្ទូលរបស់ព្រះត្រូវបានផ្ទុកផ្ដាក់នឹងពួកគេមែន។ 3ចុះតើជាអ្វីទៅ បើមានអ្នកខ្លះក្នុងពួកគេមិនជឿ? តើភាពឥតជំនឿរបស់ពួកគេ នឹងធ្វើឲ្យភាពស្មោះត្រង់របស់ព្រះទៅជាមោឃៈឬ? 4មិនមែនដូច្នោះជាដាច់ខាត! ទោះបីមនុស្សគ្រប់គ្នាជាអ្នកភូតភរក៏ដោយ ក៏ព្រះនៅតែពិតត្រង់ដែរ។ ដូចដែលមានសរសេរទុកមកថា:
“ដើម្បីឲ្យព្រះអង្គត្រូវបានបញ្ជាក់ថាសុចរិត នៅពេលព្រះអង្គមានបន្ទូល
ហើយមានជ័យជម្នះ នៅពេលគេជំនុំជម្រះព្រះអង្គ”។ # 3:4 《ទំនុកតម្កើង》 51:4។
5ប៉ុន្តែប្រសិនបើសេចក្ដីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ តើយើងត្រូវនិយាយដូចម្ដេច? ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា តើព្រះដែលបញ្ចេញព្រះពិរោធ អយុត្តិធម៌ឬ? 6មិនមែនដូច្នោះជាដាច់ខាត! បើព្រះអយុត្តិធម៌មែន តើព្រះនឹងជំនុំជម្រះពិភពលោកដូចម្ដេចកើត? 7ប៉ុន្តែប្រសិនបើសេចក្ដីពិតរបស់ព្រះចម្រើនឡើងដើម្បីជាសិរីរុងរឿងដល់ព្រះអង្គ ដោយសារតែការភូតភររបស់ខ្ញុំ ចុះម្ដេចក៏ខ្ញុំនៅតែត្រូវបានផ្ដន្ទាទោសដូចជាមនុស្សបាប? 8ដូច្នេះ ម្ដេចក៏មិននិយាយថា៖ “យើងនាំគ្នាប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យកើតមានការល្អ” ដូចដែលអ្នកខ្លះនិយាយមួលបង្កាច់យើង ថាយើងនិយាយដូច្នោះ? អ្នកទាំងនោះសមតែទទួលការផ្ដន្ទាទោស។
គ្មានមនុស្សសុចរិត
9ចុះម្ដេចទៅ? តើជនជាតិយូដាយើងល្អជាងឬ? មិនមែនទាល់តែសោះ! យើងបានបញ្ជាក់ហើយថា ទាំងជនជាតិយូដា និងសាសន៍ដទៃ#3:9 សាសន៍ដទៃ―ន័យត្រង់គឺ “ជនជាតិក្រិក”។សុទ្ធតែស្ថិតនៅក្រោមបាប 10ដូចដែលមានសរសេរទុកមកថា:
“គ្មានមនុស្សសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង។
11 គ្មានអ្នកណាដែលយល់
គ្មានអ្នកណាដែលស្វែងរកព្រះ។
12 មនុស្សគ្រប់គ្នាបានបែរចេញ
ហើយត្រឡប់ជាឥតប្រយោជន៍ដូចៗគ្នា;
គ្មានអ្នកណាសប្បុរសឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ # 3:10-12 《ទំនុកតម្កើង》 14:1-3; 53:1-3; 《សាស្ដា》 7:20។
13 បំពង់កពួកគេជាផ្នូរដែលបើកចំហ
ពួកគេតែងតែបោកបញ្ឆោតដោយអណ្ដាត # 3:13 《ទំនុកតម្កើង》 5:9។
បបូរមាត់ពួកគេបង្កប់ដោយពិសពស់វែក # 3:13 《ទំនុកតម្កើង》 140:3។
14 មាត់ពួកគេពោរពេញទៅដោយពាក្យបណ្ដាសា និងជាតិល្វីង # 3:14 《ទំនុកតម្កើង》 10:7។
15 ជើងពួកគេរហ័សនឹងបង្ហូរឈាម
16 ផ្លូវរបស់ពួកគេមានតែសេចក្ដីហិនវិនាស និងសេចក្ដីវេទនា;
17 ពួកគេមិនបានស្គាល់ផ្លូវនៃសន្តិភាព # 3:17 ផ្លូវនៃសន្តិភាព―ឬ “ផ្លូវនៃសេចក្ដីសុខសាន្ត”។ ឡើយ។ # 3:15-17 《អេសាយ》 59:7-8។
18 គ្មានការកោតខ្លាចព្រះសោះ នៅចំពោះភ្នែកពួកគេ # 3:18 《ទំនុកតម្កើង》 36:1។ ”។
19យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។ 20ដ្បិតគ្មានមនុស្សណាម្នាក់#3:20 មនុស្ស―ន័យត្រង់គឺ “សាច់”។ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ មានតែការដឹងខ្លួននូវបាប តាមរយៈក្រឹត្យវិន័យប៉ុណ្ណោះ។
ត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ
21ប៉ុន្តែឥឡូវនេះ សេចក្ដីសុចរិតរបស់ព្រះត្រូវបានសម្ដែងដោយឡែកពីក្រឹត្យវិន័យហើយ ព្រមទាំងត្រូវបានធ្វើបន្ទាល់ដោយក្រឹត្យវិន័យ និងគម្ពីរព្យាការីផង 22គឺសេចក្ដីសុចរិតរបស់ព្រះតាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ។ ជាការពិត គ្មានភាពខុសគ្នាទេ 23ដ្បិតមនុស្សគ្រប់គ្នាបានប្រព្រឹត្តបាប ហើយខ្វះមិនដល់សិរីរុងរឿងរបស់ព្រះ 24ប៉ុន្តែពួកគេត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃ ដោយព្រះគុណរបស់ព្រះ និងតាមរយៈសេចក្ដីប្រោសលោះក្នុងព្រះគ្រីស្ទយេស៊ូវ។ 25ព្រះបានកំណត់ព្រះយេស៊ូវនេះទុកមុនជាយញ្ញបូជាលួងព្រះហឫទ័យ#3:25 យញ្ញបូជាលួងព្រះហឫទ័យ―ឬ “យញ្ញបូជាប្រោសលោះ”។ តាមរយៈជំនឿលើព្រះលោហិតរបស់ព្រះយេស៊ូវ ដើម្បីសម្ដែងសេចក្ដីសុចរិតយុត្តិធម៌របស់អង្គទ្រង់; ដ្បិតព្រះមិនប្រកាន់បាបដែលបានប្រព្រឹត្តពីមុនមក 26ដោយសេចក្ដីអនុគ្រោះរបស់ព្រះអង្គ ដើម្បីសម្ដែងសេចក្ដីសុចរិតយុត្តិធម៌របស់អង្គទ្រង់នៅគ្រានេះ និងដើម្បីសម្ដែងថាអង្គទ្រង់សុចរិតយុត្តិធម៌ ព្រមទាំងបញ្ជាក់ថាអ្នកដែលមានជំនឿលើព្រះយេស៊ូវ សុចរិតផងដែរ។
គ្មានការអួតអាង
27ដោយហេតុនេះ តើការអួតអាងនៅឯណា? វាត្រូវបានដកចេញហើយ។ តើដោយច្បាប់អ្វី? ដោយច្បាប់នៃការប្រព្រឹត្តឬ? ទេ! គឺដោយច្បាប់នៃជំនឿវិញ។ 28ពោលគឺ យើងយល់ឃើញថា មនុស្សត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ គឺដោយឡែកពីការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។ 29តើព្រះជាព្រះរបស់ជនជាតិយូដាតែប៉ុណ្ណោះឬ? តើមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? ត្រូវហើយ ព្រះអង្គជាព្រះរបស់សាសន៍ដទៃដែរ 30ពីព្រោះព្រះជាព្រះតែមួយអង្គគត់។ ព្រះអង្គនឹងរាប់អ្នកដែលទទួលពិធីកាត់ស្បែកជាសុចរិតដោយសារតែជំនឿ ហើយក៏រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែកជាសុចរិតដោយសារតែជំនឿដែរ។ 31បើដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាមោឃៈដោយជំនឿឬ? មិនមែនដូច្នោះជាដាច់ខាត! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេ៕
ទើបបានជ្រើសរើសហើយ៖
រ៉ូម 3: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative