រ៉ូម 2
2
ការជំនុំជម្រះដ៏យុត្តិធម៌របស់ព្រះ
1ដូច្នេះ ឱ មនុស្សអើយ! អ្នកទាំងអស់គ្នាដែលវិនិច្ឆ័យគេ មិនអាចដោះសាបានឡើយ ដ្បិតអ្នកកំពុងផ្ដន្ទាទោសខ្លួនឯង ដោយការដែលវិនិច្ឆ័យគេ ពីព្រោះអ្នកដែលវិនិច្ឆ័យគេនោះ ក៏កំពុងប្រព្រឹត្តដូចគ្នាដែរ។ 2មួយវិញទៀត យើងដឹងហើយថា ការជំនុំជម្រះរបស់ព្រះចំពោះពួកអ្នកដែលប្រព្រឹត្តអំពើបែបនេះ គឺស្របតាមសេចក្ដីពិត។ 3ឱ មនុស្សអើយ! អ្នកវិនិច្ឆ័យពួកអ្នកដែលប្រព្រឹត្តអំពើបែបនេះ ប៉ុន្តែខ្លួនឯងក៏ប្រព្រឹត្តដូចគ្នាដែរ តើអ្នកគិតថាអ្នកនឹងរួចខ្លួនពីការជំនុំជម្រះរបស់ព្រះឬ? 4ឬមួយក៏អ្នកមើលងាយភាពបរិបូរនៃសេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដោយមិនយល់ថា ព្រះហឫទ័យសប្បុរសរបស់ព្រះ គឺដើម្បីនាំអ្នកទៅដល់ការកែប្រែចិត្តទេឬ? 5ប៉ុន្តែដោយសារតែភាពរឹងរូស និងចិត្តមិនព្រមកែប្រែរបស់អ្នក អ្នកកំពុងប្រមូលព្រះពិរោធទុកឲ្យខ្លួនឯង សម្រាប់ថ្ងៃនៃព្រះពិរោធ និងការសម្ដែងការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ។ 6ព្រះនឹងសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួន។#2:6 《ទំនុកតម្កើង》 62:12; 《សុភាសិត》 24:12។ 7ចំពោះអ្នកដែលស្វែងរកសិរីរុងរឿង កិត្តិយស និងអមតភាពតាមរយៈការធ្វើល្អដោយស៊ូទ្រាំ ព្រះអង្គនឹងសងជីវិតអស់កល្បជានិច្ចដល់អ្នកនោះវិញ 8រីឯចំពោះអ្នកដែលមានចិត្តអាត្មានិយម ហើយមិនស្ដាប់បង្គាប់សេចក្ដីពិត គឺស្ដាប់បង្គាប់សេចក្ដីទុច្ចរិតវិញ ព្រះអង្គនឹងសងព្រះពិរោធ និងសេចក្ដីក្រេវក្រោធដល់អ្នកនោះវិញ។ 9ទុក្ខវេទនា និងការលំបាកនឹងមានដល់អស់ទាំងព្រលឹងរបស់មនុស្សដែលប្រព្រឹត្តការអាក្រក់ គឺមុនដំបូងដល់ជនជាតិយូដា បន្ទាប់មកដល់សាសន៍ដទៃ#2:9 សាសន៍ដទៃ―ន័យត្រង់គឺ “ជនជាតិក្រិក”។ 10រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្តនឹងមានដល់អស់អ្នកដែលប្រព្រឹត្តការល្អ គឺមុនដំបូងដល់ជនជាតិយូដា បន្ទាប់មកដល់សាសន៍ដទៃ#2:10 សាសន៍ដទៃ―ន័យត្រង់គឺ “ជនជាតិក្រិក”។។ 11ដ្បិតចំពោះព្រះ គ្មានការលំអៀងឡើយ។
12អស់អ្នកដែលបានប្រព្រឹត្តបាបដោយគ្មានក្រឹត្យវិន័យ នោះនឹងវិនាសដោយគ្មានក្រឹត្យវិន័យ រីឯអស់អ្នកដែលបានប្រព្រឹត្តបាបនៅក្រោមក្រឹត្យវិន័យ ក៏នឹងត្រូវបានជំនុំជម្រះតាមក្រឹត្យវិន័យ។ 13ដ្បិតមិនមែនអ្នកស្ដាប់ក្រឹត្យវិន័យទេ ដែលសុចរិតនៅចំពោះព្រះ គឺអ្នកធ្វើតាមក្រឹត្យវិន័យវិញ ដែលនឹងត្រូវបានរាប់ជាសុចរិត។ 14តាមពិត កាលណាសាសន៍ដទៃដែលគ្មានក្រឹត្យវិន័យ ប្រព្រឹត្តតាមសេចក្ដីក្នុងក្រឹត្យវិន័យដោយសភាវគតិ នោះពួកគេជាក្រឹត្យវិន័យដល់ខ្លួនឯងហើយ ទោះបីជាពួកគេគ្មានក្រឹត្យវិន័យក៏ដោយ។ 15ពួកគេកំពុងអនុវត្តឲ្យឃើញនូវការទាមទាររបស់ក្រឹត្យវិន័យ#2:15 ការទាមទាររបស់ក្រឹត្យវិន័យ―ន័យត្រង់គឺ “កិច្ចការរបស់ក្រឹត្យវិន័យ” ឬ “កិច្ចការដែលក្រឹត្យវិន័យទាមទារឲ្យធ្វើ”។ដែលមានចារឹកនៅក្នុងចិត្តរបស់ពួកគេ ហើយសតិសម្បជញ្ញៈរបស់ពួកគេក៏ធ្វើបន្ទាល់ជាមួយដែរ។ គំនិតក្នុងខ្លួនគេក៏ចោទគ្នាទៅវិញទៅមក ថែមទាំងដោះសាទៀតផង។ 16តាមដំណឹងល្អរបស់ខ្ញុំ ការទាំងនេះនឹងត្រូវបានសម្ដែង នៅថ្ងៃដែលព្រះជំនុំជម្រះការសម្ងាត់របស់មនុស្ស តាមរយៈព្រះគ្រីស្ទយេស៊ូវ។
ជនជាតិយូដាល្មើសក្រឹត្យវិន័យ
17ប្រសិនបើអ្នកអះអាងថា#2:17 ប្រសិនបើអ្នកអះអាងថា―ឯកសារបុរាណខ្លះថា “មើល៍! អ្នកអះអាងថា”។អ្នកជាជនជាតិយូដា ហើយពឹងផ្អែកលើក្រឹត្យវិន័យ និងអួតអំពីព្រះ 18ព្រមទាំងស្គាល់បំណងព្រះហឫទ័យ ហើយដឹងខុសដឹងត្រូវដោយទទួលការអប់រំពីក្រឹត្យវិន័យ 19ហើយជឿជាក់ថាខ្លួនឯងជាអ្នកនាំផ្លូវមនុស្សខ្វាក់ភ្នែក ជាពន្លឺដល់អ្នកដែលនៅក្នុងសេចក្ដីងងឹត 20ជាអ្នកអប់រំមនុស្សល្ងង់ ជាគ្រូបង្រៀនរបស់កូនក្មេង មានបែបផែននៃចំណេះដឹង និងបែបផែននៃសេចក្ដីពិតក្នុងក្រឹត្យវិន័យ 21ចុះខ្លួនអ្នកដែលបង្រៀនអ្នកដទៃ តើមិនបង្រៀនខ្លួនឯងទេឬ? អ្នកដែលប្រកាសកុំឲ្យលួច តើខ្លួនអ្នកលួចដែរឬ? 22អ្នកដែលនិយាយថា កុំផិតក្បត់ តើខ្លួនអ្នកផិតក្បត់ដែរឬ? អ្នកដែលស្អប់ខ្ពើមរូបបដិមាករ តើខ្លួនអ្នកប្លន់វិហារឬ? 23អ្នកដែលអួតអំពីក្រឹត្យវិន័យ តើខ្លួនអ្នកបង្អាប់បង្អោនព្រះ ដោយការល្មើសក្រឹត្យវិន័យឬ? 24ជាការពិត“ព្រះនាមរបស់ព្រះត្រូវបានប្រមាថក្នុងចំណោមសាសន៍ដទៃ ដោយសារតែអ្នករាល់គ្នា”#2:24 《អេសាយ》 52:5។ ដូចដែលមានសរសេរទុកមក។
ការកាត់ស្បែកនៅក្នុងចិត្ត
25ការកាត់ស្បែកមានប្រយោជន៍មែន ប្រសិនបើអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សបំពានក្រឹត្យវិន័យ នោះការកាត់ស្បែករបស់អ្នកក៏ត្រឡប់ជាការមិនបានកាត់ស្បែកទៅវិញ។ 26ដូច្នេះ ប្រសិនបើអ្នកដែលមិនបានទទួលពិធីកាត់ស្បែកបានកាន់តាមបទបញ្ញត្តិនៃក្រឹត្យវិន័យទៅហើយ តើការមិនបានកាត់ស្បែករបស់អ្នកនោះមិនត្រូវបានរាប់ជាការកាត់ស្បែកវិញទេឬ? 27ហើយអ្នកដែលមិនបានទទួលពិធីកាត់ស្បែកខាងរូបកាយ ដែលប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងជំនុំជម្រះខ្លួនអ្នកដែលជាមនុស្សបំពានក្រឹត្យវិន័យ ទោះបីជាអ្នកមានទាំងគម្ពីរវិន័យ និងពិធីកាត់ស្បែកក៏ដោយ។ 28តាមពិត មនុស្សដែលជាជនជាតិយូដាតែផ្នែកខាងក្រៅ មិនមែនជាជនជាតិយូដាទេ ហើយការកាត់ស្បែកលើរូបកាយខាងក្រៅ ក៏មិនមែនជាការកាត់ស្បែកដែរ។ 29ផ្ទុយទៅវិញ មនុស្សដែលជាជនជាតិយូដាផ្នែកខាងក្នុង ទើបជាជនជាតិយូដាពិតប្រាកដ ហើយការកាត់ស្បែកនៅក្នុងចិត្ត គឺការកាត់ស្បែកតាមវិញ្ញាណ មិនមែនតាមគម្ពីរវិន័យ ទើបជាការកាត់ស្បែកពិតប្រាកដ។ មនុស្សបែបនេះទទួលការសរសើរ មិនមែនពីមនុស្សទេ គឺពីព្រះវិញ៕
ទើបបានជ្រើសរើសហើយ៖
រ៉ូម 2: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative