រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សុភាសិត 7

7
1កូន​របស់ខ្ញុំ​អើយ ចូរ​រក្សា​ពាក្យ​របស់ខ្ញុំ
ហើយ​សន្សំ​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​អ្នក​ចុះ​!
2ចូរ​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ ហើយ​មានជីវិតរស់​ចុះ​;
ចូរ​កាន់តាម​សេចក្ដីបង្រៀន​របស់ខ្ញុំ​ដូចជា​ប្រស្រី​ភ្នែក​របស់អ្នក​។
3ចូរ​ចង​វា​ភ្ជាប់​នឹង​ម្រាមដៃ​អ្នក
ចូរ​ចារឹក​វា​លើ​បន្ទះ​ដួងចិត្ត​អ្នក
4ចូរ​និយាយ​នឹង​ប្រាជ្ញា​ថា​៖ “អ្នក​ជា​បងប្អូនស្រី​របស់ខ្ញុំ”
ចូរ​ហៅ​ការយល់ដឹង​ថា​សាច់ញាតិ​។
5នេះគឺ​ដើម្បី​ការពារ​អ្នក​ពី​ស្ត្រី​ផិតក្បត់
ពី​ស្រីក្រៅ​ដែល​លួងលោម​ដោយ​ពាក្យសម្ដី​របស់នាង​។
រឿងអំពីការល្បួង
6ដ្បិត​ពី​បង្អួច​ផ្ទះ​របស់ខ្ញុំ
ខ្ញុំ​បាន​អើតមើល​តាម​ចម្រឹង
7ក៏​ឃើញ​ក្នុងចំណោម​មនុស្សខ្វះចំណេះដឹង
ហើយ​សង្កេតឃើញ​ក្នុងចំណោម​យុវជន
មាន​យុវជន​ម្នាក់​ដែល​ខ្វះ​វិចារណញ្ញាណ​។
8គាត់​ឆ្លងកាត់​តាម​ផ្លូវតូច​នៅក្បែរ​កែងផ្លូវ​របស់ស្ត្រីនោះ
ក៏​ដើរ​តាម​ផ្លូវ​ទៅ​ផ្ទះ​របស់នាង
9គឺ​នៅពេល​ថ្ងៃលិច នៅ​ពេល​ល្ងាច
នៅ​ពាក់កណ្ដាល​យប់​ងងឹតសូន្យ​។
10ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​មក​ជួប​គាត់ ដោយ​សម្លៀកបំពាក់​ជា​ស្ត្រីពេស្យា
ទាំង​មានឧបាយកល​ក្នុង​ចិត្ត​។
11នាង​ឡូឡា ហើយ​សេពអបាយមុខ​;
ជើង​របស់នាង​មិន​ចេះនៅ​ផ្ទះ​របស់ខ្លួន​ឡើយ​។
12ជួនកាល​នាង​នៅតាម​ផ្លូវ
ជួនកាល​នាង​នៅតាម​កន្លែងសាធារណៈ
ទាំង​សម្ងំចាំ​នៅ​គ្រប់​កែងផ្លូវ​។
13នាង​ចាប់​កំលោះនោះ ហើយ​ថើប​គាត់
ក៏​និយាយ​នឹង​គាត់​ដោយមុខក្រាស់​ថា​៖
14“មាន​យញ្ញបូជា​នៃ​តង្វាយមេត្រី​នៅនឹង​ខ្ញុំ#7:14 មានយញ្ញបូជានៃតង្វាយមេត្រីនៅនឹងខ្ញុំ―ឬ “ខ្ញុំត្រូវតែថ្វាយយញ្ញបូជានៃតង្វាយមេត្រី”។
ថ្ងៃនេះ ខ្ញុំ​បាន​លាបំណន់​របស់ខ្ញុំ​ហើយ
15ហេតុនេះហើយបានជា​ខ្ញុំ​ចេញមក​ជួប​អ្នក ដើម្បី​ខំរក​មុខ​អ្នក
ឥឡូវនេះ ខ្ញុំ​រក​អ្នក​ឃើញ​ហើយ​។
16ខ្ញុំ​បាន​ក្រាល​កម្រាល​លើ​គ្រែ​ខ្ញុំ
ជា​ក្រណាត់ប៉ាក់​ធ្វើពី​អំបោះផាឌិប​អេហ្ស៊ីប​;
17ខ្ញុំ​បាន​អប់​គ្រែ​ខ្ញុំ​ដោយ​ជ័រល្វីងទេស ក្រឹស្នា និង​ឈើអែម​។
18មក៍! ចូរឲ្យ​យើង​បាន​ស្កប់ស្កល់​នឹង​ក្ដីស្នេហ៍​រហូតដល់​ព្រឹក
ចូរឲ្យ​យើង​បាន​ត្រេកត្រអាល​ជាមួយនឹង​ស្នេហា
19ពីព្រោះ​ប្ដី​ខ្ញុំ​អត់​នៅ​ផ្ទះ​ទេ
គាត់​បាន​ចេញ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ​។
20គាត់​បាន​យក​ថង់​ប្រាក់​ក្នុង​ដៃ
ដល់​ថ្ងៃពេញបូណ៌មី ទើប​គាត់​មកផ្ទះវិញ”។
21នាង​បាន​ល្បួង​កំលោះនោះ​ដោយ​ហេតុផល​ជាច្រើន
នាង​អូសទាញ​គាត់​ដោយ​ភាពរលូន​នៃ​បបូរមាត់​របស់នាង​។
22គាត់​ក៏​ទៅ​តាម​នាង​ភ្លាម ដូចជា​គោ​ទៅ​ទីពិឃាត
ដូចជា​មនុស្សល្ងីល្ងើ​ត្រូវគេដាក់​ខ្នោះជើង​យក​ទៅ​វាយប្រដៅ#7:22 មនុស្សល្ងីល្ងើត្រូវគេដាក់ខ្នោះជើងយកទៅវាយប្រដៅ―ឬ “ក្ដាន់ដែលលោតចូលអន្ទាក់”។
23រហូតដល់​ព្រួញ​ទម្លុះ​ថ្លើម​ខ្លួន​——
គាត់ក៏​ដូច​សត្វស្លាប​ដែល​ប្រញាប់​ចូល​អន្ទាក់
ប៉ុន្តែ​គាត់​មិន​ដឹង​ថា​ការនេះ​ដកយក​ព្រលឹង​របស់ខ្លួន​ឡើយ​។
24ដូច្នេះ​ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់តាម​ខ្ញុំ
ហើយ​ប្រុងស្ដាប់​ពាក្យ​ពី​មាត់​របស់ខ្ញុំ​ចុះ​!
25កុំឲ្យ​ចិត្ត​អ្នក​បែរចេញ​ទៅរក​ផ្លូវ​របស់នាង​ឡើយ
ក៏​កុំឲ្យ​វង្វេង​ទៅតាម​គន្លង​របស់នាង​ដែរ​។
26ជាការពិត នាង​បាន​ធ្វើឲ្យ​ជនរងគ្រោះ​ជាច្រើន​ដួល
ហើយ​អស់អ្នក​ដែល​ត្រូវ​នាង​សម្លាប់​ក៏​មាន​ច្រើនរាប់មិនអស់​ដែរ​។
27ផ្ទះ​នាង​ជា​ផ្លូវ​ទៅ​ស្ថានមនុស្សស្លាប់
ដែល​នាំចុះទៅ​ទីឃុំឃាំង​នៃ​សេចក្ដីស្លាប់​៕

ទើបបានជ្រើសរើសហើយ៖

សុភាសិត 7: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល