សុភាសិត 6
6
ជំពាក់ជំពិនខាងលុយកាក់
1កូនរបស់ខ្ញុំអើយ ប្រសិនបើអ្នកបានធានាឲ្យអ្នកជិតខាងរបស់អ្នក
ប្រសិនបើអ្នកបានចាប់ដៃសន្យាឲ្យជនមិនស្គាល់
2ហើយអ្នកបានជាប់អន្ទាក់ដោយសម្ដីពីមាត់អ្នក
ឬត្រូវបានចាប់ដោយសម្ដីពីមាត់អ្នក
3នោះកូនរបស់ខ្ញុំអើយ ចូរធ្វើដូច្នេះ ដើម្បីរំដោះខ្លួនចេញចុះ
ដ្បិតអ្នកបានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកជិតខាងរបស់អ្នកហើយ
ដូច្នេះចូរទៅបន្ទាបខ្លួន ហើយអង្វរអ្នកជិតខាងរបស់អ្នកចុះ;
4កុំផ្ដល់ដំណេកឲ្យភ្នែកអ្នក
ឬផ្ដល់ការរលីវឲ្យត្របកភ្នែកអ្នកឡើយ;
5ចូររំដោះខ្លួនចេញ ដូចឈ្លូសរួចពីដៃអ្នកប្រមាញ់#6:5 អ្នកប្រមាញ់―ជាពាក្យជំនួយ។
ដូចសត្វស្លាបរួចពីដៃព្រាន។
មនុស្សខ្ជិលច្រអូស
6មនុស្សខ្ជិលច្រអូសអើយ ចូរទៅរកស្រមោចទៅ!
ចូរសង្កេតមើលកិរិយារបស់វា ហើយឲ្យមានប្រាជ្ញាចុះ!
7ទោះបីជាវាគ្មានអ្នកដឹកនាំ អ្នកត្រួតត្រា ឬមេគ្រប់គ្រងក៏ដោយ
8ក៏វារៀបចំអាហាររបស់វាទុកនៅរដូវក្ដៅ
ហើយប្រមូលស្បៀងវាទុកនៅរដូវច្រូតកាត់ដែរ។
9មនុស្សខ្ជិលច្រអូសអើយ តើអ្នកនឹងដេកដល់ពេលណា?
តើអ្នកនឹងក្រោកពីដំណេកនៅពេលណា?
10ដេកបន្តិច រលីវបន្តិច ឱបដៃសម្រាកបន្តិច
11នោះភាពក្រីក្ររបស់អ្នកនឹងមកដូចជាចោរប្លន់
ហើយភាពខ្វះខាតរបស់អ្នកនឹងមកដូចជាអ្នកកាន់គ្រឿងសឹក#6:11 អ្នកកាន់គ្រឿងសឹក―ន័យត្រង់គឺ “អ្នកកាន់ខែល”។។
មនុស្សព្យាបាទ
12មនុស្សអប្រិយ#6:12 អប្រិយ―ន័យត្រង់គឺ “បេលាល”។ គឺមនុស្សទុច្ចរិត
ដើរចុះឡើងដោយមាត់វៀចវេរ
13គេមិចភ្នែក ធ្វើសញ្ញាដោយជើង
ហើយចង្អុលដោយម្រាមដៃ;
14គេប៉ងធ្វើអាក្រក់ដោយមានសេចក្ដីកំហូចនៅក្នុងចិត្ត
ព្រមទាំងសាបព្រោះជម្លោះគ្រប់ពេល;
15ដូច្នេះ សេចក្ដីអន្តរាយរបស់គេនឹងមកដល់ក្នុងមួយរំពេច;
គេនឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
អ្វីដែលព្រះអម្ចាស់ទ្រង់ស្អប់
16មានប្រាំមួយយ៉ាងដែលព្រះយេហូវ៉ាទ្រង់ស្អប់
ក៏មានប្រាំពីរផង ដែលជាទីស្អប់ខ្ពើមដល់អង្គទ្រង់ គឺ:
17ភ្នែកដែលឆ្មើងឆ្មៃ
អណ្ដាតដែលភូតភរ
ដៃដែលបង្ហូរឈាមមនុស្សឥតទោស
18ចិត្តដែលប៉ងធ្វើផែនការទុច្ចរិត
ជើងដែលឆាប់រត់ទៅរកការអាក្រក់
19សាក្សីភូតភរដែលបញ្ចេញពាក្យភូតភរ
និងអ្នកដែលសាបព្រោះជម្លោះនៅក្នុងចំណោមបងប្អូន។
កុំផិតក្បត់
20កូនរបស់ខ្ញុំអើយ ចូររក្សាសេចក្ដីបង្គាប់របស់ឪពុកអ្នក
ហើយកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ម្ដាយអ្នកឡើយ!
21ចូរចងវាក្រវាត់នឹងចិត្តអ្នកជានិច្ច
ហើយចងវាភ្ជាប់នឹងកអ្នក។
22កាលណាអ្នកដើរចុះឡើង វានឹងនាំផ្លូវអ្នក;
កាលណាអ្នកដេក វានឹងថែរក្សាអ្នក;
កាលណាអ្នកភ្ញាក់ឡើង វានឹងសន្ទនាជាមួយអ្នក;
23ដ្បិតសេចក្ដីបង្គាប់ជាចង្កៀង
សេចក្ដីបង្រៀនជាពន្លឺ
ហើយពាក្យស្ដីបន្ទោសនៃការប្រៀនប្រដៅជាផ្លូវនៃជីវិត
24ដើម្បីការពារអ្នកពីស្ត្រីអាក្រក់
ពីអណ្ដាតរលូនរបស់ស្រីក្រៅ។
25កុំលោភចង់បានសម្រស់របស់នាងក្នុងចិត្តអ្នកឡើយ
ហើយក៏កុំឲ្យនាងចាប់អ្នកជាប់ដោយត្របកភ្នែករបស់នាងដែរ។
26ជាការពិត មនុស្សម្នាក់ធ្លាក់ខ្លួនរហូតដល់មានតម្លៃត្រឹមតែនំប៉័ងមួយដុំប៉ុណ្ណោះ
ដោយសារតែស្រី គឺស្រីសំផឹង
ហើយប្រពន្ធគេប្រមាញ់យកព្រលឹងដ៏មានតម្លៃ#6:26 ជាការពិត មនុស្សម្នាក់ធ្លាក់ខ្លួនរហូតដល់មានតម្លៃត្រឹមតែនំប៉័ងមួយដុំប៉ុណ្ណោះ ដោយសារតែស្រី គឺស្រីសំផឹង ហើយប្រពន្ធគេប្រមាញ់យកព្រលឹងដ៏មានតម្លៃ―ឬ “ជាការពិត ថ្លៃឈ្នួលរបស់ស្រីពេស្យាគឺត្រឹមតែនំប៉័ងមួយដុំប៉ុណ្ណោះ រីឯប្រពន្ធគេវិញ ប្រមាញ់យកព្រលឹងដ៏មានតម្លៃ”។។
27តើមនុស្សអាចឱបភ្លើងនៅនឹងទ្រូង
ដោយមិនឆេះសម្លៀកបំពាក់របស់ខ្លួនបានឬ?
28តើមនុស្សអាចដើរលើរងើកភ្លើង
ដោយមិនរលាកជើងរបស់ខ្លួនបានឬ?
29អ្នកដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាងក៏ដូច្នោះដែរ;
អស់អ្នកដែលប៉ះពាល់នាង នឹងមិនរួចទោសឡើយ។
30គេមិនមើលងាយចោរឡើយ
ប្រសិនបើវាលួចដើម្បីបំពេញសេចក្ដីត្រូវការនៅពេលវាអត់ឃ្លាន;
31ប៉ុន្តែប្រសិនបើវាត្រូវគេចាប់បាន វាត្រូវតែសងមួយជាប្រាំពីរ
ទោះបីជាត្រូវប្រគល់របស់របរទាំងអស់ក្នុងផ្ទះខ្លួនក៏ដោយ។
32អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយស្រី គឺខ្វះវិចារណញ្ញាណ;
អ្នកដែលប្រព្រឹត្តដូច្នេះ គឺបំផ្លាញព្រលឹងរបស់ខ្លួន។
33អ្នកនោះនឹងទទួលបានរបួស និងភាពអាប់យស
ហើយសេចក្ដីអាម៉ាស់របស់អ្នកនោះនឹងលុបចេញមិនបានឡើយ។
34ដ្បិតសេចក្ដីប្រច័ណ្ឌជាសេចក្ដីក្ដៅក្រហាយរបស់ប្ដី
ហើយនៅថ្ងៃនៃការសងសឹក គាត់នឹងមិនប្រណីឡើយ;
35គាត់នឹងមិនក្រឡេកមើលថ្លៃលោះណាមួយឡើយ
ហើយទោះបីជាបន្ថែមជំនូនឲ្យច្រើនក៏ដោយ ក៏គាត់មិនព្រមដែរ៕
ទើបបានជ្រើសរើសហើយ៖
សុភាសិត 6: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative