រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សុភាសិត 8

8
ពាក្យស្រែកហៅរបស់ប្រាជ្ញា
1តើ​ប្រាជ្ញា​មិន​ស្រែកហៅ​ទេ​ឬ​?
តើ​ការយល់ដឹង​មិន​បន្លឺ​សំឡេង​ទេ​ឬ​?
2នាង​ឈរ​លើ​កំពូល​នៃ​កន្លែងខ្ពស់​ក្បែរ​ផ្លូវ
នៅ​កន្លែងផ្លូវប្រសព្វ
3នៅ​ក្បែរ​ទ្វារក្រុង នៅ​ខ្លោងទ្វារ​ទីក្រុង
នៅ​ច្រកចូល​ទ្វារ ទាំង​ស្រែកយ៉ាងខ្លាំងថា​៖
4“មនុស្ស​អើយ ខ្ញុំ​ស្រែកហៅ​អ្នករាល់គ្នា
នេះជា​សំឡេង​របស់ខ្ញុំ​ដល់​មនុស្សលោក​!
5មនុស្សខ្វះចំណេះដឹង​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីឆ្លាតវៃ​ចុះ​!
មនុស្សល្ងង់​អើយ ចូរ​យល់ច្បាស់​នូវ​ប្រាជ្ញា​ចុះ​!
6ចូរ​ស្ដាប់​ចុះ​! ដ្បិត​ខ្ញុំ​និយាយ​អំពី​សេចក្ដីល្អប្រសើរ
បបូរមាត់​របស់ខ្ញុំ​បើកបញ្ចេញ​សេចក្ដីទៀងត្រង់​;
7មាត់​របស់ខ្ញុំ​ថ្លែង​សេចក្ដីពិត
រីឯ​សេចក្ដីអាក្រក់​ជា​ទីស្អប់ខ្ពើម​ដល់​បបូរមាត់​របស់ខ្ញុំ​។
8អស់ទាំង​ពាក្យ​ពី​មាត់​របស់ខ្ញុំ​ជា​សេចក្ដីសុចរិត
ក្នុង​ពាក្យទាំងនេះ គ្មានអ្វី​ក្រវិចក្រវៀន ឬ​វៀចវេរ​ឡើយ​។
9ពាក្យទាំងនេះ​សុទ្ធតែ​ប្រាកដច្បាស់​ដល់​អ្នកដែល​យល់ច្បាស់
ហើយ​សុទ្ធតែ​ទៀងត្រង់​ដល់​អ្នកដែល​រកឃើញ​ចំណេះដឹង​។
10ចូរ​ទទួលយក​ការប្រៀនប្រដៅ​របស់ខ្ញុំ​ចុះ គឺ​មិនមែន​ប្រាក់​ទេ​;
ចូរ​ទទួលយក​ចំណេះដឹង ជាជាង​មាស​ដែល​សម្រិតសម្រាំង​;
11ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូងទទឹម
ហើយ​អស់ទាំង​សេចក្ដីប្រាថ្នា​ក៏​មិន​អាច​ប្រៀបផ្ទឹម​នឹង​នាង​បាន​ឡើយ​។
12ខ្ញុំ​ជា​ប្រាជ្ញា ខ្ញុំ​រស់នៅ​ជាមួយ​សេចក្ដីឆ្លាតវៃ
ហើយ​ខ្ញុំ​រកបាន​ចំណេះដឹង និង​សមត្ថភាពពិចារណា​។
13ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​;
ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។
14ដំបូន្មាន និង​ប្រាជ្ញាត្រឹមត្រូវ​ជា​របស់ខ្ញុំ​;
ខ្ញុំ​ជា​ការយល់ដឹង ហើយ​អំណាច​ជា​របស់ខ្ញុំ​។
15ដោយសារតែ​ខ្ញុំ ស្ដេច​ទាំងឡាយ​គ្រងរាជ្យ
ហើយ​បណ្ដា​មេគ្រប់គ្រង​ស្ថាបនា​សេចក្ដីសុចរិតយុត្តិធម៌​។
16ដោយសារតែ​ខ្ញុំ ពួក​អ្នកដឹកនាំ​បាន​គ្រប់គ្រង
គឺ​ពួក​អភិជន និង​អស់ទាំង​ចៅក្រម​ដ៏យុត្តិធម៌​។
17ខ្ញុំ​ស្រឡាញ់​អ្នកដែល​ស្រឡាញ់​ខ្ញុំ
ហើយ​អ្នកដែល​ខំប្រឹងស្វែងរក​ខ្ញុំ នឹង​រក​ខ្ញុំ​ឃើញ​។
18ភាពស្ដុកស្ដម្ភ និង​សិរីរុងរឿង​នៅជាមួយ​ខ្ញុំ
ទ្រព្យសម្បត្តិ​ដ៏នៅគង់វង្ស និង​សេចក្ដីសុចរិត​ក៏​នៅជាមួយ​ខ្ញុំ​ដែរ​។
19ផលផ្លែ​របស់ខ្ញុំ​ប្រសើរ​ជាង​មាស គឺ​ប្រសើរ​ជាង​មាសសុទ្ធ​ទៅទៀត
រីឯ​ភោគផល​របស់ខ្ញុំ​ក៏​ប្រសើរ​ជាង​ប្រាក់​ដែល​សម្រិតសម្រាំង​ដែរ​។
20ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត
គឺ​នៅក្នុងចំណោម​គន្លង​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌
21ដើម្បីឲ្យ​អ្នកដែល​ស្រឡាញ់​ខ្ញុំ បាន​ទទួល​ទ្រព្យសម្បត្តិ​ជាមរតក
ដើម្បីឲ្យ​ខ្ញុំ​បាន​បំពេញ​ឃ្លាំង​របស់ពួកគេ​។
22ព្រះយេហូវ៉ា​មាន​ខ្ញុំ​ហើយ តាំងពីដើមដំបូង​នៃ​ការនិម្មិតបង្កើតពិភពលោក#8:22 ការនិម្មិតបង្កើតពិភពលោក―ន័យត្រង់គឺ “ផ្លូវរបស់ព្រះអង្គ”។
គឺ​មុន​កិច្ចការ​ពី​បុរាណកាល​របស់ព្រះអង្គ​ទៅទៀត​។
23ខ្ញុំ​ត្រូវបាន​តាំងឡើង តាំងពី​យូរលង់
តាំងពី​ដើមដំបូង តាំងពី​មុន​មាន​ផែនដី​។
24កាល​មិនទាន់មាន​ទីជម្រៅ
គឺ​កាល​មិនទាន់មាន​ប្រភព​ដែល​ទឹក​ផុសឡើង
ខ្ញុំ​បាន​កើតមក​ហើយ​;
25មុន​ភ្នំ​នានា និង​ទីទួល​នានា​ត្រូវបាន​ចាក់គ្រឹះ
ខ្ញុំ​បាន​កើតមក​ហើយ​;
26គឺ​កាល​ព្រះអង្គ​មិនទាន់​បង្កើត​ផែនដី
ឬ​ស្រែចម្ការ
ឬ​ធូលី​ដំបូង​នៃ​ពិភពលោក​នៅឡើយ​។
27កាល​ព្រះអង្គ​តាំង​បណ្ដាមេឃ​ឡើង ខ្ញុំ​បាននៅ​ទីនោះ​——
កាល​ព្រះអង្គ​ស្ថាបនា​ដំបូលក្រឡូម​នៅលើ​ផ្ទៃ​នៃ​ទីជម្រៅ
28កាល​ព្រះអង្គ​តាំង​ពពក​នៅ​ខាងលើ
កាល​ព្រះអង្គ​ធ្វើឲ្យ​ប្រភពទឹក​នៃ​ទីជម្រៅ​ផុសចេញ
29កាល​ព្រះអង្គ​កំណត់​ព្រំដែន​ឲ្យ​សមុទ្រ ដើម្បី​កុំ​ឲ្យ​ទឹក​ឡើងរំលង​សេចក្ដីបង្គាប់​របស់ព្រះអង្គ
កាល​ព្រះអង្គ​ស្ថាបនា​គ្រឹះ​នៃ​ផែនដី​——
30នៅគ្រានោះ ខ្ញុំ​គឺជា​ជាងជំនាញ​នៅក្បែរ​ព្រះអង្គ
ក៏​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ
ទាំង​សើចសប្បាយ​នៅចំពោះ​ព្រះអង្គ​គ្រប់ពេល​;
31ខ្ញុំ​សើចសប្បាយ​ចំពោះ​ពិភពលោកទាំងមូល​របស់ព្រះអង្គ
ហើយក៏​ពេញចិត្ត​នឹង​មនុស្សលោក​ដែរ​។
32ដូច្នេះ​ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់តាម​ខ្ញុំ​ចុះ​!
មានពរ​ហើយ អ្នកដែល​រក្សា​ផ្លូវ​របស់ខ្ញុំ​!
33ចូរ​ស្ដាប់​សេចក្ដីប្រៀនប្រដៅ ហើយ​ឲ្យ​មានប្រាជ្ញា​ចុះ
កុំ​ធ្វើព្រងើយ​ឡើយ​។
34មានពរ​ហើយ
មនុស្ស​ដែល​ស្ដាប់តាម​ខ្ញុំ​ដោយ​ចាំយាម​នៅ​មាត់ទ្វារ​របស់ខ្ញុំ​ជា​រៀងរាល់ថ្ងៃ
ទាំង​រង់ចាំ​នៅ​សសរទ្វារ​របស់ខ្ញុំ​!
35ជាការពិត អ្នកដែល​រកឃើញ​ខ្ញុំ គឺ​រកឃើញ​ជីវិត
ហើយ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា
36ប៉ុន្តែ​អ្នកដែល​ឃ្វាង​ពី​ខ្ញុំ អ្នកនោះ​កំពុងតែ​ធ្វើទុក្ខ​ព្រលឹង​របស់ខ្លួន​;
អស់អ្នក​ដែល​ស្អប់​ខ្ញុំ គឺ​ស្រឡាញ់​សេចក្ដីស្លាប់”៕

ទើបបានជ្រើសរើសហើយ៖

សុភាសិត 8: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល