សុភាសិត 5
5
រត់គេចពីការល្បួង
1កូនរបស់ខ្ញុំអើយ ចូរប្រុងស្ដាប់ប្រាជ្ញារបស់ខ្ញុំ
ចូរផ្ទៀងត្រចៀករបស់អ្នកនឹងការយល់ដឹងរបស់ខ្ញុំចុះ
2ដើម្បីឲ្យអ្នកបានរក្សាសមត្ថភាពពិចារណា
និងឲ្យបបូរមាត់របស់អ្នកបានការពារចំណេះដឹង។
3ថ្វីត្បិតតែបបូរមាត់របស់ស្ត្រីផិតក្បត់ស្រក់ទឹកឃ្មុំ
ហើយមាត់របស់នាងរលូនជាងប្រេងក៏ដោយ
4ប៉ុន្តែចុងបញ្ចប់របស់នាង គឺល្វីងជូរចត់ដូចស្លែង
ហើយមុតដូចដាវមុខពីរ។
5ជើងរបស់នាងចុះទៅឯសេចក្ដីស្លាប់
ជំហានរបស់នាងឈានទៅស្ថានមនុស្សស្លាប់។
6នាងមិនស្ទង់មើលផ្លូវនៃជីវិតឡើយ
គន្លងរបស់នាងតែងតែប្រែប្រួលឥតនឹងនរ ប៉ុន្តែនាងមិនដឹងឡើយ។
7ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំ
ហើយកុំបែរចេញពីពាក្យនៃមាត់ខ្ញុំឡើយ!
8ចូរដាក់ផ្លូវរបស់អ្នកឲ្យឆ្ងាយពីនាង
ហើយកុំទៅជិតមាត់ទ្វារផ្ទះនាងឲ្យសោះ
9ក្រែងលោអ្នកប្រគល់កិត្តិយសរបស់អ្នកទៅអ្នកដទៃ
ហើយប្រគល់អាយុជីវិតរបស់អ្នកទៅមនុស្សឃោរឃៅ;
10ក្រែងលោជនមិនស្គាល់បានឆ្អែតដោយកម្លាំងរបស់អ្នក
ហើយការនឿយហត់របស់អ្នកបានទៅលើផ្ទះរបស់ជនចម្លែកវិញ។
11នៅចុងបញ្ចប់របស់អ្នក
ពេលសាច់ និងរូបកាយរបស់អ្នកត្រូវបានបំផ្លាញ
នោះអ្នកនឹងថ្ងូរ
12ហើយនិយាយថា៖ “ខ្ញុំបានស្អប់ការប្រៀនប្រដៅយ៉ាងណាហ្ន៎!
ចិត្តខ្ញុំបានមើលងាយការស្ដីប្រដៅយ៉ាងណាហ្ន៎!
13ខ្ញុំមិនបានស្ដាប់តាមសំឡេងគ្រូៗរបស់ខ្ញុំ
ហើយក៏មិនបានផ្ទៀងត្រចៀកនឹងអ្នកបង្រៀនខ្ញុំដែរ;
14ខ្ញុំស្ទើរតែវិនាសទាំងស្រុង#5:14 ខ្ញុំស្ទើរតែវិនាសទាំងស្រុង―ឬ “ខ្ញុំស្ទើរតែចូលទៅក្នុងការអាក្រក់គ្រប់យ៉ាង”។
នៅកណ្ដាលចំណោមអង្គប្រជុំ និងសហគមន៍!”។
ពេញចិត្តតែនឹងប្រពន្ធខ្លួន
15ចូរផឹកទឹកពីអាងទឹករបស់ខ្លួន
ចូរផឹកទឹកដែលហូរចេញពីអណ្ដូងរបស់ខ្លួនចុះ។
16តើគួរឲ្យប្រភពទឹករបស់អ្នកហូរខ្ចាយទៅផ្លូវ
ហើយគួរឲ្យប្រឡាយទឹករបស់អ្នកហូរខ្ចាយតាមកន្លែងសាធារណៈឬ?
17ត្រូវទុកសម្រាប់អ្នកតែម្នាក់ឯងប៉ុណ្ណោះ
គឺមិនមែនសម្រាប់ឲ្យអ្នកដទៃចែកជាមួយអ្នកឡើយ។
18សូមឲ្យប្រភពទឹករបស់អ្នកបានពរ
ហើយចូរត្រេកអរនឹងប្រពន្ធដែលបាន#5:18 ដែលបាន―ជាពាក្យជំនួយ។តាំងពីយុវវ័យរបស់អ្នកចុះ
19គឺប្រៀបដូចជាក្ដាន់ញីដ៏ជាទីស្រឡាញ់ និងប្រើសញីដ៏ស្អាត——
សូមឲ្យដោះនាងបំពេញចិត្តអ្នកគ្រប់ពេល
សូមឲ្យអ្នកឈ្លក់វង្វេងនឹងសេចក្ដីស្រឡាញ់របស់នាងជានិច្ច។
20កូនរបស់ខ្ញុំអើយ ហេតុអ្វីបានជាអ្នកឈ្លក់វង្វេងនឹងស្ត្រីផិតក្បត់
ហើយឱបរឹតដើមទ្រូងស្រីក្រៅដូច្នេះ?
21ដ្បិតផ្លូវរបស់មនុស្សនៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា
ហើយព្រះអង្គស្ទង់មើលគ្រប់ទាំងគន្លងរបស់គេ។
22អំពើទុច្ចរិតរបស់មនុស្សអាក្រក់ចាប់ខ្លួនគេជាប់
ហើយអ្នកនោះត្រូវបានចាប់ចងដោយចំណងនៃបាបរបស់ខ្លួន។
23អ្នកនោះនឹងត្រូវស្លាប់ដោយសារគ្មានការប្រៀនប្រដៅ
ក៏នឹងត្រូវវង្វេងបាត់ព្រោះតែភាពល្ងីល្ងើយ៉ាងខ្លាំងរបស់ខ្លួន៕
ទើបបានជ្រើសរើសហើយ៖
សុភាសិត 5: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative