សុភាសិត 2
2
តម្លៃនៃប្រាជ្ញា
1កូនរបស់ខ្ញុំអើយ ប្រសិនបើអ្នកទទួលយកពាក្យរបស់ខ្ញុំ
ហើយសន្សំសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងអ្នក
2ដើម្បីប្រុងត្រចៀករបស់អ្នកស្ដាប់ប្រាជ្ញា
និងដើម្បីផ្ដោតចិត្តរបស់អ្នកលើការយល់ដឹង
3ពិតមែនហើយ ប្រសិនបើអ្នកហៅរកការយល់ជាក់
ហើយបន្លឺសំឡេងរកការយល់ដឹង
4ប្រសិនបើអ្នកស្វែងរកវាដូចស្វែងរកប្រាក់
ហើយខំរកវាដូចខំរកកំណប់
5នោះអ្នកនឹងយល់ច្បាស់នូវការកោតខ្លាចព្រះយេហូវ៉ា
ហើយរកឃើញចំណេះដឹងអំពីព្រះ
6ដ្បិតព្រះយេហូវ៉ាប្រទានប្រាជ្ញា;
ចំណេះដឹង និងការយល់ដឹងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ។
7ព្រះអង្គប្រមូលប្រាជ្ញាត្រឹមត្រូវទុកសម្រាប់មនុស្សទៀងត្រង់
ព្រះអង្គជាខែលដល់អ្នកដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍
8ដើម្បីការពារគន្លងនៃសេចក្ដីយុត្តិធម៌
ហើយថែរក្សាផ្លូវនៃវិសុទ្ធជនរបស់ព្រះអង្គ។
9យ៉ាងនោះឯង អ្នកនឹងយល់ច្បាស់នូវសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់
គឺគ្រប់ទាំងផ្លូវល្អ
10ដ្បិតប្រាជ្ញានឹងចូលក្នុងចិត្តអ្នក
ហើយចំណេះដឹងនឹងធ្វើឲ្យព្រលឹងអ្នកបានរីករាយ;
11សមត្ថភាពពិចារណានឹងថែរក្សាអ្នក
ហើយការយល់ដឹងនឹងការពារអ្នក
12ដើម្បីរំដោះអ្នកពីផ្លូវរបស់មនុស្សអាក្រក់
និងពីមនុស្សដែលនិយាយសេចក្ដីកំហូច——
13ពួកគេបោះបង់ចោលគន្លងនៃសេចក្ដីទៀងត្រង់
ទៅដើរក្នុងផ្លូវនៃសេចក្ដីងងឹត;
14ពួកគេអរសប្បាយនឹងធ្វើអាក្រក់
ទាំងត្រេកអរក្នុងសេចក្ដីកំហូចរបស់មនុស្សអាក្រក់;
15ផ្លូវរបស់ពួកគេក្ងិចក្ងក់
ហើយគន្លងរបស់ពួកគេវៀចវេរ។
16មួយវិញទៀត ដើម្បីរំដោះអ្នកពីស្ត្រីផិតក្បត់#2:16 ស្ត្រីផិតក្បត់―ន័យត្រង់គឺ “ស្ត្រីសាសន៍ដទៃ”។
ពីស្រីក្រៅដែលលួងលោមដោយពាក្យសម្ដីរបស់នាង——
17នាងបោះបង់ចោលសម្លាញ់ភ្ងាកាលពីនៅយុវវ័យរបស់នាង
ហើយបំភ្លេចសម្ពន្ធមេត្រីជាមួយព្រះរបស់នាង;
18ផ្ទះរបស់នាងលិចចុះទៅដល់សេចក្ដីស្លាប់
ហើយគន្លងរបស់នាងនាំទៅឯព្រលឹងមនុស្សស្លាប់;
19អស់អ្នកដែលចូលទៅរកនាង មិនត្រឡប់មកវិញឡើយ
ក៏មិនទៅដល់ផ្លូវនៃជីវិតដែរ។
20នេះគឺដើម្បីឲ្យអ្នកបានដើរក្នុងផ្លូវរបស់មនុស្សល្អ
ហើយបានរក្សាគន្លងរបស់មនុស្សសុចរិត។
21ជាការពិត មនុស្សទៀងត្រង់នឹងរស់នៅលើផែនដី
ហើយមនុស្សគ្រប់លក្ខណ៍នឹងនៅសល់លើផែនដី
22រីឯមនុស្សអាក្រក់នឹងត្រូវបានកាត់ចេញពីផែនដី
ហើយមនុស្សក្បត់នឹងត្រូវបានដកចេញពីផែនដី៕
ទើបបានជ្រើសរើសហើយ៖
សុភាសិត 2: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative