សុភាសិត 1
1
គោលបំណងនៃសុភាសិត
1សុភាសិតរបស់សាឡូម៉ូនដែលជាបុត្ររបស់ដាវីឌ និងជាស្ដេចនៃអ៊ីស្រាអែល:
2ដើម្បីឲ្យស្គាល់ប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅ
ដើម្បីឲ្យយល់ច្បាស់នូវពាក្យនៃការយល់ដឹង
3ដើម្បីឲ្យទទួលការប្រៀនប្រដៅឲ្យចេះដឹងសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់
4និងដើម្បីផ្ដល់សេចក្ដីឆ្លាតវៃដល់មនុស្សខ្វះចំណេះដឹង
ព្រមទាំងផ្ដល់ចំណេះដឹង និងសមត្ថភាពពិចារណាដល់យុវជនផងដែរ។
5ចូរឲ្យមនុស្សមានប្រាជ្ញាស្ដាប់ ហើយកើនសេចក្ដីអប់រំចុះ
ចូរឲ្យមនុស្សដែលយល់ច្បាស់ ទទួលបានការណែនាំចុះ
6ដើម្បីបានយល់ច្បាស់នូវសុភាសិត និងពាក្យឧបមា
គឺយល់ច្បាស់នូវពាក្យរបស់មនុស្សមានប្រាជ្ញា និងប្រស្នារបស់ពួកគេ។
7ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើម#1:7 ការចាប់ផ្ដើម―ឬ “ប្រភព”។នៃចំណេះដឹង
រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
ចៀសវាងពីផ្លូវរបស់មនុស្សអាក្រក់
8កូនរបស់ខ្ញុំអើយ ចូរស្ដាប់សេចក្ដីប្រៀនប្រដៅរបស់ឪពុកអ្នក
ហើយកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ម្ដាយអ្នកឡើយ!
9ដ្បិតវាជាភួងផ្កាដ៏សមសួនលើក្បាលអ្នក
និងជាខ្សែកនៅកអ្នក។
10កូនរបស់ខ្ញុំអើយ
ប្រសិនបើមនុស្សបាបល្បួងអ្នក កុំព្រមឲ្យសោះ។
11ប្រសិនបើពួកគេនិយាយថា៖ “ចូរមកជាមួយយើងចុះ
មក៍! យើងនាំគ្នាសម្ងំចាំបង្ហូរឈាមគេ
ហើយពួនស្ទាក់មនុស្សឥតទោសដោយគ្មានមូលហេតុ!
12យើងនឹងលេបពួកគេទាំងរស់ដូចស្ថានមនុស្សស្លាប់
គឺលេបទាំងមូល ដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។
13យើងនឹងរកឃើញទ្រព្យសម្បត្តិដ៏មានតម្លៃគ្រប់យ៉ាង
ក៏នឹងបំពេញផ្ទះរបស់យើងដោយជ័យភណ្ឌផង។
14ចូរដាក់ចំណែករបស់អ្នករួមជាមួយយើងចុះ#1:14 ចូរដាក់ចំណែករបស់អ្នករួមជាមួយយើងចុះ―ន័យត្រង់គឺ “ចូរបោះឆ្នោតរបស់អ្នកក្នុងចំណោមយើងចុះ”។
យើងទាំងអស់គ្នានឹងមានថង់ប្រាក់តែមួយ!”
15កូនរបស់ខ្ញុំអើយ កុំដើរជាមួយពួកគេក្នុងផ្លូវនោះឡើយ
ចូរឃាត់ឃាំងជើងអ្នកពីគន្លងរបស់ពួកគេ
16ដ្បិតជើងពួកគេរត់ទៅរកការអាក្រក់
ហើយពួកគេរហ័សនឹងបង្ហូរឈាម។
17ជាការពិត ដែលរាយសំណាញ់នៅមុខភ្នែកសត្វស្លាបណាមួយ ជាការឥតប្រយោជន៍ទេ។
18តាមពិត ពួកគេសម្ងំចាំបង្ហូរឈាមខ្លួនឯង
ហើយពួនស្ទាក់ព្រលឹងរបស់ខ្លួនឯងវិញទេ។
19ផ្លូវរបស់អស់អ្នកដែលលោភចង់បានកម្រៃទុច្ចរិត គឺដូច្នេះឯង
វាដកយកព្រលឹងរបស់ម្ចាស់វាទៅ។
ពាក្យស្រែកហៅរបស់ប្រាជ្ញា
20ប្រាជ្ញាស្រែកយ៉ាងខ្លាំងនៅតាមផ្លូវ
ហើយបន្លឺសំឡេងរបស់នាងនៅកន្លែងសាធារណៈ។
21នាងស្រែកហៅនៅដើមផ្លូវអ៊ូអែ
ទាំងថ្លែងពាក្យពេចន៍នៅមាត់ច្រកខ្លោងទ្វារទីក្រុងថា៖
22“ឱមនុស្សខ្វះចំណេះដឹងអើយ!
តើអ្នករាល់គ្នានឹងស្រឡាញ់ភាពខ្វះចំណេះដឹងដល់ពេលណា?
តើមនុស្សចំអកឡកឡឺយនឹងពេញចិត្តចំពោះការចំអកឡកឡឺយ
ហើយមនុស្សល្ងង់ស្អប់ចំណេះដឹងដល់ពេលណា?
23ចូរឲ្យអ្នករាល់គ្នាបែរមករកការស្ដីប្រដៅរបស់ខ្ញុំវិញ
នោះមើល៍! ខ្ញុំនឹងចាក់វិញ្ញាណរបស់ខ្ញុំលើអ្នករាល់គ្នា
ហើយធ្វើឲ្យអ្នករាល់គ្នាយល់ពាក្យរបស់ខ្ញុំ!
24ដោយសារខ្ញុំបានស្រែកហៅ ប៉ុន្តែអ្នករាល់គ្នាបដិសេធ
ខ្ញុំបានលាតដៃរបស់ខ្ញុំ ប៉ុន្តែគ្មានអ្នកណាយកចិត្តទុកដាក់
25ដោយសារអ្នករាល់គ្នាធ្វើព្រងើយនឹងអស់ទាំងដំបូន្មានរបស់ខ្ញុំ
ហើយមិនព្រមទទួលពាក្យស្ដីប្រដៅរបស់ខ្ញុំ
26ដូច្នេះ ខ្ញុំនឹងសើចដែរ ចំពោះសេចក្ដីអន្តរាយរបស់អ្នករាល់គ្នា
ខ្ញុំនឹងសើចចំអកនៅពេលការភិតភ័យរបស់អ្នករាល់គ្នាមកដល់
27នៅពេលការភិតភ័យរបស់អ្នករាល់គ្នាមកដល់ដូចព្យុះ
ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមកដល់ដូចខ្យល់កួច
គឺនៅពេលទុក្ខវេទនា និងទុក្ខព្រួយធ្លាក់មកលើអ្នករាល់គ្នា។
28ពេលនោះ ពួកគេនឹងស្រែកហៅខ្ញុំ ប៉ុន្តែខ្ញុំនឹងមិនឆ្លើយទេ
ពួកគេនឹងខំប្រឹងស្វែងរកខ្ញុំ ប៉ុន្តែរកខ្ញុំមិនឃើញឡើយ។
29នេះគឺដោយសារពួកគេបានស្អប់ចំណេះដឹង
ហើយមិនបានជ្រើសរើសការកោតខ្លាចព្រះយេហូវ៉ា
30ក៏មិនព្រមទទួលដំបូន្មានរបស់ខ្ញុំ
ហើយបានមើលងាយអស់ទាំងពាក្យស្ដីប្រដៅរបស់ខ្ញុំដែរ
31ដូច្នេះ ពួកគេនឹងស៊ីផលផ្លែពីផ្លូវរបស់ខ្លួន
ហើយបានឆ្អែតដោយឧបាយកលរបស់ខ្លួន។
32ជាការពិត ការបកក្រោយរបស់មនុស្សខ្វះចំណេះដឹងនឹងធ្វើឲ្យខ្លួនគេស្លាប់
ហើយសេចក្ដីសុខស្រួលរបស់មនុស្សល្ងង់នឹងបំផ្លាញខ្លួនគេ;
33រីឯអ្នកដែលស្ដាប់តាមខ្ញុំ នឹងរស់នៅដោយសុខដុមរមនា
ហើយនៅសុខសាន្តឥតភ័យខ្លាចមហន្តរាយឡើយ”៕
ទើបបានជ្រើសរើសហើយ៖
សុភាសិត 1: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative