រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សុភាសិត 3

3
ជឿទុកចិត្តលើព្រះអម្ចាស់
1កូន​របស់ខ្ញុំ​អើយ កុំ​ភ្លេច​សេចក្ដីបង្រៀន​របស់ខ្ញុំ​ឡើយ
ផ្ទុយទៅវិញ ចូរ​រក្សា​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​ចិត្ត​អ្នក
2ដ្បិត​វា​នឹង​បន្ថែម​អាយុវែង ឆ្នាំនៃអាយុ និង​សេចក្ដីសុខសាន្ត​ដល់​អ្នក​។
3កុំឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ចាកចេញ​ពី​អ្នក​ឡើយ
ចូរ​ចង​សេចក្ដីទាំងនេះ​ក្រវាត់​នឹង​ក​អ្នក
ចូរ​ចារឹក​វា​លើ​បន្ទះ​ដួងចិត្ត​អ្នក
4នោះ​អ្នក​នឹង​រកបាន​សេចក្ដីសន្ដោស និង​សុភនិច្ឆ័យ​ដ៏ល្អ
នៅចំពោះ​ព្រះនេត្រ​របស់​ព្រះ និង​នៅចំពោះ​ភ្នែក​មនុស្ស​។
5ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​អស់ពី​ចិត្ត
កុំ​ពឹងផ្អែក​លើ​ការយល់ដឹង​របស់ខ្លួន​ឡើយ​។
6ក្នុង​គ្រប់ទាំង​ផ្លូវ​របស់អ្នក ចូរ​ទទួលស្គាល់​ព្រះអង្គ
នោះ​ព្រះអង្គ​នឹង​តម្រង់​គន្លង​របស់អ្នក​។
7កុំ​ធ្វើជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ឡើយ
ចូរ​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​បែរចេញ​ពី​សេចក្ដី​អាក្រក់​;
8ការនេះ​នឹង​បានជា​ការជាសះស្បើយ​ដល់​រូបកាយ#3:8 រូបកាយ―ន័យត្រង់គឺ “ផ្ចិត”។​អ្នក
និង​ជា​ការស្រស់ស្រាយឡើងវិញ​ដល់​ឆ្អឹង​អ្នក​។
9ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះយេហូវ៉ា​ដោយ​ទ្រព្យសម្បត្តិ
និង​ដោយ​ផលដំបូង​នៃ​អស់ទាំង​ផល​របស់អ្នក​ចុះ
10នោះ​ជង្រុក​របស់អ្នក​នឹង​ត្រូវបាន​បំពេញ​យ៉ាងបរិបូរ
ហើយ​ទីបញ្ជាន់ផ្លែ​របស់អ្នក​នឹង​ហូរហៀរ​ដោយ​ស្រាទំពាំងបាយជូរថ្មី​។
11កូន​របស់ខ្ញុំ​អើយ កុំ​មើលងាយ​ការប្រៀនប្រដៅ​របស់​ព្រះយេហូវ៉ា​ឡើយ
ហើយក៏​កុំ​ជិនឆ្អន់​នឹង​ការស្ដីប្រដៅ​របស់ព្រះអង្គ​ដែរ​!
12ដ្បិត​ព្រះយេហូវ៉ា​ស្ដីបន្ទោស​អ្នកដែល​ព្រះអង្គ​ស្រឡាញ់
គឺ​ដូចជា​ឪពុក​ធ្វើ​ចំពោះ​កូន​ដែល​ខ្លួន​ពេញចិត្ត​។
ប្រាជ្ញានាំមកនូវសុភមង្គល
13មានពរ​ហើយ អ្នកដែល​រកឃើញ​ប្រាជ្ញា
និង​អ្នកដែល​រកបាន​ការយល់ដឹង​!
14ដ្បិត​កម្រៃ​ពី​ប្រាជ្ញា​ប្រសើរ​ជាង​កម្រៃ​ពី​ប្រាក់
ហើយ​ផល​របស់នាង​ប្រសើរ​ជាង​មាស​;
15នាង​មានតម្លៃ​ជាង​ត្បូងទទឹម
ហើយ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់អ្នក ក៏​មិនអាច​ប្រៀបផ្ទឹម​នឹង​នាង​បានឡើយ​។
16អាយុវែង​នៅ​ដៃស្ដាំ​របស់នាង
ហើយ​ភាពស្ដុកស្ដម្ភ និង​សិរីរុងរឿង​នៅ​ដៃឆ្វេង​របស់នាង​;
17ផ្លូវ​របស់នាង​ជា​ផ្លូវ​នៃ​សេចក្ដីសោមនស្ស
ហើយ​អស់ទាំង​គន្លង​របស់នាង​គឺ​សេចក្ដីសុខសាន្ត​។
18នាង​ជា​ដើមឈើ​នៃ​ជីវិត​ដល់​អ្នកដែល​កាន់ខ្ជាប់​នឹង​នាង
ហើយ​អ្នកដែល​ចាប់​នាង​ជាប់ នឹង​ត្រូវបាន​ហៅថាមានព្រះពរ​។
19ព្រះយេហូវ៉ា​បាន​ចាក់គ្រឹះ​ផែនដី​ដោយ​ប្រាជ្ញា
ព្រះអង្គ​បាន​តាំង​បណ្ដាមេឃ​ឡើង​ដោយ​ការយល់ដឹង​;
20ទីជម្រៅ​បាន​ធ្លាយចេញ​ដោយ​ចំណេះដឹង​របស់ព្រះអង្គ
ហើយ​ពពក​ក៏​ស្រក់​ទឹកសន្សើម​។
21កូន​របស់ខ្ញុំ​អើយ ចូរ​រក្សា​ប្រាជ្ញាត្រឹមត្រូវ និង​សមត្ថភាពពិចារណា
កុំឲ្យ​សេចក្ដីទាំងនេះ​បាត់​ពី​ភ្នែក​អ្នក​ឡើយ​!
22សេចក្ដីទាំងនេះ​ជា​ជីវិត​សម្រាប់​ព្រលឹង​របស់អ្នក
ហើយ​ជា​គ្រឿងតុបតែង​សម្រាប់​ក​របស់អ្នក​។
23ធ្វើដូច្នេះ កូន​នឹង​ដើរ​ដោយ​សុវត្ថិភាព​ក្នុង​ផ្លូវ​របស់អ្នក
ហើយ​ជើង​របស់អ្នក​នឹង​មិន​ជំពប់​ឡើយ​;
24ប្រសិនបើ​អ្នក​ដេក អ្នក​នឹង​មិន​ភ័យខ្លាច​ឡើយ​;
នៅពេល​អ្នក​ដេក ដំណេក​របស់អ្នក​នឹង​បាន​លក់ស្រួល​។
25កុំ​ខ្លាច​សេចក្ដីភិតភ័យ​ដែលមក​ក្នុងមួយរំពេច​ឡើយ
ហើយក៏​កុំ​ខ្លាច​ការហិនវិនាស​របស់​មនុស្ស​អាក្រក់ កាលណា​វា​ធ្លាក់មក​នោះ​ដែរ
26ដ្បិត​ព្រះយេហូវ៉ា​ជា​ទីទុកចិត្ត​របស់អ្នក
ហើយ​ព្រះអង្គ​នឹង​ការពារ​ជើង​អ្នក​ពី​អន្ទាក់​។
ប្រព្រឹត្តត្រឹមត្រូវដល់អ្នកដទៃ
27កុំ​បង្ខាំងទុក​ការ​ល្អ​ពី​អ្នកដែលសមនឹងទទួល
នៅពេល​ដៃ​របស់អ្នក​មាន​សមត្ថភាព​ធ្វើ​បាន​នោះ​ឡើយ​;
28កុំ​និយាយ​នឹង​អ្នកជិតខាង​របស់អ្នក​ថា​៖
“ទៅ​សិន​ចុះ រួចសឹម​មកវិញ ថ្ងៃស្អែក​ខ្ញុំ​នឹង​ឲ្យ”
ខណៈដែល​មាន​នៅនឹង​អ្នក​ហើយ​។
29កុំ​ប៉ងធ្វើ​ការអាក្រក់​ទាស់នឹង​អ្នកជិតខាង​របស់អ្នក​ឡើយ
ពេល​គេ​រស់នៅ​ដោយ​សុខសាន្ត​នៅក្បែរ​អ្នក​;
30កុំ​ឈ្លោះ​ជាមួយ​គេ​ដោយគ្មានមូលហេតុ​ឡើយ
នៅពេល​គេ​មិន​បាន​ប្រព្រឹត្ត​ការអាក្រក់​ដល់​អ្នក​។
31កុំ​ច្រណែន​មនុស្ស​ហិង្សា​ឡើយ
ក៏​កុំ​ជ្រើសរើស​ផ្លូវ​ណាមួយ​របស់គេ​ដែរ
32ដ្បិត​មនុស្ស​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា
ប៉ុន្តែ​ព្រះអង្គ​ស្និទ្ធស្នាល​នឹង​មនុស្ស​ទៀងត្រង់​វិញ​។
33បណ្ដាសា​របស់​ព្រះយេហូវ៉ា​ស្ថិត​នៅលើ​ផ្ទះ​របស់​មនុស្ស​អាក្រក់
ប៉ុន្តែ​ព្រះអង្គ​ប្រទានពរ​លំនៅ​របស់​មនុស្ស​សុចរិត​វិញ​;
34ចំពោះ​មនុស្សចំអកឡកឡឺយ ព្រះអង្គ​ចំអកឡកឡឺយ​ដាក់ពួកគេ
រីឯ​ចំពោះ​មនុស្ស​រាបទាប​វិញ ព្រះអង្គ​ប្រទាន​ព្រះគុណ​។
35មនុស្ស​មានប្រាជ្ញា​នឹង​ទទួល​សិរីរុងរឿង​ជាមរតក
រីឯ​មនុស្សល្ងង់​វិញ នឹង​ទទួលបាន​សេចក្ដីអាម៉ាស់​៕

ទើបបានជ្រើសរើសហើយ៖

សុភាសិត 3: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល