រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សុភាសិត 19

19
1អ្នកក្រីក្រ​ដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ខ្លួន
ប្រសើរ​ជាង​អ្នកដែល​មាន​បបូរមាត់​វៀចវេរ ហើយ​ជា​មនុស្សល្ងង់​។
2ចិត្តឆេះឆួល​ដែល​គ្មាន​ចំណេះដឹង គឺ​មិន​ល្អ​ទេ#19:2 ចិត្តឆេះឆួលដែលគ្មាន​ចំណេះដឹង គឺមិន​ល្អ​ទេ―ឬ “ចិត្តគ្មាន​ចំណេះដឹង គឺមិនល្អទេ”។
ហើយ​អ្នកដែល​ប្រញាប់​ឈាន​ជើង អ្នកនោះ​ភ្លាត់ដំណើរ​។
3ភាពល្ងីល្ងើ​របស់​មនុស្ស​បំផ្លាញ​ផ្លូវ​របស់ខ្លួន
ប៉ុន្តែ​ចិត្ត​អ្នកនោះ​ច្រឡោតខឹង​នឹង​ព្រះយេហូវ៉ា​វិញ​។
4ទ្រព្យសម្បត្តិ​បង្កើនចំនួន​មិត្តភក្ដិ​ឲ្យ​ច្រើន​ឡើង
រីឯ​អ្នកក្រខ្សត់​ត្រូវបាន​បំបែកបំបាក់​ពី​មិត្តសម្លាញ់​របស់ខ្លួន​។
5សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ
ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​ក៏​គេច​មិន​រួច​ដែរ​។
6មនុស្ស​ជាច្រើន​ខំយកចិត្ត​អភិជន
ហើយ​មនុស្ស​ទាំងអស់​ជា​មិត្តភក្ដិ​នឹង​អ្នក​ដែលជូន​ជំនូន​។
7អស់ទាំង​បងប្អូន​របស់​អ្នកក្រីក្រ​ស្អប់​គាត់​ទៅហើយ
ចុះទម្រាំ​មិត្តភក្ដិ​របស់គាត់​វិញ តើ​គេ​ចេញឆ្ងាយ​ពី​គាត់​អម្បាលម៉ាន​ទៅទៀត​!
គាត់​អង្វរ​ដោយ​ពាក្យសម្ដី ក៏​ពួកគេ​មិន​ខ្វល់#19:7 ខ្វល់​―ជាពាក្យជំនួយ។​ដែរ​។
8អ្នកដែល​ទទួលបាន​វិចារណញ្ញាណ ស្រឡាញ់​ព្រលឹង​របស់ខ្លួន
អ្នកដែល​រក្សា​ការយល់ដឹង រកឃើញ​សេចក្ដី​ល្អ​។
9សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ
ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​នឹង​វិនាស​។
10ភាពប្រណិត​មិន​សម​នឹង​មនុស្សល្ងង់​ទៅហើយ
ចុះទម្រាំ​ការដែល​បាវបម្រើ​គ្រប់គ្រង​លើ​អ្នកដឹកនាំ តើ​មិន​សម​អម្បាលម៉ាន​ទៅទៀត​!
11សុភនិច្ឆ័យ​របស់​មនុស្ស​ធ្វើឲ្យ​ខ្លួន​យឺត​នឹង​ខឹង
ហើយ​ភាពរុងរឿង​របស់អ្នកនោះ គឺ​ការ​មើលរំលង​ការបំពាន​។
12សេចក្ដីក្រេវក្រោធ​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ
រីឯ​ការគាប់ព្រះទ័យ​របស់ទ្រង់​ប្រៀបដូចជា​ទឹកសន្សើម​នៅលើ​ស្មៅ​។
13កូន​ល្ងង់​ជា​សេចក្ដីអន្តរាយ​ដល់​ឪពុក​របស់ខ្លួន
រីឯ​ការឌុកដាន់​ពី​ប្រពន្ធ​ប្រៀបដូចជា​តំណក់ទឹក​ដែល​ស្រក់#19:13 ដែល​ស្រក់​―ជាពាក្យជំនួយ។​ជានិច្ច​។
14ផ្ទះ និង​ទ្រព្យសម្បត្តិ ជា​មរតក​មកពី​ដូនតា
រីឯ​ប្រពន្ធ​មានប្រាជ្ញា​វិញ គឺ​មកពី​ព្រះយេហូវ៉ា​។
15ភាពខ្ជិលច្រអូស​ធ្វើឲ្យ​ធ្លាក់​ទៅក្នុង​ការលង់លក់
ហើយ​មនុស្ស#19:15 មនុស្ស―ន័យត្រង់គឺ “ព្រលឹង”។​ខ្ជិលច្រអូស​នឹង​អត់ឃ្លាន​។
16អ្នកដែល​រក្សា​សេចក្ដីបង្គាប់ គឺ​រក្សា​ព្រលឹង​របស់ខ្លួន
អ្នកដែល​មើលងាយ​ផ្លូវ​របស់ខ្លួន មុខជាស្លាប់មិនខាន​។
17អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​អ្នកក្រខ្សត់ គឺ​ឲ្យ​ព្រះយេហូវ៉ា​ខ្ចី
ហើយ​ព្រះអង្គ​នឹង​តបសង​ដល់​គាត់​វិញ​តាម​ទង្វើ​របស់គាត់​។
18ចូរ​ប្រៀនប្រដៅ​កូន​របស់អ្នក ក្នុងកាលដែល​មាន​សង្ឃឹម​នៅឡើយ
គឺ​កុំ​ទុកឲ្យ​ការរំជួលចិត្ត​របស់អ្នក​ធ្វើឲ្យ​វា​ស្លាប់​ឡើយ​។
19មនុស្សនៃ​សេចក្ដីក្ដៅក្រហាយ​នឹង​ទទួល​ទោស​;
ប្រសិនបើ​អ្នក​ជួយ​គេ​ឲ្យរួច​ម្ដង ក៏​អ្នក​ត្រូវតែ​ជួយ​ម្ដងទៀត​។
20ចូរ​ស្ដាប់​ដំបូន្មាន ហើយ​ទទួលយក​ការប្រៀនប្រដៅ​ចុះ
ដើម្បីឲ្យ​អ្នក​មានប្រាជ្ញា​នៅពេល​អនាគត​របស់អ្នក​។
21នៅក្នុង​ចិត្ត​របស់​មនុស្ស​មាន​គម្រោង​ជាច្រើន
ប៉ុន្តែ​មានតែ​ផែនការ​របស់​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នៅស្ថិតស្ថេរ​។
22អ្វីដែលគួរឲ្យប្រាថ្នាចង់បាន​ក្នុង​មនុស្ស គឺ​ភាពស្មោះត្រង់#19:22 ភាពស្មោះត្រង់―ឬ “សេចក្ដីស្រឡាញ់ឥតប្រែប្រួល”។​របស់អ្នកនោះ
ហើយ​អ្នកក្រីក្រ​ប្រសើរ​ជាង​មនុស្ស​ភូតភរ​។
23ការកោតខ្លាច​ព្រះយេហូវ៉ា​នាំទៅរក​ជីវិត
ហើយ​អ្នកដែលធ្វើដូច្នេះ​នឹង​ដេក​ស្កប់ស្កល់ គ្មាន​មហន្តរាយ​ប៉ះពាល់​គាត់​ឡើយ​។
24មនុស្ស​ខ្ជិលច្រអូស​លូក​ដៃ​របស់​ខ្លួន​ទៅក្នុង​ចាន
ក៏​មិន​យក​ដៃ​មកដាក់វិញ សូម្បីតែ​ក្នុង​មាត់​របស់ខ្លួន​។
25ចូ​រ​វាយ​មនុស្សចំអកឡកឡឺយ នោះ​មនុស្សខ្វះចំណេះដឹង​នឹង​ចេះប្រុងប្រយ័ត្ន
ចូរ​ស្ដីបន្ទោស​អ្នកដែល​មានការយល់ច្បាស់ នោះ​គេ​នឹង​យល់ច្បាស់​នូវ​ចំណេះដឹង​។
26អ្នកដែល​ធ្វើបាប​ឪពុក ហើយ​បណ្ដេញ​ម្ដាយ​របស់ខ្លួន
ជា​កូន​ដែល​នាំមកនូវសេចក្ដីអាម៉ាស់ និង​ធ្វើឲ្យ​អាប់យស​។
27កូន​របស់ខ្ញុំ​អើយ ចូរ​ឈប់​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​មើល៍
នោះ​អ្នក​នឹង​វង្វេង​ចេញពី​ពាក្យ​នៃ​ចំណេះដឹង​!
28សាក្សី​អប្រិយ#19:28 អប្រិយ―ន័យត្រង់គឺ “បេលាល”។​ចំអកឡកឡឺយ​ដាក់​សេចក្ដីយុត្តិធម៌
ហើយ​មាត់​របស់​មនុស្ស​អាក្រក់​លេប​សេចក្ដីទុច្ចរិត​។
29ការកាត់ទោស​ត្រូវបាន​រៀបចំ​សម្រាប់​មនុស្សចំអកឡកឡឺយ
ហើយ​ការវាយនឹងរំពាត់​ត្រូវបាន​រៀបចំ​សម្រាប់​ខ្នង​របស់​មនុស្សល្ងង់​៕

ទើបបានជ្រើសរើសហើយ៖

សុភាសិត 19: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល