រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សុភាសិត 20

20
1ស្រា​ជា​អ្នកចំអកឡកឡឺយ ហើយ​គ្រឿងស្រវឹង​ជា​អ្នក​ឡូឡា
អស់អ្នក​ដែល​វង្វេង​ដោយសារតែ​វា គ្មានប្រាជ្ញាឡើយ​។
2សេចក្ដីគំរាមកំហែង​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ
អ្នកដែល​ធ្វើឲ្យ​ទ្រង់​ខ្ញាល់ គឺ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រលឹង​របស់ខ្លួន​។
3ការនៅឲ្យឆ្ងាយ​ពី​ជម្លោះ​ជា​សិរីរុងរឿង​សម្រាប់​មនុស្ស
រីឯ​អស់ទាំង​មនុស្សល្ងីល្ងើ​បង្កជម្លោះ​។
4មនុស្ស​ខ្ជិលច្រអូស​មិន​ភ្ជួររាស់​តាម​រដូវ#20:4 តាមរដូវ―ន័យត្រង់គឺ “ក្នុងរដូវរងា”។
លុះដល់​រដូវច្រូតកាត់ គាត់​រក​អ្វីច្រូត​មិនបានឡើយ​។
5ផែនការ​នៅក្នុង​ចិត្ត​មនុស្ស ជា​ទឹក​ដ៏ជ្រៅ
ប៉ុន្តែ​មនុស្ស​មាន​ការយល់ដឹង នឹង​ដង​វា​ចេញមក​។
6មនុស្ស​ជាច្រើន​អះអាង​អំពី​ភាពស្មោះត្រង់​របស់ខ្លួន
ប៉ុន្តែ​តើ​នរណា​អាច​រកបាន​មនុស្ស​ស្មោះត្រង់​?
7មនុស្ស​សុចរិត​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ខ្លួន​;
កូនចៅ​ជំនាន់ក្រោយ​របស់គាត់​មានពរ​យ៉ាងណាហ្ន៎​!
8ស្ដេច​ដែល​គង់​លើ​បល្ល័ង្ក​កាត់ក្ដី
ទ្រង់​អុំ​អស់ទាំង​ការ​អាក្រក់​ចេញ​ដោយ​ព្រះនេត្រ​របស់ទ្រង់​។
9តើ​នរណា​អាច​និយាយ​បាន​ថា​៖
“ខ្ញុំ​បាន​រក្សា​ចិត្ត​របស់ខ្ញុំ​ឲ្យបរិសុទ្ធ
ខ្ញុំ​បាន​ជ្រះស្អាត​ពី​បាប​របស់ខ្ញុំ​ហើយ”?
10កូនជញ្ជីង​ពីរផ្សេងគ្នា និង​រង្វាល់​ពីរផ្សេងគ្នា
វា​ទាំង​ពីរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា​។
11សូម្បីតែ​កូនក្មេង#20:11 កូនក្មេង​―ឬ “យុវជន”។​ក៏​ត្រូវបាន​ស្គាល់​ដោយ​ទង្វើ​របស់វា
ថា​តើ​ការប្រព្រឹត្ត​របស់វា​បរិសុទ្ធ និង​ទៀងត្រង់​ឬយ៉ាងណា​។
12ត្រចៀក​ដែល​ស្ដាប់ឮ និង​ភ្នែក​ដែល​មើលឃើញ
គឺ​ព្រះយេហូវ៉ា​បាន​បង្កើត​ទាំង​ពីរ​។
13កុំ​ស្រឡាញ់​ការដេក​ឡើយ ក្រែងលោ​អ្នក​នឹង​ធ្លាក់ខ្លួនក្រ​;
ចូរ​បើក​ភ្នែក​របស់អ្នក នោះ​នឹង​បាន​ឆ្អែត​ដោយ​អាហារ​!
14អ្នកទិញ​តែងតែ​និយាយថា​៖ “អត់ល្អ​! អត់ល្អ​!”
លុះ​ដើរចេញទៅ ក៏​ចេះតែ​អួត​គេ​វិញ​។
15មាស និង​ត្បូងទទឹម​មាន​បរិបូរ
ប៉ុន្តែ​បបូរមាត់​នៃ​ចំណេះដឹង ជា​គ្រឿងអលង្ការ​ដ៏មានតម្លៃ​។
16ចំពោះ​អ្នកដែល​ធានា​ឲ្យ​ជនមិនស្គាល់ ចូរ​យក​សម្លៀកបំពាក់​របស់គាត់
ចំពោះ​អ្នកដែល​ធានា​ឲ្យ​ស្រីក្រៅ ចូរ​យករបស់បញ្ចាំ​ចុះ​។
17អាហារ​ដែលបានដោយ​ភូតភរ ផ្អែម​ដល់​មនុស្ស
ប៉ុន្តែ​ក្រោយមក មាត់​របស់គេ​នឹង​ពេញ​ដោយ​គ្រាប់ក្រួស​វិញ​។
18គម្រោង​បាន​សម្រេច​ដោយសារតែ​ការប្រឹក្សា
ដូច្នេះ​ចូរ​ធ្វើសង្គ្រាម​ដោយ​ការណែនាំ​។
19មនុស្សអេចអូច​ដើរចុះឡើង​លាតត្រដាង​រឿងសម្ងាត់
ដូច្នេះ​កុំ​សេពគប់​ជាមួយ​អ្នកដែល​មាន​មាត់ឥតគម្រប​ឡើយ​។
20ចំពោះ​អ្នកដែល​ជេរប្រមាថ​ឪពុក ឬ​ម្ដាយ​របស់ខ្លួន
ចង្កៀង​របស់អ្នកនោះ​នឹង​ត្រូវបាន​ពន្លត់​នៅក្នុង​សេចក្ដីងងឹត​សូន្យសុង​។
21មរតក​ដែល​បានភ្លាមៗ​ពីដំបូង
នៅចុងក្រោយ​មិន​បានពរ​ឡើយ​។
22កុំ​និយាយថា​៖ “ខ្ញុំ​នឹង​តបសង​ដោយការ​អាក្រក់” ឡើយ​។
ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​នឹង​សង្គ្រោះ​អ្នក​។
23កូនជញ្ជីង​ពីរផ្សេងគ្នា ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា
ហើយ​ត្រាជូ​បោកបញ្ឆោត​ក៏​មិន​ល្អ​ដែរ​។
24ជំហាន​របស់​មនុស្ស​មកពី​ព្រះយេហូវ៉ា
ចុះ​មនុស្ស​អាច​យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន​យ៉ាងដូចម្ដេច​បាន​?
25ការដែល​និយាយដោយធ្វេសប្រហែសថា​៖ “នេះជា​របស់វិសុទ្ធ”
រួច​គិតគូរឡើងវិញ​ក្រោយពី​បន់​ហើយ ជា​អន្ទាក់​ដល់​មនុស្ស​។
26ស្ដេច​ដែល​មានប្រាជ្ញា​អុំ​មនុស្ស​អាក្រក់​ចេញ
ហើយ​កិន​ពួកគេ​ដោយ​កង់បញ្ជាន់ស្រូវ​។
27វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​របស់​ព្រះយេហូវ៉ា
ដែល​ស្ទង់មើល​អស់ទាំង​ផ្នែកខាងក្នុងនៃចិត្ត​។
28សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ការពារ​ស្ដេច
ហើយ​បល្ល័ង្ក​របស់ទ្រង់​ត្រូវបាន​ទ្រទ្រង់ ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​។
29ភាពរុងរឿង​របស់​ពួក​មនុស្សកំលោះ គឺ​កម្លាំង​របស់ពួកគេ
ហើយ​សិរីរុងរឿង​របស់​ចាស់ៗ គឺ​សក់ស្កូវ​។
30ស្នាមរំពាត់ សម្អាត​មនុស្ស​ពី​សេចក្ដី​អាក្រក់
ការវាយដំ សម្អាត​ផ្នែកខាងក្នុងនៃចិត្ត​៕

ទើបបានជ្រើសរើសហើយ៖

សុភាសិត 20: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល