រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សុភាសិត 18

18
1អ្នកដែល​ផ្ដាច់ខ្លួនចេញពីគេ គឺ​ស្វែងរក​តែ​ចំណង់​របស់ខ្លួន
ហើយ​ប្រឆាំង​នឹង​ប្រាជ្ញាត្រឹមត្រូវ​គ្រប់យ៉ាង​។
2មនុស្សល្ងង់​មិន​ពេញចិត្ត​នឹង​ការយល់ដឹង​ទេ
គឺ​គ្រាន់តែ​ចង់​បញ្ចេញ​យោបល់​របស់ខ្លួន​ប៉ុណ្ណោះ​។
3កាលណា​មនុស្ស​អាក្រក់​មកដល់ សេចក្ដីមើលងាយ​ក៏​មក​ជាមួយ
ហើយ​កាលណា​ការត្មះតិះដៀល​មកដល់ សេចក្ដីអាម៉ាស់​ក៏​មក​ជាមួយ​ដែរ​។
4ពាក្យសម្ដី​ពី​មាត់​មនុស្ស​ជា​ទឹក​ដ៏ជ្រៅ​;
ប្រភពទឹក​នៃ​ប្រាជ្ញា​ជា​ទឹកជ្រោះ​ដែល​ហូរចេញ​។
5ការដែល​យល់មុខ​មនុស្ស​អាក្រក់
ឬ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត
មិន​ល្អ​ទេ​។
6បបូរមាត់​របស់​មនុស្សល្ងង់​ចូលទៅ​ក្នុង​ជម្លោះ
ហើយ​មាត់​របស់គាត់​អញ្ជើញ​ការវាយនឹងរំពាត់​ឲ្យមក​។
7មាត់​របស់​មនុស្សល្ងង់​ជា​សេចក្ដីហិនវិនាស​ដល់​ខ្លួនគេ
ហើយ​បបូរមាត់​របស់គាត់​ជា​អន្ទាក់​ដល់​ព្រលឹង​របស់ខ្លួន​។
8ពាក្យសម្ដី​របស់​អ្នក​និយាយអេចអូច ប្រៀបដូចជា​អាហារដ៏ឆ្ងាញ់
ដែល​ចុះទៅ​ដល់​ផ្នែកខាងក្នុងនៃរូបកាយ​។
9អ្នកដែល​ខ្ជិល​ក្នុង​ការងារ​របស់ខ្លួន
អ្នកនោះ​ជា​បងប្អូន​នឹង​អ្នកបំផ្លាញ​។
10ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​ប៉ម​ដ៏រឹងមាំ
មនុស្ស​សុចរិត​នឹង​រត់ទៅ​រក​ប៉មនោះ ក៏​ត្រូវបាន​លើកឡើងឲ្យរួចផុត​។
11ទ្រព្យសម្បត្តិ​របស់​អ្នកមាន​ជា​ទីក្រុង​ដ៏រឹងមាំ​ដល់ខ្លួនគេ
ហើយ​ដូចជា​កំពែង​ដ៏ខ្ពស់​ក្នុង​ការស្រមើស្រមៃ​របស់ខ្លួនគេ​។
12មុន​សេចក្ដីអន្តរាយ ចិត្ត​របស់​មនុស្ស​លើកខ្លួនឡើង
មុន​សិរីរុងរឿង មាន​ការបន្ទាបខ្លួន​។
13អ្នកដែល​ឲ្យ​ចម្លើយ​មុននឹង​ស្ដាប់
នោះ​ជា​ភាពល្ងង់ និង​ជា​ភាពអាប់យស​ដល់​អ្នកនោះ​។
14វិញ្ញាណ​របស់​មនុស្ស​ទ្រាំទ្រ​នឹង​ជំងឺ​របស់ខ្លួន
ប៉ុន្តែ​វិញ្ញាណ​ខ្ទេចខ្ទាំ​វិញ តើ​នរណា​អាច​ទ្រ​វា​ឡើង​បាន​?
15ចិត្ត​ដែល​មានការយល់ច្បាស់ ទទួលបាន​ចំណេះដឹង
ហើយ​ត្រចៀក​របស់​មនុស្ស​មានប្រាជ្ញា​ក៏​ស្វែងរក​ចំណេះដឹង​ដែរ​។
16ជំនូន​របស់​មនុស្ស​បើកផ្លូវ​ឲ្យ​អ្នកនោះ
ហើយ​នាំ​អ្នកនោះ​ទៅ​នៅចំពោះ​អ្នកធំ​។
17អ្នកដែល​ប្ដឹង#18:17 ប្ដឹង―ជាពាក្យជំនួយ។​រឿងក្ដី​មុនគេ មើលទៅដូចជា​ត្រឹមត្រូវ​មែន
ប៉ុន្តែ​កាលណា​គូវិវាទ​មក​ដល់ ហើយ​សាកសួរ​អ្នកនោះ ទើបដឹងច្បាស់#18:17 ទើបដឹងច្បាស់―ជាពាក្យជំនួយ។​។
18ការចាប់ឆ្នោត​អាច​បញ្ចប់​ជម្លោះ
ហើយ​បំបែក​ពួកអ្នក​ខ្លាំងពូកែ​ចេញពីគ្នា​។
19បងប្អូន​ដែល​អាក់អន់ចិត្ត ពិបាកចូលទៅជិត#18:19 ពិបាក​ចូលទៅជិត―ជាពាក្យជំនួយ។​ជាង​ទីក្រុង​ដ៏រឹងមាំ​ទៅទៀត
ហើយ​ជម្លោះ​ក៏​ប្រៀបដូចជា​រនុក​បន្ទាយ​។
20ក្រពះ​មនុស្ស​នឹង​ឆ្អែត​ដោយ​ផលផ្លែ​នៃ​មាត់​របស់ខ្លួន
ក៏​នឹង​ឆ្អែត​ដោយ​ភោគផល​នៃ​បបូរមាត់​របស់ខ្លួន​ដែរ​។
21សេចក្ដីស្លាប់ និង​ជីវិត នៅក្រោម​អំណាច​នៃ​អណ្ដាត
អ្នកដែល​ស្រឡាញ់​អណ្ដាត ក៏​នឹង​ហូប​ផល​របស់វា​។
22អ្នកដែល​រកបាន​ប្រពន្ធ គឺ​រកបាន​របស់​ល្អ
ហើយ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា​។
23អ្នកក្រីក្រ​និយាយ​ពាក្យអង្វរករ
ប៉ុន្តែ​អ្នកមាន​ឆ្លើយ​យ៉ាងគំរោះគំរើយ​។
24មនុស្ស​ដែល​មាន​មិត្តភក្ដិ​ច្រើន​ក៏​អាច​វិនាស​ដែរ#18:24 មនុស្ស​ដែលមាន​មិត្តភក្ដិ​ច្រើន​ក៏អាចវិនាសដែរ―ឬ “មិត្តភក្ដិខ្លះអាចនាំឲ្យមនុស្សម្នាក់វិនាស”។
ប៉ុន្តែ​មាន​មិត្តសម្លាញ់​ម្នាក់​ដែល​ស្និទ្ធស្នាល​ជាង​បងប្អូន​ទៅទៀត​៕

ទើបបានជ្រើសរើសហើយ៖

សុភាសិត 18: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល