រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សុភាសិត 13

13
1កូន​ដែល​មានប្រាជ្ញា​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក
រីឯ​មនុស្សចំអកឡកឡឺយ​មិន​ស្ដាប់​ពាក្យស្ដីបន្ទោស​ទេ​។
2មនុស្ស​នឹង​ហូប​អ្វីដែល​ល្អ​ពី​ផលផ្លែ​នៃ​មាត់​របស់ខ្លួន
ប៉ុន្តែ​ចំណង់​របស់​មនុស្ស​ក្បត់ គឺ​អំពើហិង្សា​។
3អ្នកដែល​ការពារ​មាត់​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន
រីឯ​អ្នកដែល​បើក​បបូរមាត់​ធំ នាំ​សេចក្ដីហិនវិនាស​មកលើ​ខ្លួនឯង​។
4ព្រលឹង​របស់​មនុស្ស​ខ្ជិលច្រអូស​ចេះតែលោភចង់បាន ប៉ុន្តែ​គ្មាន​បាន​អ្វីសោះ
រីឯ​ព្រលឹង​របស់​មនុស្ស​ឧស្សាហ៍ នឹង​ត្រូវបាន​បំពេញឲ្យស្កប់ស្កល់​។
5មនុស្ស​សុចរិត​ស្អប់​ពាក្យ​ភូតភរ
រីឯ​មនុស្ស​អាក្រក់​វិញ បញ្ចេញសេចក្ដីសម្អុយ ទាំង​ប្រព្រឹត្តគួរឲ្យខ្មាស​ផង​។
6សេចក្ដីសុចរិត​ការពារ​ផ្លូវ​របស់​មនុស្សគ្រប់លក្ខណ៍
ប៉ុន្តែ​សេចក្ដីអាក្រក់​បំផ្លាញ​មនុស្សបាប​។
7មាន​អ្នកខ្លះ​ធ្វើខ្លួនជាអ្នកមាន#13:7 ធ្វើខ្លួនជាអ្នកមាន―ឬ “ធ្វើឲ្យខ្លួនទៅជាអ្នកមាន”។ ប៉ុន្តែ​គ្មានអ្វីសោះ
មាន​អ្នកខ្លះ​ធ្វើខ្លួនជាអ្នកក្រ#13:7 ធ្វើខ្លួនជាអ្នកក្រ―ឬ “ធ្វើឲ្យខ្លួនទៅជាអ្នកក្រ”។ ប៉ុន្តែ​មាន​ទ្រព្យសម្បត្តិ​ច្រើន​។
8ថ្លៃលោះ​នៃ​ជីវិត​របស់​មនុស្ស គឺ​ភាពស្ដុកស្ដម្ភ​របស់គេ
ប៉ុន្តែ​អ្នកក្រីក្រ​មិនដែល​ឮ​ពាក្យសម្លុតគំរាម​ឡើយ​។
9ពន្លឺ​របស់​មនុស្ស​សុចរិត​ធ្វើឲ្យ​អរសប្បាយ
រីឯ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​ពន្លត់​។
10ការក្រអឺតក្រទម​បង្កើត​តែ​ជម្លោះ​ប៉ុណ្ណោះ
រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​អ្នកដែល​ទទួលការណែនាំ​។
11ទ្រព្យសម្បត្តិ​ដែលបាន​ដោយ​ទទេៗ​នឹង​ថយចុះទៅ
រីឯ​អ្នកដែល​ប្រមូល​ដោយផ្ទាល់ដៃ​វិញ នឹង​ចម្រើនឡើង​។
12ក្ដីសង្ឃឹម​ដែល​ត្រូវបាន​ពន្យារពេល​ធ្វើឲ្យឈឺចិត្ត
រីឯ​បំណងប្រាថ្នា​ដែល​ត្រូវបាន​បំពេញឲ្យសម្រេច ជា​ដើមឈើ​នៃ​ជីវិត​។
13អ្នកដែល​មើលងាយ​ព្រះបន្ទូល នាំសេចក្ដីវិនាស​មកលើ​ខ្លួនឯង
រីឯ​អ្នកដែល​កោតខ្លាច​សេចក្ដីបង្គាប់ នឹង​ទទួលបានរង្វាន់​។
14សេចក្ដីបង្រៀន​របស់​មនុស្ស​មានប្រាជ្ញា ជា​ប្រភពទឹក​នៃ​ជីវិត
ដើម្បីឲ្យ​បាន​បែរចេញ​ពី​អន្ទាក់​នៃ​សេចក្ដីស្លាប់​។
15សុភនិច្ឆ័យ​ដ៏ល្អ​នាំឲ្យមាន​ការគាប់ចិត្ត
រីឯ​ផ្លូវ​របស់​មនុស្ស​ក្បត់​ពិបាក#13:15 ពិបាក―ឬ “នៅដដែល”។​វិញ​។
16គ្រប់ទាំង​មនុស្ស​ឆ្លាតវៃ​ប្រព្រឹត្ត​ដោយ​ចំណេះដឹង
រីឯ​មនុស្សល្ងង់​សម្ញែង​សេចក្ដីល្ងង់​។
17អ្នកនាំសារ​អាក្រក់ ធ្លាក់​ទៅក្នុង​មហន្តរាយ
រីឯ​ទូត​ស្មោះត្រង់​ជា​ការប្រោសឲ្យជា​។
18ភាពក្រីក្រ និង​សេចក្ដីអាម៉ាស់​មកដល់​អ្នកដែល​ធ្វើព្រងើយ​នឹង​ការប្រៀនប្រដៅ
រីឯ​អ្នកដែល​ទទួលយក​ពាក្យស្ដីប្រដៅ នឹង​ត្រូវបាន​លើកតម្កើង​។
19បំណងប្រាថ្នា​ដែល​ត្រូវបាន​បំពេញឲ្យសម្រេច ផ្អែម​ដល់​ព្រលឹង
ប៉ុន្តែ​ការ​បែរចេញ​ពី​ការ​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​មនុស្សល្ងង់​។
20អ្នកដែល​ដើរ​ជាមួយ​មនុស្ស​មានប្រាជ្ញា​នឹង​ទៅជាមានប្រាជ្ញា
រីឯ​អ្នកដែល​សេពគប់​ជាមួយ​មនុស្សល្ងង់​នឹង​រងទុក្ខ​។
21មហន្តរាយ​ដេញតាម​មនុស្សបាប
រីឯ​សេចក្ដី​ល្អ​តបសង​មនុស្ស​សុចរិត​។
22មនុស្ស​ល្អ​បន្សល់មរតក​ទុកឲ្យ​កូនចៅនៃកូនចៅ
រីឯ​ទ្រព្យសម្បត្តិ​របស់​មនុស្សបាប​វិញ ត្រូវបាន​រក្សាទុក​សម្រាប់​មនុស្ស​សុចរិត​។
23ដីកាប់ឆ្ការ​របស់​អ្នកក្រីក្រ​ផ្ដល់​ស្បៀងអាហារ​ជាច្រើន
ប៉ុន្តែ​វា​ត្រូវបាន​បំផ្លាញ​ដោយ​ភាពអយុត្តិធម៌​។
24អ្នកដែល​សំចៃទុក​រំពាត់ គឺ​ស្អប់​កូន​របស់ខ្លួន
រីឯ​អ្នកដែល​ស្រឡាញ់​កូន ព្យាយាម​ផ្ដល់​ការប្រៀនប្រដៅ​ដល់​កូន​។
25មនុស្ស​សុចរិត​ហូប​រហូតដល់​ព្រលឹង​របស់ខ្លួន​បាន​ស្កប់ស្កល់
រីឯ​ក្រពះ​របស់​មនុស្ស​អាក្រក់​ឃ្លាន​ជានិច្ច​៕

ទើបបានជ្រើសរើសហើយ៖

សុភាសិត 13: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល