រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

សុភាសិត 14

14
1ស្ត្រី​ដែល​មានប្រាជ្ញា កសាង​ផ្ទះ​របស់ខ្លួន
រីឯ​ស្ត្រី​ល្ងីល្ងើ រំលំ​ផ្ទះ​ដោយផ្ទាល់ដៃ​។
2អ្នកដែល​ដើរ​ក្នុង​សេចក្ដីទៀងត្រង់​របស់ខ្លួន កោតខ្លាច​ព្រះយេហូវ៉ា
រីឯ​អ្នកដែល​ផ្លូវ​របស់ខ្លួន​វៀចវេរ មើលងាយ​ព្រះយេហូវ៉ា​។
3មាត់​របស់​មនុស្សល្ងីល្ងើ នាំមកនូវ​រំពាត់​សម្រាប់​ខ្នង​របស់ខ្លួន#14:3 មាត់​របស់មនុស្សល្ងីល្ងើ នាំមកនូវ​រំពាត់​សម្រាប់​ខ្នងរបស់ខ្លួន―ឬ “ក្នុងមាត់​របស់មនុស្សល្ងីល្ងើ មានខ្នែងនៃសេចក្ដីក្រអឺតក្រទម”។
រីឯ​បបូរមាត់​របស់​មនុស្ស​មានប្រាជ្ញា រក្សា​ខ្លួនគេ​។
4ពេលដែល​គ្មាន​គោ ស្នូកសត្វ​ក៏​ទទេ#14:4 ទទេ―ឬ “ស្អាត”។
ប៉ុន្តែ​ផល​ដ៏ច្រើន ចេញពី​កម្លាំង​របស់​គោ​។
5សាក្សី​ស្មោះត្រង់​មិន​កុហក​ឡើយ
រីឯ​សាក្សី​ភូតភរ​បញ្ចេញ​ពាក្យភូតភរ​។
6មនុស្សចំអកឡកឡឺយ​ស្វែងរក​ប្រាជ្ញា ក៏​រក​មិន​ឃើញ​ឡើយ
ប៉ុន្តែ​ចំណេះដឹង​មក​ដល់​អ្នកដែល​យល់ច្បាស់​យ៉ាងងាយ​។
7ចូរ​ចៀសចេញ​ពី​មនុស្សល្ងង់​ចុះ
ដ្បិត​អ្នក​នឹង​រក​បបូរមាត់​នៃ​ចំណេះដឹង​នៅទីនោះ​មិន​ឃើញ​ឡើយ​។
8ប្រាជ្ញា​របស់​មនុស្ស​ឆ្លាតវៃ យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន
រីឯ​ភាពល្ងីល្ងើ​របស់​មនុស្សល្ងង់ គឺជា​សេចក្ដីបោកបញ្ឆោត​។
9មនុស្សល្ងីល្ងើ​ចំអកឡកឡឺយ​ដាក់​តង្វាយលោះទោស
ប៉ុន្តែ​នៅក្នុងចំណោម​មនុស្ស​ទៀងត្រង់ មាន​ការគាប់ព្រះហឫទ័យ​។
10ចិត្ត​ស្គាល់​សេចក្ដីល្វីងជូរចត់​នៃ​ព្រលឹង​របស់ខ្លួន
ហើយ​អ្នកដទៃ​ក៏​គ្មានចំណែក​នៅក្នុង​អំណរ​របស់វា​ដែរ​។
11ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​បំផ្លាញ
រីឯ​រោង​របស់​មនុស្ស​ទៀងត្រង់​នឹង​លូតលាស់​ឡើង​។
12មាន​ផ្លូវ​មួយ​មើលទៅដូចជា​ត្រឹមត្រូវ​នៅចំពោះ​មនុស្ស
ប៉ុន្តែ​ចុងបញ្ចប់​របស់វា​ជា​ផ្លូវ​នៃ​សេចក្ដីស្លាប់​។
13ទោះបីជា​នៅក្នុង​សំណើច​ក៏ដោយ ក៏​ចិត្ត​អាច​ឈឺចាប់
ហើយ​ចុងបញ្ចប់​នៃ​អំណរ​ក៏​អាចជា​ការព្រួយចិត្ត​ដែរ​។
14អ្នកដែល​បកក្រោយ​ក្នុង​ចិត្ត​នឹង​ត្រូវបាន​ចម្អែត​ដោយ​ផលនៃ​ផ្លូវ​របស់ខ្លួន
រីឯ​មនុស្ស​ល្អ​ក៏​នឹង​ត្រូវបាន​ចម្អែត​ដោយ​ផលនៃ​ផ្លូវ​របស់ខ្លួន​ដែរ​។
15មនុស្សខ្វះចំណេះដឹង ចេះតែ​ជឿ​ពាក្យ​ទាំងអស់
រីឯ​មនុស្ស​ឆ្លាតវៃ​យល់ច្បាស់​នូវ​ជំហាន​របស់ខ្លួន​។
16មនុស្ស​មានប្រាជ្ញា​ភ័យខ្លាច ហើយ​បែរចេញ​ពី​ការ​អាក្រក់
រីឯ​មនុស្សល្ងង់​វិញ តក់ក្រហល់ ហើយ​មិនចេះខ្លាច​។
17មនុស្ស​ឆាប់​ខឹង​ប្រព្រឹត្ត​ការល្ងីល្ងើ
ហើយ​មនុស្ស​មាន​កលល្បិច​នឹង​ត្រូវគេ​ស្អប់​។
18មនុស្សខ្វះចំណេះដឹង​ទទួល​សេចក្ដីល្ងង់​ជាមរតក
រីឯ​មនុស្ស​ឆ្លាតវៃ​ទទួល​ចំណេះដឹង​ជាមកុដ​។
19មនុស្ស​ពាល​នឹង​ក្រាបចុះ​នៅចំពោះ​មនុស្ស​ល្អ
ហើយ​មនុស្ស​អាក្រក់​នឹង​ក្រាបចុះ​នៅ​ខ្លោងទ្វារ​របស់​មនុស្ស​សុចរិត​។
20អ្នកក្រីក្រ​ត្រូវគេ​ស្អប់ សូម្បីតែ​អ្នកជិតខាង​របស់ខ្លួន
រីឯ​អ្នកមាន​វិញ មានមិត្តភក្ដិ​ច្រើន​។
21អ្នកដែល​មើលងាយ​អ្នកជិតខាង​របស់ខ្លួន គឺ​ប្រព្រឹត្តបាប​ហើយ
រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​តូចទាប អ្នកនោះ​មានពរ​ហើយ​!
22តើ​អ្នកដែល​ប៉ងធ្វើ​អាក្រក់ មិន​វង្វេង​ឬ​?
រីឯ​អ្នកដែល​ប៉ងធ្វើ​ល្អ​នឹងទទួលបាន#14:22 នឹងទទួលបាន―ជាពាក្យជំនួយ។​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​។
23អស់ទាំង​ការនឿយហត់ នាំឲ្យមាន​កម្រៃ
រីឯ​សម្ដីទទេ នាំទៅដល់​តែ​ភាពខ្វះខាត​ប៉ុណ្ណោះ​។
24មកុដ​របស់​មនុស្ស​មានប្រាជ្ញា គឺ​ភាពស្ដុកស្ដម្ភ​របស់ខ្លួន
រីឯ​ភាពល្ងង់​របស់​មនុស្សល្ងង់ គឺជា​ភាពល្ងង់​ដដែល​។
25សាក្សី​ដ៏ពិតត្រង់ រំដោះ​ព្រលឹង​គេ#14:25 សាក្សី​ដ៏ពិតត្រង់ រំដោះ​ព្រលឹងគេ―ឬ “សាក្សី​ស្មោះត្រង់ សង្គ្រោះ​ជីវិតគេ”។
រីឯ​មនុស្សបោកបញ្ឆោត បញ្ចេញ​ពាក្យភូតភរ​។
26នៅក្នុង​ការកោតខ្លាច​ព្រះយេហូវ៉ា មនុស្សមានទំនុកចិត្ត​ដ៏រឹងមាំ
ហើយ​កូនចៅ​របស់គេ​នឹង​មាន​ជម្រក​។
27ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ប្រភពទឹក​នៃ​ជីវិត
ដើម្បីឲ្យ​បាន​បែរចេញ​ពី​អន្ទាក់​នៃ​សេចក្ដីស្លាប់​។
28ភាពរុងរឿង​របស់​ស្ដេច​មកពី​ចំនួន​ប្រជារាស្ត្រ
រីឯ​សេចក្ដីហិនវិនាស​របស់​ព្រះរាជា គឺ​ការដែលគ្មាន​ប្រជាជន​។
29មនុស្ស​យឺត​នឹង​ខឹង​មាន​ការយល់ដឹង​ច្រើន
រីឯ​មនុស្ស​ឆាប់​ខឹង​លើកតម្កើង​ភាពល្ងង់​។
30ចិត្ត​ស្ងប់​ជា​ជីវិត​ដល់​រូបកាយ
រីឯ​សេចក្ដីច្រណែន​ជា​ដំបៅរលួយ​ក្នុង​ឆ្អឹង​។
31អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន
រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​ខ្វះខាត គឺ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​។
32មនុស្ស​អាក្រក់​ត្រូវបាន​ផ្ដួលរំលំ​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន
រីឯ​មនុស្ស​សុចរិត​មានទីជ្រកកោន សូម្បីតែ​ក្នុង​ពេលដែល​គាត់​ស្លាប់​។
33ប្រាជ្ញា​ស្ថិតនៅ​ក្នុង​ចិត្ត​របស់​អ្នកដែល​មានការយល់ច្បាស់
ប៉ុន្តែ​ប្រាជ្ញា​សម្ដែង​ខ្លួន សូម្បីតែ​ក្នុងចំណោម​មនុស្សល្ងង់​ដែរ​។
34សេចក្ដីសុចរិតយុត្តិធម៌​លើកតម្កើង​ប្រជាជាតិ​មួយ
រីឯ​អំពើបាប​ជា​ការអាប់យស​ដល់​ប្រជាជន​។
35ការគាប់ព្រះទ័យ​របស់​ស្ដេច មាន​ដល់​បាវបម្រើ​ដែល​មានប្រាជ្ញា
ប៉ុន្តែ​សេចក្ដីក្រេវក្រោធ​របស់ទ្រង់ មាន​ដល់​អ្នកដែល​នាំមកនូវសេចក្ដីអាម៉ាស់​៕

ទើបបានជ្រើសរើសហើយ៖

សុភាសិត 14: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល