សុភាសិត 12
12
1អ្នកដែលស្រឡាញ់សេចក្ដីប្រៀនប្រដៅ គឺស្រឡាញ់ចំណេះដឹង
រីឯអ្នកដែលស្អប់ការស្ដីប្រដៅ ជាមនុស្សល្ងង់ខ្លៅ។
2មនុស្សល្អទទួលបានការគាប់ព្រះហឫទ័យពីព្រះយេហូវ៉ា
រីឯមនុស្សមានកលល្បិច ព្រះអង្គផ្ដន្ទាទោសពួកគេ។
3មនុស្សត្រូវបានតាំងឡើងដោយសេចក្ដីអាក្រក់មិនបានទេ
រីឯឫសរបស់មនុស្សសុចរិត មិនរង្គើឡើយ។
4ប្រពន្ធដ៏មានគុណធម៌ជាមកុដរបស់ប្ដី
រីឯប្រពន្ធដែលនាំមកនូវសេចក្ដីអាម៉ាស់ ប្រៀបដូចជាជំងឺរលួយនៅក្នុងឆ្អឹងប្ដី។
5គំនិតរបស់មនុស្សសុចរិតគឺយុត្តិធម៌
រីឯការណែនាំរបស់មនុស្សអាក្រក់ជាសេចក្ដីបោកបញ្ឆោត។
6ពាក្យសម្ដីរបស់មនុស្សអាក្រក់សម្ងំចាំដើម្បីបង្ហូរឈាម
រីឯមាត់របស់មនុស្សទៀងត្រង់រំដោះខ្លួនគេ។
7មនុស្សអាក្រក់ត្រូវបានរំលាយ ហើយលែងមានទៀតឡើយ
រីឯផ្ទះរបស់មនុស្សសុចរិតនឹងនៅស្ថិតស្ថេរ។
8មនុស្សត្រូវបានសរសើរតាមសុភនិច្ឆ័យរបស់ខ្លួន
ប៉ុន្តែអ្នកដែលមានចិត្តវៀចវេរនឹងទទួលសេចក្ដីមើលងាយ។
9ស៊ូឲ្យត្រូវគេមើលងាយ ប៉ុន្តែមានបាវបម្រើរបស់ខ្លួន
ប្រសើរជាងអ្នកដែលលើកតម្កើងខ្លួន ប៉ុន្តែខ្វះអាហារ។
10មនុស្សសុចរិតត្រាប្រណីជីវិតសត្វចិញ្ចឹមរបស់ខ្លួន
រីឯសេចក្ដីមេត្តារបស់មនុស្សអាក្រក់គឺឃោរឃៅ។
11អ្នកដែលធ្វើស្រែចម្ការរបស់ខ្លួន នឹងបានឆ្អែតដោយអាហារ
រីឯអ្នកដែលដេញតាមការឥតប្រយោជន៍ គឺខ្វះវិចារណញ្ញាណ។
12មនុស្សអាក្រក់លោភចង់បានជ័យភណ្ឌ#12:12 ជ័យភណ្ឌ―ឬ “អន្ទាក់”។របស់មនុស្សពាល
ប៉ុន្តែឫសរបស់មនុស្សសុចរិតបង្កើតផល។
13មានអន្ទាក់របស់មនុស្សអាក្រក់នៅក្នុងការបំពាននៃបបូរមាត់
រីឯមនុស្សសុចរិតគេចផុតពីទុក្ខវេទនា។
14មនុស្សនឹងបានស្កប់ស្កល់នឹងអ្វីដែលល្អពីផលផ្លែនៃមាត់របស់ខ្លួន
ហើយទង្វើនៃដៃរបស់មនុស្ស នឹងត្រឡប់មកខ្លួនគេវិញ។
15ផ្លូវរបស់មនុស្សល្ងីល្ងើ ត្រឹមត្រូវក្នុងភ្នែកខ្លួនឯង
រីឯមនុស្សមានប្រាជ្ញា ស្ដាប់តាមដំបូន្មាន។
16មនុស្សល្ងីល្ងើបង្ហាញកំហឹងរបស់ខ្លួនភ្លាម
រីឯមនុស្សឆ្លាតវៃទប់សេចក្ដីអាម៉ាស់។
17អ្នកដែលនិយាយសេចក្ដីពិត បញ្ចេញសេចក្ដីសុចរិតយុត្តិធម៌
រីឯសាក្សីភូតភរ បញ្ចេញសេចក្ដីបោកបញ្ឆោត។
18មានមនុស្សនិយាយមិនចេះគិត ដូចជាចាក់ទម្លុះដោយដាវ
រីឯអណ្ដាតរបស់មនុស្សមានប្រាជ្ញា នាំមកនូវការប្រោសឲ្យជា។
19បបូរមាត់ដ៏ពិតត្រង់នៅស្ថិតស្ថេរជារៀងរហូត
រីឯអណ្ដាតភូតភរនៅបានតែមួយភ្លែតប៉ុណ្ណោះ។
20សេចក្ដីបោកបញ្ឆោតនៅក្នុងចិត្តរបស់អ្នកដែលប៉ងធ្វើអាក្រក់
រីឯអ្នកគាំទ្រសន្តិភាព មានអំណរ។
21គ្មានអន្តរាយណាមួយកើតមានដល់មនុស្សសុចរិតឡើយ
រីឯមនុស្សអាក្រក់ពេញដោយមហន្តរាយ។
22បបូរមាត់ភូតភរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
រីឯអ្នកដែលប្រព្រឹត្តយ៉ាងស្មោះត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
23មនុស្សឆ្លាតវៃលាក់បាំងចំណេះដឹង
រីឯចិត្តរបស់មនុស្សល្ងង់ប្រកាសសេចក្ដីល្ងង់។
24ដៃឧស្សាហ៍នឹងគ្រប់គ្រង
ប៉ុន្តែភាពខ្ជិលច្រអូសនឹងនាំទៅក្នុងទាសភាព។
25ការព្រួយបារម្ភក្នុងចិត្តមនុស្ស នឹងពន្លិចគេចុះ
ប៉ុន្តែពាក្យសម្ដីល្អ ធ្វើឲ្យគេអរសប្បាយ។
26មនុស្សសុចរិតនាំផ្លូវអ្នកជិតខាងរបស់ខ្លួន
រីឯផ្លូវរបស់មនុស្សអាក្រក់នាំពួកគេឲ្យវង្វេង។
27មនុស្សខ្ជិលច្រអូសមិនអាំងសាច់សត្វដែលខ្លួនបរបាញ់
រីឯមនុស្សឧស្សាហ៍នឹងបានទ្រព្យសម្បត្តិដ៏មានតម្លៃ#12:27 មនុស្សឧស្សាហ៍នឹងបានទ្រព្យសម្បត្តិដ៏មានតម្លៃ―ឬ “ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់មនុស្ស គឺសេចក្ដីឧស្សាហ៍”។។
28ជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្ដីសុចរិត
ហើយគន្លងផ្លូវនោះគ្មានសេចក្ដីស្លាប់ឡើយ៕
ទើបបានជ្រើសរើសហើយ៖
សុភាសិត 12: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative