សុភាសិត 11
11
1ត្រាជូបោកបញ្ឆោតជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
រីឯកូនជញ្ជីងគ្រប់ទម្ងន់ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
2ពេលការក្រអឺតក្រទមមក សេចក្ដីអាម៉ាស់ក៏មកដែរ
រីឯប្រាជ្ញាវិញ នៅជាមួយមនុស្សរាបទាប។
3ភាពទៀងត្រង់របស់មនុស្សទៀងត្រង់ នាំផ្លូវខ្លួនគេ
រីឯភាពវៀចវេររបស់មនុស្សក្បត់ នឹងបំផ្លាញខ្លួនគេ។
4ទ្រព្យសម្បត្តិគ្មានប្រយោជន៍នៅថ្ងៃនៃព្រះពិរោធឡើយ
រីឯសេចក្ដីសុចរិតរំដោះឲ្យរួចពីសេចក្ដីស្លាប់។
5សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍ តម្រង់ផ្លូវរបស់ខ្លួនគេ
ប៉ុន្តែមនុស្សអាក្រក់នឹងដួលដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន។
6សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រំដោះខ្លួនគេ
ប៉ុន្តែមនុស្សក្បត់នឹងត្រូវបានចាប់ដោយចំណង់លោភលន់របស់ខ្លួន។
7នៅពេលមនុស្សអាក្រក់ស្លាប់ ការរំពឹងទុករបស់ពួកគេនឹងវិនាស
ហើយក្ដីសង្ឃឹមលើទ្រព្យសម្បត្តិ#11:7 ក្ដីសង្ឃឹមលើទ្រព្យសម្បត្តិ―ឯកសារបុរាណខ្លះថា “ក្ដីសង្ឃឹមរបស់មនុស្សអាក្រក់”។ក៏វិនាសទៅដែរ។
8មនុស្សសុចរិតត្រូវបានរំដោះឲ្យរួចពីទុក្ខវេទនា
ហើយមនុស្សអាក្រក់ចូលទៅក្នុងទុក្ខវេទនាជំនួសគាត់វិញ។
9មនុស្សមិនគោរពព្រះបំផ្លាញអ្នកជិតខាងរបស់ខ្លួនដោយមាត់
ប៉ុន្តែមនុស្សសុចរិតត្រូវបានរំដោះឲ្យរួចដោយចំណេះដឹង។
10នៅពេលមនុស្សសុចរិតបានសុខ ទីក្រុងនឹងអបអរ
ហើយនៅពេលមនុស្សអាក្រក់វិនាសទៅ ក៏មានសម្រែកហ៊ោសប្បាយ។
11ទីក្រុងត្រូវបានលើកឡើងដោយពររបស់មនុស្សទៀងត្រង់
ប៉ុន្តែវាត្រូវបានរំលំដោយមាត់របស់មនុស្សអាក្រក់។
12អ្នកដែលមើលងាយអ្នកជិតខាងរបស់ខ្លួន គឺខ្វះវិចារណញ្ញាណ
រីឯមនុស្សមានការយល់ដឹង រក្សាភាពស្ងៀមស្ងាត់។
13មនុស្សអេចអូចដើរចុះឡើងលាតត្រដាងរឿងសម្ងាត់
រីឯមនុស្សមានចិត្តស្មោះត្រង់លាក់បាំងរឿងវិញ។
14ដោយគ្មានការណែនាំ ប្រជាជនក៏ដួល
ដោយមានទីប្រឹក្សាច្រើន នាំឲ្យមានជ័យជម្នះ។
15អ្នកដែលធានាឲ្យជនមិនស្គាល់ តែងតែរងទុក្ខ
រីឯអ្នកដែលស្អប់ការចាប់ដៃសន្យា នឹងមានសុវត្ថិភាព។
16ស្ត្រីមានចិត្តសប្បុរសបានសិរីរុងរឿង
រីឯពួកមនុស្សប្រុសកាចសាហាវ#11:16 មនុស្សប្រុសកាចសាហាវ―ឯកសារបុរាណខ្លះថា “មនុស្សប្រុសឧស្សាហ៍”។បានតែភាពស្ដុកស្ដម្ភ។
17មនុស្សមានចិត្តមេត្តា ផ្ដល់រង្វាន់ដល់ព្រលឹងរបស់ខ្លួន
រីឯមនុស្សឃោរឃៅ ធ្វើទុក្ខរូបកាយរបស់ខ្លួន។
18មនុស្សអាក្រក់ទទួលឈ្នួលបញ្ឆោតចិត្ត
រីឯអ្នកដែលសាបព្រោះសេចក្ដីសុចរិត បានរង្វាន់ដ៏ពិត។
19សេចក្ដីសុចរិតដ៏ពិត នាំទៅដល់ជីវិត
រីឯការដេញតាមសេចក្ដីអាក្រក់ នាំទៅដល់សេចក្ដីស្លាប់។
20មនុស្សមានចិត្តវៀចវេរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
រីឯផ្លូវរបស់មនុស្សគ្រប់លក្ខណ៍ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
21មនុស្សអាក្រក់ពិតជា#11:21 ពិតជា―ន័យត្រង់គឺ “ដៃ និងដៃ”។មិនរួចទោសឡើយ
រីឯពូជពង្សរបស់មនុស្សសុចរិត នឹងត្រូវបានរំដោះ។
22ស្ត្រីមានរូបស្អាត ប៉ុន្តែគ្មានគំនិតមារយាទ
ប្រៀបដូចជាក្រវិលមាសពាក់នៅច្រមុះជ្រូក។
23បំណងប្រាថ្នារបស់មនុស្សសុចរិត គឺមានតែសេចក្ដីល្អ
រីឯការរំពឹងទុករបស់មនុស្សអាក្រក់ គឺសេចក្ដីក្ដៅក្រហាយ។
24មានអ្នកដែលឲ្យដោយចិត្តទូលាយ ក៏នៅតែចម្រើនឡើងថែមទៀត;
មានអ្នកដែលបង្ខាំងទុកអ្វីដែលត្រូវឲ្យ ក៏មានតែភាពខ្វះខាត។
25មនុស្សមានចិត្តសទ្ធានឹងចម្រើនឡើង
ហើយអ្នកដែលស្រោច អ្នកនោះក៏នឹងត្រូវបានស្រោចវិញដែរ។
26ប្រជាជននឹងដាក់បណ្ដាសាអ្នកដែលបង្ខាំងស្រូវទុក
ប៉ុន្តែមានពរនៅលើក្បាលអ្នកដែលលក់ស្រូវវិញ។
27អ្នកដែលខំប្រឹងស្វែងរកសេចក្ដីល្អ នឹងរកបានសេចក្ដីសន្ដោស
រីឯអ្នកដែលស្វែងរកការអាក្រក់ ការអាក្រក់នឹងមកដល់អ្នកនោះ។
28អ្នកដែលទុកចិត្តលើភាពស្ដុកស្ដម្ភរបស់ខ្លួននឹងដួល
រីឯមនុស្សសុចរិតនឹងលូតលាស់ដូចជាស្លឹកឈើខៀវខ្ចី។
29អ្នកដែលនាំទុក្ខមកលើផ្ទះរបស់ខ្លួន នឹងទទួលខ្យល់ជាមរតក
ហើយមនុស្សល្ងីល្ងើនឹងទៅជាបាវបម្រើដល់មនុស្សមានប្រាជ្ញាក្នុងចិត្ត។
30ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត
ហើយអ្នកដែលឈ្នះបានព្រលឹង ជាមនុស្សមានប្រាជ្ញា#11:30 ហើយអ្នកដែលឈ្នះបានព្រលឹង ជាមនុស្សមានប្រាជ្ញា―ឯកសារបុរាណខ្លះថា “ប៉ុន្តែជីវិតរបស់មនុស្សបំពាននឹងត្រូវបានដកយកមុនពេលកំណត់”។។
31ប្រសិនបើមនុស្សសុចរិតត្រូវបានតបសងនៅផែនដីនេះទៅហើយ
ចុះទម្រាំមនុស្សអាក្រក់ និងមនុស្សបាប តើនឹងត្រូវបានតបសងអម្បាលម៉ានទៅទៀត៕
ទើបបានជ្រើសរើសហើយ៖
សុភាសិត 11: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative