ម៉ាកុស 8

8
ប្រទាននំប៉័ងឲ្យបួនពាន់នាក់
1នៅ​គ្រានោះ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ម្ដងទៀត ពួកគេ​គ្មាន​អ្វី​ហូប​ឡើយ​។ ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​មក មានបន្ទូល​នឹង​ពួកគេ​ថា៖ 2“ខ្ញុំ​អាណិត​ហ្វូងមនុស្ស​នេះ ពីព្រោះ​ពួកគេ​នៅជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ គ្មាន​អ្វី​ហូប​សោះ​។ 3បើសិន​ខ្ញុំ​ឲ្យ​ពួកគេ​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន ពួកគេ​នឹង​សន្លប់​តាមផ្លូវ ពីព្រោះ​អ្នកខ្លះ​បាន​មក​ពី​ឆ្ងាយ”។
4ពួក​សិស្ស​ទូល​តប​ថា៖ “នៅ​ទីរហោស្ថាន​ដូច្នេះ តើ​អាច​យក​នំប៉័ង​មកពីណា ដើម្បី​ចម្អែត​មនុស្ស​ទាំងនេះ​បាន​?”។
5ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​?”។
ពួកគេ​ទូល​ឆ្លើយថា​៖ “មាន​ប្រាំពីរ”។ 6ព្រះអង្គ​ក៏​បង្គាប់​ហ្វូងមនុស្ស​ឲ្យ​អង្គុយ​នៅលើ​ដី។ នៅពេល​យក​នំប៉័ង​ប្រាំពីរ ព្រះអង្គ​ក៏​អរព្រះគុណ ហើយ​កាច់​នំប៉័ងទាំងនោះ រួច​ប្រទាន​ដល់​ពួក​សិស្ស​ដើម្បីឲ្យ​ពួកគេ​ចែក ពួកគេ​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។ 7ពួកគេ​មាន​ត្រីតូចៗ​ខ្លះ​ដែរ ដូច្នេះ​ព្រះអង្គ​ក៏​ប្រទានពរ ហើយ​ប្រាប់​ពួកគេ​ឲ្យ​ចែក​ត្រី​ទាំងនោះ​ដែរ​។ 8ពួកគេ​បាន​ហូប​ឆ្អែត​។ បន្ទាប់មក ពួកគេ​ប្រមូល​បំណែក​ដែលសេសសល់​បាន​ប្រាំពីរ​កញ្ឆេ​។ 9នៅទីនោះ មាន​មនុស្ស​ប្រមាណ​បួនពាន់​នាក់#8:9 មានមនុស្ស​ប្រមាណ​បួន​ពាន់​នាក់―ឯកសារបុរាណខ្លះថា “មនុស្សដែលហូប​មានប្រមាណ​បួន​ពាន់​នាក់”។​។ ព្រះអង្គ​ទ្រង់​ឲ្យ​ពួកគេ​ទៅវិញ 10រួចក៏​ជិះ​ទូក​ជាមួយ​ពួក​សិស្ស​ភ្លាម ហើយ​ទៅដល់​តំបន់​ដាលម៉ានូថា#8:10 ដាលម៉ានូថា―ឯកសារបុរាណខ្លះថា “ម៉ាកាដាន់” ឬ “ម៉ាក់ដាឡា”។​។
មេម្សៅរបស់ពួកផារិស៊ី និងពួកហេរ៉ូឌ
11មាន​ពួកផារិស៊ី​ចេញមក ហើយ​ចាប់ផ្ដើម​ប្រកែក​នឹង​ព្រះយេស៊ូវ ដោយ​ទាមទារ​ពី​ព្រះអង្គ​នូវ​ទីសម្គាល់​មួយ​ពី​លើមេឃ ដើម្បី​ល្បងល​ព្រះអង្គ។ 12ព្រះយេស៊ូវ​ទ្រង់​ដកដង្ហើមធំយ៉ាងវែង​ក្នុង​វិញ្ញាណ​របស់​ព្រះអង្គ ហើយ​មានបន្ទូលថា​៖“ហេតុអ្វីបានជា​ជំនាន់​នេះ​ទាមទារ​ទីសម្គាល់​ដូច្នេះ​? ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​ជំនាន់​នេះ​ឡើយ”។ 13ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ រួច​ជិះ​ទូក​វិញ ឆ្លង​ទៅ​ត្រើយម្ខាង​។
14ពួកសិស្ស​ភ្លេច​យក​នំប៉័ង​មក ដូច្នេះ​ក្រៅពី​នំប៉័ង​មួយ ពួកគេ​គ្មានអ្វីសោះ​នៅលើ​ទូក​។ 15ពេលនោះ ព្រះអង្គ​ទ្រង់​បង្គាប់​ពួកគេ​ថា៖“ចូរ​យកចិត្តទុកដាក់ ហើយ​ប្រុងប្រយ័ត្ន​នឹង​មេម្សៅ​របស់​ពួកផារិស៊ី និង​មេម្សៅ​របស់​ពួក​ហេរ៉ូឌ​ចុះ”។
16ពួកសិស្ស​ក៏​ជជែក​គ្នា ដោយសារ​គ្មាន​នំប៉័ង​។ 17ព្រះយេស៊ូវ​បាន​ជ្រាប ក៏​សួរ​ពួកគេ​ថា៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​ជជែក​ថា​គ្មាន​នំប៉័ង​ដូច្នេះ​? តើ​អ្នករាល់គ្នា​មិនទាន់​ភ្លឺ ហើយមិនទាន់​យល់​ទេ​ឬ? តើ​ចិត្ត​របស់អ្នករាល់គ្នា​នៅតែ​រឹងរូស​ឬ? 18អ្នករាល់គ្នា​មាន​ភ្នែក តែ​មើលមិនឃើញ មាន​ត្រចៀក តែ​ស្ដាប់មិនឮ​ទេឬ​?#8:18 《យេរេមា》 5:21; 《អេសេគាល》 12:2។អ្នករាល់គ្នា​មិន​ចាំ​ទេ​ឬ​? 19នៅពេល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ​ឲ្យ​ប្រាំពាន់​នាក់ តើ​អ្នករាល់គ្នា​ប្រមូល​បំណែក​នំប៉័ង​បាន​ពេញ​ប៉ុន្មាន​កន្ត្រក?”។
ពួកគេ​ទូល​ឆ្លើយថា​៖ “ដប់ពីរ​កន្ត្រក”។
20 “ចុះ​ពេល​កាច់​នំប៉័ង​ប្រាំពីរ​ឲ្យ​បួនពាន់​នាក់​វិញ តើ​អ្នករាល់គ្នា​ប្រមូល​បំណែក​នំប៉័ង​បាន​ពេញ​ប៉ុន្មាន​កញ្ឆេ​?”។
ពួកគេ​ទូល​ឆ្លើយថា​៖ “ប្រាំពីរ​កញ្ឆេ”។
21ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អ្នករាល់គ្នា​មិនទាន់​យល់​ទេ​ឬ​?”។
ប្រោសបុរសខ្វាក់ភ្នែកឲ្យជា
22នៅពេល​ពួកគេ​មកដល់​បេតសៃដា មាន​គេ​នាំ​បុរស​ខ្វាក់ភ្នែក​ម្នាក់​មក ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ពាល់​គាត់​។ 23ព្រះយេស៊ូវ​ទ្រង់​ដឹក​ដៃ​បុរស​ខ្វាក់ភ្នែក​នោះ នាំ​ចេញ​ទៅ​ខាងក្រៅ​ភូមិ​។ នៅពេល​ស្ដោះ​ទឹកព្រះឱស្ឋ​ដាក់​ភ្នែក​ទាំងពីរ​របស់​បុរសនោះ និង​ដាក់​ព្រះហស្ត​ទាំងពីរ​លើ​គាត់​ហើយ ព្រះអង្គ​ក៏​សួរ​គាត់​ថា​៖“តើ​អ្នក​មើលឃើញ​អ្វី​ទេ​?”។
24គាត់​សម្លឹងមើល ហើយ​ទូលថា​៖ “ខ្ញុំ​ឃើញ​មនុស្ស គឺ​មើលទៅ​ដូចជា​ដើមឈើ​កំពុង​ដើរ”។
25បន្ទាប់មក ព្រះអង្គ​ដាក់​ព្រះហស្ត​លើ​ភ្នែក​របស់​គាត់​ម្ដងទៀត បុរសនោះ​ក៏​មើលឃើញច្បាស់​។ ភ្នែករបស់​គាត់​បានដូចដើមវិញ គឺ​ឃើញ​ច្បាស់​ទាំងអស់​។ 26ព្រះយេស៊ូវ​ទ្រង់​ឲ្យ​គាត់​ទៅផ្ទះវិញ ទាំង​មានបន្ទូលថា​៖“កុំ​ចូល​ក្នុង​ភូមិ​ឡើយ#8:26 ឯកសារបុរាណខ្លះបន្ថែម “ហើយក៏កុំប្រាប់អ្នកណាក្នុងភូមិឡើយ”។”។
ពេត្រុសទទួលស្គាល់ព្រះយេស៊ូវជាព្រះគ្រីស្ទ
27ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ បាន​ចេញទៅ​ភូមិ​នានា​នៅ​សេសារា​-​ភីលីព​។ នៅតាមផ្លូវ ព្រះអង្គ​មានបន្ទូល​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“តើ​គេ​និយាយថា​ខ្ញុំ​ជា​នរណា?”។
28ពួកគេ​ទូល​ឆ្លើយ​ថា​៖ “គេ​ថា​ជា​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះ​ថា​ជា​អេលីយ៉ា ហើយ​អ្នកខ្លះទៀត​ថា​ជា​ម្នាក់​ក្នុង​បណ្ដា​ព្យាការី”។
29ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ទៀត​ថា​៖“ចុះ​អ្នករាល់គ្នា​វិញ តើ​អ្នករាល់គ្នា​ថា​ខ្ញុំ​ជា​នរណា​?”។
ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “លោក​ជា​ព្រះ​គ្រីស្ទ!”។
30ព្រះអង្គ​ក៏​ហាម​ពួកគេ​មិនឲ្យ​ប្រាប់​អ្នកណា​អំពី​ព្រះអង្គ​ឡើយ។
ប្រាប់ជាមុនអំពីការសុគត និងការរស់ឡើងវិញ
31ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្រៀន​ពួកគេ​ថា​៖“កូនមនុស្ស​ត្រូវតែ​រងទុក្ខ​ជាច្រើន ហើយ​ត្រូវ​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បដិសេធ រួច​ត្រូវគេ​សម្លាប់ ហើយ​បី​ថ្ងៃ​ក្រោយមក លោក​នឹង​រស់ឡើងវិញ”។ 32ព្រះអង្គ​មានបន្ទូល​អំពី​ការនេះ​យ៉ាងច្បាស់លាស់​។ ពេត្រុស​ក៏​នាំ​ព្រះអង្គ​មក​ក្បែរ ហើយ​ចាប់ផ្ដើម​បន្ទោស​ព្រះអង្គ​។
33ប៉ុន្តែ​ព្រះអង្គ​ទ្រង់​បែរមក​មើល​ពួក​សិស្ស ហើយ​ស្ដីឲ្យ​ពេត្រុស​ថា​៖“សាតាំង​អើយ ថយទៅ​ក្រោយ​ខ្ញុំ​ទៅ​! ដ្បិត​អ្នក​មិន​គិត​រឿង​របស់​ព្រះ​ទេ គឺ​គិត​រឿង​របស់​មនុស្ស​វិញ”។
លីឈើឆ្កាងរបស់ខ្លួន
34បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ហៅ​ហ្វូងមនុស្ស ព្រមទាំង​ពួក​សិស្ស​របស់​ព្រះអង្គ​មក មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។ 35ដ្បិត​អ្នកណាក៏ដោយដែល​ចង់​រក្សា#8:35 រក្សា―ន័យត្រង់គឺ “សង្គ្រោះ”។ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នកណាក៏ដោយដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ និង​ដំណឹងល្អ អ្នកនោះ​នឹង​រក្សា​ជីវិត​វិញ។ 36ជាការពិត ការ​ដែល​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹង#8:36, 37 ព្រលឹង―ឬ “ជីវិត”។របស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​? 37តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​? 38ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ នៅ​ជំនាន់​នេះ​ដែល​ផិតក្បត់ និង​ពេញដោយបាប កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ជាមួយ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ ទាំង​ប្រកបដោយ​សិរីរុងរឿង​នៃ​ព្រះ​បិតា​របស់​លោក”៕

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 8: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល