ម៉ាថាយ 28
28
ព្រឹកនៃការរស់ឡើងវិញ
1បន្ទាប់ពីថ្ងៃសប្ប័ទ ពេលព្រលឹមស្រាងៗនៅថ្ងៃទីមួយនៃសប្ដាហ៍#28:1 ថ្ងៃទីមួយនៃសប្ដាហ៍―គឺ “ថ្ងៃអាទិត្យ”។ ម៉ារាអ្នកម៉ាក់ដាឡា និងម៉ារាម្នាក់ទៀតបានទៅមើលផ្នូរ។ 2ពេលនោះ មើល៍! មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ពីព្រោះទូតសួគ៌របស់ព្រះអម្ចាស់បានចុះមកពីលើមេឃ ហើយចូលទៅប្រមៀលថ្មចេញ#28:2 ឯកសារបុរាណខ្លះបន្ថែម “ពីមាត់រូងផ្នូរ”។ រួចអង្គុយលើថ្មនោះ។ 3រូបសណ្ឋានរបស់ទូតសួគ៌នោះ ដូចជាផ្លេកបន្ទោរ ហើយសម្លៀកបំពាក់សដូចហិមៈ។ 4ពួកអ្នកយាមក៏ញ័ររន្ធត់ដោយការភិតភ័យចំពោះទូតនោះ ហើយបានដូចជាមនុស្សស្លាប់។
5ទូតនោះនិយាយនឹងស្ត្រីទាំងពីរថា៖ “កុំខ្លាចឡើយ! ខ្ញុំដឹងហើយថា ពួកនាងកំពុងរកព្រះយេស៊ូវដែលត្រូវគេឆ្កាង។ 6ព្រះអង្គមិនគង់នៅទីនេះទេ ដ្បិតព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញដូចដែលព្រះអង្គបានមានបន្ទូលរួចមកហើយ។ មក៍! មើលកន្លែងដែលព្រះអង្គ#28:6 ព្រះអង្គ―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់”។បានផ្ទំចុះ។ 7ចូរប្រញាប់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គថា: ‘ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ មើល៍! ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ’។ មើល៍! ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ!”។
8ពួកនាងក៏ចាកចេញពីរូងផ្នូរភ្លាម ទាំងភ័យទាំងអរសប្បាយយ៉ាងខ្លាំង ហើយរត់ទៅដើម្បីប្រាប់ពួកសិស្សរបស់ព្រះអង្គ។ 9ពេលនោះ#28:9 ពេលនោះ―ឯកសារបុរាណខ្លះថា “ប៉ុន្តែខណៈដែលពួកនាងកំពុងទៅប្រាប់សិស្សរបស់ព្រះអង្គ”។ មើល៍! ព្រះយេស៊ូវជួបពួកនាង ហើយមានបន្ទូលថា៖“សុខសប្បាយ!”។ ពួកនាងក៏ចូលមកជិតឱបព្រះបាទារបស់ព្រះអង្គ រួចថ្វាយបង្គំព្រះអង្គ។ 10ព្រះយេស៊ូវមានបន្ទូលនឹងពួកនាងថា៖“កុំខ្លាចឡើយ! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំឲ្យទៅកាលីឡេ ហើយនៅទីនោះពួកគេនឹងជួបខ្ញុំ”។
សូកពួកទាហានឲ្យកុហក
11ខណៈដែលពួកនាងចេញទៅ មើល៍! មានទាហានយាមខ្លះបានចូលទៅក្នុងទីក្រុង រាយការណ៍ដល់ពួកនាយកបូជាចារ្យអំពីអ្វីៗទាំងអស់ដែលបានកើតឡើង។ 12ពួកនាយកបូជាចារ្យក៏ជួបជុំពិគ្រោះគ្នាជាមួយពួកចាស់ទុំ ហើយឲ្យលុយជាច្រើនដល់ពួកទាហាន 13ទាំងប្រាប់ថា៖ “ចូរអ្នករាល់គ្នានិយាយថា: ‘ពួកសិស្សរបស់វាបានមកទាំងយប់ លួចសពរបស់វាទៅ ពេលយើងកំពុងដេកលក់’។ 14បើសិនរឿងនេះលេចឮដល់អភិបាល យើងនឹងបញ្ចុះបញ្ចូលលោក មិនឲ្យអ្នករាល់គ្នាមានបញ្ហាឡើយ”។ 15ពួកទាហានក៏ទទួលលុយ ហើយធ្វើដូចដែលត្រូវបានបង្គាប់។ ដូច្នេះ រឿងនេះបានឮសុសសាយក្នុងចំណោមជនជាតិយូដារហូតមកដល់សព្វថ្ងៃ។
មហាបេសកកម្ម
16រីឯសិស្សទាំងដប់មួយនាក់បានទៅកាលីឡេ ដល់ភ្នំមួយជាកន្លែងដែលព្រះយេស៊ូវបានកំណត់ឲ្យពួកគេទៅ។ 17នៅពេលឃើញព្រះយេស៊ូវ ពួកគេក៏ថ្វាយបង្គំព្រះអង្គ ប៉ុន្តែមានអ្នកខ្លះសង្ស័យ។ 18ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។ 19ដូច្នេះ ចូរអ្នករាល់គ្នាចេញទៅ ធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្ស ទាំងធ្វើពិធីជ្រមុជទឹកឲ្យពួកគេក្នុងព្រះនាមរបស់ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ 20ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 28: GKHB
គំនូសចំណាំ
ចែករំលែក
ប្រៀបធៀប
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative