អេសាយ 38
38
ជំងឺ និងការជាសះស្បើយរបស់ហេសេគា
1នៅគ្រានោះ ហេសេគាប្រឈួនស្ទើរតែសោយទិវង្គត។ ព្យាការីអេសាយកូនរបស់អ័ម៉ូសក៏មកគាល់ទ្រង់ ហើយទូលទ្រង់ថា៖ “ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘ចូរចាត់ចែងផ្ទះរបស់អ្នកចុះ ដ្បិតអ្នកត្រូវស្លាប់ហើយ គឺមិនរស់ទេ’”។
2នោះហេសេគាក៏បែរព្រះភក្ត្ររបស់ទ្រង់ទៅជញ្ជាំង ហើយអធិស្ឋានទៅព្រះយេហូវ៉ា 3ថា៖ “ឱព្រះយេហូវ៉ាអើយ! សូមព្រះអង្គនឹកចាំអំពីរបៀបដែលទូលបង្គំបានដើរនៅចំពោះព្រះអង្គដោយភាពស្មោះត្រង់ និងដោយចិត្តសុក្រឹត ព្រមទាំងបានប្រព្រឹត្តល្អក្នុងព្រះនេត្ររបស់ព្រះអង្គផង!”។ ហើយហេសេគាទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។
4ពេលនោះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាមកដល់អេសាយថា៖ 5“ចូរទៅប្រាប់ហេសេគាថា: ‘ព្រះយេហូវ៉ាដ៏ជាព្រះរបស់ដាវីឌដូនតារបស់ព្រះករុណា មានបន្ទូលដូច្នេះថា: “យើងបានឮពាក្យអធិស្ឋានរបស់អ្នក ក៏បានឃើញទឹកភ្នែករបស់អ្នកហើយ។ មើល៍! យើងនឹងបន្ថែមដប់ប្រាំឆ្នាំទៀតលើអាយុរបស់អ្នក។ 6យើងនឹងរំដោះអ្នក និងទីក្រុងនេះ ពីកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរី ព្រមទាំងការពារទីក្រុងនេះផង”។ 7នេះជាទីសម្គាល់ពីព្រះយេហូវ៉ាដល់អ្នក ថាព្រះយេហូវ៉ានឹងធ្វើតាមព្រះបន្ទូលនេះ ដែលព្រះអង្គបានមានបន្ទូលហើយ: 8“មើល៍! យើងនឹងធ្វើឲ្យស្រមោលពីព្រះអាទិត្យដែលជ្រេទៅលើនាឡិកាថ្ងៃរបស់អ័ហាសត្រឡប់ទៅវិញ គឺថយក្រោយដប់ចំណុច”’”។ នោះស្រមោលពីព្រះអាទិត្យក៏ត្រឡប់ទៅវិញដប់ចំណុច លើនាឡិកាថ្ងៃដែលវាបានជ្រេទៅហើយ។
9នេះជាកំណាព្យរបស់ហេសេគាស្ដេចនៃយូដា នៅពេលទ្រង់ប្រឈួន ហើយជាពីជំងឺរបស់ទ្រង់វិញ:
10“ខ្ញុំបានពោលថា: ‘នៅពាក់កណ្ដាលនៃអាយុរបស់ខ្ញុំ
ខ្ញុំចេញទៅឯខ្លោងទ្វារនៃស្ថានមនុស្សស្លាប់;
សំណល់នៃឆ្នាំអាយុរបស់ខ្ញុំត្រូវបានបំបាត់ហើយ!’។
11ខ្ញុំបានពោលថា: ‘ខ្ញុំនឹងមិនឃើញព្រះយេហូវ៉ា
គឺព្រះយេហូវ៉ានៅស្ថានមនុស្សរស់!
ខ្ញុំនឹងមិនឃើញមនុស្ស
ជាមួយអ្នកដែលរស់នៅពិភពលោកទៀតឡើយ។
12លំនៅរបស់ខ្ញុំត្រូវបានរើចេញ ហើយត្រូវបានយកចេញពីខ្ញុំ
ដូចជារោងរបស់អ្នកគង្វាល;
ខ្ញុំបានមូរជីវិតរបស់ខ្ញុំទុក ដូចជាអ្នកត្បាញ។
ព្រះអង្គកាត់ខ្ញុំចេញពីកីតម្បាញ;
ព្រះអង្គផ្ដាច់ជីវិតខ្ញុំក្នុងមួយថ្ងៃ។
13ខ្ញុំបានធ្វើឲ្យខ្លួនខ្ញុំស្ងប់រហូតដល់ព្រឹក។
ព្រះអង្គបំបាក់គ្រប់ទាំងឆ្អឹងខ្ញុំដូចជាសិង្ហ;
ព្រះអង្គផ្ដាច់ជីវិតខ្ញុំក្នុងមួយថ្ងៃ។
14ខ្ញុំបានយំចេចចាចដូចត្រចៀកកាំ ឬដូចសត្វក្រៀល ក៏ថ្ងូរដូចព្រាប។
ភ្នែករបស់ខ្ញុំបានស្រវាំងទៅ ដោយងើយមើលទៅស្ថានដ៏ខ្ពស់;
ព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំត្រូវបានសង្កត់សង្កិន
សូមធានាសុវត្ថិភាពឲ្យទូលបង្គំផង’!
15តើខ្ញុំនឹងនិយាយអ្វី?
ដ្បិតព្រះអង្គបានមានបន្ទូលនឹងខ្ញុំហើយ
ក៏បានធ្វើសេចក្ដីនោះដោយអង្គទ្រង់ផ្ទាល់ផង។
ខ្ញុំនឹងដើរសន្សឹមៗក្នុងអស់ទាំងឆ្នាំអាយុរបស់ខ្ញុំ
ដោយព្រោះសេចក្ដីល្វីងជូរចត់នៃព្រលឹងរបស់ខ្ញុំ។
16ព្រះអម្ចាស់នៃទូលបង្គំអើយ
ដោយសេចក្ដីទាំងនេះហើយ ដែលមនុស្សមានជីវិតរស់
ហើយជីវិតនៃវិញ្ញាណរបស់ទូលបង្គំក៏ស្ថិតនៅក្នុងអស់ទាំងសេចក្ដីនេះដែរ។
ដូច្នេះ សូមព្រះអង្គប្រោសទូលបង្គំឲ្យជា
ហើយឲ្យទូលបង្គំមានជីវិតរស់ផង!
17មើល៍! ដែលទូលបង្គំមានភាពល្វីងជូរចត់យ៉ាងខ្លាំង
គឺសម្រាប់ជាសេចក្ដីសុខសាន្ត;
គឺព្រះអង្គហើយ ដែលសំចៃទុកព្រលឹងរបស់ទូលបង្គំ
ពីរណ្ដៅនៃសេចក្ដីវិនាសដោយសេចក្ដីស្រឡាញ់
ដ្បិតព្រះអង្គបានបោះចោលអស់ទាំងបាបរបស់ទូលបង្គំទៅក្រោយព្រះអង្គ។
18ជាការពិត ស្ថានមនុស្សស្លាប់អរព្រះគុណព្រះអង្គមិនបានទេ
ហើយសេចក្ដីស្លាប់ក៏សរសើរតម្កើងព្រះអង្គមិនបានដែរ;
អ្នកដែលចុះទៅរណ្ដៅមរណៈនឹងសង្ឃឹមលើសេចក្ដីពិតត្រង់របស់ព្រះអង្គមិនបានឡើយ;
19មានតែមនុស្សរស់ គឺមនុស្សរស់ប៉ុណ្ណោះ
ដែលអរព្រះគុណព្រះអង្គ ដូចទូលបង្គំនៅថ្ងៃនេះ;
អ្នកដែលជាឪពុកនឹងឲ្យកូនស្គាល់សេចក្ដីពិតត្រង់របស់ព្រះអង្គ។
20ព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ
ដូច្នេះពួកយើងនឹងលេងភ្លេងដោយគ្រឿងតន្ត្រីមានខ្សែ
នៅដំណាក់របស់ព្រះយេហូវ៉ា ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ពួកយើង”។
21រីឯអេសាយនិយាយថា៖ “ចូរឲ្យគេយកតំណាប់ល្វាមួយដុំមកបិទលើបូស នោះទ្រង់នឹងជាសះស្បើយ”។ 22ហេសេគាទ្រង់សួរថា៖ “តើមានទីសម្គាល់អ្វី ដែលយើងនឹងឡើងទៅដំណាក់របស់ព្រះយេហូវ៉ាបាន?”៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 38: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative