អេសាយ 37

37
ហេសេគាស្វែងរកយោបល់របស់អេសាយ
1នៅពេល​ព្រះបាទ​ហេសេគា​បាន​ឮ​ពាក្យទាំងនោះ ទ្រង់​ក៏​ហែក​ព្រះពស្ត្រ ហើយ​ដណ្ដប់​ដោយ​ក្រណាត់ធ្មៃ រួច​យាង​ចូលទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​។ 2ទ្រង់​ចាត់​អេលាគីម​ជា​ចៅហ្វាវាំង សេបណា​ជា​ព្រះរាជលេខា និង​ពួក​ចាស់ទុំ​នៃ​បូជាចារ្យ​ឲ្យទៅ​ឯ​ព្យាការី​អេសាយ​កូន​របស់​អ័ម៉ូស ទាំង​ដណ្ដប់​ដោយ​ក្រណាត់ធ្មៃ​។ 3ពួកគេ​ក៏​និយាយ​នឹង​គាត់​ថា​៖ “ហេសេគា​មានរាជឱង្ការ​ដូច្នេះ​ថា​: ‘ថ្ងៃ​នេះ​ជា​ថ្ងៃ​នៃ​ទុក្ខវេទនា ការដាក់ទោស និង​ភាពអាម៉ាស់​។ កូន​គ្រប់ខែ​ហើយ ប៉ុន្តែ​គ្មាន​កម្លាំង​នឹង​សម្រាល​ទេ​។ 4ប្រហែលជា​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់លោក​បាន​ឮ​ពាក្យ​របស់​រ៉ាបសាកេ ដែល​ស្ដេច​អាស្ស៊ីរី​ចៅហ្វាយ​របស់គេ​បាន​ចាត់ឲ្យមក​ដើម្បី​ត្មះតិះដៀល​ព្រះ​ដ៏មានព្រះជន្មរស់ ហើយ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​គេ ចំពោះ​ពាក្យ​ដែល​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់លោក​បាន​ឮ​ហើយ​។ ដូច្នេះ សូម​ថ្វាយ​សេចក្ដីអធិស្ឋាន​សម្រាប់​អ្នកដែលនៅសល់​ផង’”។
5ពេល​ពួក​រាជបម្រើ​របស់​ព្រះបាទ​ហេសេគា​មក​ជួប​អេសាយ 6នោះ​អេសាយ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ទូល​ដល់​ចៅហ្វាយ​របស់អ្នករាល់គ្នា​ថា​: ‘ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: កុំ​ខ្លាច​ចំពោះ​ពាក្យសម្ដី​ដែល​អ្នក​បាន​ឮ ដែល​ពួក​អ្នកបម្រើ​របស់​ស្ដេច​អាស្ស៊ីរី​បាន​ជេរប្រមាថ​យើង​នោះ​ឡើយ​។ 7មើល៍! យើង​នឹង​ដាក់​វិញ្ញាណ​មួយ​ក្នុង​ស្ដេចអាស្ស៊ីរី ដើម្បីឲ្យ​គេ​ឮ​ពាក្យចចាមអារ៉ាម​មួយ ហើយ​ត្រឡប់​ទៅ​ស្រុក​របស់ខ្លួន​វិញ រួច​យើង​នឹង​ធ្វើឲ្យ​គេ​ដួល​ដោយ​មុខដាវ​នៅក្នុង​ស្រុក​របស់ខ្លួន’”។
សំបុត្ររបស់សានហេរីប
8រ៉ាបសាកេ​បាន​ឮ​ថា​ស្ដេចអាស្ស៊ីរី​បាន​ថយចេញ​ពី​ឡាគីស​ហើយ នោះ​គាត់​ត្រឡប់ទៅវិញ ក៏​ឃើញ​ស្ដេច​អាស្ស៊ីរី​កំពុងតែ​ច្បាំង​នឹង​លិបណា​។ 9រីឯ​ស្ដេចអាស្ស៊ីរី​បាន​ឮ​អំពី​ទារហាកា​ស្ដេច​នៃ​អេត្យូពី​ថា បាន​ចេញមក​ច្បាំង​នឹង​ទ្រង់​។ នៅពេល​ឮ​ដូច្នេះ ទ្រង់​ក៏​ចាត់​អ្នកនាំសារ​ឲ្យទៅ​ឯ​ហេសេគា ដោយ​និយាយថា​៖ 10“ចូរ​ប្រាប់​ហេសេគា​ស្ដេច​នៃ​យូដា​ដូច្នេះ​ថា​: ‘កុំឲ្យ​ព្រះ​របស់អ្នក​ដែល​អ្នក​ជឿទុកចិត្តលើ​នោះ បញ្ឆោត​អ្នក​ដោយ​ថា​: “យេរូសាឡិម​នឹង​មិន​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី​ទេ” នោះ​ឡើយ​។ 11មើល៍! អ្នក​បាន​ឮ​អំពី​អ្វីដែល​ពួក​ស្ដេច​នៃ​អាស្ស៊ីរី​បាន​ធ្វើ​ដល់​អស់ទាំង​នគរ​ហើយ គឺ​ពួកទ្រង់​បាន​ញែកចេញបំផ្លាញ​គេ​។ ដូច្នេះ តើ​អ្នក​នឹង​ត្រូវបាន​រំដោះឲ្យរួច​ឬ​? 12តើ​បណ្ដា​ព្រះ​របស់​ប្រជាជាតិ​នានា​ដែល​ពួក​ដូនតា​របស់យើង​បាន​បំផ្លាញ មាន​កូសាន ហារ៉ាន រេសែភ និង​កូនចៅ​អេដែន​ដែល​នៅ​ធេឡាស៊ើរ បាន​រំដោះ​ពួកគេ​ឬ​? 13តើ​ស្ដេច​នៃ​ហាម៉ាថ ស្ដេច​នៃ​អើផាឌ និង​ស្ដេច​នៃ​ក្រុង​សេផាវែម ហេណា និង​អ៊ីវ៉ា នៅ​ឯណា​?’”។
សេចក្ដីអធិស្ឋានរបស់ហេសេគា
14ហេសេគា​ទ្រង់​ទទួល​សំបុត្រ​នោះ​ពី​ដៃ​របស់​អ្នកនាំសារ ក៏​អាន​សំបុត្រនោះ រួច​យាង​ឡើងទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​។ ហេសេគា​លា​សំបុត្រនោះ​នៅចំពោះ​ព្រះយេហូវ៉ា 15ហើយ​ហេសេគា​ក៏​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ថា​៖ 16“ព្រះយេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះ​នៃ​អ៊ីស្រាអែល ដែល​គង់លើ​ចេរ៉ូប៊ីន​អើយ​! ព្រះអង្គ គឺ​ព្រះអង្គ​តែមួយប៉ុណ្ណោះ ជា​ព្រះ​នៃ​អាណាចក្រ​ទាំងអស់​នៅលើ​ផែនដី​; គឺ​ព្រះអង្គ​ហើយ ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី​។ 17ព្រះយេហូវ៉ា​អើយ សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ ហើយ​សណ្ដាប់​ផង​! ព្រះយេហូវ៉ា​អើយ សូម​បើក​ព្រះនេត្រ​របស់ព្រះអង្គ ហើយ​ទត​មើល​ផង​! សូម​សណ្ដាប់​គ្រប់ទាំង​ពាក្យ​របស់​សានហេរីប ដែល​បញ្ជូនមក ដើម្បី​ត្មះតិះដៀល​ព្រះ​ដ៏មានព្រះជន្មរស់​! 18ព្រះយេហូវ៉ា​អើយ ពួក​ស្ដេច​នៃ​អាស្ស៊ីរី​បាន​បំផ្លាញ​អស់ទាំង​នគរ និង​ទឹកដី​របស់គេ​ប្រាកដមែន 19ព្រមទាំង​បោះចោល​បណ្ដា​ព្រះ​របស់គេ​ទៅក្នុង​ភ្លើង ដ្បិត​ព្រះទាំងនោះ​មិនមែន​ជា​ព្រះ​ទេ គឺ​គ្រាន់តែ​ជា​ស្នាដៃ​របស់​មនុស្ស​ប៉ុណ្ណោះ​ដែលធ្វើពី​ឈើ និង​ថ្ម បានជា​ព្រះទាំងនោះ​ត្រូវបាន​បំផ្លាញ​! 20ដូច្នេះ​ឥឡូវនេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ សូម​សង្គ្រោះ​យើងខ្ញុំ​ពី​កណ្ដាប់ដៃ​របស់ពួកគេ​ផង ដើម្បីឲ្យ​អាណាចក្រ​ទាំងអស់​នៅលើ​ផែនដី​ដឹង​ថា ព្រះអង្គ​ហើយ ជា​ព្រះយេហូវ៉ា គឺ​ព្រះអង្គ​តែមួយប៉ុណ្ណោះ”។
ចម្លើយរបស់ព្រះដល់ហេសេគា
21ពេលនោះ អេសាយ​កូន​របស់​អ័ម៉ូស​ចាត់​គេ​ឲ្យទៅ​គាល់​ហេសេគា ទូលថា​៖ “ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​: ‘ដោយព្រោះ​អ្នក​បាន​អធិស្ឋាន​ដល់​យើង​អំពី​សានហេរីប​ស្ដេច​នៃ​អាស្ស៊ីរី 22ដូច្នេះ នេះ​ជា​ពាក្យ​ដែល​ព្រះយេហូវ៉ា​មានបន្ទូល​ទាស់នឹង​ស្ដេចនោះ​:
កូនស្រី​ក្រមុំ​ស៊ីយ៉ូន​មើលងាយ​អ្នក ហើយ​សើចចំអក​ដាក់​អ្នក
កូនស្រី​យេរូសាឡិម​គ្រវី​ក្បាល​ពីក្រោយ​អ្នក​។
23តើ​អ្នក​បាន​ត្មះតិះដៀល ហើយ​ជេរប្រមាថ​អ្នកណា​?
តើ​អ្នក​បាន​បន្លឺ​សំឡេង ហើយ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់​ទាស់នឹង​អ្នកណា​?
គឺ​ទាស់នឹង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​នោះឯង​!
24អ្នក​បាន​ត្មះតិះដៀល​ព្រះអម្ចាស់​តាមរយៈ​រាជបម្រើ​របស់អ្នក ដោយ​និយាយថា​:
“អញ​បាន​ឡើងទៅ​កន្លែងខ្ពស់​នៃ​ភ្នំ​ទាំងឡាយ និង​តំបន់ដាច់ស្រយាល​នៃ​លីបង់
ដោយ​រទេះចម្បាំង​ដ៏ច្រើន​របស់អញ
ហើយ​បាន​កាប់រំលំ​ដើមស៊ីដា​ដ៏ខ្ពស់ និង​ដើមស្រល់​ដែលល្អបំផុត​របស់វា​។
អញ​បាន​ទៅដល់​កន្លែងខ្ពស់បំផុត​របស់វា
គឺដល់​ព្រៃ​សម្បូរផ្លែឈើ​របស់វា​។
25អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹក#37:25 ហើយ​ផឹក​ទឹក―ឯកសារបុរាណខ្លះថា “ហើយ​ផឹក​ទឹកស្រុកគេ”។​។
អញ​ក៏​នឹង​ធ្វើឲ្យ​គ្រប់ទាំង​ព្រែក​នៃ​អេហ្ស៊ីប​រីងស្ងួត​ទៅ
ដោយ​បាតជើង​របស់អញ”។
26តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ​?
យើង​បាន​កំណត់​ការនេះ​តាំងពីយូរមកហើយ
យើង​បាន​គ្រោងទុក​តាំងពីបុរាណ​ហើយ​។
ឥឡូវនេះ យើង​ធ្វើឲ្យ​ការនេះ​បាន​សម្រេច
គឺ​ឲ្យ​អ្នក​បំផ្លាញ​ទីក្រុង​ដ៏រឹងមាំ​ឲ្យ​បាក់បែក​ជា​គំនរថ្ម​។
27ដោយហេតុនេះ អ្នកដែល​រស់នៅ​ទីក្រុងទាំងនោះ​ក៏​ខ្សោយ​កម្លាំង
ពួកគេ​បាន​ស្រយុតចិត្ត ហើយ​អាម៉ាស់មុខ​។
ពួកគេ​បានដូចជា​តិណជាតិ​តាម​ទីវាល
ដូចជា​ស្មៅទន់​ដ៏ខៀវខ្ចី
ដូចជា​ស្មៅ​នៅលើ​ដំបូលផ្ទះ ដែល​ក្រៀម​មុន​ដុះធំឡើង​។
28យើង​ដឹង​ពេលដែល​អ្នក​អង្គុយ
ពេលដែល​អ្នក​ចេញទៅ
និង​ពេលដែល​អ្នក​ចូលមក#37:28 យើង​ដឹង​ពេល​ដែល​អ្នក​អង្គុយ ពេលដែលអ្នក​ចេញទៅ និងពេលដែលអ្នក​ចូលមក―ឯកសារបុរាណខ្លះថា “យើង​ដឹង​ពេល​ដែល​អ្នក​អង្គុយ និងក្រោកឡើង ពេលដែលអ្នក​ចេញទៅ និង​ចូលមក”។
ព្រមទាំង​កំហឹង​របស់អ្នក​ទាស់នឹង​យើង​។
29ដោយព្រោះ​អ្នក​ខឹង​នឹង​យើង
ហើយ​ភាពព្រហើន​របស់អ្នក​បាន​ឡើងមក​ដល់​ត្រចៀក​របស់យើង
ដូច្នេះ​យើង​នឹង​ដាក់​កន្លុះ​របស់យើង នៅ​ច្រមុះ​របស់អ្នក
ក៏​នឹង​ដាក់​បង្ខាំបង្ហៀរ​របស់យើង​នៅ​មាត់​របស់អ្នក
ហើយ​ធ្វើឲ្យ​អ្នក​ត្រឡប់ទៅវិញ​តាម​ផ្លូវ​ដែល​អ្នក​បាន​មក’។
30“‘នេះ​ជា​ទីសម្គាល់​សម្រាប់​អ្នក គឺ​ឆ្នាំ​នេះ អ្នករាល់គ្នា​នឹង​ហូប​អ្វីដែលដុះឯង ហើយ​នៅ​ឆ្នាំ​ទីពីរ អ្នករាល់គ្នា​នឹង​ហូប​អ្វីដែលដុះក្រោយមកទៀត ប៉ុន្តែ​នៅ​ឆ្នាំ​ទីបី ចូរ​សាបព្រោះ ច្រូតកាត់ ហើយ​ធ្វើ​ចម្ការទំពាំងបាយជូរ រួច​ហូប​ផល​ទាំងនោះ​វិញ​។ 31រីឯ​អ្នកដែលរួចជីវិត​នៃ​វង្សត្រកូល​យូដា​ដែល​នៅសល់ នឹង​ចាក់ឫស​ទៅ​ក្រោម​ម្ដងទៀត ព្រមទាំង​បង្កើត​ផល​ទៅ​លើ​ផង​។ 32ដ្បិត​នឹង​មាន​អ្នកដែលនៅសល់​ចេញ​ពី​យេរូសាឡិម ហើយ​នឹង​មាន​អ្នកដែលរួចជីវិត​ចេញ​ពី​ភ្នំ​ស៊ីយ៉ូន​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ធ្វើ​ការនោះ’។
33“ដោយហេតុនេះ ព្រះយេហូវ៉ា​មានបន្ទូល​អំពី​ស្ដេច​អាស្ស៊ីរី​ដូច្នេះ​ថា​:
‘គេ​នឹង​មិន​ចូលមក​ក្នុង​ទីក្រុង​នេះ​ឡើយ
ក៏​មិន​បាញ់​ព្រួញ
ឬ​កាន់​ខែល​មកនៅមុខ​ទីក្រុងនេះ
ឬ​សង់​របាំងឡោមព័ទ្ធ​ទាស់នឹង​ទីនេះ​ដែរ
34គឺ​គេ​នឹង​ត្រឡប់ទៅវិញ​តាម​ផ្លូវ​ដែល​គេ​បាន​មក
ហើយ​មិន​ចូលមក​ក្នុង​ទីក្រុង​នេះ​ឡើយ​។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។
35ជាការពិត យើង​នឹង​ការពារ​ទីក្រុង​នេះ ដើម្បី​សង្គ្រោះ​ទីក្រុងនេះ
ដោយយល់ដល់​ខ្លួនយើង និង​ដោយយល់ដល់​ដាវីឌ​អ្នកបម្រើ​របស់យើង’”។
មរណភាពរបស់សានហេរីប
36បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ចេញទៅ​វាយសម្លាប់​មនុស្ស ១៨៥ ០០០ នាក់​ក្នុង​ជំរំ​របស់​អាស្ស៊ីរី​។ ពេល​ពួកគេ​ក្រោកឡើង​នៅ​ពេលព្រឹក នោះ​មើល៍! មនុស្សទាំងនោះ​បានទៅជា​សាកសព​ទាំងអស់​! 37ដូច្នេះ សានហេរីប​ស្ដេច​នៃ​អាស្ស៊ីរី​ក៏​ចាកចេញ​ទៅ ហើយ​ត្រឡប់ទៅវិញ រួច​រស់នៅ​នីនីវេ​។
38ថ្ងៃមួយ​មានកើតឡើងដូច្នេះ​: នៅពេល​សានហេរីប​កំពុងតែ​ថ្វាយបង្គំ​ក្នុង​វិហារ​របស់​ព្រះនីសរូក​ជា​ព្រះ​របស់ខ្លួន នោះ​អ័ឌរ៉ាម៉ាលេក និង​សារេស៊ើរ ជា​បុត្រ​របស់ទ្រង់​បាន​ធ្វើគុត​ទ្រង់​ដោយ​ដាវ ហើយ​គេចខ្លួន​ទៅ​ដែនដី​អារ៉ារ៉ាត​។ ដូច្នេះ អេសារហាដោន​បុត្រ​របស់ទ្រង់ ក៏​សោយរាជ្យ​ជំនួស​ទ្រង់​៕

ទើបបានជ្រើសរើសហើយ៖

អេសាយ 37: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល