អេសាយ 18
18
សារទៅកាន់អេត្យូពី
1វេទនាហើយ! ទឹកដីនៃស្លាបដែលមានសូរវឹបៗ
ដែលនៅខាងនាយទន្លេនៃអេត្យូពី!
2ពួកគេចាត់ទូតឲ្យទៅតាមសមុទ្រ
គឺជិះនាវាធ្វើពីដើមកក់នៅលើផ្ទៃទឹក។
ពួកអ្នកនាំសារដ៏រហ័សអើយ ចូរទៅចុះ!
ចូរទៅរកប្រជាជាតិមួយដែលមានមាឌខ្ពស់ ហើយមានស្បែករលោង
ជាជាតិសាសន៍ដ៏គួរឲ្យខ្លាចទាំងជិតទាំងឆ្ងាយ
ជាប្រជាជាតិខ្លាំងពូកែ ហើយជាន់ឈ្លីគ្រប់កន្លែង#18:2 គ្រប់កន្លែង―ជាពាក្យជំនួយ។
ដែលទឹកដីរបស់ពួកគេមានទន្លេហូរកាត់!
3អស់អ្នកដែលរស់នៅពិភពលោក
និងពួកអ្នកដែលរស់នៅផែនដីអើយ
កាលណាមានលើកទង់សញ្ញាឡើងនៅលើភ្នំ នោះអ្នករាល់គ្នានឹងឃើញ!
កាលណាមានផ្លុំស្នែងឡើង នោះអ្នករាល់គ្នានឹងឮ!
4ដ្បិតព្រះយេហូវ៉ាមានបន្ទូលនឹងខ្ញុំដូច្នេះថា៖
“យើងនឹងសង្កេតមើលយ៉ាងស្ងៀមស្ងាត់ពីលំនៅរបស់យើង
ដូចជាកម្ដៅដែលចែងចាំងក្នុងពន្លឺព្រះអាទិត្យ
និងដូចជាពពកនៃទឹកសន្សើមនៅពេលក្ដៅនៃរដូវច្រូតកាត់”។
5មុនរដូវច្រូតកាត់
កាលផ្ការីករុះរោយ
ហើយផ្កាក្លាយទៅជាផ្លែទំពាំងបាយជូរទុំ
ព្រះអង្គនឹងកាប់មែកដោយកណ្ដៀវ
ក៏នឹងលះខ្នែងចេញ។
6មែកទាំងនោះនឹងត្រូវបានបោះបង់ចោលជាមួយគ្នា
ដល់សត្វហើរចាប់រំពានៅលើភ្នំ
និងដល់សត្វព្រៃនៅលើផែនដី
នោះសត្វហើរចាប់រំពានឹងមកលើវានៅរដូវក្ដៅ
ហើយអស់ទាំងសត្វព្រៃនៅលើផែនដីនឹងមកលើវានៅរដូវរងា។
7នៅគ្រានោះ នឹងមានតង្វាយត្រូវបាននាំមកថ្វាយព្រះយេហូវ៉ានៃពលបរិវារ ពីជាតិសាសន៍ដែលមានមាឌខ្ពស់ ហើយមានស្បែករលោង និងពីជាតិសាសន៍ដ៏គួរឲ្យខ្លាចទាំងជិតទាំងឆ្ងាយ ជាប្រជាជាតិខ្លាំងពូកែ ហើយជាន់ឈ្លីគ្រប់កន្លែង#18:7 គ្រប់កន្លែង―ជាពាក្យជំនួយ។ ដែលទឹកដីរបស់ពួកគេមានទន្លេហូរកាត់ គឺមកដល់ភ្នំស៊ីយ៉ូនជាកន្លែងរបស់ព្រះនាមព្រះយេហូវ៉ានៃពលបរិវារ៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 18: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative