អេសាយ 19
19
ទំនាយទាស់នឹងអេហ្ស៊ីប
1នេះជាទំនាយស្ដីអំពីអេហ្ស៊ីប:
មើល៍! ព្រះយេហូវ៉ានឹងគង់លើពពកដ៏លឿន យាងមកអេហ្ស៊ីប។
បណ្ដារូបបដិមាករឥតប្រយោជន៍របស់អេហ្ស៊ីបនឹងញាប់ញ័រនៅចំពោះព្រះអង្គ
ហើយចិត្តរបស់ជនជាតិអេហ្ស៊ីបនឹងរលាយនៅក្នុងខ្លួនគេ។
2“យើងនឹងពន្យុះជនជាតិអេហ្ស៊ីបឲ្យទាស់នឹងជនជាតិអេហ្ស៊ីប
ម្នាក់ៗនឹងច្បាំងនឹងបងប្អូនរបស់ខ្លួន
ម្នាក់ៗនឹងប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន
ទីក្រុងមួយនឹងតទល់នឹងទីក្រុងមួយទៀត
អាណាចក្រមួយនឹងតទល់នឹងអាណាចក្រមួយទៀត។
3ជនជាតិអេហ្ស៊ីបនឹងបាត់ស្មារតី
ហើយយើងនឹងបំភាន់ផែនការរបស់ពួកគេ។
ពួកគេនឹងសួររករូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង។
4យើងនឹងប្រគល់ជនជាតិអេហ្ស៊ីបទៅក្នុងកណ្ដាប់ដៃរបស់ចៅហ្វាយដ៏ឃោរឃៅ
ហើយស្ដេចដ៏កាចសាហាវនឹងគ្រងរាជ្យលើពួកគេ”។
នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ។
5ទឹកសមុទ្រនឹងរីង
ទន្លេនឹងស្ងួត ហើយហួតហែងទៅ
6ស្ទឹងនានានឹងស្អុយ
ព្រែកទាំងឡាយរបស់អេហ្ស៊ីបនឹងថយចុះ ហើយស្ងួតទៅ
រីឯដើមបបុស និងដើមត្រែងនឹងក្រៀមស្វិត។
7ដើមកក់តាមទន្លេនីល ដែលនៅមាត់ទន្លេនីល
និងគ្រប់ទាំងស្រែពង្រោះតាមទន្លេនីល
នឹងក្រៀមស្វិត ក៏នឹងត្រូវបានផាត់បាត់ទៅ ហើយគ្មានវាទៀតឡើយ។
8ពួកអ្នកនេសាទនឹងទួញសោក
អស់អ្នកដែលបោះសន្ទូចក្នុងទន្លេនីលនឹងសោកស្ដាយ
ពួកអ្នកដែលបង់សំណាញ់នៅលើផ្ទៃទឹកនឹងអន់ថយ។
9អ្នកដែលធ្វើការខាងផាឌិបដ៏ប្រណិត
និងអ្នកដែលត្បាញសំពត់ស នឹងអាម៉ាស់មុខ
10សសរទ្រូង#19:10 សសរទ្រូង―ឬ “អ្នកត្បាញ”។របស់អេហ្ស៊ីបនឹងត្រូវបានជាន់កម្ទេច
អស់ទាំងឈ្នួលនឹងព្រួយចិត្ត។
11ពួកមេដឹកនាំនៃសូអានជាមនុស្សល្ងីល្ងើយ៉ាងខ្លាំង
ទីប្រឹក្សាដ៏មានបញ្ញារបស់ផារ៉ោនផ្ដល់សេចក្ដីប្រឹក្សាល្ងង់ខ្លៅ។
តើអ្នករាល់គ្នាអាចទូលទៅផារ៉ោនយ៉ាងដូចម្ដេចថា៖
“ខ្ញុំព្រះបាទជាកូនចៅអ្នកប្រាជ្ញ
គឺជាកូនចៅស្ដេចពីបុរាណ”?
12ចុះអ្នកប្រាជ្ញរបស់ព្រះករុណានៅឯណា?
សូមឲ្យពួកគេជម្រាបព្រះករុណា
សូមឲ្យពួកគេដឹងអ្វីដែលព្រះយេហូវ៉ានៃពលបរិវារបានគ្រោងទុកទាស់នឹងអេហ្ស៊ីបចុះ!
13ពួកមេដឹកនាំនៃសូអានបានត្រឡប់ជាល្ងីល្ងើ
ពួកមេដឹកនាំនៃណូពត្រូវគេបញ្ឆោត
ពួកប្រមុខនៃកុលសម្ព័ន្ធអេហ្ស៊ីបបាននាំជនជាតិអេហ្ស៊ីបឲ្យវង្វេង។
14ព្រះយេហូវ៉ាបានលាយវិញ្ញាណនៃការវៀចវេរទៅក្នុងអេហ្ស៊ីប
ដូច្នេះពួកគេនាំអេហ្ស៊ីបឲ្យវង្វេងក្នុងគ្រប់ទាំងកិច្ចការរបស់គេ
ដូចជាមនុស្សស្រវឹងដើរទ្រេតទ្រោតក្នុងកម្អួតរបស់ខ្លួន។
15គ្មានអ្វីដែលអាចធ្វើបានសម្រាប់អេហ្ស៊ីបឡើយ
ទោះបីជាក្បាល ឬកន្ទុយ ធាងលម៉ើ ឬដើមត្រែងក៏ដោយ។
អេហ្ស៊ីបនឹងស្គាល់ព្រះយេហូវ៉ា
16នៅថ្ងៃនោះ ជនជាតិអេហ្ស៊ីបនឹងបានដូចជាមនុស្សស្រី ហើយញ័ររន្ធត់ ព្រមទាំងភ័យខ្លាច ដោយព្រោះការលើកព្រះហស្តរបស់ព្រះយេហូវ៉ានៃពលបរិវារ ដែលព្រះអង្គបានលើកទាស់នឹងពួកគេ។ 17ដែនដីយូដានឹងទៅជាការភិតភ័យដល់អេហ្ស៊ីប អស់អ្នកដែលត្រូវគេរំលឹកអំពីដែនដីយូដានឹងភ័យខ្លាច ដោយព្រោះផែនការរបស់ព្រះយេហូវ៉ានៃពលបរិវារ ដែលព្រះអង្គបានគ្រោងទុកទាស់នឹងពួកគេ។
18នៅថ្ងៃនោះ នឹងមានទីក្រុងប្រាំនៅក្នុងដែនដីអេហ្ស៊ីប ដែលនិយាយភាសារបស់កាណាន ព្រមទាំងស្បថដល់ព្រះយេហូវ៉ានៃពលបរិវារ។ ទីក្រុងមួយក្នុងទីក្រុងទាំងនោះ នឹងត្រូវបានហៅថា “ទីក្រុងនៃព្រះអាទិត្យ#19:18 ទីក្រុងនៃព្រះអាទិត្យ―ឬ “ទីក្រុងនៃសេចក្ដីវិនាស”។”។
19នៅថ្ងៃនោះ នឹងមានអាសនាមួយសម្រាប់ព្រះយេហូវ៉ា នៅកណ្ដាលដែនដីអេហ្ស៊ីប ក៏នឹងមានបង្គោលមួយសម្រាប់ព្រះយេហូវ៉ានៅព្រំដែននៃដែនដីអេហ្ស៊ីប។ 20បង្គោលនោះនឹងទៅជាទីសម្គាល់ និងជាបន្ទាល់អំពីព្រះយេហូវ៉ានៃពលបរិវារ នៅក្នុងដែនដីអេហ្ស៊ីប។ នៅពេលពួកគេស្រែកឡើងទៅកាន់ព្រះយេហូវ៉ាដោយព្រោះអ្នកសង្កត់សង្កិន ព្រះអង្គនឹងចាត់អ្នកសង្គ្រោះ និងអ្នកការពារម្នាក់ឲ្យទៅរកពួកគេ ដើម្បីរំដោះពួកគេ។ 21ដូច្នេះ ព្រះយេហូវ៉ានឹងធ្វើឲ្យជនជាតិអេហ្ស៊ីបស្គាល់អង្គទ្រង់ ហើយជនជាតិអេហ្ស៊ីបនឹងស្គាល់ព្រះយេហូវ៉ានៅថ្ងៃនោះ។ ពួកគេនឹងថ្វាយបង្គំព្រះអង្គដោយយញ្ញបូជា និងតង្វាយ ហើយបន់បំណន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់ផង។ 22ព្រះយេហូវ៉ានឹងវាយអេហ្ស៊ីប គឺទាំងវាយ ទាំងប្រោសឲ្យជា នោះពួកគេនឹងត្រឡប់មករកព្រះយេហូវ៉ាវិញ ហើយព្រះអង្គនឹងប្រទានឲ្យតាមសេចក្ដីអធិស្ឋានរបស់ពួកគេ ក៏នឹងប្រោសពួកគេឲ្យជាដែរ។
23នៅថ្ងៃនោះ នឹងមានផ្លូវធំមួយពីអេហ្ស៊ីបទៅអាស្ស៊ីរី ហើយជនជាតិអាស្ស៊ីរីនឹងមកអេហ្ស៊ីប រីឯជនជាតិអេហ្ស៊ីបនឹងទៅអាស្ស៊ីរីដែរ; ជនជាតិអេហ្ស៊ីបនឹងថ្វាយបង្គំជាមួយជនជាតិអាស្ស៊ីរី។
24នៅថ្ងៃនោះ អ៊ីស្រាអែលនឹងទៅជាទីបីជាមួយអេហ្ស៊ីប និងអាស្ស៊ីរី គឺជាពរនៅកណ្ដាលផែនដី; 25ព្រះយេហូវ៉ានៃពលបរិវារនឹងប្រទានពរពួកគេ ដោយមានបន្ទូលថា៖ “ចូរឲ្យមានពរដល់អេហ្ស៊ីបជាប្រជារាស្ត្ររបស់យើង ដល់អាស្ស៊ីរីជាស្នាដៃរបស់យើង និងដល់អ៊ីស្រាអែលជាមរតករបស់យើង!”៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 19: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative