អេសាយ 17
17
ទំនាយទាស់នឹងដាម៉ាស់
1នេះជាទំនាយស្ដីអំពីដាម៉ាស់:
“មើល៍! ដាម៉ាស់នឹងត្រូវបានដកចេញពីភាពជាទីក្រុង
គឺត្រឡប់ជាគំនរបាក់បែកវិញ។
2ទីក្រុងនានានៃអារ៉ូអ៊ើរនឹងត្រូវបានបោះបង់ចោល
ក៏នឹងបានសម្រាប់ហ្វូងចៀម;
ពួកវានឹងដេក ហើយគ្មានអ្នកណាបំភ័យពួកវាឡើយ។
3រីឯបន្ទាយនឹងបាត់ពីអេប្រាអិម
ហើយរាជ្យអំណាចនឹងបាត់ពីដាម៉ាស់។
សំណល់នៃជនជាតិអើរ៉ាមនឹងបានដូចជាសិរីរុងរឿងរបស់កូនចៅអ៊ីស្រាអែល”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ។
ការជំនុំជម្រះអ៊ីស្រាអែល
4“នៅថ្ងៃនោះ សិរីរុងរឿងរបស់យ៉ាកុបនឹងដុនដាប
ហើយមាឌធាត់របស់គេនឹងត្រឡប់ជាស្គមស្គាំងវិញ។
5យ៉ាងណាមិញ នឹងមានកើតឡើងដូច្នេះ:
ដូចដែលអ្នកច្រូតប្រមូលស្រូវ ក៏ច្រូតកួរស្រូវដោយដៃរបស់ខ្លួនយ៉ាងណា
ហើយដូចដែលគេរើសសន្សំកួរស្រូវនៅក្នុងជ្រលងភ្នំរេផែមយ៉ាងណា
6គង់តែមានសំណល់នៅសល់នៅទីនោះយ៉ាងនោះដែរ
គឺដូចជាការអង្រួនដើមអូលីវ ដែលតែងតែមានផ្លែពីរបីនៅចុងដើម
ក៏មានបួនប្រាំនៅមែកដែលមានផ្លែច្រើន”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល។
7នៅថ្ងៃនោះ មនុស្សនឹងផ្ចង់មើលព្រះសូនបង្កើតរបស់ខ្លួន
ហើយភ្នែករបស់គេនឹងសម្លឹងមើលអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
8គេនឹងលែងផ្ចង់មើលអាសនាដែលជាស្នាដៃរបស់ខ្លួន
ក៏លែងសម្លឹងមើលរូបព្រះម៉ែអាសេរ៉ា និងរូបព្រះអាទិត្យដែលម្រាមដៃគេបានធ្វើដែរ។
9នៅថ្ងៃនោះ ទីក្រុងមាំមួនរបស់គេនឹងបានដូចជាកន្លែងដែលត្រូវគេបោះបង់ចោល នៅព្រៃ និងកំពូលភ្នំ
ជាកន្លែងដែលគេបោះបង់ចោលដោយព្រោះកូនចៅអ៊ីស្រាអែល
ហើយកន្លែងនោះនឹងទៅជាទីស្ងាត់ជ្រងំ។
10ដ្បិតអ្នកបានភ្លេចព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក
ហើយមិនបាននឹកចាំថ្មដានៃជម្រករបស់អ្នក។
ដោយហេតុនេះ ទោះបីជាអ្នកដាំដំណាំដែលគាប់ចិត្ត
ហើយព្រោះមែកទំពាំងបាយជូរពូជផ្សេងក៏ដោយ
11ទោះបីជាអ្នកបណ្ដុះវានៅថ្ងៃដែលអ្នកដាំវា
ហើយធ្វើឲ្យវាចេញផ្កានៅព្រឹកដែលអ្នកព្រោះវាក៏ដោយ
ក៏ចម្រូតនឹងរត់គេចនៅថ្ងៃនៃការកើតជំងឺ និងការឈឺចាប់ដែលព្យាបាលមិនបាន។
ការជំនុំជម្រះប្រជាជាតិនានា
12វេទនាហើយ!
សូរគឹកកងរបស់ប្រជាជាតិទាំងឡាយដែលគ្រហឹមដូចសមុទ្រគ្រហឹម!
សូរសន្ធឹករបស់ជាតិសាសន៍នានាស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ខ្លាំងក្លា!
13ជាតិសាសន៍នានានឹងស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ច្រើន
ប៉ុន្តែព្រះអង្គនឹងស្ដីបន្ទោសពួកគេ
នោះពួកគេនឹងរត់គេចទៅឆ្ងាយ
ក៏នឹងត្រូវបានដេញតាមដូចជាអង្កាមលើភ្នំនៅមុខខ្យល់
និងដូចជាដុំស្មៅនៅមុខខ្យល់កួច។
14នៅពេលល្ងាច មើល៍! មានសេចក្ដីគួរឲ្យខ្លាច!
មុនពេលព្រឹក គ្មានពួកគេឡើយ!
នេះហើយជាចំណែករបស់អ្នកដែលរឹបជាន់យកពីយើង
ជាវាសនារបស់អ្នកដែលប្លន់យកពីយើង៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 17: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative