អេសាយ 16
16
1ចូរផ្ញើកូនចៀមទៅមេគ្រប់គ្រងនៃទឹកដីនេះ
គឺចេញពីសិឡា កាត់តាមទីរហោស្ថាន ទៅឯភ្នំនៃកូនស្រីស៊ីយ៉ូន!
2នៅកន្លែងឆ្លងទឹកនៃទន្លេអើណូន
កូនស្រីម៉ូអាប់នឹងបានដូចជាបក្សាបក្សីដែលរត់គេច
ក៏បានដូចជាសម្បុកដែលត្រូវបានកម្ចាត់កម្ចាយ។
3ម៉ូអាប់ពោលថា៖#16:3 ម៉ូអាប់ពោលថា៖―ជាពាក្យជំនួយ។ “សូមផ្ដល់សេចក្ដីប្រឹក្សាមក ហើយអនុវត្តសេចក្ដីយុត្តិធម៌;
នៅកណ្ដាលថ្ងៃត្រង់ សូមធ្វើឲ្យម្លប់របស់អ្នកបានដូចជាយប់
សូមបំពួនពួកអ្នកដែលត្រូវបានបណ្ដេញចេញ
សូមកុំបើកបង្ហាញពួកអ្នកដែលរត់គេចនោះឡើយ។
4សូមឲ្យពួកអ្នកដែលត្រូវបានបណ្ដេញចេញរបស់យើង
គឺម៉ូអាប់ បានរស់នៅបណ្ដោះអាសន្នក្នុងចំណោមអ្នក
សូមធ្វើជាទីលាក់កំបាំងដល់ពួកគេ ពីអ្នកបំផ្លាញផង”។
កាលណាអ្នកសង្កត់សង្កិនអស់ទៅ
ការបំផ្លាញបានចប់
ហើយអ្នកជាន់ឈ្លីបានវិនាសពីទឹកដីនោះ
5ពេលនោះ នឹងមានបល្ល័ង្កមួយត្រូវបានតាំងឡើងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល
ក៏នឹងមានម្នាក់អង្គុយលើបល្ល័ង្កនោះដោយសេចក្ដីពិតត្រង់ ក្នុងរោងរបស់ដាវីឌ
ទាំងជំនុំជម្រះ ហើយស្វែងរកសេចក្ដីយុត្តិធម៌
ព្រមទាំងរហ័សនឹងអនុវត្តសេចក្ដីសុចរិតយុត្តិធម៌ផង។
6ពួកយើងបានឮអំពីអំនួតរបស់ម៉ូអាប់
ពួកគេមានអំនួតណាស់ហ្ន៎!
គឺពួកយើងបានឮអំពីភាពព្រហើនរបស់ពួកគេ
អំនួតរបស់ពួកគេ
និងសេចក្ដីក្ដៅក្រហាយរបស់ពួកគេ;
ការអួតបំផ្លើសរបស់ពួកគេមិនពិតទេ។
7ដោយហេតុនេះ ចូរឲ្យជនជាតិម៉ូអាប់ទ្រហោយំចំពោះជនជាតិម៉ូអាប់
ចូរឲ្យពួកគេគ្រប់គ្នាទ្រហោយំចុះ។
អ្នករាល់គ្នានឹងយំសោកចំពោះនំទំពាំងបាយជូរក្រៀមនៃគារ-ហារ៉ាសែត ទាំងឈឺផ្សាក្រៃលែង
8ដ្បិតចម្ការនៃហែសបូន និងដើមទំពាំងបាយជូរនៃស៊ីបម៉ាបានក្រៀមស្វិតទៅ
ពួកចៅហ្វាយនៃប្រជាជាតិនានាបានវាយកម្ទេចមែកទំពាំងបាយជូរដ៏ល្អបំផុតរបស់ពួកគេ
ដែលលូតរហូតដល់យ៉ាស៊ើរ
ដែលដុះរាលដាលទៅទីរហោស្ថាន
លំពង់របស់វាក៏បែកសាយកាត់សមុទ្រ។
9ហេតុនេះហើយបានជាខ្ញុំយំសោកដោយការយំសោករបស់យ៉ាស៊ើរ
ចំពោះដើមទំពាំងបាយជូររបស់ស៊ីបម៉ា។
ហែសបូន និងអេលាលេអើយ
ខ្ញុំនឹងបញ្ជោកអ្នកដោយទឹកភ្នែករបស់ខ្ញុំ
ពីព្រោះការស្រែកហ៊ោចំពោះផ្លែឈើរដូវក្ដៅរបស់អ្នក
និងចំពោះចម្រូតរបស់អ្នក ឈប់មានហើយ។
10អំណរ និងសេចក្ដីត្រេកអរត្រូវបានដកចេញពីចម្ការសម្បូរផល
គេលែងច្រៀងដោយអំណរ
លែងស្រែកហ៊ោសប្បាយនៅក្នុងចម្ការទំពាំងបាយជូរ
ក៏លែងមានអ្នកជាន់ ដែលជាន់ក្នុងទីបញ្ជាន់ផ្លែដើម្បីធ្វើស្រាទំពាំងបាយជូរដែរ
គឺយើងបានបញ្ឈប់ការស្រែកហ៊ោហើយ!
11ដោយហេតុនេះ ដួងចិត្តរបស់ខ្ញុំនឹងស្រែកថ្ងូរដូចពិណហាបចំពោះម៉ូអាប់
ផ្នែកខាងក្នុងនៃរូបកាយខ្ញុំស្រែកថ្ងូរចំពោះគារ-ហារ៉ាសែត។
12លុះពេលម៉ូអាប់លេចមក
ពេលគេនឿយហត់នៅទីខ្ពស់
ពេលគេចូលទៅទីវិសុទ្ធរបស់គេដើម្បីអធិស្ឋាន
នោះក៏គ្មានប្រយោជន៍អ្វីដែរ។
13នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលកាលពីមុន ស្ដីអំពីម៉ូអាប់។ 14ប៉ុន្តែឥឡូវនេះ ព្រះយេហូវ៉ាមានបន្ទូលថា៖ “ក្នុងបីឆ្នាំទៀត តាមឆ្នាំរបស់ឈ្នួល សិរីរុងរឿងរបស់ម៉ូអាប់នឹងត្រូវគេមើលងាយ រួមទាំងប្រជាជនដ៏ច្រើនទាំងអស់ផង រីឯសំណល់មនុស្សមានតិចតួចណាស់ ក៏មិនខ្លាំងដែរ”៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 16: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative