រូបតាងកម្មវិធីព្រះគម្ពីរ
អាយខន ស្វែង​រក

អេសាយ 14

14
អ៊ីស្រាអែលត្រឡប់មកវិញ
1ព្រះយេហូវ៉ា​នឹង​អាណិតមេត្តា​យ៉ាកុប ក៏​នឹង​ជ្រើសរើស​អ៊ីស្រាអែល​ម្ដងទៀត ព្រមទាំង​ដាក់​ពួកគេ​នៅ​ក្នុង​ទឹកដី​របស់ខ្លួន​វិញ នោះ​ជនបរទេស​នឹង​ចូលរួម​ជាមួយ​ពួកគេ ហើយ​នៅជាប់​នឹង​វង្សត្រកូល​យ៉ាកុប​។ 2ប្រជាជាតិ​នានា​នឹង​យក​ពួកគេ​មក ហើយ​នាំ​ទៅ​កន្លែង​របស់ពួកគេ​វិញ នោះ​វង្សត្រកូល​អ៊ីស្រាអែល​នឹង​ទទួល​ប្រជាជាតិនានា​ជាមរតក​នៅក្នុង​ទឹកដី​របស់​ព្រះយេហូវ៉ា គឺ​ទុកជា​ទាសករប្រុស និង​ជា​ទាសករស្រី​។ ពួកគេ​នឹង​ចាប់​អ្នកដែល​ចាប់​ពួកគេ​ជាឈ្លើយសឹក មកជាឈ្លើយសឹក​វិញ ក៏​នឹង​ត្រួតត្រា​លើ​ពួកអ្នកដែល​សង្កត់សង្កិន​ពួកគេ​ផង​។
ចម្រៀងចំអកស្ដេចបាប៊ីឡូន
3នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានឲ្យ​អ្នក​សម្រាក ពី​ទុក្ខព្រួយ​របស់អ្នក ពី​ភាពច្របូកច្របល់​របស់អ្នក និង​ពី​ពលកម្ម​ដ៏ធ្ងន់​ដែល​គេ​បាន​ដាក់ឲ្យ​អ្នក​ធ្វើ 4អ្នក​នឹង​លើកយក​ពាក្យចំអក​នេះ​ដាក់​ស្ដេច​បាប៊ីឡូន​ថា​៖
“ពួក​សង្កត់សង្កិន​បាន​ឈប់​យ៉ាងណាហ្ន៎​!
ការច្រឡោតខឹង​បាន​ឈប់​យ៉ាងណាហ្ន៎​!
5ព្រះយេហូវ៉ា​បាន​បំបាក់​ដំបង​របស់​មនុស្ស​អាក្រក់
និង​ដំបងរាជ្យ​របស់​មេគ្រប់គ្រង​ហើយ
6ជា​អ្នកដែល​វាយកម្ទេច​ប្រជាជាតិ​នានា​ក្នុង​សេចក្ដីក្ដៅក្រហាយ
ដោយ​ការវាយដំ​ដែល​មិនចេះចប់
ជា​អ្នកដែល​ត្រួតត្រា​លើ​ប្រជាជាតិ​នានា​ក្នុង​កំហឹង
ដោយ​ការបៀតបៀន​ដែល​មិនចេះទប់​។
7ផែនដី​ទាំងមូល​បាន​សម្រាក ក៏​បាន​ស្ងៀមស្ងប់
គេ​បាន​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​។
8សូម្បីតែ​ដើមស្រល់ និង​ដើមស៊ីដា​នៅ​លីបង់​ក៏​អរសប្បាយ​លើ​អ្នក ដោយនិយាយថា​:
‘តាំងពី​អ្នក​បាន​ដួលរលំ
គ្មាន​អ្នក​កាប់ឈើ​ឡើងមក​ទាស់នឹង​យើង​ទៀតឡើយ​!’។
9ស្ថានមនុស្សស្លាប់​នៅ​ខាងក្រោម​ក៏​រំភើប​ដោយសារតែ​អ្នក
គឺរំភើប​នឹង​ជួប​អ្នក​ពេល​អ្នក​មកដល់
វា​ដាស់​ព្រលឹងមនុស្សស្លាប់​ជា​អ្នកដឹកនាំ​ទាំងអស់​នៅលើ​ផែនដី​ឲ្យភ្ញាក់ឡើង​ដើម្បី​ទទួល​អ្នក
វា​ឲ្យ​អស់ទាំង​ស្ដេច​នៃ​ប្រជាជាតិ​នានា​ក្រោកឡើង​ពី​បល្ល័ង្ក​របស់ខ្លួន​។
10ពួកគេ​ទាំងអស់គ្នា​ឆ្លើយតប​នឹង​អ្នក​ថា​:
‘ឯង​ក៏​បាន​ត្រឡប់ជាខ្សោយ​ដូច​ពួកយើង​ដែរ​!
ឯង​ក៏​បានដូច​ពួកយើង​ដែរ​!’។
11ភាពឧត្ដុង្គឧត្ដម​របស់អ្នក និង​សំឡេង​ពិណ​របស់អ្នក
ត្រូវបាន​នាំចុះមក​ស្ថានមនុស្សស្លាប់
ដង្កូវគំរង់​ត្រូវបាន​ក្រាល​នៅក្រោម​អ្នក
ដង្កូវស៊ីសាកសព​គ្របដណ្ដប់​អ្នក​។
12ផ្កាយព្រឹក ជា​កូន​នៃ​អរុណ​អើយ
អ្នក​បាន​ធ្លាក់​ពី​លើមេឃ​យ៉ាងណាហ្ន៎​!
អ្នកដែល​បង្ក្រាប​ប្រជាជាតិ​នានា​អើយ
អ្នក​ត្រូវបាន​កាប់រំលំ​ដល់​ដី​យ៉ាងណាហ្ន៎​!
13អ្នក​បាន​និយាយ​ក្នុងចិត្ត​ថា​:
‘អញ​នឹង​ឡើងទៅ​លើមេឃ​;
អញ​នឹង​លើក​បល្ល័ង្ក​របស់អញ​ឡើង​លើ​ផ្កាយ​ទាំងឡាយ​របស់​ព្រះ​;
អញ​នឹង​អង្គុយ​លើ​ភ្នំ​នៃ​ទីជំនួប នៅ​ទិសខាងជើង​បំផុត​;
14អញ​នឹង​ឡើងទៅ​លើ​កន្លែងខ្ពស់​នៃ​ពពក
អញ​នឹង​ប្រដូច​ខ្លួន​ទៅនឹង​ព្រះ​ដ៏ខ្ពស់បំផុត’។
15យ៉ាងណាមិញ អ្នក​នឹង​ត្រូវបាន​ទម្លាក់​ទៅ​ស្ថានមនុស្សស្លាប់​វិញ
គឺ​ត្រូវបាន​ទម្លាក់​ទៅ​ចុងបំផុត​នៃ​រណ្ដៅមរណៈ​!
16ពួកដែល​ឃើញ​អ្នក នឹង​សម្លឹងមើល​ទៅ​អ្នក ហើយ​រិះគិត​អំពី​អ្នក​ថា​:
‘តើ​មនុស្ស​នេះ​ឬ
ដែល​ធ្វើឲ្យ​ផែនដី​ភ័យញ័រ
ដែល​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​រញ្ជួយ​នោះ​?
17តើមនុស្សនេះឬ
ដែល​ធ្វើឲ្យ​ពិភពលោក​បាន​ដូចជា​ទីរហោស្ថាន ហើយ​រំលំ​ទីក្រុង​នានា​របស់វា
ដែល​មិន​លែង​ពួក​អ្នកទោស​ឲ្យ​ទៅ​ផ្ទះ​វិញ​នោះ​?’។
18អស់ទាំង​ស្ដេច​នៃ​ប្រជាជាតិ​នានា
ពួកគេ​ទាំងអស់គ្នា​បាន​ដេកលក់​នៅក្នុង​សិរីរុងរឿង
គឺ​ក្នុង​ផ្នូរ​របស់ពួកគេ​រៀងៗខ្លួន
19រីឯ​អ្នក​វិញ អ្នក​ត្រូវបាន​បោះចោល​ចេញពី​ផ្នូរ​របស់អ្នក​ដូច​មែក​ដែល​គួរឲ្យខ្ពើម
ក៏ត្រូវបាន​គ្របបាំង​ដោយ​អ្នកដែល​ត្រូវគេ​សម្លាប់
ជា​អ្នកដែល​ត្រូវគេ​ចាក់​ដោយ​ដាវ ដែល​ធ្លាក់ទៅ​ក្នុង​រណ្ដៅ​សម្បូរ​ថ្ម
គឺ​ដូចជា​សាកសព​ដែល​ត្រូវគេ​ជាន់ឈ្លី​។
20អ្នក​នឹង​ចូលរួម​ជាមួយ​ពួកគេ​នៅក្នុង​ការបញ្ចុះសព មិនបានទេ
ពីព្រោះ​អ្នក​បាន​បំផ្លាញ​ទឹកដី​របស់អ្នក
ហើយ​សម្លាប់​ប្រជាជន​របស់អ្នក​ផង​។
ពូជពង្ស​របស់​មនុស្ស​ធ្វើអាក្រក់ នឹង​មិន​ត្រូវបាន​ចេញឈ្មោះ​ជារៀងរហូត​!
21ចូរ​ត្រៀម​ការសម្លាប់​សម្រាប់​កូនចៅ​របស់គាត់
ដោយសារតែ​អំពើទុច្ចរិត​របស់​ដូនតា​ពួកគេ
ក្រែងលោ​ពួកគេ​ក្រោកឡើង​កាន់កាប់​ផែនដី
ហើយ​ធ្វើឲ្យ​ផ្ទៃ​ផែនដី​ពេញ​ដោយ​ទីក្រុង”។
22នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “យើង​នឹង​ក្រោកឡើង​ទាស់នឹង​ពួកគេ ហើយ​កាត់​ឈ្មោះ និង​សំណល់ ព្រមទាំង​កូនចៅ និង​ពូជពង្ស ចេញ​ពី​បាប៊ីឡូន”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។ 23“យើង​នឹង​ធ្វើឲ្យ​បាប៊ីឡូន​ទៅជា​កម្មសិទ្ធិ​របស់​កាំប្រមា និង​ជា​វាលភក់ យើង​នឹង​បោស​វា​ដោយ​អំបោស​នៃ​ការ​បំផ្លាញ”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។
អាស្ស៊ីរីនឹងត្រូវបានបំផ្លាញ
24ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ស្បថ​ថា​៖
“ដូចដែល​យើង​បាន​គិត​យ៉ាងណា នឹង​កើតមាន​យ៉ាងនោះ​ជាប្រាកដ
ដូចដែល​យើង​បាន​គ្រោងទុក​យ៉ាងណា វា​នឹង​សម្រេច​យ៉ាងនោះដែរ
25គឺ​យើង​នឹង​កម្ទេច​អាស្ស៊ីរី​នៅក្នុង​ទឹកដី​របស់យើង
ក៏​នឹង​ជាន់ឈ្លី​អាស្ស៊ីរី​នៅលើ​តំបន់ភ្នំ​របស់យើង​;
នឹម​របស់គេ​នឹង​ចាកចេញ​ពី​លើ​អ៊ីស្រាអែល#14:25 អ៊ីស្រាអែល―ន័យត្រង់គឺ “ពួកគេ”។
បន្ទុក​របស់គេ​នឹង​ចាកចេញ​ពី​លើ​ស្មា​របស់ពួកគេ”។
26នេះ​ជា​ផែនការ​ដែល​ត្រូវបាន​គ្រោងទុក​សម្រាប់​ផែនដី​ទាំងមូល
នេះ​ជា​ព្រះហស្ត​ដែល​លាត​ទៅលើ​ប្រជាជាតិ​ទាំងអស់​។
27ជាការពិត ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​គ្រោងទុក
តើ​នរណា​អាច​បញ្ឈប់​បាន​?
ព្រះហស្ត​របស់ព្រះអង្គ​បាន​លាត​ទៅហើយ
តើ​នរណា​អាច​ធ្វើឲ្យ​ត្រឡប់មកវិញ​បាន​?
ទំនាយទាស់នឹងភីលីស្ទីន
28នៅ​ឆ្នាំ​ដែល​ព្រះបាទ​អ័ហាស​សោយទិវង្គត មាន​ទំនាយ​នេះ​បានមកដល់​:
29ភីលីស្ទីន​អើយ
កុំ​ឲ្យ​អ្នកទាំងអស់គ្នា​អរសប្បាយ
ដោយព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នក​ត្រូវបាន​បំបាក់​នោះ​ឡើយ​!
ដ្បិត​ពស់ពិស​នឹង​កើតចេញ​ពី​ឫស​នៃ​សត្វពស់
ហើយ​ផលផ្លែ​របស់វា​នឹងទៅជា​ពស់ភ្លើង​ហោះ​។
30សូម្បីតែ​កូនច្បង​របស់​អ្នកក្រខ្សត់​នឹង​មានអាហារហូប
ហើយ​មនុស្ស​ខ្វះខាត​ក៏​នឹង​ដេកសម្រាក​ដោយ​សុវត្ថិភាព​ដែរ
ប៉ុន្តែ​យើង​នឹង​សម្លាប់​ឫស​របស់អ្នក​ដោយ​ទុរ្ភិក្ស
ហើយ​ទុរ្ភិក្សនោះ​នឹង​សម្លាប់​អ្នកដែលនៅសល់​របស់អ្នក​។
31ទ្វារក្រុង​អើយ ចូរ​ទ្រហោយំ​!
ទីក្រុង​អើយ ចូរ​ស្រែកយំ​!
ភីលីស្ទីន​ទាំងមូល​អើយ ចូរ​រលាយ​បាត់ទៅ​!
ដ្បិត​ផ្សែង​នឹង​ចេញ​ពី​ទិសខាងជើង​មក
គ្មានអ្នកណា​ដើររ៉ែរ៉​ក្នុង​ជួរទ័ព​គេ​ឡើយ​។
32តើ​ត្រូវ​ឆ្លើយ​នឹង​អ្នកនាំសារ​នៃ​ប្រជាជាតិ​នោះ​ដូចម្ដេច​?
ត្រូវឆ្លើយ​ថា​៖ “ព្រះយេហូវ៉ា​បាន​តាំង​ស៊ីយ៉ូន​ឡើង
ហើយ​មនុស្ស​រងទុក្ខ​ក្នុង​ប្រជារាស្ត្រ​របស់ព្រះអង្គ​នឹង​ជ្រកកោន​ក្នុង​ទីក្រុងនោះ”៕

ទើបបានជ្រើសរើសហើយ៖

អេសាយ 14: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល