អេសាយ 13
13
ទំនាយទាស់នឹងបាប៊ីឡូន
1នេះជាទំនាយស្ដីអំពីបាប៊ីឡូន ដែលអេសាយកូនរបស់អ័ម៉ូសបានឃើញ:
2ចូរលើកទង់សញ្ញាមួយនៅលើភ្នំត្រងិល ហើយបន្លឺសំឡេងទៅពួកគេ
ចូរបក់ដៃ ដើម្បីឲ្យពួកគេបានចូលទៅតាមខ្លោងទ្វាររបស់ពួកអភិជន!
3ដើម្បីបំពេញឲ្យសម្រេច#13:3 បំពេញឲ្យសម្រេច―ជាពាក្យជំនួយ។នូវកំហឹងរបស់យើង
យើងបានបញ្ជាពួកអ្នកដែលត្រូវបានញែកជាវិសុទ្ធរបស់យើង
យើងបានកោះហៅពួកមនុស្សខ្លាំងពូកែរបស់យើង
ជាអ្នកដែលរីករាយចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើង។
4ន៏ សូរគឹកកងនៅលើភ្នំ ដូចជាប្រជាជាតិដ៏ច្រើន!
ន៏ សូរសន្ធឹករបស់អាណាចក្រនានា និងប្រជាជាតិទាំងឡាយផ្ដុំគ្នា!
ព្រះយេហូវ៉ានៃពលបរិវារកំពុងប្រមូលផ្ដុំពលទ័ពសម្រាប់ចម្បាំង។
5ពួកគេមកពីស្រុកឆ្ងាយ ពីចុងបំផុតនៃផ្ទៃមេឃ
គឺព្រះយេហូវ៉ា និងអាវុធនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គនឹងមក
ដើម្បីបំផ្លាញផែនដីទាំងមូល។
6ចូរទ្រហោយំចុះ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់ហើយ!
ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញពីព្រះដ៏មានព្រះចេស្ដា។
7ដោយហេតុនេះ គ្រប់ទាំងដៃនឹងខ្សោយល្វើយ
គ្រប់ទាំងចិត្តមនុស្សនឹងរលាយទៅ។
8ពួកគេនឹងតក់ស្លុត;
ការឈឺ និងការចុកចាប់នឹងចាប់ពួកគេ;
ពួកគេនឹងឈឺចុកចាប់យ៉ាងខ្លាំងដូចស្ត្រីដែលកំពុងសម្រាលកូន។
ពួកគេនឹងមើលគ្នាទៅវិញទៅមកទាំងភ្ញាក់ផ្អើល
មុខរបស់ពួកគេនឹងបានដូចជាអណ្ដាតភ្លើង។
9មើល៍! ថ្ងៃរបស់ព្រះយេហូវ៉ានឹងមកដល់
ជាថ្ងៃដ៏សាហាវដែលមានទាំងសេចក្ដីក្ដៅក្រហាយ និងព្រះពិរោធដ៏ក្រេវក្រោធ
ដើម្បីធ្វើឲ្យផែនដីទៅជាទីហិនហោច ហើយបំផ្លាញមនុស្សបាបក្នុងនោះឲ្យអស់ពីផែនដី។
10ផ្កាយនៅលើមេឃ និងហ្វូងតារារបស់វា នឹងលែងបញ្ចេញពន្លឺ;
ព្រះអាទិត្យនឹងងងឹតនៅពេលរះឡើង
ព្រះចន្ទនឹងមិនបញ្ចេញពន្លឺឡើយ។
11យើងនឹងដាក់ទោសពិភពលោក ដោយព្រោះការអាក្រក់របស់ពួកគេ
យើងនឹងដាក់ទោសមនុស្សអាក្រក់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ពួកគេ;
យើងនឹងកម្ចាត់អំនួតរបស់មនុស្សក្អេងក្អាង
ហើយបន្ទាបភាពព្រហើនរបស់មនុស្សកាចសាហាវ។
12យើងនឹងធ្វើឲ្យមនុស្ស កម្រមានជាងមាសសុទ្ធ
គឺធ្វើឲ្យមនុស្សជាតិ កម្រមានជាងមាសពីអូភារទៅទៀត។
13ដោយហេតុនេះ យើងនឹងធ្វើឲ្យផ្ទៃមេឃរញ្ជួយ
ហើយផែនដីនឹងកក្រើកចេញពីកន្លែងរបស់វា
ដោយសារតែសេចក្ដីក្ដៅក្រហាយរបស់ព្រះយេហូវ៉ានៃពលបរិវារ
ក្នុងថ្ងៃនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គ។
14នោះពួកគេនឹងបានដូចជាឈ្លូសដែលត្រូវគេដេញតាម
និងដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាល
ម្នាក់ៗនឹងវិលទៅរកជនរួមជាតិរបស់ខ្លួនវិញ
ម្នាក់ៗនឹងរត់គេចទៅស្រុករបស់ខ្លួន។
15អស់អ្នកដែលត្រូវគេរកឃើញនឹងត្រូវបានចាក់ទម្លុះ
អស់អ្នកដែលត្រូវគេចាប់បាននឹងដួលដោយមុខដាវ។
16ទារករបស់ពួកគេនឹងត្រូវគេបោកកម្ទេចនៅចំពោះភ្នែករបស់ពួកគេ
ផ្ទះរបស់ពួកគេនឹងត្រូវគេប្លន់
ហើយប្រពន្ធរបស់ពួកគេនឹងត្រូវគេរំលោភ។
17មើល៍! យើងនឹងដាស់ជនជាតិមេឌីឡើងឲ្យទាស់នឹងពួកគេ
ជាជនជាតិដែលមិនឲ្យតម្លៃដល់ប្រាក់
ក៏មិនពេញចិត្តនឹងមាសដែរ
18រីឯធ្នូរបស់ជនជាតិនោះនឹងបុកកម្ទេចពួកយុវជន
គេនឹងមិនអាណិតមេត្តាផលនៃផ្ទៃឡើយ
ហើយភ្នែករបស់គេនឹងមិនត្រាប្រណីកូនក្មេងដែរ។
19នោះបាប៊ីឡូនដែលជាសិរីរុងរឿងនៃអាណាចក្រនានា
ជាភាពរុងរឿងនៃមោទនភាពរបស់ជនជាតិខាល់ដេ
នឹងបានដូចជាសូដុម និងកូម៉ូរ៉ាដែលព្រះបានបំផ្លាញ។
20បាប៊ីឡូននឹងគ្មានអ្នកណារស់នៅ
ក៏គ្មានអ្នកណាស្នាក់នៅជារៀងរហូតពីជំនាន់មួយទៅជំនាន់មួយ
សូម្បីតែជនជាតិអារ៉ាប់ក៏មិនបោះរោងនៅទីនោះ
ហើយអ្នកគង្វាលក៏មិនឲ្យហ្វូងសត្វដេកនៅទីនោះដែរ
21ផ្ទុយទៅវិញ សត្វព្រៃនៅទីរហោស្ថាននឹងដេកនៅទីនោះ
សត្វព្រៃដែលគ្រហឹមនឹងពេញក្នុងផ្ទះពួកគេ
អូទ្រីសនឹងរស់នៅទីនោះ
ពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ
22សត្វស្វាននឹងលូក្នុងប៉មរបស់ពួកគេ
ហើយឆ្កែព្រៃនឹងនៅក្នុងវិមានដ៏ល្អប្រណិត។
ពេលកំណត់របស់បាប៊ីឡូននៅជិតបង្កើយហើយ
ថ្ងៃកំណត់របស់បាប៊ីឡូនក៏មិនពន្យារទៀតដែរ៕
ទើបបានជ្រើសរើសហើយ៖
អេសាយ 13: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative