«មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចចៀមនៅកណ្តាលហ្វូងចចក ដូច្នេះ ត្រូវឆ្លាតដូចសត្វពស់ ហើយស្លូតដូចសត្វព្រាប។ ត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់គេ អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅឲ្យលោកទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ទុកជាបន្ទាល់ដល់អ្នកទាំងនោះ និងដល់ពួកសាសន៍ដទៃ។ ប៉ុន្តែ ពេលគេបញ្ជូនអ្នករាល់គ្នាទៅ កុំខ្វល់ពីរបៀប ឬពាក្យដែលត្រូវនិយាយយ៉ាងណានោះឡើយ ដ្បិតអ្វីដែលត្រូវនិយាយ ព្រះនឹងប្រទានមកអ្នករាល់គ្នានៅវេលានោះ។ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះវរបិតារបស់អ្នករាល់គ្នាទ្រង់មានព្រះបន្ទូលក្នុងអ្នករាល់គ្នាវិញ។ បងប្អូននឹងបញ្ជូនបងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូនលើកគ្នាទាស់នឹងឪពុកម្តាយ ព្រមទាំងប្រគល់ពួកគាត់ទៅឲ្យគេសម្លាប់ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះនាមខ្ញុំ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ នឹងបានសង្គ្រោះ។ ពេលគេបៀតបៀនអ្នករាល់គ្នានៅក្រុងមួយ ចូរគេចចេញទៅក្រុងមួយទៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងមិនបានទៅសព្វអស់ទាំងក្រុងរបស់អ៊ីស្រាអែលផង មុននឹងកូនមនុស្សមកដល់។ សិស្សមិនលើសជាងគ្រូទេ ហើយអ្នកបម្រើក៏មិនដែលលើសជាងម្ចាស់របស់ខ្លួនដែរ ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយអ្នកបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល ទៅហើយ នោះចំណង់បើអស់អ្នកដែលនៅក្នុងផ្ទះ តើគេនឹងហៅកាន់តែអាក្រក់យ៉ាងណាទៅទៀត»។ «ដូច្នេះ កុំខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបង្ហាញឲ្យគេឃើញ ក៏គ្មានអ្វីលាក់លៀម ដែលមិនត្រូវបង្ហាញឲ្យគេដឹងនោះដែរ។ អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮពាក្យខ្សឹប ចូរប្រកាសពីលើដំបូលផ្ទះ។ កុំខ្លាចអស់អ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ តែផ្ទុយទៅវិញ ត្រូវខ្លាចព្រះអង្គដែលទ្រង់អាចនឹងបំផ្លាញទាំងព្រលឹង និងរូបកាយទៅក្នុងនរកបាន។ តើគេមិនលក់ចាបពីរថ្លៃមួយសេនទេឬ? តែគ្មានចាបណាមួយធ្លាក់ដល់ដី ដែលព្រះវរបិតារបស់អ្នករាល់គ្នាមិនយល់ព្រមនោះឡើយ។ សូម្បីតែសក់របស់អ្នករាល់គ្នានៅលើក្បាល ក៏ព្រះអង្គរាប់ទាំងអស់ដែរ។ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃវិសេសជាងចាបជាច្រើនទៅទៀត»។ «ដូច្នេះ អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅចំពោះមនុស្ស ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ។ តែអ្នកណាដែលបដិសេធមិនទទួលស្គាល់ខ្ញុំ នៅចំពោះមនុស្ស ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ»។ «កុំគិតថា ខ្ញុំមកដើម្បីនាំសេចក្ដីសុខសាន្តមកផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីនាំសេចក្តីសុខសាន្តមកទេ តែខ្ញុំនាំដាវមកទេតើ! ដ្បិតខ្ញុំមក ធ្វើឲ្យកូនប្រុសទាស់នឹងឪពុកខ្លួន ហើយកូនស្រីទាស់នឹងម្តាយ កូនប្រសាស្រីទាស់នឹងម្តាយក្មេក ហើយសត្រូវរបស់អ្នកនោះ គឺជាសមាជិកនៅក្នុងគ្រួសាររបស់អ្នកនោះឯង។ អ្នកណាស្រឡាញ់ឪពុក ឬម្តាយ ជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំឡើយ ហើយអ្នកណាស្រឡាញ់កូនប្រុស ឬកូនស្រី ជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ។ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ។ អ្នកណាដែលរកបានជីវិតរបស់ខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិតរបស់ខ្លួន ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ»។ «អ្នកណាទទួលអ្នករាល់គ្នា អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ អ្នកនោះក៏ទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកដែរ។ អ្នកណាទទួលហោរា ក្នុងនាមជាហោរា អ្នកនោះនឹងទទួលរង្វាន់របស់ហោរា ហើយអ្នកណាទទួលមនុស្សសុចរិត ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់របស់មនុស្សសុចរិតនោះ។ អ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់ក្មេងម្នាក់ ក្នុងចំណោមក្មេងទាំងនេះ ក្នុងនាមជាសិស្សរបស់ខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។
អាន ម៉ាថាយ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 10:16-42
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ