ម៉ាថាយ 10:16-42

ម៉ាថាយ 10:16-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។ ត្រូវ​ប្រយ័ត្ន​នឹង​មនុស្ស ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា ហើយ​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​បន្ទាល់​ដល់​អ្នក​ទាំង​នោះ និង​ដល់​ពួក​សាសន៍​ដទៃ។ ប៉ុន្តែ ពេល​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ កុំ​ខ្វល់​ពី​របៀប ឬ​ពាក្យ​ដែល​ត្រូវ​និយាយ​យ៉ាង​ណា​នោះ​ឡើយ ដ្បិត​អ្វី​ដែល​ត្រូវ​និយាយ ព្រះ​នឹង​ប្រទាន​មក​អ្នក​រាល់​គ្នា​នៅ​វេលា​នោះ។ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​មាន​ព្រះ‌បន្ទូល​ក្នុង​អ្នក​រាល់​គ្នា​វិញ។ បង‌ប្អូន​នឹង​បញ្ជូន​បង‌ប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​លើក​គ្នា​ទាស់​នឹង​ឪពុក‌ម្តាយ ព្រម​ទាំង​ប្រគល់​ពួក​គាត់​ទៅ​ឲ្យ​គេ​សម្លាប់ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​នាម​ខ្ញុំ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ នឹង​បាន​សង្គ្រោះ។ ពេល​គេ​បៀតបៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​មួយ ចូរ​គេច​ចេញ​ទៅ​ក្រុង​មួយ​ទៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​មិន​បាន​ទៅ​សព្វ​អស់​ទាំង​ក្រុង​របស់​អ៊ីស្រា‌អែល​ផង មុន​នឹង​កូន​មនុស្ស​មក​ដល់។ សិស្ស​មិន​លើស​ជាង​គ្រូ​ទេ ហើយ​អ្នក​បម្រើ​ក៏​មិន​ដែល​លើស​ជាង​ម្ចាស់​របស់​ខ្លួន​ដែរ ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ ហើយ​អ្នក​បម្រើ​បាន​ដូច​ជា​ចៅហ្វាយ នោះ​ល្មម​ហើយ។ ប្រសិន‌បើ​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេលសេ‌ប៊ូល ទៅ​ហើយ នោះ​ចំណង់​បើ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ តើ​គេ​នឹង​ហៅ​កាន់​តែ​អាក្រក់​យ៉ាង​ណា​ទៅ​ទៀត»។ «ដូច្នេះ កុំ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ឃើញ ក៏​គ្មាន​អ្វី​លាក់​លៀម ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​នោះ​ដែរ។ អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​និយាយ​នៅ​ទី​ភ្លឺ ហើយ​អ្វី​ដែល​អ្នក​រាល់​គ្នា​ឮ​ពាក្យ​ខ្សឹប ចូរ​ប្រកាស​ពី​លើ​ដំបូល​ផ្ទះ។ កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​តែ​រូប‌កាយ តែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ តែ​ផ្ទុយទៅ​វិញ ត្រូវ​ខ្លាច​ព្រះ‌អង្គ​ដែល​ទ្រង់​អាច​នឹង​បំផ្លាញ​ទាំង​ព្រលឹង និង​រូប‌កាយ​ទៅ​ក្នុង​នរក​បាន។ តើ​គេ​មិន​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន​ទេ​ឬ? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី ដែល​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​នោះ​ឡើយ។ សូម្បី​តែ​សក់​របស់​អ្នក​រាល់​គ្នា​នៅ​លើ​ក្បាល ក៏​ព្រះ‌អង្គ​រាប់​ទាំង​អស់​ដែរ។ ដូច្នេះ កុំ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​វិសេស​ជាង​ចាប​ជា​ច្រើន​ទៅ​ទៀត»។ «ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មនុស្ស ខ្ញុំ​ក៏​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ។ តែ​អ្នក​ណា​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មនុស្ស ខ្ញុំ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ»។ «កុំ​គិត​ថា ខ្ញុំ​មក​ដើម្បី​នាំ​សេចក្ដី​សុខ‌សាន្ត​មក​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក​ដើម្បី​នាំ​សេចក្តី​សុខ‌សាន្ត​មក​ទេ តែ​ខ្ញុំ​នាំ​ដាវ​មក​ទេ​តើ! ដ្បិត​ខ្ញុំ​មក ធ្វើ​ឲ្យ​កូន​ប្រុស​ទាស់​នឹង​ឪពុក​ខ្លួន ហើយ​កូន​ស្រី​ទាស់​នឹង​ម្តាយ កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក ហើយ​សត្រូវ​របស់​អ្នក​នោះ គឺ​ជា​សមាជិក​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​នោះ​ឯង។ អ្នក​ណា​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជាង​ស្រឡាញ់​ខ្ញុំ មិន​ស័ក្តិសម​នឹង​ខ្ញុំ​ឡើយ ហើយ​អ្នក​ណា​ស្រឡាញ់​កូន​ប្រុស ឬ​កូន​ស្រី ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​ស័ក្ដិ‌សម​នឹង​ខ្ញុំ​ដែរ។ អ្នក​ណា​មិន​យក​ឈើ​ឆ្កាង​របស់​ខ្លួន មក​តាម​ខ្ញុំ មិន​ស័ក្ដិ‌សម​នឹង​ខ្ញុំ​ទេ។ អ្នក​ណា​ដែល​រក​បាន​ជីវិត​របស់​ខ្លួន នោះ​នឹង​ត្រូវ​បាត់​ជីវិត​ទៅ ហើយ​អ្នក​ណា​ដែល​បាត់​ជីវិត​របស់​ខ្លួន ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ»។ «អ្នក​ណា​ទទួល​អ្នក​រាល់​គ្នា អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ។ អ្នក​ណា​ទទួល​ហោរា ក្នុង​នាម​ជា​ហោរា អ្នក​នោះ​នឹង​ទទួល​រង្វាន់​របស់​ហោរា ហើយ​អ្នក​ណា​ទទួល​មនុស្ស​សុចរិត ក្នុង​នាម​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​របស់​មនុស្ស​សុចរិត​នោះ។ អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​ក្មេង​ម្នាក់ ក្នុង​ចំណោម​ក្មេង​ទាំង​នេះ ក្នុង​នាម​ជា​សិស្ស​របស់​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:16-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។ ចូរ​ប្រយ័ត្ន កុំ​ទុក​ចិត្ត​មនុស្ស​លោក​ឲ្យ​សោះ ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលា​ការ គេ​នឹង​យក​រំពាត់​ខ្សែ‌តី​មក​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​នានា​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្តែ ពេល​នោះ​ជា​ឱកាស​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ឲ្យ​ពួក​លោក និង​ឲ្យ​សាសន៍​ដទៃ ដឹង​ឮ​ទៅ​វិញ។ ពេល​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស ចូរ​កុំ​ភ័យ​បារម្ភ​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​យ៉ាង​ណាៗ​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​ពេល​នោះ​តែ​ម្ដង។ មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។ បងប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង​ទៅ​ឲ្យ​គេ​សម្លាប់​ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ ប្រសិន​បើ​គេ​បៀត‌បៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត។ ពុំ​ដែល​មាន​សិស្ស​ណា​ចេះ​ជាង​គ្រូ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​អ្នក​បម្រើ​ណា​ធំ​ជាង​ម្ចាស់​ដែរ បើ​សិស្ស​ចេះ​ដូច​គ្រូ ហើយ​អ្នក​បម្រើ​ដូច​ម្ចាស់ នោះ​ល្មម​គ្រប់​គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ឲ្យ​ឈ្មោះ​ម្ចាស់​ផ្ទះ​ថា បេល‌សេ‌ប៊ូល​ទៅ​ហើយ គេ​មុខ​ជា​ឲ្យ​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ​រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​មិន​ខាន»។ «កុំ​ខ្លាច​ពួក​អ្នក​ទាំង​នោះ​ឡើយ ដ្បិត​ការ​លាក់​កំបាំង​ទាំង​អស់​នឹង​ត្រូវ​បើក​ឲ្យ​គេ​ឃើញ ហើយ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ក៏​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង​ដែរ។ អ្វីៗ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​យក​ទៅ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ខ្សឹប​ដាក់​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​លើ​ផ្ទះ។ កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់​វិញ ព្រោះ​ព្រះអង្គ​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បាន។ ធម្មតា​គេ​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន។ ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ប្រសិន​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​ទេ​នោះ ក៏​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ចុះ​ដល់​ដី​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ សូម្បី​តែ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា​ក៏​ព្រះអង្គ​រាប់​អស់​ដែរ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ទាំង​អស់​ទៅ​ទៀត»។ «អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ដែរ»។ «កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​នេះ ដើម្បី​នាំ​យក​សន្តិ‌ភាព​មក​ឲ្យ​ផែនដី​ឡើយ។ ខ្ញុំ​មិន​មែន​នាំ​សន្តិ‌ភាព​មក​ទេ តែ​ខ្ញុំ​មក​បំបែក​មនុស្ស​ចេញ​ពី​គ្នា។ ខ្ញុំ​មក ធ្វើ​ឲ្យ​កូន​ប្រុស​បែក​ពី​ឪពុក កូន​ស្រី​បែក​ពី​ម្ដាយ កូន​ប្រសា​ស្រី​បែក​ពី​ម្ដាយ​ក្មេក។ អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា»។ «អ្នក​ណា​ស្រឡាញ់​ឪពុក​ម្ដាយ​ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​សិស្ស*​របស់​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​សម​នឹង​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ដែរ។ អ្នក​ណា​មិន​យក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មិន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​មិន​សម​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ឡើយ។ អ្នក​ណា​ចង់​រក្សា​ទុក​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ នឹង​បាន​ជីវិត​នោះ​មក​វិញ»។ «អ្នក​ណា​ទទួល​អ្នក​រាល់​គ្នា​ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ។ អ្នក​ណា​ទទួល​ព្យាការី*​ម្នាក់​ក្នុង​នាម​លោក​ជា​ព្យាការី អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​ព្យាការី។ អ្នក​ណា​ទទួល​មនុស្ស​សុចរិត*​ម្នាក់​ក្នុង​នាម​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​មនុស្ស​សុចរិត។ អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​អ្នក​តូច‌តាច​ម្នាក់​ក្នុង​នាម​ជា​សិស្ស*​របស់​ខ្ញុំ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:16-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្តាល​ហ្វូង​ស្វាន ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប ត្រូវ​ឲ្យ​ប្រយ័ត​នឹង​មនុស្ស​លោក ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ពួក​ក្រុម‌ជំនុំ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​នៅ​មុខ​ចៅហ្វាយ​ខេត្ត ហើយ​នៅ​ចំពោះ​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ហើយ​នឹង​ពួក​សាសន៍​ដទៃ​ដែរ ប៉ុន្តែ កាល​ណា​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ពី​ព្រោះ​សេចក្ដី​ដែល​ត្រូវ​និយាយ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​នៅ​វេលា​នោះ​ឯង ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះ‌វិញ្ញាណ​របស់​ព្រះវរ‌បិតា​នៃ​អ្នក​ទេ​តើ ដែល​ទ្រង់​មាន​បន្ទូល​ក្នុង​ខ្លួន​អ្នក​វិញ បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ឪពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ព្រម​ទាំង​សំឡាប់​គាត់​ផង មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ប៉ុន្តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​បាន​សង្គ្រោះ កាល​ណា​គេ​ធ្វើ​ទុក្ខ បៀត‌បៀន​អ្នក​រាល់​គ្នា ក្នុង​ក្រុង​នេះ នោះ​ត្រូវ​រត់​ទៅ​ឯ​ក្រុង​១​ទៀត​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ដើរ មិន​ទាន់​ដល់​គ្រប់​ទាំង​ទី​ក្រុង​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ឡើយ នោះ​កូន​មនុស្ស​នឹង​បាន​មក​ដល់​ហើយ។ សិស្ស​មិន​មែន​លើស​ជាង​គ្រូ​ទេ ហើយ​បាវ​ក៏​មិន​លើស​ជាង​ចៅហ្វាយ​ខ្លួន​ដែរ បើ​សិស្ស​បាន​ស្មើ​នឹង​គ្រូ ហើយ​បាវ​បាន​ស្មើ​នឹង​ចៅហ្វាយ នោះ​ល្មម​ហើយ បើ​សិន​ជា​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេល‌សេប៊ូល នោះ​ចំណង់​បើ​ពួក​អ្នក​នៅ​ផ្ទះ​នោះ​ទាំង​ប៉ុន្មាន តើ​គេ​នឹង​ហៅ​យ៉ាង​នោះ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ ដូច្នេះ មិន​ត្រូវ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​សំដែង​ចេញ ឬ​អ្វី​លាក់‌លៀប ដែល​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ស្គាល់​នោះ​ទេ ការ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ងងឹត នោះ​ចូរ​សំដែង​នៅ​ទី​ភ្លឺ ហើយ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ឮ​នៅ​ត្រចៀក នោះ​ចូរ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ​ចុះ កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បាន​តែ​រូប‌កាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ ស៊ូ​ឲ្យ​ខ្លាច​ព្រះ‌អង្គ​វិញ​ជា​ជាង ដែល​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​ទាំង​ព្រលឹង នឹង​រូប‌កាយ​វិនាស​ទៅ​ក្នុង​នរក​ផង តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ យ៉ាង​នោះ មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ​លើស​ជាង​ចាប​ជា​ច្រើន ដូច្នេះ អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ដែរ។ កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​នៅ​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក ដើម្បី​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​ទេ គឺ​ឲ្យ​មាន​ដាវ​វិញ ដ្បិត​ខ្ញុំ​បាន​មក ដើម្បី​នឹង​នាំ​ឲ្យ​គេ​ទាស់​នឹង​ឪពុក​ខ្លួន ឲ្យ​កូន​ស្រី​ទាស់​នឹង​ម្តាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក ឯ​ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជា​ជាង​ខ្ញុំ នោះ​មិន​គួរ​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស ឬ​កូន​ស្រី ជា​ជាង​ខ្ញុំ នោះ​ក៏​មិន​គួរ​នឹង​ខ្ញុំ​ដែរ អ្នក​ណា​ដែល​មិន​យក​ឈើ​ឆ្កាង​ខ្លួន មក​តាម​ខ្ញុំ អ្នក​នោះ​មិន​គួរ​នឹង​ខ្ញុំ​ឡើយ អ្នក​ណា​ដែល​រក​បាន​ជីវិត​ខ្លួន នោះ​នឹង​ត្រូវ​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។ អ្នក​ណា​ដែល​ទទួល​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ អ្នក​ណា​ដែល​ទទួល​ហោរា ពី​ព្រោះ​ជា​ហោរា អ្នក​នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​ហោរា ឯ​អ្នក​ណា​ដែល​ទទួល​មនុស្ស​សុចរិត ពី​ព្រោះ​ជា​មនុស្ស​សុចរិត នោះ​នឹង​បាន​រង្វាន់ ដូច​ជា​រង្វាន់​របស់​មនុស្ស​សុចរិត​ដែរ អ្នក​ណា​ដែល​ឲ្យ​ទឹក​ត្រជាក់​តែ​១​កែវ ទៅ​កូន​ក្មេង​តូច​១​នេះ​ផឹក ពី​ព្រោះ​ជា​សិស្ស​ខ្ញុំ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នោះ​មិន​បាត់​រង្វាន់​ខ្លួន​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:16-42

ម៉ាថាយ 10:16-42 គខបម៉ាថាយ 10:16-42 គខប