យ៉ូហាន 5:24-47

យ៉ូហាន 5:24-47 គកស១៦

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​មិន​ត្រូវ​ជំនុំ‌ជម្រះ​ឡើយ គឺ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ដល់​ជីវិត​វិញ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពេល​វេលា​នោះ​នឹង​មក​ដល់ គឺ​ឥឡូវ​នេះ​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់។ ដ្បិត​ដែល​ព្រះ‌វរបិតា​មាន​ជីវិត​ក្នុង​អង្គ​ទ្រង់​យ៉ាង​ណា ព្រះ‌អង្គ​ក៏​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​ជីវិត ក្នុង​អង្គ​ទ្រង់​យ៉ាង​នោះ​ដែរ ហើយ​ព្រះ‌វរបិតា​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា មាន​អំណាច​ជំនុំ‌ជម្រះ ព្រោះ​ព្រះ‌អង្គ​ជា​កូន​មនុស្ស។ កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ ដ្បិត​ពេល​វេលា​នោះ​នឹង​មក​ដល់ ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ព្រះ‌អង្គ ហើយ​ចេញ​មក។ អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ហើយ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​ជាប់​មាន​ទោស»។ «ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំ‌ជម្រះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​ការ​ជំនុំ‌ជម្រះ​របស់​ខ្ញុំ​សុចរិត ព្រោះ​ខ្ញុំ​មិន​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ទ្បើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក។ ប្រសិន‌បើ​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ បន្ទាល់​របស់​ខ្ញុំ​មិន​ពិត​ទេ។ ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា បន្ទាល់​ដែល​អ្នក​នោះ​ថ្លែង​អំពី​ខ្ញុំ នោះ​ពិត​ប្រាកដ​មែន។ អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​យ៉ូហាន ហើយ​លោក​ក៏​ធ្វើ​បន្ទាល់​តាម​សេចក្តី​ពិត។ បន្ទាល់​ដែល​ខ្ញុំ​ទទួល​មិន​មែន​មក​ពី​មនុស្ស​ទេ ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ។ ឯ​លោក​យ៉ូហាន លោក​ជា​ចង្កៀង​ដែល​ឆេះ ហើយ​ភ្លឺ អ្នក​រាល់​គ្នា​ក៏​ចូល​ចិត្ត អរ​សប្បាយ​ក្នុង​ពន្លឺ​របស់​លោក​មួយ​គ្រា​ដែរ។ ប៉ុន្តែ ខ្ញុំ​មាន​បន្ទាល់ វិសេស​ជាង​បន្ទាល់​របស់​លោក​យ៉ូហាន​ទៅ​ទៀត ព្រោះ​កិច្ច‌ការ​ដែល​ព្រះ‌វរបិតា​បាន​ប្រគល់​ឲ្យ​ខ្ញុំ​បង្ហើយ គឺ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ថា ព្រះ‌វរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ព្រះ‌វរបិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ដែល​ឮ​សំឡេង​ព្រះ‌អង្គ ក៏​មិន​ដែល​ឃើញ​រូប​រាង​ព្រះ‌អង្គ​ផង។ អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នៅ​ជាប់​ក្នុង​ខ្លួន​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​ព្រះ‌អង្គ ដែល​ព្រះ‌វរបិតា​បាន​ចាត់​ឲ្យ​មក។ អ្នក​រាល់​គ្នា​សិក្សា​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ពី​គម្ពីរ​នោះ ដ្បិត​គម្ពីរ​នោះ​ហើយ ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ព្រម​មក​រក​ខ្ញុំ ឲ្យ​បាន​ជីវិត​ឡើយ។ ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​ពី​មនុស្ស​ទេ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​គ្មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅ​ក្នុង​ខ្លួន​សោះ។ ខ្ញុំ​មក​ក្នុង​ព្រះ‌នាម​របស់​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​មក ក្នុង​នាម​របស់​គេ អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ។ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន បើ​អ្នក​រាល់​គ្នា​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​ស្វែង​រក​កិត្តិសព្ទ​ដែល​មក​ពី​ព្រះ‌អង្គ ជា​ព្រះ​តែ​មួយ​អង្គ​ដូច្នេះ? កុំ​ស្មាន​ថា ខ្ញុំ​នឹង​ប្តឹង​ព្រះ‌វរបិតា​ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ មាន​ម្នាក់​ដែល​ប្តឹង​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​លោក​ម៉ូសេ ដែល​អ្នក​រាល់​គ្នា​យក​ជា​ទី​សង្ឃឹម។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ អ្នក​រាល់​គ្នា​នឹង​ជឿ​ដល់​ខ្ញុំ​មិន​ខាន ព្រោះ​លោក​បាន​ចែង​ទុក​អំពី​ខ្ញុំ។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្តី​ដែល​លោក​បាន​ចែង​ទុក​មក​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន?»

អាន យ៉ូហាន 5