លោកុ‌ប្បត្តិ 46

46
លោក​យ៉ាកុប​នាំ​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល​ទៅ​ស្រុក​អេស៊ីព្ទ
1លោក​អ៊ីស្រា‌អែល​ក៏​នាំ​យក​របស់​លោក​ទាំង​អស់ ធ្វើ​ដំណើរ​ចេញ​ទៅ។ លុះ​ទៅ​ដល់​បៀរ-សេបា លោក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​លោក​អ៊ីសាក ជា​ឪពុក​របស់​លោក។ 2ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អ៊ីស្រា‌អែល​ក្នុង​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ!» លោក​ទូល​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់!» 3ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឪពុក​របស់​អ្នក។ កុំ​ខ្លាច​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីព្ទ​ឡើយ ដ្បិត​នៅ​ស្រុក​នោះ យើង​នឹង​ធ្វើឲ្យ​អ្នក​បាន​ទៅ​ជាតិ​សាសន៍​មួយ​ដ៏​ធំ។ 4យើង​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីព្ទ​ជា‌មួយ​អ្នក យើង​ក៏​នឹង​នាំ​អ្នក​ឡើង​មក​វិញ​ដែរ ហើយ​ដៃ​របស់​យ៉ូសែប​នឹង​បិទ​ភ្នែក​អ្នក»។
5បន្ទាប់​មក លោក​យ៉ាកុប​ក៏​ចេញ​ពី​បៀរ-សេបា។ កូន​ៗ​របស់​លោក​អ៊ីស្រា‌អែល​ក៏​បញ្ជិះ​ឪពុក និង​ប្រពន្ធ​កូន​របស់​គេ ក្នុង​រទេះ​ដែល​ផារ៉ោន​បាន​បញ្ជូន​មក​នោះ។ 6គេ​ក៏​យក​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ស្រុក​កាណាន យក​ទៅ​ស្រុក​អេស៊ីព្ទ គឺ​លោក​យ៉ាកុប និង​ពូជ‌ពង្ស​របស់​លោក​ទាំង​អស់​ដែល​នៅ​ជា​មួយ 7មាន​កូន​ប្រុស ចៅ​ប្រុស កូន​ស្រី និង​ចៅ​ស្រី​របស់​លោក​ទាំង​ប៉ុន្មាន គឺ​លោក​បាន​នាំ​ពូជ‌ពង្ស​ទាំង​អស់​របស់​លោក​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា‌មួយ​គ្នា។
8នេះ​ជា​បញ្ជី​រាយ​នាម​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​លោក​យ៉ាកុប និង​កូន​ប្រុសៗ​របស់​លោក។ រូបេន​ជា​កូន​ច្បង​របស់​លោក​យ៉ាកុប 9ហើយ​កូន​របស់​រូបេន គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។ 10កូន​របស់​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​សាសន៍​កាណានម្នាក់។ 11កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី។ 12កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន) ហើយ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល។ 13កូន​របស់​អ៊ីសា‌ខារ គឺ​ថូឡា ពូវ៉ា យ៉ាសុប និង​ស៊ីមរ៉ុន។ 14កូន​របស់​សាប់‌យូ‌ឡូន គឺ​សេរែក អេឡូន និង​យ៉ាលាល 15(អ្នក​ទាំង​នេះ​ជា​កូន​ប្រុសៗ​របស់​លេអា ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ព្រម‌ទាំង​ឌីណា​ជា​កូន​ស្រី​របស់​លោក​ដែរ។ កូន​ប្រុស និង​កូន​ស្រី​របស់​លោក ទាំង​អស់​មាន​សាមសិប​បី​នាក់)។ 16កូន​របស់​កាដ គឺ​សេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត និង​អើ‌រេ‌លី។ 17កូន​របស់​អេស៊ើរ គឺ​យីមណា យីសវ៉ា យីសវី បេរា និង​សេរ៉ា ជា​ប្អូន​ស្រី។ កូន​របស់​បេរា គឺ​ហេប៊ើរ និង​ម៉ាលគាល 18(អ្នក​ទាំង​នេះ​ជា​កូន​របស់​នាង​ស៊ីលផា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យលោក​យ៉ាកុប គឺ​ទាំង​អស់​មាន​ដប់​ប្រាំមួយ​នាក់)។ 19កូន​របស់​នាង​រ៉ា​ជែល ជា​ប្រពន្ធ​របស់​លោក​យ៉ាកុប គឺ​យ៉ូសែប និង​បេនយ៉ាមីន។ 20នៅ​ស្រុក​អេស៊ីព្ទ លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម៉ាណា‌សេ និង​អេប្រាអិម ដែល​នាង​អាស‌ណាត់ កូន​ស្រី​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន បាន​បង្កើត​ឲ្យ​លោក។ 21កូន​របស់​បេនយ៉ាមីន គឺ​បេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន អេហ៊ី រ៉ុស មូភីម ហ៊ូភីម និង​អើឌ 22(អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​រ៉ាជែល ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប ទាំង​អស់​មាន​ដប់​បួន​នាក់)។ 23កូន​របស់​ដាន់ គឺ​ហ៊ូស៊ីម។ 24កូន​របស់​ណែប‌ថា‌លី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម។ 25(អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​ប៊ីលហា ដែល​លោក​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​នាង​រ៉ាជែល​ជា​កូន ហើយ​នាង​បង្កើត​កូន​ទាំងនេះ​ឲ្យលោក​យ៉ាកុប ទាំង​អស់​មាន​ប្រាំពីរ​នាក់)។ 26មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ចូល​ទៅក្នុង​ស្រុក​អេស៊ីព្ទ​ជា‌មួយ​លោក​យ៉ាកុប ដែល​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក ទាំង​អស់​មាន​ហុកសិប​ប្រាំ​មួយ​នាក់ ឥត​រាប់កូន​ប្រសា​ស្រី​របស់​កូន​លោក​យ៉ាកុប​ទេ។ 27កូន​របស់​លោក​យ៉ូសែប ដែល​លោក​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ មាន​ពីរ​នាក់។ សរុប​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ទាំង​អស់​មាន​ចិតសិប​នាក់។
លោក​យ៉ាកុប​តាំង​ទី​លំ​នៅ​នៅ​ស្រុក​កូសែន
28លោក​អ៊ីស្រា‌អែល បាន​ចាត់​យូដា​ឲ្យ​ទៅ​មុន ទៅ​ជួប​លោក​យ៉ូសែប ដើម្បី​សួរ​ផ្លូវ​ដែល​ត្រូវ​នាំ​លោក​ចូល​ទៅ​ក្នុង​ស្រុក​កូសែន។ កាល​គេ​ចូល​មក​ដល់​ស្រុក​កូសែន 29លោក​យ៉ូសែប​បាន​រៀប​ចំ​រថ​របស់​លោក ឡើង​ទៅ​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក នៅ​កូសែន។ កាល​បាន​ជួប​ហើយ លោក​ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​យ៉ាង​យូរ។ 30លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់​ក៏​ស្លាប់​ចុះ ព្រោះ​ពុក​បាន​ឃើញ​មុខ​កូន ហើយ​ដឹង​ថា​កូន​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ»។ 31លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ៗ និង​ក្រុម​គ្រួសារ​ឪពុក​របស់​លោក​ទាំង​អស់​ថា៖ «ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន ហើយ​ទូល​ស្ដេច​ថា "បង‌ៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ទូល​បង្គំ​ដែល​នៅ​ស្រុក​កាណាន បាន​មក​ជួប​ជុំ​នឹង​ទូល​បង្គំ​ហើយ។ 32អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​ឃ្វាល​សត្វ ដ្បិត​គេ​ធ្លាប់​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​គេ​បាន​នាំ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និងអ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជាមួយ​ដែរ"។ 33កាល​ណា​ផារ៉ោន​មាន​រាជ‌ឱង្ការ​ហៅ​បង‌ៗ ហើយ​សួរ​ថា "តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?" 34នោះ​ត្រូវ​ឆ្លើយ​ថា "យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​ករុណា ជា​អ្នក​ឃ្វាល​សត្វ​តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ទាំង​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ​ត​រៀង​មក" ដើម្បី​ឲ្យ​បង‌ៗ​បានរស់​នៅ​ក្នុង​ស្រុក​កូសែន​នេះ ព្រោះ​ពួក​គង្វាល​សត្វ​ទាំង​អស់​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ណាស់»។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 46: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ