លោកុ‌ប្បត្តិ 45

45
លោក​យ៉ូសែប​បង្ហាញ​ខ្លួន​ឲ្យ​បង‌ប្អូន​ស្គាល់
1ពេល​នោះ លោក​យ៉ូសែប​មិន​អាច​ទប់ចិត្ត នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​នៅ​ជិត​លោក​បាន​ឡើយ ហើយ​លោក​ក៏​ស្រែក​ឡើង​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ថយ​ចេញ​ពី​ខ្ញុំ​ទៅ!»។ ដូច្នេះ ពេល​លោក​យ៉ូសែប​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់ នោះ​គ្មាន​អ្នក​ណា​ផ្សេង​ទៀត​នៅ​ជាមួយ​ឡើយ។ 2លោក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ហើយ​សាសន៍​អេស៊ីព្ទ​ក៏​ឮ ព្រម​ទាំង​ពួក​ដំណាក់​ផារ៉ោន​ផង។ 3លោក​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​របស់​លោក​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប តើ​ឪពុក​ខ្ញុំ​នៅ​រស់​ឬ​ទេ?» ប៉ុន្ដែ បង‌ប្អូន​របស់​លោក​ឆ្លើយ​មិន​បាន​ទេ ដ្បិត​គេ​មាន​ចិត្ត​រន្ធត់​ជា​ខ្លាំង​នៅ​ចំពោះ​លោក។
4លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​របស់​លោក​ថា៖ «សូម​មក​ជិត​ខ្ញុំ​មក៍» គេ​ក៏​ចូល​ទៅ​ជិត។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប ជា​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់ឲ្យ​គេ​នៅ​ស្រុក​អេស៊ីព្ទ​នេះ។ 5ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ដ្បិត​គឺ​ព្រះ​ទេ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​រក្សា​ជីវិត​បងៗ។ 6ដ្បិត​មើល៍! មាន​អំណត់​នៅ​ក្នុង​ស្រុក​ពីរ​ឆ្នាំ​នេះ​ហើយ ក៏​ត្រូវ​មាន​ប្រាំ​ឆ្នាំ​ទៀត ដែល​នឹង​គ្មាន​អ្នក​ណា​ភ្ជួរ​រាស់ ឬ​ច្រូត​កាត់​អ្វី​ឡើយ។ 7ព្រះ‌ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​រក្សា​ជីវិត​បងៗ​ឲ្យ​បាន​សល់​នៅ​លើ​ផែន‌ដី និង​រក្សា​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជីវិត​រស់​នៅ។ 8ដូច្នេះ មិន​មែន​បងៗ​ទេ គឺ​ព្រះ​វិញ​ទេ​តើ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ ព្រះ‌អង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផា​រ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទាំង​មូល​របស់​ស្ដេច និង​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ 9សូម​បងៗ​ប្រញាប់​ទៅ​ជួប​ឪពុក​របស់​ខ្ញុំ ហើយ​ជម្រាប​លោក​ថា "យ៉ូសែប​ជា​កូន​របស់​លោក​ឪពុក​ផ្តាំ​មក​ដូច្នេះ​ថា ព្រះ‌ទ្រង់​បាន​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដូច្នេះ សូម​អញ្ជើញ​មក​ជួប​កូន កុំ​បង្អង់​ឡើយ 10លោក​ឪពុក​នឹង​រស់​នៅ​ក្នុង​ស្រុក​កូសែន នៅជិត​កូន គឺ​ទាំង​លោក​ឪពុក និង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ទាំង​ហ្វូង​ចៀម ហ្វូង​គោ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​ផង។ 11នៅ​ស្រុក​នោះ កូន​នឹង​ផ្គត់​ផ្គង់​លោក​ឪពុក ក្រែង​លោក​ឪពុក​ជួប​ការ​ខ្វះខាត គឺ​ទាំង​លោក​ឪពុក និង​ក្រុម​គ្រួសារ​លោក​ឪពុក ព្រម​ទាំង​ហ្វូង​សត្វ​របស់​លោក​ឪពុក​ទាំង​អស់​ដែរ ដ្បិត​នៅ​មាន​អំណត់​ប្រាំ​ឆ្នាំ​ទៀត"។ 12ឥឡូវ​នេះ បងៗ​បាន​ឃើញ​នឹង​ភ្នែក​ហើយ ឯ​បេនយ៉ាមីន​ជា​ប្អូន​ខ្ញុំ​ក៏​ឃើញ​នឹង​ភ្នែក​ដែរ​ថា នេះ​ជា​មាត់​របស់​ខ្ញុំ​ផ្ទាល់​ដែល​និយាយ​ជា‌មួយ​បងៗ។ 13សូម​បងៗ​ជម្រាប​ឪពុក​ខ្ញុំ ពី​គ្រប់​សេចក្ដី‌រុងរឿង​របស់​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​នេះ និង​ពី​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​បងៗ​បាន​ឃើញ។ ចូរ​ប្រញាប់​ទៅ​នាំ​លោក​ឪពុក​របស់​ខ្ញុំ ចុះ​មក​ទី​នេះ​កុំ​បង្អង់​ឡើយ»។ 14ពេល​នោះ លោក​យ៉ូសែប​ស្ទុះ​ទៅ​ឱប​ក​បេនយ៉ាមីន​ជា​ប្អូន ហើយ​យំ ឯ​បេនយ៉ាមីន​ក៏​យំ​ឱប​ក​លោក​ដែរ។ 15លោក​ថើប​បងៗ​ទាំង​អស់ ហើយ​យំ​ទាំង​អស់​គ្នា រួច​មក បង‌ប្អូន​របស់​លោក​ក៏​សំណេះ​សំណាល​ជាមួយ​លោក។
16កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ដំណាក់​របស់​ផារ៉ោន​ថា បង‌ប្អូន​របស់​លោក​យ៉ូសែប​បាន​មក​ដល់ នោះ​ទាំង​ផារ៉ោន និង​ពួក​មហា‌តលិក​របស់​ស្ដេច​សប្បាយ​ចិត្ត។ 17ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «សូម​ប្រាប់​ពួក​បង‌ប្អូន​របស់​លោក​ថា "ត្រូវ​ធ្វើ​ដូច្នេះ គឺ​សូម​ផ្ទុក​សត្វ​របស់​អ្នក​រាល់​គ្នា ហើយ​វិល​ទៅ​ស្រុក​កាណាន 18រួច​នាំ​យក​ឪពុក និង​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​មក​ទី​នេះ យើង​នឹង​ប្រគល់​ដី​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក​អេស៊ីព្ទ​ឲ្យ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ​ផល​ដ៏​ល្អ​បំផុត​នៅ​ស្រុក​នេះ"។ 19លោក​បាន​ទទួល​បង្គាប់​ហើយ ចូរ​ធ្វើដូច្នេះ គឺ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​នេះ​ទៅ សម្រាប់​ដឹក​ប្រពន្ធ និង​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ហើយ​បញ្ជិះ​ឪពុក​របស់​អ្នក​រាល់​គ្នា​មក​ទី​នេះ។ 20កុំ​ស្តាយ​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​គ្រប់​របស់​ល្អ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ជា​របស់​អ្នក​រាល់​គ្នា​ហើយ»។
21កូន​ៗ​របស់​លោក​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ហើយ​លោក​យ៉ូសែប​ឲ្យ​រទេះ​ទៅ​គេ តាម​បញ្ជា​របស់​ផារ៉ោន ក៏​ឲ្យ​ស្បៀង​អាហារ​សម្រាប់​បរិ‌ភោគ​តាម​ផ្លូវ​ដែរ។ 22លោក​ឲ្យ​សម្លៀក‌បំពាក់មួយ​បន្លាស់​ដល់​បង​ៗ​គ្រប់​គ្នា តែ​លោក​បាន​ឲ្យ​ប្រាក់​បីរយ​ដួង និង​សម្លៀក‌បំពាក់​ប្រាំ​បន្លាស់​ដល់​បេនយ៉ាមីន។ 23លោក​ក៏​ផ្ញើ​ទៅ​ជូន​ឪពុក​យ៉ាង​នេះ គឺ​លា​ឈ្មោល​ដប់​ក្បាល ដែល​ផ្ទុក​របស់​ល្អ​ៗ​ពី​ស្រុក​អេស៊ីព្ទ និង​លា​ញី​ដប់​ក្បាល​ដែល​ផ្ទុក​ស្រូវ នំបុ័ង និង​ស្បៀង​អាហារ​សម្រាប់​ឪពុក​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ។ 24បន្ទាប់​មក លោក​ក៏​ជូន​ដំណើរ​បង‌ប្អូន ទាំង​ផ្ដែ​ផ្ដាំ​គេ​ថា៖ «សូម​កុំ​ឈ្លោះ​ប្រកែក គ្នា​តាម​ផ្លូវ» ហើយ​គេ​ក៏នាំ​គ្នា​ចេញ​ទៅ។
25ពួក‌គេ​ចាក‌ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ជួប​លោក​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន 26ហើយ​គេ​ជម្រាប​លោក​ថា៖ «យ៉ូសែប​នៅ​រស់​ទេ ហើយ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល»។ លោក​យ៉ាកុប​ក៏​ស្រឡាំង​កាំង ដ្បិត​លោក​មិន​ជឿ​ពួក‌គេ​ទេ។ 27ប៉ុន្ដែ កាល​ពួក‌គេ​ជម្រាប​លោក​តាម​គ្រប់​ទាំង​ពាក្យ​របស់​លោក​យ៉ូសែប​ដែល​បាន​ផ្តាំ​មក ហើយ​កាល​លោក​ឃើញ​រទេះ​ដែល​លោក​យ៉ូសែប​បញ្ជូន​មក ដើម្បី​បញ្ជិះ​លោក​ទៅ នោះ​ទើប​លោក​យ៉ាកុប​ជា​ឪពុក​បាន​ភ្ញាក់​ស្មារតី។ 28លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «បាន​ហើយ ពុក​ជឿ​ហើយ យ៉ូសែប​កូន​ពុក​នៅ​រស់​មែន ពុក​នឹង​ទៅ​ជួប​វា មុន​នឹង​ពុក​ស្លាប់»។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 45: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ