លោកុ‌ប្បត្តិ 47

47
1លោក​យ៉ូសែប​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា៖ «ឪពុក និង​បង‌ប្អូន​របស់​ទូល‌បង្គំ​បាន​ចេញ​ពី​ស្រុក​កាណាន​មក​ហើយ ព្រម​ទាំង​នាំ​យក​ហ្វូង​គោ និង​របស់​ទ្រព្យ​ទាំង​អស់​មក​ដែរ ឥឡូវ​នេះ ពួក‌គេ​នៅ​ស្រុក​កូសែន​ឯ​ណោះ»។ 2លោក​យ៉ូសែប​យក​បង‌ប្អូន​ប្រាំ​នាក់​ទៅថ្វាយ​ផារ៉ោន ឲ្យ​ទ្រង់​ស្គាល់ 3ផារ៉ោន​មាន​រាជ‌ឱង្ការ​សួរ​បង‌ប្អូន​របស់​លោក​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី?» ពួក‌គេ​ទូល​ផារ៉ោន​ថា៖ «ទូល​បង្គំ​យើង​ខ្ញុំ​ជា​ពួក​គង្វាល ដូច​ដូន​តា​របស់​យើង​ខ្ញុំ​ដែរ»។ 4ពួក‌គេ​ទូល​ផារ៉ោន​ថា៖ «យើង​ខ្ញុំ​បាន​មក​ជ្រក‌កោន​នៅ​ក្នុង​ស្រុក​នេះ ព្រោះ​នៅ​ស្រុក​កាណាន​មាន​អំណត់​ខ្លាំង​ណាស់ គ្មាន​ស្មៅ​ឲ្យ​ហ្វូង​សត្វ​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ទេ ហេតុ​នេះ សូម​ទ្រង់​ប្រោស​មេត្តា​ឲ្យ​ទូល‌បង្គំ​យើង​ខ្ញុំ​បាន​ជ្រក​កោន​នៅ​ស្រុក​កូសែន​ផង»។ 5ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​លោក​យ៉ូសែប​ថា៖ «ឪពុក និង​បង‌ប្អូន​របស់​លោក​បាន​មក​ជួប​ជុំ​នឹងលោក​ហើយ។ 6ស្រុក​អេស៊ីព្ទ​នៅ​មុខ​លោក​ស្រាប់ ដូច្នេះ ចូរ​ចាត់​ចែង​ឲ្យ​ឪពុក និង​បង‌ប្អូន​របស់​លោក​តាំង​ទី​លំនៅ នៅ​កន្លែង​ដ៏​ល្អ​បំផុត​ចុះ ចូរ​ឲ្យ​ពួក​គេ​នៅ​ក្នុង​ស្រុក​កូសែន​ទៅ ហើយ​ប្រសិន​បើ​លោក​ស្គាល់​អ្នក​ណា ក្នុង​ចំណោម​ពួក‌គេ​ដែល​មាន​សមត្ថភាព ចូរ​ឲ្យ​គេ​មើល​ខុស​ត្រូវ​លើ​ហ្វូង​សត្វ​របស់​យើង​ផង»។
7លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប​ជា​ឪពុក​ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​លោក​យ៉ាកុប​ក៏​ថ្វាយ​ពរ​ដល់​ផារ៉ោន។ 8ផារ៉ោន​មាន​រាជ‌ឱង្ការ​សួរ​លោក​យ៉ាកុប​ថា៖ «តើ​លោក​តា​អាយុ​ប៉ុន្មាន​ហើយ?» 9លោក​យ៉ាកុប​ទូល​ផារ៉ោន​ថា៖ «ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​លើ​ផែន​ដី​នេះ បាន​តែ​មួយ​រយ​សាម​សិប​ឆ្នាំទេ អាយុ​ទូល‌បង្គំ​តិច​ណាស់ ហើយជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន មិន​អាច​ប្រៀប​នឹង​ចំនួន​ឆ្នាំ ដែល​បុព្វ‌បុរស​របស់​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​នៅ​នោះ​ឡើយ»។ 10លោក​យ៉ាកុប​ក៏​ថ្វាយ​ពរ​ដល់​ផារ៉ោន​ទៀត រួច​ចាក​ចេញ​ពី​ផារ៉ោន​ទៅ។ 11លោក​យ៉ូសែប​ក៏​ឲ្យ​ឪពុក និង​បង‌ប្អូន​របស់​លោក​តាំង​ទី​លំនៅ នៅ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក គឺ​នៅ​រ៉ាមសេស ហើយ​លោក​ឲ្យ​គេ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដូច​ផារ៉ោន​បាន​បង្គាប់។ 12លោក​យ៉ូសែប​បាន​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ដល់​ឪពុក បង‌ប្អូន​របស់​លោក និង​ក្រុម​គ្រួសារ​របស់​ឪពុក​លោក​ទាំង​អស់ តាម​ចំនួន​កូន​ចៅ​នៅ​ក្នុង​បន្ទុក​របស់​ពួក‌គេ។
អំណត់​នៅ​ស្រុក​អេស៊ីព្ទ
13នៅ​គ្រា​នោះ ក្នុង​ស្រុក​គ្មាន​អ្វី​បរិ‌ភោគ​សោះ ដ្បិត​អំណត់​នោះ​ខ្លាំង​ណាស់។ ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​ត្រូវ​ហិន‌ហោច​ទៅ ដោយ​ព្រោះ​អំណត់​នោះ។ 14លោក​យ៉ូសែប​បាន​ប្រមូល​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ស្រុក​អេស៊ីព្ទ និង​នៅ​ស្រុក​កាណាន ជា​តម្លៃ​ស្រូវ​ដែល​គេ​ទិញ​នោះ បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ផារ៉ោន។ 15កាល​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​អស់​ប្រាក់​ទិញ​ហើយ សាសន៍​អេស៊ីព្ទ​ទាំង​អស់​ក៏​នាំ​គ្នា​មក​ជួប​លោក​យ៉ូសែប ហើយ​ពោល​ថា៖ «សូម​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​យើង​ខ្ញុំ​ផង! តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក​ឬ? ដ្បិត​យើង​ខ្ញុំ​គ្មាន​ប្រាក់​ទៀត​ទេ»។ 16លោក​យ៉ូសែបមាន​ប្រសាសន៍​ថា៖ «បើ​គ្មាន​ប្រាក់ ចូរ​ឲ្យ​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​មក ខ្ញុំ​នឹងផ្ដល់​ស្បៀង​អាហារ​ឲ្យ ជាថ្នូរ​នឹង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា»។ 17ដូច្នេះ គេ​យក​ហ្វូង​សត្វ​មក​ជូន​លោក​យ៉ូសែប ហើយ​លោក​ក៏​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​គេ ជា​ថ្នូរ​នឹង​សេះ ហ្វូង​ចៀម ហ្វូង​គោ និង​លា។ នៅ​ឆ្នាំ​នោះ លោក​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​គេ ជា​ថ្នូរ​នឹង​ហ្វូង​សត្វ​របស់​គេ។ 18កាល​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ ហើយ​ចូល​ដល់​ឆ្នាំ​បន្ទាប់ ពួក‌គេ​មក​រក​លោក​យ៉ូសែប ពោល​ថា៖ «យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​ប្រាណ​យើង​ខ្ញុំ និង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ។ 19តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​លោក​ម្ចាស់ ព្រម​ទាំង​ដី​របស់​យើង​ខ្ញុំ​ផង​ដូច្នេះ​ឬ? សូម​ទិញ​យើង​ខ្ញុំ និង​ដី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ ព្រម​ទាំង​ដី​របស់​យើង​ខ្ញុំ​នឹង​នៅ​បម្រើ​ផារ៉ោន។ សូមផ្ដល់​ពូជ​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់ ហើយ​កុំ​ឲ្យ​ដី​នៅ​ចោល​ទទេ​ផង»។
20ដូច្នេះ លោក​យ៉ូសែប​បាន​ទិញ​ដីទាំង​អស់នៅ​ស្រុក​អេស៊ីព្ទ​ថ្វាយ​ផារ៉ោន ដ្បិត​សាសន៍​អេស៊ីព្ទ​សុទ្ធ​តែ​បាន​លក់​ស្រែ​ចម្ការ​របស់​គេ​រៀង​ៗ​ខ្លួន ព្រោះ​គេ​ជួប​នឹង​អំណត់​នោះ​ខ្លាំង​ណាស់ ហើយ​ស្រុក​នោះ​ក៏បាន​ទៅ​ជា​របស់​ផារ៉ោន។ 21រីឯ​ប្រជា‌ជន​វិញ លោក​បាន​យក​គេ​ធ្វើ​ជា​បាវ​បម្រើ ចាប់​តាំង​ពី​ចុង​ម្ខាង​នៃ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ចុង​ម្ខាង​ទៀត 22នៅ​សល់​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ ដែល​លោក​មិន​បាន​ទិញ ដ្បិត​ពួក​សង្ឃ​មាន​ចំណែក​មក​ពី​ផារ៉ោន ហើយ​ពួក​គេទទួល​ទាន​ចំណែក​ដែល​ផារ៉ោន​ប្រទាន​ឲ្យ ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​មិន​លក់​ដី​របស់​ខ្លួន។ 23លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​ទិញ​អ្នក​រាល់​គ្នា ព្រម​ទាំង​ដី​របស់​អ្នក​រាល់​គ្នា​ថ្វាយ​ផារ៉ោន​ហើយ នេះ​ជា​គ្រាប់​ពូជ​សម្រាប់​អ្នក​រាល់​គ្នា ចូរ​យក​ទៅ​សាប‌ព្រោះ​ចុះ។ 24លុះ​ដល់​រដូវ​ចម្រូត អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ក្នុង​ប្រាំ មក​ថ្វាយ​ផារ៉ោន ហើយ​បួន​ភាគ​សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​ពូជសម្រាប់​សាប​ព្រោះ ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​ក្រុម​គ្រួសារ​អ្នក​រាល់​គ្នា និង​ជា​អាហារ​សម្រាប់​កូន​តូចៗរបស់​អ្នក​រាល់​គ្នា»។ 25ពួក‌គេ​ឆ្លើយ​ថា៖ «លោក​បាន​សង្គ្រោះ​ជីវិត​យើង​ខ្ញុំ សូម​ឲ្យ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​លោក​ផង យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជាបាវ​បម្រើ​របស់​ផារ៉ោន​ហើយ»។ 26លោក​យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះពី​ដំណើរ​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​រហូត​ដល់​សព្វ‌ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំ​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ ដែល​មិន​បាន​ទៅ​ជា​របស់​ផារ៉ោន។
បណ្ដាំ​ចុង​ក្រោយ​របស់​លោក​យ៉ាកុប
27ពួក​អ៊ីស្រា‌អែលបាន​តាំង​ទី​លំ​នៅត្រង់​កូសែន ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​បាន​កេរ‌អាករ​នៅ​ស្រុក​នោះ ក៏​បង្កើត​កូន​ចៅ ហើយ​មាន​ចំនួន​យ៉ាង​ច្រើន​សន្ធឹក។ 28លោក​យ៉ាកុប​រស់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​បាន​ដប់​ប្រាំពីរ​ឆ្នាំ។ ដូច្នេះ ចំនួន​ឆ្នាំ​នៃ​អាយុ​ដែល​លោក​យ៉ាកុប​រស់​នៅ ទាំង​អស់​បាន​មួយ​រយ​សែសិប​ប្រាំពីរ​ឆ្នាំ។
29លុះ​ជិត​ដល់​ពេល​ដែល​លោក​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់ លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្តាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សន្យា​នឹង​ពុក​ថា កូន​នឹង​ប្រព្រឹត្ត​ចំពោះ​ពុក​ដោយ​សប្បុរស ហើយ​ស្មោះ​ត្រង់ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ។ 30កាល​ណា​ពុក​បាន​ដេក​លក់​ទៅ​ជា‌មួយ​ដូន​តា​របស់​ពុក កូន​ត្រូវ​យក​សព​ពុក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ដូន​តា​របស់​យើង»។ លោក​យ៉ូសែប​ឆ្លើយ​ថា៖ «កូន​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក​ឪពុក»។ 31លោក​យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្បថ​នឹង​ពុក​មក» លោក​យ៉ូសែប​ក៏​ស្បថ​ជូន។ បន្ទាប់​មក លោក​អ៊ីស្រា‌អែល​ក៏​ក្រាប​នៅ​លើ​ក្បាល​គ្រែ​របស់​លោក។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 47: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ