រ៉ូម 6
6
ក្តីមេត្តាករុណារបស់អុលឡោះនាំឲ្យអ្នកជឿរួចពីចំណងអំពើបាប
1ដូច្នេះ យើងត្រូវគិតដូចម្ដេច? តើយើងត្រូវប្រព្រឹត្ដអំពើបាបតទៅមុខទៀត ដើម្បីឲ្យក្តីមេត្តាករុណារបស់អុលឡោះរឹតតែចំរើនឡើង? 2ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយតើឲ្យយើងនៅតែប្រព្រឹត្ដអំពើបាបតទៅទៀតដូចម្ដេចកើត! 3តើបងប្អូនមិនជ្រាបទេឬ យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសានោះ គឺយើងបានជ្រមុជ រួមជាមួយអ៊ីសាដែលស្លាប់។ 4ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយអ៊ីសា យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយគាត់ដែរ។ ដូច្នេះ អាល់ម៉ាហ្សៀសបានរស់ឡើងវិញ ដោយសារសិរីរុងរឿង របស់អុលឡោះជាបិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។ 5ប្រសិនបើយើងបានរួមស្លាប់ជាមួយអ៊ីសាដែលស្លាប់ យើងក៏នឹងបានរួមជាមួយអ៊ីសាដែលមានជីវិតរស់ឡើងវិញដែរ។ 6យើងដឹងថា ចរិតចាស់របស់យើងបានជាប់ឆ្កាងជាមួយអ៊ីសារួចហើយ ដើម្បីឲ្យខ្លួនយើង ដែលជាប់បាបនេះត្រូវវិនាសសាបសូន្យ កុំឲ្យយើងធ្វើជាខ្ញុំបម្រើរបស់បាបតទៅទៀត 7ដ្បិតអ្នកដែលស្លាប់ មិនទាក់ទាមនឹងបាបទៀតទេ។ 8ដូច្នេះ ប្រសិនបើយើងរួមស្លាប់ជាមួយអាល់ម៉ាហ្សៀស យើងក៏ជឿថា យើងនឹងមានជីវិតរួមជាមួយគាត់ដែរ 9ព្រោះយើងដឹងថា អាល់ម៉ាហ្សៀសដែលរស់ឡើងវិញនោះ គាត់លែងស្លាប់ហើយ មច្ចុរាជគ្មានអំណាចលើគាត់ទៀតទេ 10ដ្បិតអ៊ីសាបានស្លាប់នោះ គឺស្លាប់ឲ្យបានរួចផុតពីអំណាចបាបម្ដងជាសូរេច។ ឥឡូវនេះ អ៊ីសាបានរស់នោះ គឺរស់សម្រាប់អុលឡោះ។ 11រីឯបងប្អូនវិញក៏ដូច្នោះដែរ ចូរចាត់ទុកថា ខ្លួនបានស្លាប់រួចផុតពីអំណាចបាប ហើយបងប្អូនមានជីវិតរស់ សម្រាប់អុលឡោះ ដោយរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា។
12ដូច្នេះ មិនត្រូវទុកឲ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ 13ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើទុច្ចរិតដែរ គឺត្រូវជូនខ្លួនទៅអុលឡោះ ដូចមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សរីរាង្គកាយរបស់បងប្អូនទៅបម្រើអុលឡោះ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើសុចរិត។ 14បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិនស្ថិតនៅក្រោមអំណាចរបស់ហ៊ូកុំទេ គឺស្ថិតនៅក្រោមក្តីមេត្តាករុណារបស់អុលឡោះវិញ។
អូមាត់អ៊ីសាជាអ្នកបម្រើរបស់សេចក្ដីសុចរិត
15បើដូច្នេះ ដោយយើងមិនស្ថិតនៅក្រោមអំណាចនៃហ៊ូកុំ តែស្ថិតនៅក្រោមក្តីមេត្តាករុណា តើយើងត្រូវតែប្រព្រឹត្ដអំពើបាបឬ? ទេ មិនកើតទេ! 16បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាប ដែលនាំឲ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់បង្គាប់អុលឡោះដែលនាំឲ្យបងប្អូនបានសុចរិត។ 17សូមអរគុណអុលឡោះ! ពីដើមបងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ដ តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល 18បងប្អូនក៏បានរួចពីអំណាចបាប មកបម្រើសេចក្ដីសុចរិតវិញ។ 19ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យធ្វើជាខ្ញុំបម្រើនៃអំពើសៅហ្មង និងអំពើទុយ៌ស ដែលនាំឲ្យប្រឆាំងនឹងអុលឡោះយ៉ាងណា ឥឡូវនេះ ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន ធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិតដើម្បីឲ្យបងប្អូនបានបរិសុទ្ធយ៉ាងនោះដែរ។
20កាលបងប្អូននៅជាខ្ញុំបម្រើរបស់បាបនៅឡើយ បងប្អូនគ្មានជាប់ទាក់ទាមអ្វីនឹងសេចក្ដីសុចរិតទេ។ 21កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់! 22តែឥឡូវនេះបងប្អូនបានរួចពីអំណាចបាប មកបម្រើអុលឡោះវិញ។ បងប្អូនបានផលដែលធ្វើឲ្យបងប្អូនទៅជាបរិសុទ្ធ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច 23ដ្បិតលទ្ធផល នៃបាប គឺសេចក្ដីស្លាប់ រីឯអំណោយទានរបស់អុលឡោះវិញ គឺជីវិតអស់កល្បជានិច្ច រួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 6: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.