រ៉ូម 5

5
សន្ដិ‌ភាព​ជា​មួយ​អុលឡោះ
1ដូច្នេះ ដោយ​អុលឡោះ​ប្រោស​យើង​ឲ្យ​បាន​សុចរិត ព្រោះ​តែ​យើង​មាន​ជំនឿ យើង​ក៏​មាន​សន្ដិ‌ភាព​ជា​មួយ​នឹង​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង​ដែរ។ 2ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស និង​ដោយ‌សារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​យ៉ាង​ខ្ជាប់‌ខ្ជួន​ទាំង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរី‌រុង‌រឿង​របស់​អុលឡោះ។ 3មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ពេល​យើង​រង​ទុក្ខ​វេទនា យើង​នៅ​តែ​ខ្ពស់​មុខ​ដដែល ព្រោះ​យើង​ដឹង​ថា ទុក្ខ​វេទនា​នឹង​នាំ​ឲ្យ​យើង​ចេះ​អត់‌ធ្មត់ 4ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ​ទ្រាំ ហើយ​ការ​ស៊ូ​ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។ 5សេចក្ដី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ដ​ឡើយ ព្រោះ​អុលឡោះ​បាន​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មក​ក្នុង​ចិត្ដ​យើង ដោយ​ប្រទាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក​យើង។ 6កាល​យើង​មិន​ទាន់​មាន​កម្លាំង​នៅ​ឡើយ លុះ​ដល់​ពេល​កំណត់ អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ។ 7កម្រ​មាន​នរណា​ម្នាក់​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​សុចរិត​ណាស់ ប្រហែល​ជា​មាន​ម្នាក់​ហ៊ាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​ល្អ​ដែរ​មើល​ទៅ! 8រីឯ​អុលឡោះ​វិញ ទ្រង់​បាន​បង្ហាញ​ចិត្ត​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង គឺ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។ 9ឥឡូវ​នេះ បើ​អុលឡោះ ប្រោស​យើង​ឲ្យ​បាន​សុចរិត​ដោយ‌សារ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស​យ៉ាង​ហ្នឹង​ទៅ​ហើយ ទ្រង់​រឹត​តែ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​កំហឹង​នៃ​អុលឡោះ ដោយ‌សារ​អាល់ម៉ា‌ហ្សៀស​ថែម​ទៀត​ជា​ពុំ‌ខាន។ 10បើ​អុលឡោះ​សំរុះ‌សំរួល​យើង​ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ ដោយ​បុត្រា​របស់​ទ្រង់​ស្លាប់ ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ទ្រង់​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ទ្រង់​ហើយ ទ្រង់​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ជីវិត​របស់​បុត្រា​ថែម​ទៀត ជា​ពុំ‌ខាន។ 11មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​សំរុះ‌សំរួល​ឲ្យ​យើង​ជា​នា​នឹង​អុលឡោះ​វិញ​នៅ​ពេល​នេះ។
អាដាម និង​អាល់ម៉ា‌ហ្សៀស
12តាម​រយៈ​មនុស្ស​តែ​ម្នាក់ បាប​បាន​ចូល​មក​ក្នុង​ពិភព​លោក ហើយ​តាម​រយៈ​បាប សេចក្ដី​ស្លាប់​ក៏​ចូល​មក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​រាល​ដាល​ដល់​មនុស្ស​គ្រប់ៗ​គ្នា ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ដ​អំពើ​បាប។ 13មុន​ពេល​មាន​ហ៊ូកុំ បាប​មាន​នៅ​ក្នុង​លោក​នេះ​រួច​ស្រេច​ទៅ​ហើយ តែ​អុលឡោះ​ពុំ​បាន​ប្រកាន់​ទោស​មនុស្ស​លោក​ទេ ព្រោះ​គ្រា​នោះ​មិន​ទាន់​មាន​ហ៊ូកុំ​នៅ​ឡើយ។ 14ក៏​ប៉ុន្ដែ តាំង​ពី​សម័យ​អាដាម មក​ទល់​នឹង​សម័យ​ម៉ូសា មច្ចុរាជ​បាន​សោយ​រាជ្យ​លើ​មនុស្ស​លោក​រួច​ស្រេច​ទៅ​ហើយ ទោះ​បី​គេ​ពុំ​បាន​ប្រព្រឹត្ដ​បទ​ល្មើស ដូច​អាដាម ជា​និមិត្ដ‌រូប​នៃ​អាល់ម៉ា‌ហ្សៀស​ដែល​ត្រូវ​មក​នោះ​ក៏​ដោយ។ 15ប៉ុន្តែ កំហុស​របស់​អាដាម និង​អំណោយ​ទាន​របស់​អុលឡោះ មាន​លទ្ធផល​ខុស​គ្នា​ទាំង​ស្រុង។ មនុស្ស​ទួទៅ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ និង​អំណោយ​ទាន​ដែល​បាន​មក​ពី​ក្តី​មេត្តា‌ករុណា​នេះ ក៏​បាន​ហូរ​មក​លើ​មនុស្ស​ទាំង​អស់​រឹត​តែ​បរិបូណ៌ តាម​រយៈ​មនុស្ស​ម្នាក់ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​យ៉ាង​នោះ​ដែរ។ 16រីឯ​អំណោយ​ទាន​របស់​អុលឡោះ និង​អំពើ​បាប​របស់​មនុស្ស​តែ​ម្នាក់​វិញ ក៏​មាន​លទ្ធផល​ខុស​គ្នា​ទាំង​ស្រុង​ដែរ គឺ​ដោយ‌សារ​ទោស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស។ រីឯ​អំណោយ​ទាន​វិញ ធ្វើ​ឲ្យ​មនុស្ស​បាន​សុចរិត ទោះ​បី​គេ​ប្រព្រឹត្ដ​ខុស​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ 17ព្រោះ​តែ​មនុស្ស​ម្នាក់​បាន​ប្រព្រឹត្ដ​ខុស ហើយ​ដោយ‌សារ​កំហុស​របស់​មនុស្ស​ម្នាក់ សេចក្ដី​ស្លាប់​បាន​សោយ​រាជ្យ​តាម​រយៈ​មនុស្ស​ម្នាក់​នេះ​ដែរ។ រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ក្តី​មេត្តា‌ករុណា និង​អំណោយ​ទាន​នៃ​សេចក្ដី​សុចរិត​ដ៏​បរិបូណ៌​នោះ​វិញ តាម​រយៈ​មនុស្ស​តែ​ម្នាក់ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស គេ​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត នឹង​រឹត​តែ​ប្រសើរ​ថែម​ទៀត។
18សរុប​មក ដោយ‌សារ​កំហុស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស​យ៉ាង​ណា ដោយ‌សារ​អំពើ​សុចរិត​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ក៏​បាន​សុចរិត និង​បាន​ទទួល​ជីវិត​យ៉ាង​នោះ​ដែរ 19ហើយ​មនុស្ស​ទាំង​អស់​ជាប់​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់​មិន​ស្ដាប់​បង្គាប់​យ៉ាង​ណា អុលឡោះ​ក៏​នឹង​ប្រោស​មនុស្ស​ទាំង​អស់​ឲ្យ​បាន​សុចរិត ដោយ‌សារ​មនុស្ស​តែ​ម្នាក់​បាន​ស្ដាប់​បង្គាប់​យ៉ាង​នោះ​ដែរ។
20ហ៊ូកុំ​កើត​មាន​ឡើង​ដើម្បី​ធ្វើ​ឲ្យ​កំហុស​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ។ នៅ​ទី​ណា​ដែល​មាន​បាប​កាន់​តែ​ច្រើន ទី​នោះ​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​ក៏​រឹត​តែ​មាន​ច្រើន​ថែម​ទៀត។ 21បាប​សោយ​រាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​យ៉ាង​ណា ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​ក៏​នឹង​សោយ​រាជ្យ​ដោយ‌សារ​សេចក្ដី​សុចរិត​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 5: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល