រ៉ូម 6

6
ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​នាំ​ឲ្យ​អ្នក​ជឿ​រួច​ពី​ចំណង​អំពើ​បាប
1ដូច្នេះ យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​យើង​ត្រូវ​ប្រព្រឹត្ដ​អំពើ​បាប​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​រឹត​តែ​ចំរើន​ឡើង? 2ទេ មិន​កើត​ទេ! យើង​ទាំង​អស់​គ្នា​ដែល​បាន​រួច​ផុត​ពី​អំណាច​បាប ហើយ​តើ​ឲ្យ​យើង​នៅ​តែ​ប្រព្រឹត្ដ​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត! 3តើ​បង​ប្អូន​មិន​ជ្រាប​ទេ​ឬ យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​នោះ គឺ​យើង​បាន​ជ្រមុជ រួម​ជា​មួយ​អ៊ីសា​ដែល​ស្លាប់។ 4ហេតុ​នេះ ដោយ​ពិធី​ជ្រមុជ​ទឹក ដើម្បី​រួម​ស្លាប់​ជា​មួយ​អ៊ីសា យើង​ដូច​ជា​បាន​ចូល​ទៅ​ក្នុង​ផ្នូរ​រួម​ជា​មួយ​គាត់​ដែរ។ ដូច្នេះ អាល់ម៉ា‌ហ្សៀស​បាន​រស់​ឡើង​វិញ ដោយ‌សារ​សិរី‌រុង‌រឿង របស់​អុលឡោះ​ជា​បិតា​យ៉ាង​ណា យើង​ក៏​រស់​នៅ​តាម​របៀប​ថ្មី​យ៉ាង​នោះ​ដែរ។ 5ប្រសិន​បើ​យើង​បាន​រួម​ស្លាប់​ជា​មួយ​អ៊ីសា​ដែល​ស្លាប់ យើង​ក៏​នឹង​បាន​រួម​ជា​មួយ​អ៊ីសា​ដែល​មាន​ជីវិត​រស់​ឡើង​វិញ​ដែរ។ 6យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​អ៊ីសា​រួច​ហើយ ដើម្បី​ឲ្យ​ខ្លួន​យើង ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប​សូន្យ កុំ​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​បាប​ត​ទៅ​ទៀត 7ដ្បិត​អ្នក​ដែល​ស្លាប់ មិន​ទាក់​ទាម​នឹង​បាប​ទៀត​ទេ។ 8ដូច្នេះ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​អាល់ម៉ា‌ហ្សៀស យើង​ក៏​ជឿ​ថា យើង​នឹង​មាន​ជីវិត​រួម​ជា​មួយ​គាត់​ដែរ 9ព្រោះ​យើង​ដឹង​ថា អាល់ម៉ា‌ហ្សៀស​ដែល​រស់​ឡើង​វិញ​នោះ គាត់​លែង​ស្លាប់​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​គាត់​ទៀត​ទេ 10ដ្បិត​អ៊ីសា​បាន​ស្លាប់​នោះ គឺ​ស្លាប់​ឲ្យ​បាន​រួច​ផុត​ពី​អំណាច​បាបម្ដង​ជា​សូរេច។ ឥឡូវ​នេះ អ៊ីសា​បាន​រស់​នោះ គឺ​រស់​សម្រាប់​អុលឡោះ។ 11រីឯ​បង​ប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថា ខ្លួន​បាន​ស្លាប់​រួច​ផុត​ពី​អំណាច​បាប ហើយ​បង​ប្អូន​មាន​ជីវិត​រស់ សម្រាប់​អុលឡោះ ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។
12ដូច្នេះ មិន​ត្រូវ​ទុក​ឲ្យ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បង​ប្អូន​ដែល​តែងតែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភ‌លន់​របស់​ខ្លួន​នោះ​ឡើយ 13ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ជូន​ខ្លួន​ទៅ​អុលឡោះ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន​ទៅ​បម្រើ​អុលឡោះ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ដ​អំពើ​សុចរិត។ 14បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បង​ប្អូន​ទៀត​ហើយ ព្រោះ​បង​ប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​វិញ។
អូមាត់‌អ៊ីសា​ជា​អ្នក​បម្រើ​របស់​សេចក្ដី​សុចរិត
15បើ​ដូច្នេះ ដោយ​យើង​មិន​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ហ៊ូកុំ តែ​ស្ថិត​នៅ​ក្រោម​ក្តី​មេត្តា‌ករុណា តើ​យើង​ត្រូវ​តែ​ប្រព្រឹត្ដ​អំពើ​បាប​ឬ? ទេ មិន​កើត​ទេ! 16បង​ប្អូន​មិន​ដឹង​ទេ​ឬ បើ​បង​ប្អូន​ប្រគល់​ខ្លួន​ទៅ​បម្រើ និង​ស្ដាប់​បង្គាប់​ម្ចាស់​ណា បង​ប្អូន​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ដែល​បង​ប្អូន​ស្ដាប់​បង្គាប់​នោះ ឬ​មួយ​បង​ប្អូន​នឹង​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប ដែល​នាំ​ឲ្យ​បង​ប្អូន​ស្លាប់ ឬ​មួយ​បង​ប្អូន​ស្ដាប់​បង្គាប់​អុលឡោះ​ដែល​នាំ​ឲ្យ​បង​ប្អូន​បាន​សុចរិត។ 17សូម​អរ​គុណ​អុលឡោះ​! ពី​ដើម​បង​ប្អូន​ជា​ខ្ញុំ​បម្រើ​របស់​បាប​មែន តែ​ដោយ​បង​ប្អូន​បាន​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ តាម​គោល‌ការណ៍​នៃ​សេចក្ដី​បង្រៀន​ដែល​បង​ប្អូន​បាន​ទទួល 18បង​ប្អូន​ក៏​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​សេចក្ដី​សុចរិត​វិញ។ 19ខ្ញុំ​សូម​និយាយ​តាម​របៀប​មនុស្ស​លោក​ទៅ​ចុះ ព្រោះ​បង​ប្អូន​ជា​មនុស្ស​ទន់​ខ្សោយ។ ពី​ដើម បង​ប្អូន​បាន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អំពើ​សៅ‌ហ្មង និង​អំពើ​ទុយ៌ស ដែល​នាំ​ឲ្យ​ប្រឆាំង​នឹង​អុលឡោះ​យ៉ាង​ណា ឥឡូវ​នេះ ចូរ​បង​ប្អូន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​សុចរិត​ដើម្បី​ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ។
20កាល​បង​ប្អូន​នៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប​នៅ​ឡើយ បង​ប្អូន​គ្មាន​ជាប់​ទាក់​ទាម​អ្វី​នឹង​សេចក្ដី​សុចរិត​ទេ។ 21កាល​ណោះ​បង​ប្អូន​បាន​ទទួល​ផល​អ្វី? គឺ​គ្មាន​អ្វី​ក្រៅ​ពី​កិច្ចការ​ដែល​នាំ​ឲ្យ​បង​ប្អូន​ខ្មាស​នៅ​ពេល​នេះ​ឡើយ ជា​កិច្ចការ​ដែល​បណ្ដាល​ឲ្យ​បង​ប្អូន​ស្លាប់! 22តែ​ឥឡូវ​នេះ​បង​ប្អូន​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​អុលឡោះ​វិញ។ បង​ប្អូន​បាន​ផល​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច 23ដ្បិត​លទ្ធផល នៃ​បាប គឺ​សេចក្ដី​ស្លាប់ រីឯ​អំណោយ​ទាន​របស់​អុលឡោះ​វិញ គឺ​ជីវិត​អស់‌កល្ប​ជា‌និច្ច រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 6: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល