រ៉ូម 4

4
ណាពី​អ៊ីព្រហ៊ីម​បាន​សុចរិត​ដោយ‌សារ​ជំនឿ
1ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច​ចំពោះ​អ៊ីព្រហ៊ីម​ដែល​ជា​បុព្វ‌បុរស​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម តើ​គាត់​បាន​ទទួល​អ្វី​ខ្លះ? 2ប្រសិន​បើ​អ៊ីព្រហ៊ីម​បាន​សុចរិត ដោយ‌សារ​ការ​ប្រព្រឹត្ដ​អំពើ​ល្អ​នោះ គាត់​អាច​នឹង​អួត‌អាង​ខ្លួន​បាន​មែន។ ក៏​ប៉ុន្ដែ នៅ​ចំពោះ​អុលឡោះ គាត់​ពុំ​អាច​អួត‌អាង​បាន​ទេ 3ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា «អ៊ីព្រហ៊ីម​ជឿ​លើ​អុលឡោះ‌តាអាឡា ហើយ​ទ្រង់​រាប់​សេចក្តី​ជំនឿ​នោះ​ទុក​ជា​សេចក្តី​សុចរិច​ដល់​គាត់»។ 4ធម្មតា អ្នក​ណា​ធ្វើ​ការ​អ្វី​មួយ គេ​ពុំ​ចាត់​ទុក​ប្រាក់​ឈ្នួល​របស់​គេ​ថា​ជា​អំណោយ​ទេ គឺ​ចាត់​ទុក​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​តែ​បាន។ 5ចំពោះ​អ្នក​ដែល​ពុំ​បាន​ប្រព្រឹត្ដ​តាម​ហ៊ូកុំ តែ​មាន​ជំនឿ​លើ​អុលឡោះ​ដែល​ប្រោស​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ទ្រង់​ឲ្យ​បាន​សុចរិត ទ្រង់​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គេ។
6ហេតុ​នេះ​ហើយ​បាន​ជា​ទត​ថ្លែង​អំពី​សុភ‌មង្គល​របស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​សុចរិត ដោយ​មិន​គិត​ដល់​ការ​ប្រព្រឹត្ដ​អំពើ​ល្អ​ថាៈ
7 «មាន​សុភ‌មង្គល​ហើយ
អស់​អ្នក​ដែល​អុលឡោះ​
លើក‌លែង​ទោស​ឲ្យ
ព្រម​ទាំង​ប្រោស‌ប្រណី​ឲ្យ​បាន​រួច​ពី​បាប!
8 មាន​សុភ‌មង្គល​ហើយ
អស់​អ្នក​ដែល អុលឡោះ‌តាអាឡាមិន​ប្រកាន​ទោស!»
9តើ​មាន​តែ​សាសន៍​យូដា​ទេ​ឬ ដែល​អាច​ទទួល​សុភ‌មង្គល​នេះ ឬ​មួយ​សាសន៍​ដទៃ ក៏​អាច​ទទួល​បាន​ដែរ?។ យើង​ទើប​នឹង​និយាយ​ថា «អុលឡោះ​ប្រោស​អ៊ីព្រហ៊ីម​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គាត់»។ 10តើ​អុលឡោះ​ប្រោស​អ៊ីព្រហ៊ីម​ឲ្យ​បាន​សុចរិត​នៅ​ពេល​ណា? ក្រោយ​ពេល​គាត់​ទទួល​ពិធី​ខតាន ឬ​ក៏​មុន​នោះ? គឺ​នៅ​មុន​ពេល​គាត់​ទទួល​ពិធី​ខតាន់ មិន​មែន​ក្រោយ​ពេល​ខតាន់​ហើយ​នោះ​ទេ!។ 11គាត់​បាន​ទទួល​ពិធី​ខតាន់​តាម​ក្រោយ ទុក​ជា​សញ្ញា​បញ្ជាក់​ថា គាត់​បាន​សុចរិត ដោយ‌សារ​ជំនឿ​ដែល​គាត់​មាន​កាល​ពី​មិន​ទាន់​ខតាន់​នៅ​ឡើយ។ ដូច្នេះ គាត់​បាន​ទៅ​ជា​ឪពុក​របស់​មនុស្ស​ទាំង​អស់​ដែល​មិន​បាន​ទទួល​ពិធី​ខតាន់​តែ​មាន​ជំនឿ ហើយ​អុលឡោះ​ប្រោស​គេ​ឲ្យ​បាន​សុចរិត។ 12គាត់​ក៏​ជា​ឪពុក​របស់​សាសន៍​យូដា​ដែល​បាន​ទទួល​ពិធី​ខតាន់​ដែរ ជា​អ្នក​ដែល​មិន​ត្រឹម​តែ​បាន​ទទួល​ពិធី​ខតាន់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​យក​តម្រាប់​តាម​ជំនឿ​របស់​អ៊ីព្រហ៊ីម​ជា​ឪពុក​របស់​យើង នៅ​គ្រា​ដែល​គាត់​មិន​ទាន់​ទទួល​ពិធី​ខតាន់​នៅ​ឡើយ​នោះ​ផង។
ណាពី​អ៊ីព្រហ៊ីម​បាន​ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ​ដោយ‌សារ​ជំនឿ
13អុលឡោះ​មាន​បន្ទូល​សន្យា​មក​អ៊ីព្រហ៊ីម និង​ពូជ‌ពង្ស​របស់​គាត់​ថា គេ​នឹង​បាន​ទទួល​ពិភព​លោក​ទុក​ជា​មត៌ក ដោយ​មិន​គិត​តាម​ហ៊ូកុំ​ទេ គឺ​គិត​តាម​សេចក្ដី​សុចរិត​ដែល​បាន​មក​ពី​ជំនឿ​វិញ។ 14ប្រសិន​បើ​មនុស្ស​ទទួល​មត៌ក ដោយ​គោរព​តាម​ហ៊ូកុំ​នោះ បាន​សេចក្ដី​ថា​ជំនឿ​គ្មាន​ប្រយោជន៍​អ្វី​សោះ ហើយ​បន្ទូល​សន្យា​នៃ​អុលឡោះ​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ 15ដ្បិត​ហ៊ូកុំ​បង្កើត​ឲ្យ​មាន​កំហឹង តែ​ទី​ណា​គ្មាន​ហ៊ូកុំ នៅ​ទី​នោះ​ក៏​គ្មាន​បទ​ល្មើស​ហ៊ូកុំ​ដែរ។
16ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ក្តី​មេត្តា​នៃ​អុលឡោះ បន្ទូល​សន្យា​នៃ​អុលឡោះ​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​អ៊ីព្រហ៊ីម ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ 17ដូច​មាន​ចែង​ទុក​មក​ថា «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន។»។ គាត់​ជា​ឪពុក​របស់​យើង នៅ​ចំពោះ​អុលឡោះ​ជា​ម្ចាស់​ដែល​គាត់​បាន​ជឿ គឺ​អុលឡោះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​បាន​ត្រាស់​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង​ឲ្យ​កើត​មាន។ 18ទោះ​បី​គ្មាន​អ្វី​ជា​ទី​សង្ឃឹម​ក៏​ដោយ ក៏​អ៊ីព្រហ៊ីម​នៅ​តែ​មាន​សង្ឃឹម និង​មាន​ជំនឿ ហើយ​គាត់​ក៏​បាន​ទៅ​ជា​ឪពុក​របស់​ជាតិ​សាសន៍​ជា​ច្រើន ស្រប​តាម​បន្ទូល​នៃ​អុលឡោះ​ដែល​មាន​ថ្លែង​ទុក​មក​ថា «ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​ច្រើន​យ៉ាង​នេះ»19កាល​ណោះ គាត់​មាន​អាយុ​ជិត​មួយ​រយ​ឆ្នាំ​ហើយ ទោះ​បី​គាត់​មើល​មក​រូប​កាយ​របស់​គាត់​ឃើញ​ថា​ជិត​ស្លាប់ និង​មើល​ទៅ​យាយ​សារ៉ា​ឃើញ​ថា ពុំ​អាច​បង្កើត​កូន​បាន​សោះ​នោះ​ក៏​ដោយ ក៏​ជំនឿ​របស់​គាត់​មិន​អន់​ថយ​ដែរ។ 20គាត់​មិន​បាត់​ជំនឿ ហើយ​មិន​សង្ស័យ​នឹង​បន្ទូល​សន្យា​របស់​អុលឡោះ​ទេ ផ្ទុយ​ទៅ​វិញ ជំនឿ​របស់​គាត់​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ដ​នឹង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ 21ព្រោះ​គាត់​ជឿ​ប្រាកដ​ក្នុង​ចិត្ដ​ថា បើ​អុលឡោះ​សន្យា​ធ្វើ​អ្វី ទ្រង់​ពិត​ជា​មាន​អំណាច​នឹង​សម្រេច​តាម​បាន​មិន​ខាន។ 22ហេតុ​នេះ​ហើយ​បាន​ជា «អុលឡោះ​រាប់​សេចក្តី​ជំនឿ​នោះ​ទុក​ជា​សេចក្តី​សុចរិច​ដល់​គាត់»។ 23ក៏​ប៉ុន្ដែ សេចក្ដី​ដែល​មាន​ចែង​ថា «អុលឡោះ​រាប់​ជា​សេចក្តី​សុចរិត» នេះ​មិន​មែន​សំដៅ​តែ​លើ​អ៊ីព្រហ៊ីម​ប៉ុណ្ណោះ​ទេ 24គឺ​សំដៅ​មក​យើង​ដែល​អុលឡោះ​រាប់​ឲ្យ​បាន​សុចរិត ព្រោះ​យើង​ជឿ​លើ​ទ្រង់​ដែល​បាន​ប្រោស​អ៊ីសា​ជាអម្ចាស់​នៃ​យើង​ឲ្យ​រស់​ឡើង​វិញ​នេះ​ដែរ។ 25អ៊ីសា​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់​ព្រោះ​តែ​កំហុស​របស់​យើង ហើយ​អុលឡោះ​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សុចរិត។

ទើបបានជ្រើសរើសហើយ៖

រ៉ូម 4: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល