យ៉ាកកូប 2

2
អូមាត់‌អ៊ីសា​មិន​ត្រូវ​ប្រកាន់​វណ្ណៈ
1បង​ប្អូន​អើយ បង​ប្អូន​មាន​ជំនឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា‌អម្ចាស់​ប្រកប​ដោយ​សិរី​រុង​រឿង​របស់​យើង​ហើយ ដូច្នេះ​សូម​កុំ​ប្រកាន់​វណ្ណៈ​ឲ្យ​សោះ។
2ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា ឧបមា​ថា ម្នាក់​ចូល​មក​មាន​ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀក‌បំពាក់​ភ្លឺ​ផ្លេក ហើយ​ម្នាក់​ទៀត​ជា​អ្នក​ក្រ ស្លៀក​ពាក់​រហែក​រយ៉ី‌រយ៉ៃ​ចូល​មក​ដែរ 3ប្រសិន​បើ​បង​ប្អូន​រាក់​ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ភ្លឺ​ផ្លេក​នោះ​ទាំង​ពោល​ថា «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្ដិយស​ឯ​ណេះ!» ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រ​ថា «ទៅ​ឈរ​នៅ​កៀន​នោះ​ទៅ!» ឬ​ថា «មក​អង្គុយ​នៅ​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើង​ឯ​ណេះ!» 4តើ​មិន​បាន​សេចក្ដី​ថា បង​ប្អូន​រាប់​រក​មនុស្ស​ក្នុង​ចំណោម​បង​ប្អូន​ដោយ​រើស​មុខ ហើយ​បង​ប្អូន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ?
5បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​សូម​ស្ដាប់​ខ្ញុំ អុលឡោះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឲ្យ​ទទួល​នគរ​ដែល​ទ្រង់​បាន​សន្យា​ថា ប្រទាន​ឲ្យ​អស់​អ្នក​ស្រឡាញ់​ទ្រង់​ទុក​ជា​មត៌ក។ 6រីឯ​បង​ប្អូន បង​ប្អូន​បែរ​ជា​បន្ថោក​អ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ​ដែល​បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​បង​ប្អូន និង​អូស​ទាញ​បង​ប្អូន​យក​ទៅ​ឲ្យ​តុលា​ការ​កាត់​ទោស! 7តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​មាក់​ងាយ​ឈ្មោះ​ដ៏​ប្រសើរ​បំផុត ដែល​ជា​ទី​ពឹង​របស់​បង​ប្អូន​ទេ​ឬ!
8ប្រសិន​បើ​បង​ប្អូន​ប្រតិបត្ដិ​តាម​ហ៊ូកុំ​របស់​នគរ​នៃ​អុលឡោះ ស្រប​តាម​គីតាប ពោល​គឺ«ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បង​ប្អូន​ពិត​ជា​បាន​សម្រេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។ 9ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បង​ប្អូន​ប្រព្រឹត្ដ​អំពើ​បាប ហើយ​ហ៊ូកុំ​ចាត់​ទុក​បង​ប្អូន​ជា​អ្នក​ប្រព្រឹត្ដ​បទ​ល្មើស 10ដ្បិត​អ្នក​ណា​ប្រតិ‌បត្ដិ​តាម​ហ៊ូកុំ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹង​ហ៊ូកុំ​ទាំង​មូល​ដែរ។ 11អុលឡោះ​មាន​បន្ទូល​ថា «កុំ​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់» ហើយ​ទ្រង់​មាន​បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»។ ប្រសិន​បើ​អ្នក​មិន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់​ទេ តែ​សម្លាប់​គេ នោះ​បាន​សេចក្ដី​ថា​អ្នក​ប្រព្រឹត្ដ​ល្មើស​នឹង​ហ៊ូកុំ​ហើយ។
12បង​ប្អូន​ត្រូវ​និយាយ និង​ប្រព្រឹត្ដ​ឲ្យ​ស្រប​នឹង​ហ៊ូកុំ​ដែល​ផ្ដល់​សេរី‌ភាព គឺ​មាន​តែ​ហ៊ូកុំ​នោះ​ហើយ​ដែល​នឹង​វិនិច្ឆ័យ​បង​ប្អូន 13ដ្បិត​អ្នក​ណា​គ្មាន​ចិត្ដ​មេត្ដា‌ករុណា អុលឡោះ​ក៏​នឹង​វិនិ‌ច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្ដា‌ករុណា​ដែរ។ អ្នក​មាន​ចិត្ដ​មេត្ដា‌ករុណា មិន​ខ្លាច​ទ្រង់​វិនិ‌ច្ឆ័យ​ទោស​ឡើយ
ជំនឿ និង​អំពើ​ល្អ
14បង​ប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ដ​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ? 15ប្រសិន​បើ​បង​ប្អូន​ប្រុស​ឬ​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​ខ្លួន និង​គ្មាន​ម្ហូប​អាហារ​បរិភោគ​រាល់​ថ្ងៃ 16ហើយ​មាន​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន ពោល​ទៅ​គាត់​ថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ដ សូម​ឲ្យ​បាន​ក្ដៅ​ស្រួល សូម​បរិភោគ​ឲ្យ​បាន​ឆ្អែត!» តែ​មិន​ឲ្យ​អ្វីៗ​ដែល​គេ​ត្រូវ​ការ តើ​ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី? 17រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ដ​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង!
18ប្រសិន​បើ​មាន​ម្នាក់​ពោល​ថាៈ អ្នក​ឯង​មាន​ជំនឿ រីឯ​ខ្ញុំ ខ្ញុំ​ប្រព្រឹត្ដ​អំពើ​ល្អ។ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​ឥត​មាន​ការ​ប្រព្រឹត្ដ​អំពើ​ល្អ ឲ្យ​ខ្ញុំ​មើល​មើល៍ នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ដ។ 19អ្នក​ជឿ​ថា​អុលឡោះ​មាន​តែ​មួយ​ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្ដែ ពួក​អ៊ីព្លេស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។ 20ឱ​មនុស្ស​ឥត​ប្រាជ្ញា​អើយ! ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដ​អំពើ​ល្អ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់ តើ​អ្នក​ចង់​យល់​ទេ! 21អ៊ីព្រហ៊ីម​ជា​បុព្វ​បុរស​របស់​យើង​បាន​សុចរិត ដោយ‌សារ​អំពើ​ដែល​គាត់​ប្រព្រឹត្ដ គឺ​គាត់​បាន​យក​អ៊ីសាហាក់​ជា​កូន​ទៅ​ដាក់​នៅ​លើ​អាសនៈ ដើម្បី​ធ្វើ​ជា​គូរបាន។ 22អ្នក​ឃើញ​ទេ ជំនឿ​របស់​គាត់​បាន​រួម​ជា​មួយ​អំពើ​ដែល​គាត់​ប្រព្រឹត្ដ ហើយ​អំពើ​ដែល​គាត់​ប្រព្រឹត្ដ ធ្វើ​ឲ្យ​ជំនឿ​បាន​ពេញ​លក្ខណៈ 23ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ថា «អ៊ីព្រហ៊ីម​ជឿ​លើ​អុលឡោះ ហើយ​ទ្រង់​រាប់​គាត់​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ» អ៊ីព្រហ៊ីម​ក៏​មាន​ឈ្មោះ​ថា ជា​មិត្ដ​សម្លាញ់​របស់​អុលឡោះ​ដែរ។ 24ដូច្នេះ បង​ប្អូន​ឃើញ​ថា អុលឡោះ​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត ដោយ‌សារ​អំពើ​ល្អ​ដែល​គេ​ប្រព្រឹត្ដ គឺ​មិន​ត្រឹម​តែ​ដោយ‌សារ​ជំនឿ​ប៉ុណ្ណោះ​ទេ។ 25នាង​រ៉ាហាប់​ជា​ស្ដ្រី​ពេស្យា​ក៏​បាន​សុចរិត ដោយ‌សារ​អំពើ​ដែល​នាង​ប្រព្រឹត្ដ​ដែរ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​នាំ​សារឲ្យ​ស្នាក់​នៅ ហើយ​ឲ្យ​គេ​ចាក​ចេញ​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។ 26រូប​កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ស្លាប់​យ៉ាង​ណា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ដ​អំពើ​ល្អ ក៏​ជា​ជំនឿ​ស្លាប់​យ៉ាង​នោះ​ដែរ។

ទើបបានជ្រើសរើសហើយ៖

យ៉ាកកូប 2: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល