យ៉ាកកូប 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ យ៉ាកកូប ជា​អ្នក​បម្រើ​អុលឡោះ និង​ជា​អ្នក​បម្រើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ ដែល​បែក​ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។
ការ​ល្បង​ជំនឿ និង​ការ​ល្បួង
2បង​ប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាងដែល​បង​ប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា ជា​ការ​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ 3ដោយ​ដឹង​ថា ការ​ល្បង‌ល​មើល ជំនឿ​របស់​បង​ប្អូន នឹង​នាំ​ឲ្យ​បង​ប្អូន​ចេះ​ស៊ូ​ទ្រាំ។ 4ក៏​ប៉ុន្ដែ ត្រូវ​ឲ្យ​ការ​ស៊ូ​ទ្រាំ​នេះ បង្កើត​ចេញ​ជា​ផល​ផ្លែ​ដ៏​ល្អ​គ្រប់​លក្ខណៈ ដើម្បី​ឲ្យ​បង​ប្អូន​បាន​គ្រប់​លក្ខណៈ មាន​គុណ​សម្បត្តិ​ល្អ​សព្វ​គ្រប់ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។
5ក្នុង​ចំណោម​បង​ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​តែ​ទូអារ​សូម​ពី​អុលឡោះ។ ទ្រង់​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់ ដោយ​ចិត្ត​ទូលាយ ឥត​បន្ទោស​ឡើយ 6ក៏​ប៉ុន្ដែ អ្នក​នោះ​ត្រូវ​សូម ដោយ​ចិត្ដ​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ដែល​មាន​ចិត្ដ​សង្ស័យ ប្រៀប​បាន​នឹង​រលក​សមុទ្រ​ត្រូវ​បក់​បោក​ចុះ​ឡើង​ទៅ​តាម​ខ្យល់។ 7មនុស្ស​ប្រភេទ​នេះ មិន​ត្រូវ​នឹក​ស្មាន​ថា នឹង​បាន​ទទួល​អ្វី​ពី​អុលឡោះ‌ជាអម្ចាស់​ឡើយ 8ព្រោះ​គេ​ជា​មនុស្ស​មាន​ចិត្ដ​ពីរ មិន​ដែល​នឹង​ន​ក្នុង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ប្រព្រឹត្ដ​ទេ។
9សូម​ឲ្យ​បង​ប្អូន​ដែល​ក្រី‌ក្រ​បាន​ខ្ពស់​មុខ​ឡើង ដោយ​អុលឡោះ​លើក​តម្កើង​គេ​ហើយ។ 10រីឯ​បង​ប្អូន​ដែល​ជា​អ្នក​មាន​វិញ ក៏​ត្រូវ​ខ្ពស់​មុខ​ឡើង​ដែរ ដោយ​អុលឡោះ​បន្ទាប​គេ​ចុះ ដ្បិត​អ្នក​មាន​នឹង​ត្រូវ​រុះ‌រោយ​ទៅ​ដូច​ផ្កា។ 11លុះ​ដល់​ថ្ងៃ​រះ​ពេញ​កំដៅ​ហើយ ដើម​ក៏​ស្វិត​ក្រៀម ផ្កា​ក៏​រុះ‌រោយ ហើយ​លំអ​របស់​វា​ក៏​រលាយ​បាត់​ទៅ។ អ្នក​មាន​ក៏​នឹង​ត្រូវ​រុះ‌រោយ​បាត់​ទៅ​ជា​មួយ​កិច្ចការ​ដែល​ខ្លួន​ប្រព្រឹត្ដ​ដែរ។
12អ្នក​ណា​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​អុលឡោះ​បាន​ល្បង‌ល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់ ដែល​ទ្រង់​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់។
13ពេល​នរណា​ម្នាក់​ជួប​នឹង​ការ​ល្បួង មិន​ត្រូវ​ពោល​ថា «អុលឡោះ​ល្បួង​ខ្ញុំ»​ឡើយ ដ្បិត​គ្មាន​អ្វី​អាច​ល្បួង​អុលឡោះ​ឲ្យ​ធ្វើ​អំពើ​អាក្រក់​បាន​ឡើយ ហើយ​ទ្រង់​ផ្ទាល់​ក៏​មិន​ល្បួង​នរណា​ដែរ។ 14ម្នាក់ៗ​ជួប​នឹង​ការ​ល្បួង មក​តែ​ពី​ចិត្ដ​លោភ‌លន់​របស់​ខ្លួន​ឯង​ផ្ទាល់​ទាក់‌ទាញ និង​លួង​លោម​បញ្ឆោត​ប៉ុណ្ណោះ។ 15ចិត្ដ​លោភ‌លន់​តែងតែ​បង្កើត​អំពើ​បាប លុះ​ដល់​អំពើ​បាប​ចំរើន​ដល់​កំរិត ហើយ​ក៏​បណ្ដាល​ឲ្យ​ស្លាប់។
16បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​យល់​ច្រឡំ​ឡើយ។ 17គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។ 18អុលឡោះ​ពេញ​ចិត្ត​បង្កើត​យើង​មក ដោយ‌សារ​បន្ទូល​នៃ​សេចក្ដី​ពិត ដើម្បី​ឲ្យ​យើង​បាន​ទៅ​ជា​ផល​ដំបូង​ម្យ៉ាង នៃ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បង្កើត​មក។
ការ​ស្ដាប់ និង​ការ​អនុវត្ដ​តាម​បន្ទូល​របស់​អុលឡោះ
19បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង​ប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្ដែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង 20ដ្បិត​អ្នក​មាន​កំហឹង ពុំ​អាច​ធ្វើ​អ្វី​ស្រប​តាម​សេចក្ដី​សុចរិត​របស់​អុលឡោះ​បាន​ឡើយ។ 21ហេតុ​នេះ បង​ប្អូន​ត្រូវ​លះ‌បង់​ចិត្ដ​សៅ‌ហ្មង​គ្រប់​យ៉ាង និង​ចិត្ដ​កំរោល​ឃោរ‌ឃៅ​ទាំង​ប៉ុន្មាន​នោះ​ចោល​ទៅ ហើយ​កាន់​ចិត្ដ​ស្លូត‌បូត ទទួល​បន្ទូល​ដែល​អុលឡោះ​បាន​បណ្ដុះ​ក្នុង​បង​ប្អូន ព្រោះ​បន្ទូល​នេះ​អាច​នឹង​សង្គ្រោះ​ព្រលឹង​របស់​បង​ប្អូន។
22ចូរ​ប្រតិ‌បត្ដិ​តាម​បន្ទូល​នៃ​អុលឡោះ កុំ​គ្រាន់​តែ​ស្ដាប់​ទាំង​បញ្ឆោត​ចិត្ដ​ខ្លួន​ឯង​ប៉ុណ្ណោះ​ឡើយ។ 23អ្នក​ណា​ស្ដាប់​បន្ទូល​របស់​អុលឡោះ​ហើយ មិន​ប្រតិ‌បត្ដិ​តាម អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន 24លុះ​ពិនិត្យ​មើល​រួច​ហើយ​ក៏​ចេញ​ទៅ ស្រាប់​តែ​ភ្លេច​មិន​ដឹង​ថា​មុខ​ខ្លួន​ឯង​ដូច​ម្ដេច​ផង។ 25រីឯ​អ្នក​ដែល​យក​ចិត្ដ​ទុក​ដាក់​ពិនិត្យ​មើល​ហ៊ូកុំ​ដ៏​គ្រប់​លក្ខណៈ ជា​ហ៊ូកុំ​ដែល​ផ្ដល់​សេរី‌ភាព ហើយ​ព្យាយាម​ប្រតិបត្ដិ​តាម​យ៉ាង​ដិត​ដល់ គឺ​មិន​គ្រាន់​តែ​ស្ដាប់ រួច​ភ្លេច​អស់​ទៅ អ្នក​នោះ​នឹង​មាន​សុភមង្គល​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ​ជា​មិន​ខាន។
26ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្ដាត​ខ្លួន អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ ហើយ​សាសនា​ដែល​ខ្លួន​កាន់​នោះ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ 27រីឯ​សាសនា​ដ៏​បរិសុទ្ធ ឥត​ខ្ចោះ​នៅ​ចំពោះ​អុលឡោះ​ជា​បិតា​វិញ គឺ​ស្ថិត​នៅ​លើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ដ្រី​មេ‌ម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​អំពើ​សៅ‌ហ្មង​របស់​លោកីយ៍​នេះ។

ទើបបានជ្រើសរើសហើយ៖

យ៉ាកកូប 1: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល